A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 April 2016

សហគមន៍​ស្រុក​ឈូក​ខេត្ត​កំពត​ថា​ព្រៃ​ជាច្រើន​ហិកតារ​កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី


ដោយ យ៉ង ចាន់តារា
2016-04-11


កាប់​ព្រៃ​សហគមន៍​សាមគ្គី​ភ្នំ​ជាំម្លូ កំពត ២០១៦ ៨៥៥
ប្រធាន​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ នៅ​ស្រុក​ឈូក ខេត្ត​កំពត លោក ម៉ម ផាត ពិនិត្យ​មើល​ព្រៃ​ដែល​ត្រូវ​ដុត​បំផ្លាញ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara
 RFA/Yang Chandara


ប្រជា​សហគមន៍​សាមគ្គី​ភ្នំ​ជាំម្លូ នៅ​ស្រុក​ឈូក ខេត្ត​កំពត សម្ដែង​ក្តី​ព្រួយ​បារម្ភ​នៅ​ពេល​ព្រៃ​សហគមន៍​របស់​ពួក​គាត់ កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ជា​បន្តបន្ទាប់។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍​នេះ កើត​មាន​កាន់​តែ​ខ្លាំង​ឡើងៗ​ចាប់​ពី​ឆ្នាំ​២០១២ មក ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ណា​អើពើ ឬ​ចុះ​ទប់ស្កាត់​ឡើយ។ នៅ​ខណៈ​គណៈកម្មការ​សហគមន៍​មិន​មាន​សមត្ថភាព​អាច​ទប់ស្កាត់​ការ​រុក​រាន​ដី​ព្រៃ​នេះ​បាន ពួក​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព។

នៅ​ក្រោម​កម្តៅ​ថ្ងៃ​ក្តៅ​ហែង បុរស​វ័យ​កណ្ដាល និង​ចំណាស់​ចំនួន ៥​នាក់​ក្នុង​សម្លៀកបំពាក់​ចាស់ៗ កំពុង​ដើរ​ពិនិត្យ​មើល​ព្រៃ​សហគមន៍​របស់​ពួក​គាត់​ដែល​រង​ការ​ដុត​បំផ្លាញ និង​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​អស់​ជាច្រើន​កន្លែង។

ពួក​គាត់ គឺ​ជា​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។


ប្រធាន​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ នៅ​ស្រុក​ឈូក ខេត្ត​កំពត លោក ម៉ម ផាត ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ក្រោយ​ពេល​ចុះ​ពិនិត្យ​ដី​ព្រៃ​ដែល​រង​ការ​ទន្ទ្រាន​កាន់​កាប់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara




ក្នុង​ទឹក​មុខ​អស់​សង្ឃឹម​ពេល​ឃើញ​ដី​ធ្លាប់​មាន​ព្រៃ​ពណ៌​បៃតង ប្រែ​ក្លាយ​ជា​ដី​ស​ព្រាត​គ្មាន​ដើម​ឈើ លោក ម៉ម ផាត ថ្លែង​ថា លោក​សោកស្ដាយ​ព្រៃ​សហគមន៍​ដែល​បាត់បង់ និង​ដី​ដែល​ត្រូវ​បាន​គេ​ឈូស​ឆាយ​ព័ទ្ធ​របង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន៖ «បុគ្គល​ទាំង​នោះ​មាន​នាទី និង​សិទ្ធិ​អំណាច​ប៉ុនណា ទើប​ហ៊ាន​ដល់​កកូរ​កកាយ​ដី​សហគមន៍​ដល់​ថ្នាក់​ហ្នឹង? ខ្ញុំ​នឹក​ស្មាន​ថា​មិន​ដល់​កម្រិត​ហ្នឹង​ទេ ប៉ុន្តែ​ឥឡូវ​នេះ​វា​ហួស​ពី​ការ​ស្មាន​របស់​ខ្ញុំ។ អ៊ីចឹង​ការ​បាត់បង់​ច្រើន​ណាស់​ក្នុង​ដី​សហគមន៍​របស់​ខ្ញុំ មិន​ទាន់​និយាយ​ដល់​កូន​ឈើ​ទៀត ប៉ះពាល់​ដល់​ប្រភេទ​កូន​ឈើ​ដូចជា ធ្នង់ បេង គគីរ កកោះ ផ្ចឹក ជាដើម ត្រូវ​បាត់បង់​ច្រើន​ណាស់»។

