ឆាយ ច័ន្ទនីដា
![]() |
| ពលរដ្ឋលើកបង្ហាញបង្កាន់ដៃវិភាគទានទូរទស្សន៍ព្រះអាទិត្យជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិកន្លងមក។ |
កណ្តាលៈ គណបក្សសង្គ្រោះជាតិប្រចាំស្រុកកណ្តាលស្ទឹងបានស្នើឲ្យនគរបាលជួយស្វែងរកប្រជាពលរដ្ឋ ៣៥ គ្រួសារដើម្បីឲ្យមកទទួលថវិកាវិភាគទានវិញក្រោយពីមានការរិះគន់ថាការរៃអង្គាសថវិកាពីប្រជាពលរដ្ឋដើម្បីបង្កើតទូរទស្សន៍ព្រះអាទិត្យគ្រាន់តែជាលេសដើម្បីបម្រើប្រយោជន៍បក្ខពួកខ្លួនប៉ុណ្ណោះ។
ការចេញលិខិតនេះត្រូវគេគិតថាក៏ដើម្បីវាយបកដល់ក្រុមដែលត្រូវបានបង្កើតឡើងដោយគណបក្សដែលជាគូប្រជែងក្នុងគោលបំណងបន្ទុចបង្អាក់ដំណើរការបង្កើតទូរទស្សន៍គណបក្ស សង្គ្រោះជាតិ ផងដែរ។
លោក ហៀង វណ្ណា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកកណ្តាលស្ទឹងបានសរសេរលិខិតទៅអធិការនគរបាលស្រុកកណ្តាលស្ទឹង កាលពីម្សិលមិញ ដោយស្នើ «សុំផ្តល់ដំណឹងដល់ឈ្មោះ ស សុគុណ និងប្រជាជនចំនួន ៣៥ គ្រួសារឲ្យមកទទួលយកប្រាក់ដែលពួកគាត់អះអាងថាបានចូលវិភាគទានទ្រទ្រង់ទូរទស្សន៍ព្រះអាទិត្យចំនួន ៥ ៣៥៥ ០០០ រៀល»។
លោក វណ្ណា ឲ្យដឹងថា លិខិតចុះថ្ងៃទី ២៩ សីហា របស់លោក ស សុគុណ ដែលជាតំណាងប្រជាពលរដ្ឋ ៣៥ គ្រួសារនៅស្រុកកណ្តាលស្ទឹងបានផ្សព្វផ្សាយជាសាធារណៈថាពួកគាត់បានបង់វិភាគទានសម្រាប់បង្កើតទូរទស្សន៍ព្រះអាទិត្យ ហើយសុំដកថវិកានេះទៅវិញ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែ មកដល់ថ្ងៃនេះ គណបក្សសង្គ្រោះជាតិពុំបានឃើញឈ្មោះ ស សុគុណ ក៏ដូចជាប្រជាជន ៣៥ គ្រួសារមកទទួលថវិកាដែលបានស្នើសុំនោះទេ។ សូមឲ្យអញ្ជើញមកទទួលថវិកាពួកគាត់ដោយភ្ជាប់មកនូវបង្កាន់ដៃទទួលវិភាគទានទូរទស្សន៍ព្រះអាទិត្យច្បាប់ដើមរបស់គណបក្សសង្គ្រោះជាតិ»។
មិនអាចទាក់ទងលោក ស សុគុណ ដើម្បីសុំការបញ្ជាក់លើបញ្ហានេះបានទេកាលពីម្សិលមិញ។ ប៉ុន្តែក្នុងលិខិតកាលពីថ្ងៃទី ២៩ ខែសីហាផ្ញើជូនប្រធានគណបក្សសង្គ្រោះជាតិលោក ស សុគុណ បានស្នើសុំដកប្រាក់វិញដែលបានបង់កាលពីពាក់កណ្តាលខែមិថុនាកន្លងមក។
តាមលិខិតលោកថា កាសែតក្នុងស្រុកមួយចំនួនបានផ្សាយថាមានប្រជាពលរដ្ឋនៅតាមបណ្តាខេត្តដែលបានបរិច្ចាគប្រាក់ចូលមូលនិធិទូរទស្សន៍ព្រះអាទិត្យកំពុងទាមទារឲ្យមានការបំភ្លឺថាប្រាក់ដែលប្រមូលបានយកទៅណាប្រមូលបានប៉ុន្មាន?
