ដោយ យាង សុជាមេត្តា
2016-03-21

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) (រូបឆ្វេងកណ្ដាល) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជួបមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥។
RFA/Brach Chev
ក្រុមអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងការការពារសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃទី២១ មីនា ជួបប្រជុំជាមួយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដើម្បីបង្ហាញការបារម្ភរបស់ពួកគេពីស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ជំនួបនេះ ធ្វើឡើងភ្លាមៗក្រោយពី អ្នកស្រី រ៉ូណា ស្មីត មកដល់កម្ពុជា ដើម្បីតាមដានពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះ។
ក្រុមសង្គមស៊ីវិលដែលចូលជួប អ្នកស្រី រ៉ូណា ស្មីត នៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា រួមមាន ក្រុមសង្គមស៊ីវិលដែលធ្វើការងារលើការការពារសិទ្ធិមនុស្សទូទៅ ក្រុមការពារសិទ្ធិស្ត្រី និងក្រុមការពារសិទ្ធិដីធ្លី និងសិទ្ធិជនជាតិដើមភាគតិច។
មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក ណៃ វ៉ង់ដា ថ្លែងឲ្យដឹងតាមទូរស័ព្ទថា ក្នុងជំនួបជាមួយ អ្នកស្រី រ៉ូណា ស្មីត ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងនូវកង្វល់ជាច្រើនពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ បញ្ហាទាំងនោះមានដូចជា ការគំរាមកំហែងលើសកម្មជនការពារសិទ្ធិមនុស្ស បុគ្គលិកអង្គការសង្គមស៊ីវិល ការបំបិទសំឡេងអ្នករិះគន់រដ្ឋាភិបាល ការមិនអនុញ្ញាតរបស់អាជ្ញាធរឲ្យសង្គមស៊ីវិលបណ្តុះបណ្តាលពីសិទ្ធិមនុស្ស ការប្រើប្រាស់កងកម្លាំងបង្ក្រាបលើបាតុកម្ម ឬការប្រមូលផ្តុំអហិង្សា ភាពលម្អៀងរបស់សមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ការវាយដំលើតំណាងរាស្ត្របក្សប្រឆាំង ការចាប់ខ្លួនយុវជន ដោយសារសម្ដែងមតិលើប្រព័ន្ធអ៊ីនធឺណិត (Internet) អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ ជាដើម។
ក្រៅពីនេះ សង្គមស៊ីវិលក៏បង្ហាញការបារម្ភពីសេចក្តីព្រាងច្បាប់មួយចំនួន ដែលរដ្ឋសភាបានអនុម័ត និងគ្រោងអនុម័តក្នុងពេលខាងមុខ ដូចជាសេចក្តីព្រាងច្បាប់ស្ដីពីទូរគមនាគមន៍ និងសេចក្តីព្រាងច្បាប់ស្ដីពីសហជីព ដែលសង្គមស៊ីវិលយល់ថា មានចរិតរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ សហជីព និងកម្មករនិយោជិត។
