Manekseka Sangkum: No doubt, all the regime's finest intelligence gathering personnel are too busy snooping on naughty and wicked opposition politicians?
....
ពលរដ្ឋស្រុកគូលែនចោទក្រុមហ៊ុនកូម៉ូលីថាកាប់ឈើធំៗក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព
ដោយ ហង្ស សាវយុត
2016-03-21

ដើមឈើធំៗនៅតំបន់ក្បាលប្រទាល នៃព្រៃព្រះរកា នាខេត្តព្រះវិហារ ត្រូវក្រុមឈ្មួញលួចអាររំលំ និងច្រៀកយកទៅលក់ដូរ។ រូបថតថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥
RFA/Hang Savyouth
ប្រជាពលរដ្ឋប្រមាណ ៥០នាក់មកពីភូមិគូលែន និងភូមិពោធិ៍រៀង នៃឃុំគូលែនខាងជើង ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរួមគ្នាដើរល្បាតការពារដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលពួកគេទទួលថែរក្សាទំហំជាង ៦.៥០០ហិកតារ។
ការរួមគ្នាដើរល្បាតការពារព្រៃនេះ នៅស្របពេលដែលពួកគេចោទប្រកាន់ថា មានក្រុមហ៊ុនឯកជនមួយឈ្មោះ កូម៉ូលី បានជញ្ជូនគ្រឿងចក្រជាច្រើនទៅបោះទីតាំងក្បែរនោះ ហើយតែងលួចកាប់ និងដឹកជញ្ជូនយកឈើធំៗពីតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដើម្បីជួញដូរខុសច្បាប់។
សហគមន៍ការពារព្រៃឈើនៅភូមិគូលែន និងភូមិពោធិ៍រៀង ឃុំគូលែនខាងជើង ស្រុកគូលែន ត្រូវការឲ្យប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាដើម ជួយអន្តរាគមន៍ទប់ស្កាត់ការកាប់បំផ្លាញដើមច្បោះជ័រ និងឈើប្រណីតធំៗជាច្រើនប្រភេទទៀត ដែលកំពុងកើតមាននៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលជាតំបន់ពួកគេទទួលការពារ។
ការអំពាវនាវរកជំនួយអន្តរាគមន៍ពីរដ្ឋាភិបាលនេះ ធ្វើឡើងនៅស្របពេលដែលប្រជាពលរដ្ឋនៅភូមិគូលែន និងភូមិពោធិ៍រៀង ចោទប្រកាន់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយឈ្មោះ កូម៉ូលី ថាកំពុងបន្លំធ្វើសកម្មភាពលួចកាប់ និងដឹកជញ្ជូនឈើធំៗចេញពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលពួកគេកំពុងទទួលការពារស្ទើរតែរៀងរាល់ថ្ងៃ។
តំណាងសហគមន៍ការពារព្រៃឈើពោធិ៍រៀង នៃឃុំគូលែនខាងជើង គឺលោក សៀង មីន។ លោកអះអាងកាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែមីនា ថា ជាច្រើនឆ្នាំមកហើយរហូតមកដល់ពេលនេះ អ្នកភូមិរបស់លោកបានទទួលការពារព្រៃឈើក្នុងដែនជម្រកសត្វព្រៃរបស់ឧទ្យានជាតិគូលែនព្រហ្មទេព ទំហំជាង ៦.