លិខិតបន្តថា៖ «ប៉ុន្តែចាប់ពីពេលដែលមានការទាមទារដល់ពេលនេះមិនទាន់មានការបំភ្លឺយ៉ាងណាទេពួកយើងសង្ឃឹមថាព័ត៌មានដែលបានផ្សាយពីអំពើពុករលួយ និងការកិបកេងលុយមូលនិធិកន្លងមកនោះជាការពិត»។
លោក សុគុណ ក៏បានដាក់លិខិតថ្មីមួយទៀតចុះថ្ងៃទី ៣១ សីហា បន្ទាប់ពីបានស្តាប់ការបកស្រាយរបស់លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិតាមវិទ្យុបារាំងអន្តរជាតិ (RFI) ថាសម្តីរបស់លោកបានមួលបង្កាច់ប្រាស់ចាកពីការពិតដោយចាត់ទុកថាញត្តិរបស់ពលរដ្ឋធ្វើឡើងពី «គូបដិបក្ខ»។
លោក សុគុណ សរសេរថានេះជាសម្តីចោទប្រកាន់ដោយគ្មានការពិត និង «លាបពណ៌» លើពលរដ្ឋ។ លោកថា៖ «វិភាគទានរបស់ទូរទស្សន៍ព្រះអាទិត្យពិតជាមានអំពើពុករលួយ និងកិបកេងលុយញើសឈាមប្រជាពលរដ្ឋយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍បក្ខពួកខ្លួនពិតមែន»។
លោក យឹម សុវណ្ណ មិនអាចទាក់ទងសុំអធិប្បាយបានទេកាលពីម្សិលមិញដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។ ប៉ុន្តែលោក អេង ឆៃអ៊ាង តំណាងរាស្ត្រប្រចាំខេត្តកណ្តាលនៃគណបក្សសង្គ្រោះជាតិបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថានោះជាការរៀបចំឡើងពីភាគីមួយ។
លោកបានលើកឡើង ខណៈដែលមិនទាន់ឃើញពលរដ្ឋទាំងនោះមកទទួលយកថវិកាវិញថា៖ «ចំាមើលអ្នកបង្កើតល្ខោនរៀបចំឈុតឆាកបែបណាវិញ»។
មន្ត្រីនគរបាលម្នាក់នៅអធិការដ្ឋានស្រុកកណ្តាលស្ទឹងដែលសុំមិនប្រាប់ឈ្មោះបានថ្លែងថានគរបាលលោកមិនអាចស្វែងរកឃើញក្រុមពលរដ្ឋខាងលើនេះទេ។
លោកថា៖ «បើមានតែឈ្មោះគ្មានអាស័យដ្ឋានយើងពិបាកនឹងស្វែងរកឲ្យឃើញណាស់»។
មន្ត្រីគណបក្សសង្គ្រោះជាតិធ្លាប់បានថ្លែងថាទូរទស្សន៍ព្រះអាទិត្យគ្រោងនឹងចំណាយអស់ទឹកប្រាក់ ៣ លានដុល្លារហើយថ្មីៗនេះគណបក្សកំពុងចរចាទិញដីមួយកន្លែងក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីបង្កើតស្ថានីយផ្សាយ និងថាបើពុំមានអ្វីប្រែប្រួលទេទូរទស្សន៍ព្រះអាទិត្យដែលគេទន្ទឹងរង់ចាំជាយូរមកហើយនោះអាចនឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ ២០១៦៕

No comments:
Post a Comment