លោក ណៃ វ៉ង់ដា ចាត់ទុកជំនួបជាមួយ អ្នកស្រី រ៉ូណា ស្មីត គឺជាឱកាសសម្រាប់សង្គមស៊ីវិលបង្ហាញពីកង្វល់របស់ពួកគេ។ លោកថា អ្នកស្រី រ៉ូណា ស្មីត សន្យាថានឹងនាំយកនូវការបារម្ភរបស់សង្គមស៊ីវិល ទៅជជែកជាមួយរដ្ឋាភិបាល៖ «យើងជម្រាបទៅអ្នករាយការណ៍សិទ្ធិមនុស្សថា យើងនៅបន្តសកម្មភាពរបស់យើងជាធម្មតា ហើយយើងសូមស្នើសុំដោយទទូចដល់អ្នករាយការណ៍អង្គការសហប្រជាជាតិ ជម្រាបទៅថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់ ហើយអ្នកដឹកនាំរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាច សូមឲ្យយល់ដឹងពីសិទ្ធិរបស់អង្គការសង្គមស៊ីវិល សកម្មភាពរបស់អង្គការសង្គមស៊ីវិល ហើយសិទ្ធិរបស់ពលរដ្ឋដែលត្រូវបានចែងដោយច្បាប់ ដោយរដ្ឋធម្មនុញ្ញ សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិផ្សេងៗ»។
អ្នកស្រី រ៉ូណា ស្មីត ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តែងតាំងជាអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៥។
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ មកកាន់ប្រទេសកម្ពុជា របស់ អ្នកស្រី រ៉ូណា ស្មីត ក្រោយពីដំណើរទស្សនកិច្ចលើកទី១ បានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៥។
អ្នកស្រី រ៉ូណា ស្មីត បានប្រកាសមុនពេលមកដល់កម្ពុជា ថា ក្នុងដំណើរទស្សនកិច្ចនៅលើកនេះ អ្នកស្រីនឹងផ្ដោតសំខាន់ទៅលើសិទ្ធិរបស់ក្រុមបាត់បង់ឱកាស ដែលរដ្ឋាភិបាលពុំសូវគិតគូរដល់ ដូចជាស្ត្រីជនជាតិដើមភាគតិច និងជនរងគ្រោះដោយការរើសអើងពូជសាសន៍ ព្រមទាំងបញ្ហាសិទ្ធិមនុស្សដទៃទៀតនៅកម្ពុជា។
ក្នុងកំឡុងពេលទស្សនកិច្ច ១០ថ្ងៃនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត គ្រោងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតបរទេសប្រចាំកម្ពុជា។ អ្នកស្រីក៏មានគម្រោងធ្វើដំណើរទៅតាមខេត្ត ជួបសហគមន៍រងគ្រោះ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់ពីការរំលោភសិទ្ធិមនុស្សផងដែរ។
ដំណើរទស្សនកិច្ចមកកាន់កម្ពុជា របស់ អ្នកស្រី រ៉ូណា ស្មីត លើកនេះ ជួនចំពេលដែលស្ថានភាពនយោបាយរវាងបក្សកាន់អំណាច និងបក្សប្រឆាំង កំពុងមានភាពតានតឹង និងឡើងកម្ដៅថែមទៀត ដោយសារតុលាការបានចេញដីកាចាប់ខ្លួនមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ការចាប់ខ្លួនមន្ត្រី និងសកម្មជនបក្សប្រឆាំងផ្ដន្ទាទោសដាក់ពន្ធនាគារជាបន្តបន្ទាប់ ខណៈអនុប្រធានបក្សប្រឆាំង លោក កឹម សុខា កំពុងរងការយាយី អុកឡុកដោយយុវជនមួយក្រុម ទាមទារឲ្យទម្លាយការពិតពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលគេចោទប្រកាន់ថាជារបស់លោក។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានទេនៅថ្ងៃទី២១ មីនា ដើម្បីសួរថា តើបក្សប្រឆាំងមានគម្រោងជួបជាមួយ អ្នកស្រី រ៉ូណា ស្មីត ដែរឬយ៉ាងណា?
ទោះបីជាយ៉ាងណាក៏ដោយ កន្លងមក អ្នកស្រី រ៉ូណា ស្មីត ក៏ធ្លាប់បង្ហាញការបារម្ភពីស្ថានភាពនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ក្រោយពី លោក សម រង្ស៊ី ត្រូវបានតុលាការចេញដីកាចាប់ខ្លួន លោក កឹម សុខា ត្រូវបានសភាបោះឆ្នោតទម្លាក់ពីអនុប្រធានទី១ រដ្ឋសភា និងតំណាងរាស្ត្របក្សប្រឆាំង ត្រូវបានបាតុករគាំទ្របក្សកាន់អំណាចវាយដំឲ្យរបួសធ្ងន់ធ្ងរ៕
No comments:
Post a Comment