លោក ម៉ម ផាត ថ្លែង​បែប​នេះ​ក្នុង​តួនាទី​លោក​ជា​ប្រធាន​គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ ប៉ុន្តែ​លោក​មិន​អាច​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍ ដ្បិត​អ្នក​ចូល​រុក​រាន​មាន​លុយ និង​មាន​អំណាច អាច​ធ្វើ​សកម្មភាព​បាន​ដោយ​ខុស​ច្បាប់។ លោក ម៉ម ផាត ប៉ាន់​ស្មាន​ថា ធនធាន​ព្រៃ​ក្នុង​សហគមន៍​របស់​លោក​បាន​បាត់បង់​ប្រហែល ៧០​ភាគរយ ចំណែក​ទំហំ​ដី​សហគមន៍​វិញ បាត់បង់​ប្រហែល ៥០​ភាគរយ៖ «បើ​កាលណា​អស់​ព្រៃ​ទៅ កម្តៅ​កាន់​តែ​ឡើង​ហើយ​នៅ​ក្នុង​ពិភពលោក។ នៅ​ក្នុង​ប្រទេស​យើង​កម្តៅ​ឡើង ៤០​អង្សា​ជាង​ហើយ ហើយ​នេះ​បាន​នៅ​សល់​ជម្រក​ព្រៃ​ឈើ​បន្តិចបន្តួច​ផង វា​នៅ​សល់​ខ្នងៗ​ភ្នំ។ ដូច្នេះ (អាជ្ញាធរ) ត្រូវ​តែ​ជួយ អត់​មាន​ថា​មិន​ជួយ​ទេ គឺ​ត្រូវ​តែ​ជួយ​តែ​ម្តង។ យ៉ាង​ណា​ក៏ដោយ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន ទោះ​មិន​បាន​ទាំងអស់ ក៏​ឲ្យ​បាន​ត្រឹម ៥០​ភាគរយ​ដែរ។ ជួយ​ដាំ​កូន​ឈើ​ឡើង​វិញ ជួយ​ការពារ ជួយ​ដុត​ដៃ​ដុត​ជើង​ពី​បញ្ហា​ការពារ​ល្បាត​ព្រៃ​ហ្នឹង​ឲ្យ​បាន​ច្រើន​បន្តិច ពីព្រោះ​ពួក​ខ្ញុំ​ជា​គណៈកម្មការ​កំពុង​តែ​បាក់​ជ្រុប​ហើយ​ពេល​នេះ»។

សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ស្រុក​ឈូក។ សហគមន៍​នេះ មាន​ផ្ទៃដី ១.៦៦២​ហិកតារ ស្ថិត​ក្នុង​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។ ធនធាន​របស់​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ រួម​មាន​សត្វ​ព្រៃ និង​ព្រៃ​ធម្មជាតិ ដូចជា ព្រៃ​ឈើ និង​ព្រៃ​ឫស្សី ជាដើម។ សហគមន៍​ព្រៃ​ឈើ​មួយ​នេះ ជា​ទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​រស់នៅ​ក្នុង​ភូមិ​ស្រកានាគ ភូមិ​ត្រពាំងរុន ភូមិ​ត្រពាំងក្តី និង​ភូមិ​ជ័យសេនា នៃ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត។


គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ នៅ​ស្រុក​ឈូក ខេត្ត​កំពត ចុះ​ពិនិត្យ​ព្រៃ​សហគមន៍​របស់​ខ្លួន​ក្រោយ​ទទួល​ដំណឹង​ថា​មាន​ការ​ឈូស​ឆាយ​ដី​ព្រៃ​បន្ថែម​ទៀត កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Yang Chandara


ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពត ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី លោក ជឹង ផល្លា បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ជុំវិញ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​នោះ​ទេ ប៉ុន្តែ​លោក​ថ្លែង​ថា នឹង​ពិនិត្យ​មើល​ករណី​នេះ។ លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ ឲ្យ​រាយការណ៍​មក​រូប​លោក​ភ្លាមៗ បើ​សិន​មាន​ករណី​មិន​ប្រក្រតី​ណា​មួយ​ទាក់ទង​ការ​រុក​រាន​ទន្ទ្រាន​ដី​សហគមន៍។ លោក​អះអាង​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ក្នុង​ខេត្ត​របស់​លោក​នោះ​ទេ ពីព្រោះ​វា​ខុស​ទៅ​នឹង​ច្បាប់ ព្រម​ទាំង​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ពឹង​ផ្អែក​លើ​ព្រៃ​ឈើ​ក្នុង​សហគមន៍។

