A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 4 September 2015

យុវជន​ ៣០០ ​នាក់​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ




យុវជន​ ៣០០ ​នាក់​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អ៊ីនធឺណិត​បើក​ទូលាយ កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។

ភ្នំពេញៈ ដោយ​មាន​ការ​រៀបចំ​ពី​អង្គការ ខុមហ្រ្វែល មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ​ឯករាជ្យ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ និង​អង្គការ​បណ្តាញ​យុវជន​កម្ពុជា ព្រឹតិ្តការណ៍​ អ៊ីនធឺណិត​បើក​ទូលាយ​ឆ្នាំ ២០១៥ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​បរិវេណ​ភោជនីយ​ដ្ឋាន​ទន្លេ​បាសាក់​ ២ កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ដោយ​មាន​​ការ​ចូល​រួម​ពី​សំណាក់ យុវជន​ដែល​ជា​អ្នក​ឯកទេស​ខាង​ប្រព័ន្ធ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន​វិទ្យា និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ប្រមាណ​ជា ៣០០ នាក់។
កម្មវិធី​ដែល​សម្បូរ​ទៅ​ដោយ​យុវវ័យ​ចូល​រួម​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ទូទៅ​ស្វែង​យល់​អំពី​ប្រធាន​បទ​ចំនួន ៥ គឺ សេរីភាព​នៃ​ការ​ប្រើប្រាស់​ អ៊ីនធឺណិត ឧក្រិដ្ឋកម្ម​​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា សុវតិ្ថភាព​អ៊ីនធឺណិត សារព័ត៌មាន​អនឡាញ និង​ព័ត៌មាន​ទាន់​ហេតុការណ៍ បណ្តាញ​សង្គម​យក្ស និង​យុគសម័យ​អ៊ីនធឺណិត។
កម្មវិធី​នេះ​ផង​ដែរ​ក៏​ជា​វេទិកា​មួយ​សម្រាប់​អ្នក​ចូលរួម​ទាំងអស់​ពិភាក្សា​គ្នា និង​ចែក​រំលែក​ដោយ​សេរី​ពី​សារ​ប្រយោជន៍​នៃ International Communication of Technology (ICT)។​
លោក ទឹម ម៉ាឡៃ ប្រធាន​បណ្តាញ​យុវជន ហើយ​ក៏​ជា​អ្នក​រៀប​ចំ​ក្នុង​កម្មវិធី​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ដោយ​​សារ​កំណើត​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​ការ​កើន​ឡើង ហើយ​គាត់ (យុវជន) ជា​អ្នក​ដើរ​តួនាទី​យ៉ាង​​សំខាន់​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​នេះ បើ​សិន​គាត់​បាន​ដឹង​ពី​ព័ត៌មាន​ស្តីពី​សុវិត្ថភាព​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត នេះ គាត់​នឹង​បាន​យល់​ដឹង​ពី​ការ​ចែក​ចាយ​ព័ត៌មាន​និង​ប្រើប្រាស់​ដោយ​មាន​សុវត្ថិភាព ហើយ​ការងារ​របស់​គាត់​ក៏​មាន​គុណ​ភាព​ផង​ដែរ»។
Content image - Phnom Penh Post
វាគ្មិន​ក្នុង​​កម្មវិធី​នេះ។
បើ​យោង​តាម​របាយការណ៍​របស់​ មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្ធ​ផ្សាយ​ឯករាជ្យ ធ្វើ​ការ​ស្ទង់​មតិ​​មួយ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៥ ស្តីពី​អ្នក​ប្រើប្រាស់​ អ៊ីនធឺណិត ក្នុង​ប្រទេស​កម្ពុជា ដោយ​សាក​សួរ​លើ​ក្រុម​មនុស្ស​​មួយ​ក្រុម​លើ​បណ្តាញ​សង្គម​បង្ហាញ​ថា មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ៩៩ ភាគរយ Google Plus ៨៨ ភាគរយ Line ៨៤ ភាគរយ Instagram ៤៩ ភាគរយ និង Twitter ៣២ ភាគរយ។