៥០០ហិកតារ ក៏ប៉ុន្តែបច្ចុប្បន្ន តំបន់ដែលសហគមន៍របស់លោកការពារនោះ គឺមានមនុស្សរបស់ក្រុមហ៊ុន កូម៉ូលី តែងលួចចូលទៅកាប់ដើមច្បោះជ័រទឹក និងដើមឈើប្រណីតធំៗជាបន្តបន្ទាប់ ហើយដឹកជញ្ជូនតាមរថយន្តធុនរ៉េវធំៗយកចេញពីព្រៃ។ តំណាងសហគមន៍ពោធិ៍រៀង ដដែល បង្ហាញការព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន មិនទប់ស្កាត់ការកាប់ឈើឲ្យបានទាន់ពេលទេ គឺដែនជម្រកសត្វព្រៃនៃឧទ្យានជាតិគូលែនព្រហ្មទេព នៅជិតតំបន់ពួកគេរស់នៅ នឹងមិនសល់ព្រៃឈើទៀតឡើយ៖ «បើប្រជាពលរដ្ឋអារឈើធ្វើផ្ទះអី គេចាប់ថាប៉ះពាល់ដល់ដែនជម្រកសត្វព្រៃ បើក្រុមហ៊ុនវិញទោះបីជាកាប់ និងដឹកឈើយ៉ាងណា ក៏មន្ត្រីបរិស្ថានហាក់មិនខ្វល់ពីរឿងទប់ស្កាត់សោះ»។
ប្រធានសហគមន៍ការពារព្រៃឈើភូមិគូលែន ដែលទៅជួយដើរល្បាតការពារដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ជាមួយសហគមន៍ពោធិ៍រៀង លោក សឹង បឿន មានប្រសាសន៍ថា ក្រុមហ៊ុន កូម៉ូលី ដែលមានគ្រឿងចក្រជាច្រើនយកទៅដាក់នៅក្បែរតំបន់នោះ មិនព្រមបញ្ឈប់សកម្មភាពកាប់ឈើទេ បើទោះបីជាក្រុមហ៊ុននេះធ្លាប់បានធ្វើកិច្ចសន្យាជាមួយសហគមន៍ ដោយព្រមព្រៀងមិនកាប់ឈើក្នុងដែនជម្រកសត្វព្រៃជាច្រើនលើកមកហើយក៏ដោយ៖ «មានអ្នកលួចកាប់ ២-៣ថ្ងៃម្ដងៗ។ កាប់ម្ដងៗឈើមុខ ០,៧០ម៉ែត្រ និង ០,៨០ម៉ែត្រ គឺឡានមួយដឹកបានតែ ៣ដើមទេ ឯឈើមុខ ០,៥០ម៉ែត្រទៅ ០,៦០ម៉ែត្រ គឺឡានមួយដឹកបានពី ៥ ទៅ ៧ដើម»។
អ្នកភូមិពោធិ៍រៀង នៃឃុំគូលែនខាងជើង ស្រុកគូលែន បានចាត់ទុកព្រៃឈើនៃដែនជម្រកសត្វព្រៃរបស់ឧទ្យានជាតិគូលែនព្រហ្មទេព ជិតតំបន់ពួកគេ គឺមានសារសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋដែលចូលទៅប្រកបរបរចិញ្ចឹមជីវិតពីអនុផលព្រៃឈើ ហើយវាក៏ជាជម្រកសត្វព្រៃជាច្រើនប្រភេទ ដូចជាសត្វខ្ទីង ទន្សោង ឈ្លូស រមាំង ប្រើស កំពុងរស់នៅដែរ។
ប្រជាពលរដ្ឋនៅភូមិពោធិ៍រៀង និងភូមិគូលែន សង្ស័យថា ការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃនៃឧទ្យានជាតិគូលែនព្រហ្មទេព ដែលកំពុងកើតមាននេះ គឺអាចជាប់ពាក់ព័ន្ធនឹងមេបញ្ជាការរងយោធាម្នាក់នៃតំបន់ប្រតិបត្តិការសឹករងស្រុកគូលែន ព្រមទាំងមន្ត្រីឧទ្យានុរក្សបរិស្ថានខ្លះទៀតផង បានជាមិនមានការបង្ក្រាបអ្វីទាល់តែសោះ។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ប្រចាំស្រុកគូលែន ដើម្បីសុំប្រតិកម្មជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយនៅថ្ងៃអាទិត្យ ទី២០ ខែមីនា។