ជុំវិញ​ករណី​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ ដែល​បាន​តាម​ដាន​រឿង​នេះ​ជា​ប្រចាំ វាយ​តម្លៃ​ថា ការ​កាប់​រាន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ប្រជា​សហគមន៍។ លោក​បញ្ជាក់​ថា ការ​កាប់​រាន​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​បាត់បង់​មុខ​របរ និង​អនុផល​ព្រៃ​ឈើ​របស់​ពួក​គាត់៖ «បន្ទាប់​ពី​មាន​ការ​លូក​ដៃ​ចូល​កាប់​រាន​ដី​សហគមន៍​ពី​សំណាក់​អ្នក​មាន និង​មាន​អំណាច និង​ក្រុមហ៊ុន ខេម ធ្រី (Cam Try) មក យើង​ឃើញ​ថា ប៉ះពាល់​ទី​មួយ​ដល់​សតិ​អារម្មណ៍​របស់​គណៈកម្មការ​សហគមន៍ ដែល​ធ្វើ​ឲ្យ​គាត់​បាត់បង់​ស្មារតី​ក្នុង​ការ​ថែ​រក្សា​ព្រៃ​នេះ​ឯង។ ចំណែក​ឯ​ប្រជាពលរដ្ឋ​ដែល​គាត់​ជា​មុខ​សញ្ញា​ទទួល​ផល​ពី​ប្រជាពលរដ្ឋ ដែល​គាត់​ជា​មុខ​សញ្ញា​ទទួល​ផល និង​អនុផល​ព្រៃ​ឈើ គឺ​ពួក​គាត់​នឹង​មិន​អាច​ទទួល​ផល​ទៀត​ទេ»។

លោក ហេង ភារៈ បញ្ជាក់​ទៀត​ថា សមាគម​របស់​លោក​បាន​ជួយ​រៀបចំ​ពាក្យ​បណ្ដឹង​ជូន​គណៈកម្មការ​សហគមន៍ ក្នុង​ការ​ប្ដឹង​បុគ្គល​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍។ លោក​រំពឹង​ថា តាម​រយៈ​យន្តការ​ច្បាប់ ជន​ល្មើស​អាច​នឹង​រាង​ចាល​ចំពោះ​សកម្មភាព​បំពាន​ច្បាប់​របស់​ខ្លួន ហើយ​លើស​ពី​នេះ លោក​អំពាវនាវ​ដល់​តុលាការ ឲ្យ​ដាក់​ទោស​ទណ្ឌ​ជន​ល្មើស​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់ ដោយ​គ្មាន​ការ​លើក​លែង៖ «ការ​រំលោភ​យក​ដែន​សហគមន៍ ដែល​មាន​កំណត់​ដោយ​បង្គោល និង​ផែនទី​ជាក់លាក់​នេះ គឺ​ជា​បទល្មើស​ឧក្រិដ្ឋ ហើយ​មាន​ការ​ផាក​ពិន័យ​ជា​សំណង​ខ្ពស់​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត ចាប់​ពី ១០​លាន​រៀល​ទៅ ១០០​លាន​រៀល​ឯណោះ។ អ៊ីចឹង​ជន​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត​កាប់​រាន​ដី​ព្រៃ​សហគមន៍​យក​ជា​កម្មសិទ្ធិ​នេះ គួរ​តែ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​សំណាក់​តុលាការ ដើម្បី​ឲ្យ​ជន​ដទៃ​ទៀត​រាង​ចាល ដើម្បី​ជា​គំរូ​ដល់​ព្រៃ​សហគមន៍​ដទៃ​ទៀត មិន​ថា​តែ​សហគមន៍​ភ្នំ​ជាំម្លូ នេះ​ទេ»។


គណៈកម្មការ​សហគមន៍​ព្រៃ​ឈើ​សាមគ្គី​ភ្នំ​ជាំម្លូ និង​មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ចុះ​ពិនិត្យ​បង្គោលព្រំ​សីមា​សហគមន៍​ដែល​ត្រូវ​បាន​គេ​លួច​ដក​ចេញ​ពី​ទីតាំង​ដើម និង​ដី​ព្រៃ​សហគមន៍​ដែល​រង​ការ​ឈូស​ទន្ទ្រាន​ហ៊ុមព័ទ្ធ​របង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន នៅ​ស្រុក​ឈូក ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦ ដោយ យ៉ង ចាន់តារា


