លោក ឱម យ៉ិនទៀង ក្នុងសន្និសីទកាសែតនៅ ACU កាលពីម្សិលមិញ។ ស្រេង ម៉េងស្រ៊ុន |
លោក យ៉ិន ទៀង មិនប្រាប់ពីប្រភពលុយដែលយកទៅចែកកងទ័ព
Tue, 26 April 2016 ppp
ឡាយ សាមាន and នៀម ឆេង
ភ្នំពេញៈ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបដិសេធឆ្លើយបំភ្លឺទៅនឹងលិខិតរបស់ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ដែលស្នើឱ្យលោក យ៉ិនទៀង បកស្រាយថាតើបានលុយមកពីណាយកទៅចែកដល់កងទ័ពនៅខេត្តព្រះវិហារកាលពីដើមខែនេះ។
លោក ឱម យ៉ិនទៀង ថ្លែងក្នុងវីដេអូឃ្លីបដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់អង្គភាពថា៖ «យើងគ្មានអីគួរខ្លាចទេព្រោះយើងទៅដោយតម្លាភាពយោងតាមច្បាប់មានតែអង្គភាព និងនគរបាលយុត្តិធម៌របស់អង្គភាពប្រឆាំងអំពើពុករលួយដែលមានសិទ្ធិសុំឱ្យអ្នកនោះ ស្ថាប័ននេះ ស្ថាប័ននោះ ឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបញ្ហាពុករលួយក្រៅពីហ្នឹងគ្មានទេគ្មានអ្នកណាមានសិទ្ធិធ្វើសំបុត្រឱ្យគេឆ្លើយរឿងហ្នឹងបានទេ»។
លោកបន្តថាលោក សួន សេរីរដ្ឋា អាចប្តូរពីពាក្យស្នើសុំបំភ្លឺទៅជាពាក្យបណ្តឹងវិញ។ «ប៉ុន្តែមន្ត្រីយើងនៅតែបើកច្រកប្រសិនបើលោក សួន សេរីរដ្ឋា ចោទបន្ត ឬសង្ស័យថាមានអំពើពុករលួយគាត់សុំប្តូរពីលិខិតបំភ្លឺទៅជាលិខិតប្តឹង និងអង្គភាពទទួលយកធ្វើហ្មងនឹងបើកការស៊ើបអង្កេតហើយនឹងឆ្លើយជូនផ្ទាល់ហើយបើឃើញមានបទល្មើសនឹងដំណើរការកសាងសំណុំរឿងសុំបែបបទតទៅទៀត»។
លោក យ៉ិន ទៀង បានចំអកទៅលោក សេរីរដ្ឋា ថា៖ «សុំជម្រាបទៅម្ចាស់លិខិតវិញថាយើងបានទទួលហើយលិខិតសុំបំភ្លឺថា ឱម យ៉ិនទៀង ទៅព្រំដែនមានស្អីក្នុងស្រោមសំបុត្រមានប៉ុន្មានចំនួនកងទ័ពមានប៉ុន្មាន យើងបានឆ្លើយបំភ្លឺថាអំណាចសួរគេឱ្យឆ្លើយបំភ្លឺបានមានតែអង្គភាពប្រឆាំងអំពើពុករលួយទេគាត់មិនមានអំណាចទេ»។
លោក សួន សេរីរដ្ឋា បានផ្ញើលិខិតជូនលោក ឱម យ៉ិនទៀង កាលពីថ្ងៃទី ៨ ខែ មេសា ដោយស្នើឱ្យបកស្រាយបំភ្លឺចំនួនស្រោមសំបុត្រ និងរបស់ក្នុងស្រោមសំបុត្រដែលលោក យ៉ិនទៀង យកទៅចែកគ្រួសារទាហាន និងពលទាហានកងពលធំអន្តរាគមន៍លេខ ៣ ប្រចាំខេត្តព្រះវិហារកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០១៦។
ក្នុងលិខិតបានស្នើថា៖ «ក្នុងឋានៈឯកឧត្តមជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែលតំណាងឱ្យក្រុមអ្នកបោសសម្អាតអំពើពុករលួយក្នុងប្រទេសខ្ញុំសូមឯកឧត្តមបង្ហាញនូវតម្លាភាពដើម្បីស្រាយបំភ្លឺឱ្យបានច្បាស់ប្រាប់ទៅសាធារណជនតើក្នុងស្រោមសំបុត្រនោះមានអ្វី? ជាលុយសុទ្ធ ឬជាអ្វីផ្សេង? បើជាលុយសុទ្ធតើវាមានចំនួនប៉ុន្មានរៀលក្នុងមួយសំបុត្រ? បានមកពីណា? ជាថវិការបស់ឯកឧត្តមដែលសល់ពីប្រាក់ខែ ឬបានមកពីខាងណា? ជាលុយរដ្ឋ? សរុបទាំងអស់ចំនួនប៉ុន្មានស្រោមសំបុត្រ?»។
ឆ្លើយតបទៅនឹងការបកស្រាយរបស់លោក យ៉ិនទៀង លោក សេរីរដ្ឋា ថ្លែងថាសហការីរបស់លោកបានទទួលការហៅទូរស័ព្ទមួយពីអង្គភាពប្រឆាំងអំពើពុករលួយដែលសួរថាគាត់អាចចូលបំភ្លឺថ្ងៃទី ២៥ ខែមេសាបានឬទេ? ប៉ុន្តែលោកថាមិនមានការយល់ព្រមជាផ្លូវការទេដោយសារលោកមិនបានទទួលលិខិតផ្លូវការពីអង្គភាពនេះហើយការស្នើសុំឲ្យប្តូរទៅជាពាក្យបណ្តឹងលោក សេរីរដ្ឋា ទទូចឲ្យអង្គភាពប្រឆាំងអំពើពុករលួយធ្វើលិខិតជាផ្លូវការមកស្ថាប័នគណបក្សរបស់លោក។
លោកថ្លែងថា៖ «យើងជាស្ថាប័នមួយជាគណបក្សមួយយើងមិនទៅកាន់អង្គភាពដោយដៃទទេទេ។ បើទៅអត់មានលិខិតពេលទៅដល់គេសួររកលិខិតអញ្ជើញហើយយើងអត់មានមិនខ្មាសគេទៅហើយ»។
លោក សេរីរដ្ឋា ក៏មានចម្ងល់ចំពោះការថ្លែងរបស់លោក យ៉ិនទៀង ដែលថាមានតែអង្គភាព និងនគរបាលយុត្តិធម៌របស់អង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះដែលមានសិទ្ធិសុំឱ្យអ្នកនោះ ស្ថាប័ននេះ ស្ថាប័ននោះឆ្លើយបំភ្លឺពាក់ព័ន្ធនឹងបញ្ហាពុករលួយ។
លោក សេរីរដ្ឋា លើកឡើងថា៖ «បើសិនជាច្បាប់ប្រឆាំងអំពើពុករលួយមិនអនុញ្ញាតឲ្យស្ថាប័នផ្សេង ឬពលរដ្ឋសាកសួរអំពីអំពើពុករលួយរបស់ស្ថាប័ននេះវាជាច្បាប់ដែលមិនមានយុត្តិធម៌។ តើស្ថាប័នណាដែលមានកាតព្វកិច្ចក្នុងការបកស្រាយ និងស៊ើបអង្កេតលើអង្គភាពនេះ?»៕
1 comment:
Did CPP monkeys get more than for what they bargained for by letting sourn sarey rotha to form a political party?
Now is Sourn sarey rotha a liability and a thorn at CPP's side?
Post a Comment