ចំណែកអភិបាលរងស្រុកគូលែន លោក ប៉ែន ជឹង ពន្យល់ថា ក្រុមហ៊ុន កូម៉ូលី ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនោះ គឺមិនស្ថិតនៅក្នុងតំបន់ការពារនៃដែនជម្រកសត្វព្រៃរបស់ឧទ្យានជាតិគូលែនព្រហ្មទេព ទេ។ អភិបាលរងស្រុកគូលែន បញ្ជាក់ថា ជាញឹកញាប់ លោកតែងទទួលបានព័ត៌មានថាមានមនុស្សរបស់ក្រុមហ៊ុនលួចចូលទៅកាប់ឈើក្នុងតំបន់ការពាររបស់សហគមន៍មែន ប៉ុន្តែស្រុកមិនដែលមានវិធានការអ្វីទេ ដោយអាងថាតំបន់នោះ គឺមន្ត្រីឧទ្យានុរក្សបរិស្ថានទទួលការពារ។ អាជ្ញាធរស្រុកគូលែន បង្ហាញជំហរថា នឹងប្រឹងប្រែងការពារព្រៃឈើនៅដែនជម្រកសត្វព្រៃនោះ ហើយប្រសិនបើការលួចកាប់ឈើនៅតែបន្ត គឺអាជ្ញាធរស្រុកអាចនឹងប្រើកម្លាំងចុះបង្ក្រាប បើទោះបីជាទីនោះក្រោមការគ្រប់គ្រងរបស់មន្ត្រីឧទ្យានុរក្សក៏ដោយ៖ «មានអ្នកលួចទៅកាប់ដឹកយកមកឲ្យក្រុមហ៊ុនមែនហ្នឹង តែអាជ្ញាធរស្រុកមិនដែលបានលូកដៃចូលរឿងនោះទេ ដោយសំខាន់តំបន់នោះវានៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃ»។
កាលពីថ្ងៃទី១៨ ខែមីនា សហគមន៍ការពារព្រៃឈើភូមិគូលែន និងភូមិពោធិ៍រៀង បានរួមគ្នាព័ទ្ធចាប់បានឡានរបស់ក្រុមហ៊ុន កូម៉ូលី ដែលលួចចូលទៅដឹកឈើចំនួន ២គ្រឿង។ បច្ចុប្បន្ន ឡានទាំង ២គ្រឿងនោះ ត្រូវអ្នកភូមិរក្សាទុកមិនទាន់មានអាជ្ញាធរណាចេញមុខដោះស្រាយនៅឡើយ។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ឲ្យដឹងថា នៅជាប់ភូមិពោធិ៍រៀង នៃឃុំគូលែនខាងជើង គឺមានតែក្រុមហ៊ុនធំមួយឈ្មោះ ប៊្លូ ហេវិន (Blue heaven) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ចំណែកឯក្រុមហ៊ុន កូម៉ូលី ដែលអ្នកភូមិចោទប្រកាន់ថាលួចកាប់ឈើនោះ ទំនងជាក្រុមហ៊ុនតូចៗដែលធ្វើកិច្ចសន្យាទទួលដីសម្បទានបន្តពីក្រុមហ៊ុនធំ (ប៊្លូ ហេវិន)។ ទោះបីជាយ៉ាងណា លោក ប៉ិក សោភ័ណ ទទួលស្គាល់ថា ពិតជាមានការលួចកាប់ឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃនៃឧទ្យានជាតិ ដែលចុះព្រះហស្តលេខាការពារដោយព្រះមហាក្សត្រមែន៖ «វាជាការរំលោភទៅលើព្រះរាជក្រឹត្យដែលមានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ»។
អង្គការពន្លកខ្មែរ ដែលតែងជួយជ្រោមជ្រែងដល់សហគមន៍ និងការពារបរិស្ថាន បានរកឃើញថា ដែនជម្រកសត្វព្រៃនៃឧទ្យានជាតិគូលែនព្រហ្មទេព ដែលមានវិសាលភាពចាប់ពីស្រុកគូលែន ខេត្តព្រះវិហារ រហូតទៅដល់ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រៅតែពីសម្រាប់សត្វព្រៃជាច្រើនប្រភេទរស់នៅ និងរកចំណី វាក៏ជាព្រៃជួយចិញ្ចឹមដល់ប្រជាពលរដ្ឋភូមិពោធិ៍រៀង និងភូមិនៅជុំវិញជិត ២០០គ្រួសារ ឲ្យចូលទៅរកបន្លែព្រៃ ផ្លែឈើ និងអនុផលព្រៃឈើគ្រប់រដូវកាលដែរ៕
No comments:
Post a Comment