ច្បាប់​ស្ដីពី​ព្រៃ​ឈើ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ថា បទល្មើស​ព្រៃ​ឈើ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ។ ជន​ប្រព្រឹត្តិ​ល្មើស​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ទណ្ឌកម្ម​ធ្ងន់ ឬ​ស្រាល ទៅ​តាម​ថ្នាក់​នៃ​បទល្មើស គឺ​ថ្នាក់​ទី​១ ទី​២ និង​ទី​៣។ ការ​កម្ទេច ផ្លាស់ប្ដូរ លុប​បំបាត់ ឬ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ព្រំ​សីមា​នៃ​តំបន់​ព្រៃ​ឈើ ព្រម​ទាំង​ការ​កាប់​រាន​ព្រៃ ឈូស​ឆាយ​ដី ឬ​ហ៊ុមព័ទ្ធ​កាន់​កាប់​ដី​ព្រៃ សុទ្ធតែ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​បទល្មើស​ព្រៃ​ឈើ​ថ្នាក់​ទី​១ ដែល​ជា​បទល្មើស​ធ្ងន់ធ្ងរ​ជាង​គេ ហើយ​ដែល​ជន​ល្មើស​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ទៅ​ដល់ ១០​ឆ្នាំ។

គណៈកម្មការ​សហគមន៍ ព្រម​ទាំង​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​នឹង​ព្រៃ​ឈើ​ក្នុង​សហគមន៍​សាមគ្គី​ភ្នំ​ជាំម្លូ សុទ្ធតែ​ទន្ទឹង​រង់ចាំ​មើល​អន្តរាគមន៍​របស់​អាជ្ញាធរ​ខេត្ត​កំពត ក្នុង​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ការ​ឈូស​ឆាយ​ដី​ព្រៃ​នេះ។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​ក៏​រង់ចាំ​មើល​ការ​កាត់​សេចក្តី​របស់​តុលាការ​ខេត្ត​កំពត ដែរ ថា​តើ​នឹង​អាច​អនុវត្ត​ច្បាប់​បាន​ដល់​កម្រិត​ណា?

នៅ​ក្នុង​បណ្ដឹង​ទៅ​កាន់​តុលាការ​ខេត្ត​កំពត គណៈកម្មការ​សហគមន៍ សំណូមពរ​ដល់​តុលាការ​ខេត្ត​កំពត ផ្ដន្ទាទោស​ជន​ល្មើស តាម​ច្បាប់​ស្ដីពី​ព្រៃ​ឈើ ទាមទារ​សំណង​ដាំ​ដុះ​កូន​ឈើ និង​បង្គោល ៥​ដើម ចំនួន ១០០​លាន​រៀល ព្រម​ទាំង​ទាមទារ​សំណង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ២០​លាន​រៀល។

គណៈកម្មការ​សហគមន៍​អះអាង​ថា បើ​សិន​ជា​ការ​អំពាវនាវ និង​ប្រើប្រាស់​យន្តការ​ច្បាប់​ទាំងឡាយ មិន​អាច​ដោះស្រាយ​បញ្ហា​ការ​ទន្ទ្រាន​ដី​ព្រៃ​នេះ​បាន​ទេ​នោះ វិនាសកម្ម​ព្រៃ​ឈើ​នឹង​កើត​មាន​ឡើង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ៤​ភូមិ​នៃ​ឃុំ​តាកែន ស្រុក​ឈូក ខេត្ត​កំពត រងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត​នៅ​ពេល​ខាង​មុខ៖ «ត្រូវ​តែ​ដក (ដី​ព្រៃ) យក​មក​វិញ ប្រគល់​ឲ្យ​សហគមន៍​ទាំងអស់​វិញ​តែ​ម្តង។ សម្រាប់​គណៈកម្មការ​ខ្ញុំ បើ​កាលណា​ពេលវេលា​នេះ​មិន​បាន​ទេ គឺ​គណៈកម្មការ​ខ្ញុំ​លា​ហើយ អាច​លា​ឈប់​មួយ​កម្រិត​ហើយ ពីព្រោះ​បាត់បង់​ទឹក​ចិត្ត​ច្រើន​ណាស់»៕

No comments: