A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 April 2016

ក្រសួង​មហាផ្ទៃ​អះអាង​ថា​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន គឺ​ផ្អែក​តាម​បទល្មើស​ជាក់ស្ដែង

ក្រសួង​មហាផ្ទៃ​អះអាង​ថា​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន គឺ​ផ្អែក​តាម​បទល្មើស​ជាក់ស្ដែង
ដោយ យ៉ង ចាន់តារា
2016-04-11

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
 RFA/Brach Chev


ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​អះអាង​ថា មិន​មាន​គម្រោង​ណា​មួយ​ក្នុង​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន នោះ​ទេ នៅ​ពេល​ដែល លោក អ៊ុំ សំអាន មាន​វត្តមាន​នៅ​សហរដ្ឋ​អាមេរិក ជាង ៦​ខែ​មក​នេះ។ ផ្ទុយ​ទៅ​វិញ ក្រសួង​មហាផ្ទៃ បែរ​ជា​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ បន្ទាប់​ពី​លោក​មក​ដល់​កម្ពុជា និង​ផ្ដើម​រិះគន់​រឿង​ព្រំដែន​កម្ពុជា-វៀតណាម ជា​ថ្មី​ម្តង​ទៀត។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​១១ មេសា ថា ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ធ្វើ​ឡើង​ផ្អែក​តាម​បទល្មើស​ជាក់ស្តែង ស្រប​តាម​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៖ «ទៅ​រក​ផែនទី​ឯណា​មក? ហើយ​និយាយ​ថា​ផែនទី​ក្លែងក្លាយ។ ចុះ​ពី​យន្តហោះ​ម្សិលមិញ​ភ្លាម លោក អ៊ុំ សំអាន បាន​សម្ភាស​ជាមួយ​នឹង​កាសែត និង​វិទ្យុ ថា​យ៉ាង​ម៉េច​ខ្លះ? ការ​ចាប់​ខ្លួន​នេះ គឺ​ដោយសារ​ការ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង។ វា​ដូច​ជា​ដល់​ពេល​ហើយ»។

ការ​ថ្លែង​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ដោយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពន្យល់​ពី​ការ​ចោទ​ប្រកាន់​នានា​ប្រឆាំង លោក អ៊ុំ សំអាន ដែល​មាន​សញ្ជាតិ​អាមេរិក។



មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក ខតនី វូដស៍ (Courtney Woods) បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​រយៈ​សារ​អេឡិចត្រូនិក​នា​រសៀល​ថ្ងៃ​ទី​១១ មេសា ថា «ក្រសួង​ការ​បរទេស​អាមេរិក មាន​កាតព្វកិច្ច​ជួយ​ដល់​ប្រជាពលរដ្ឋ​អាមេរិក នៅ​ក្រៅ​ប្រទេស​ដោយ​ម៉ឺងម៉ាត់»។ លោក​បន្ត​ថា «ក្រសួង​ការ​បរទេស​អាមេរិក អំពាវនាវ​ឲ្យ​មាន​ការ​បញ្ជាក់​ពី​ហេតុផល​នានា​ជុំវិញ​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន និង​ស្នើ​ឲ្យ​មន្ត្រី​ស្ថានទូត​អាមេរិក អាច​ចូល​ជួប លោក អ៊ុំ សំអាន បាន»។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ម៉ោង​ជាង ១២ យប់​ថ្ងៃ​អាទិត្យ ទី​១០ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែ​មេសា។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល លោក អ៊ុំ សំអាន វិល​ត្រឡប់​ពី​សហរដ្ឋ​អាមេរិក មក​ដល់​កម្ពុជា។

ភ្លាមៗ​ក្រោយ​ការ​ចាប់​ខ្លួន គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ការ​អនុវត្ត​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ចំពោះ លោក អ៊ុំ សំអាន ទាំង​ដែល​លោក​កំពុង​មាន​អភ័យ​ឯកសិទ្ធិ។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ថា​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជុំវិញ​រឿង​នេះ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព យល់​ឃើញ​ថា ការ​ចាប់​ខ្លួន លោក អ៊ុំ សំអាន ធ្វើ​ឡើង​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ ដែល​ធានា​នូវ​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ។ អ្នកស្រី ចក់ សុភាព បន្ត​ទៀត​ថា រដ្ឋាភិបាល​ប្រឹងប្រែង​តែ​ចំពោះ​ក្តី​ក្ដាំ​ដែល​ចោទ​ប្រកាន់​លើ​អ្នក​តំណាង​រាស្ត្រ ប៉ុន្តែ​មិន​សកម្ម​ក្នុង​ការ​រក​យុត្តិធម៌​ជូន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដែល​រង​ការ​វាយ​ដំ​កាល​ពី​ពេល​កន្លង​ទៅ​នោះ​ទេ៖ «វា​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​និង​ការ​បំពេញ​តួនាទី​របស់​អ្នក​តំណាង​រាស្ត្រ​ក្នុង​ការ​លើក​ឡើង​នូវ​បញ្ហា​កង្វល់​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​នេះ»។

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​៨០ ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា។ តំណាង​រាស្ត្រ​រូប​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​ដោយ​ហេតុ​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើយ។ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង។

មក​ទល់​ពេល​នេះ មាន​សកម្មជន​នយោបាយ និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​ផង​ចំនួន ១៦​នាក់​ហើយ​ដែល​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន៕

No comments: