ដោយ ម៉ម មុនីរតន៍
2016-04-11 rfa

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន (អាវស) ត្រូវបានសមត្ថកិច្ចបញ្ជូនពីក្រសួងមហាផ្ទៃ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ Photo courtesy of VOD
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ត្រូវបានបញ្ជូនទៅឃុំខ្លួនបន្តនៅក្រសួងមហាផ្ទៃ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សាកសួរប្រមាណ ៣ម៉ោងនៅល្ងាចថ្ងៃទី១១ មេសា។
ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ អ៊ី សុខឃី បញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នឹងត្រូវបញ្ជូនខ្លួនទៅសាកសួរបន្ថែមទៀតនៅសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែមេសា។
មេធាវីការពារក្តី លោក អ៊ុំ សំអាន គឺលោក ជូង ជូងី មិនធ្វើអត្ថាធិប្បាយទេ ក្រោយតុលាការសាកសួរ លោក អ៊ុំ សំអាន។

ក្បួនរថយន្តរបស់ក្រសួងមហាផ្ទៃដឹកលោក អ៊ុំ សំអាន ចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ RFA/Brach Chev
គណបក្សសង្គ្រោះជាតិ នឹងធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោង ៩ព្រឹកថ្ងៃទី១២ ខែមេសា ប្រតិកម្មតបការចាប់ខ្លួន លោក អ៊ុំ សំអាន។ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការចាប់ខ្លួនតំណាងរាស្ត្ររបស់ខ្លួន។
គណបក្សសង្គ្រោះជាតិ ចាត់ទុកការចាប់ខ្លួន លោក អ៊ុំ សំអាន ថាជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ ដែលត្រូវបានធានាដោយច្បាប់ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ុំ សំអាន ត្រូវបាននាយកដ្ឋានប្រឆាំងភេរវកម្មសាកសួរមួយថ្ងៃពេញ នៅថ្ងៃទី១១ មេសា ក្រោយពីអាជ្ញាធរចាប់ខ្លួនកាលពីម៉ោងជាង ១២ យប់ថ្ងៃអាទិត្យ ទី១០ ឈានចូលថ្ងៃទី១១ មេសា បន្ទាប់ពីលោកវិលត្រឡប់ពីសហរដ្ឋអាមេរិក មកដល់ខេត្តសៀមរាប។
លោក អ៊ុំ សំអាន បានចាកចេញពីកម្ពុជា ទៅស្នាក់នៅសហរដ្ឋអាមេរិក ប្រមាណ ៦ខែមកហើយ ក្រោយពីលោកបានរិះគន់រឿងព្រំដែនខ្មែរ-វៀតណាម៕
No comments:
Post a Comment