បើតាម​ទិន្នន័យ​របស់​បញ្ញតិ្តករ​ទូរគមនាគមន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចំនួន​នៃ​អ្នក​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ពី ៣.៨៦ លាន​នាក់ នៅ​ដំណាច់​ឆ្នាំ​២០១៣ ដល់​ជាង​ ៥ ​លាន​​នាក់ នៅ​ដំណាច់​ឆ្នាំ ២០១៤។ ចំនួន​អ្នក​ប្រើ​ប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​បាន​កើន​ឡើង​ចំនួន ២១,៩២ លាន​នាក់​ត្រឹម​ខែ​មិថុនា​​ ឆ្នាំ ២០១៤។
យោង​តាម​របាយការណ៍​ខាង​លើ មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​អ៊ីនធឺណិត​ដោយ​មិន​បាន​ដឹង​ពី​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​របស់​ខ្លួន ការ​គិត​ពី​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​គឺ​សំដៅ​ទៅ​លើ​ ការ​បញ្ចូល​ទិន្នន័យ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​ក្នុង អ៊ីនធឺណិត ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​ជន​អាក្រក់​មួយ​ចំនួន ឆ្លៀត​ឱកាស​ធ្វើ​រឿង​មិនល្អ​ដោយ​ប្រយោល និង​ដោយ​ផ្ទាល់ ហើយ​កត្តា​ខ្លះ​ទៀត​ដូចជា​មាន​មនុស្ស លួចចូល (Hack) ទៅ​ក្នុង​គណនី​របស់​អ្នក​ដើម្បី​ប្រពឹត្ត​អំពើ​អាក្រក់​អ្វី​ផ្សេង។ ឧទាហរណ៍​ជាក់​ស្តែង​ដូចជា ករណី​បង្ហោះ​ប្រាក់​ដុល្លា​ច្រើន ឬ​បង្ហោះ​រូប​ម៉ូតូ​ទើប​តែ​ទិញ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក។
លោក ឡាច វណ្ណៈ ស្ថាបនិក កាហ្វេ​នយោបាយ​និង​ជា​វាគ្មិន​ក្នុង​​កម្មវិធី​នេះ​បាន​និយាយ ក្នុង​កិច្ច​ពិភាក្សា​ថា៖​ «យើង​មិន​ទាន់​ដឹង​ថា​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ណា​នោះ​ទេ​ព្រោះ​ថា យើង​អត់​មាន​អ្វី​វាស់​ព្រោះ​វា​ទូលំ​ទូលាយ​ណាស់​ហើយ​កន្លង​មក​ យើង​ក៏​មិន​ទាន់​មាន​របាយ​ការណ៍​ដែរ។ តែ​តាម​ការ​សិក្សា​របស់​ខ្ញុំ យើង​ឃើញ​ថា ការប្រើ​អ៊ីនធឺណិត​នូវ​បើក​ប្រើ​ប្រាស់​សេរី​ច្រើន កាល​ណា​យើង​បាន​ទូលំ​ទូលាយ និង សេរី​ពេក​ ហានិភ័យ​របស់​យើង​ក៏​ទូលំទូលាយ​តាម​នោះ​ដែរ»។
យុវជន ព្រីង ស៊ីដេត ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​ចូល​ប្រធាន​បទ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (ប្រធាន​បទ​ដែល​និយាយ​ពី​មនុស្ស​ដែល​មាន​បំណង​អាក្រក់​លួច​ចូល​ទៅ​ប្រើប្រាស់ និង​យក​ទិន្នន័យ​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក​ដទៃ) ប្រធានបទ​នេះ​ល្អ​ព្រោះ​ថា​ អ៊ីនធឺណិត វា​ពេញ​និយម​ខ្លាំង​ដូច្នេះ​យើង​ត្រូវ​ដឹង​ពី​សុវត្ថិភាព​នៃ​ការ​ប្រើ​វា»៕
អត្ថបទដោយ រៀម ចំរើន reamchamroeun@gmail.com

No comments: