A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 7 September 2015

លោក សម រង្ស៊ី៖ ការ​ផ្ទៀងផ្ទាត់​ផែនទី​តែមួយ​មិន​គ្រប់គ្រាន់​ទេ

 ដោយ យាង សុជាមេត្តា
2015-09-06 rfa

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​ក្រោយ​កិច្ច​ប្រជុំ​សភា ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទូទាត់​ថវិកា​ជាតិ​ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Brach Chev

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​ខុសឆ្គង​ក្នុង​រឿង​វាស់វែង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម នោះ​ឡើយ។ ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​ដូច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា ការ​ផ្ទៀងផ្ទាត់​ផែនទី​តែ​មួយ​មិន​គ្រប់គ្រាន់​ទេ គឺ​ត្រូវ​មើល​លើ​ដី​ជាក់ស្ដែង​ផង​ដែរ។

នេះ​ជា​លើក​ទី​១ ដែល​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បញ្ចេញ​ទស្សនៈ​ពី​រឿង​ផែនទី និង​ព្រំដែន ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​ផ្ទៀងផ្ទាត់​ផែនទី​របស់​ខ្លួន និង​ផែនទី​ដែល​ទទួល​បាន​ពី​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា មក។

ការ​ថ្លែង​របស់​លោក សម រង្ស៊ី ពី​បញ្ហា​ផែនទី និង​ព្រំដែន​នេះ គឺ​ខណៈ​លោក​កំពុង​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ ហើយ​ស្រប​ពេល​អាជ្ញាធរ​រដ្ឋាភិបាល​បាន​ចាប់​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់ អំពី​ការ​បញ្ចេញ​មតិ​រឿង​បញ្ហា​ព្រំដែន​នោះ។

លោក សម រង្ស៊ី បាន​សរសេរ​នៅ​ទំព័រ​ហ្វេសប៊ុក ខណៈ​លោក​កំពុង​ឋិត​នៅ​ក្រៅ​ប្រទេស​ថា ការ​បង្ហាញ​ផែនទី​មិន​ទាន់​គ្រប់គ្រាន់​ទេ អ្វី​ដែល​សំខាន់​គឺ​ការ​ប្រើប្រាស់ និង​ការ​អនុវត្ត​ផែនទី ព្រមទាំង​ការ​វាស់វែង​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ទីកន្លែង និង​លើ​ដី​ជាក់ស្ដែង។

​លោក សម រង្ស៊ី លើក​ឡើង​បន្ថែម​ថា នៅ​ពេល​បោះ​បង្គោល​កំណត់​ខ្សែបន្ទាត់​ព្រំដែន​ទាំង​អស់​គ្នា​ត្រូវ​ទៅ​ពិនិត្យ​មើល​ការ​ផ្ទៀងផ្ទាត់​នេះ។ ទោះ​ជា​បែប​នេះ​ក្តី រហូត​មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​បង្ហាញ​ជំហរ​ផ្លូវការ​ជុំវិញ​រឿង​ផែន​ទី​នេះ​នៅ​ឡើយ​ទេ ដោយ​ទុក​ពេល​សិក្សា​ឲ្យ​ល្អិតល្អន់​បន្ថែម​ទៀត។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ពេល​នេះ អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​កម្ពុជា អ្នកស្រី កុយ ពិសី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ការងារ​បោះ​បង្គោល​ព្រំដែន​យ៉ាង​ត្រឹមត្រូវ​ជាមួយ​ប្រទេស​វៀតណាម ទាំង​ការងារ​នៅ​លើ​ផែនទី និង​នៅ​លើ​ដី​ជាក់​ស្តែង។

អ្នកស្រី កុយ ពិសី អះអាង​ដែរ​ថា ការងារ​បោះ​បង្គោល​ព្រំដែន​ជា​ការងារ​ផ្ដាច់មុខ​របស់​រដ្ឋាភិបាល។ យ៉ាងណា​អ្នកស្រី​ថា បក្ស​ប្រឆាំង​នៅ​តែ​អាច​ចូលរួម​ពិនិត្យ​ការងារ​បោះ​បង្គោល​ព្រំដែន​នេះ​បាន​តាម​រយៈ​រដ្ឋសភា៖ «ប្រសិនបើ​គាត់​យល់​ថា រដ្ឋាភិបាល​ធ្វើ​ខុសឆ្គង​កន្លែង​ណា​គាត់​ប្រាប់​មក រដ្ឋាភិបាល​នឹង​ឲ្យ​មន្ត្រី​ចូល​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា ឬ​ក៏​ឆ្លើយ​តប​ជា​លិខិត​នេះ យើង​ធ្វើ​ការ​ត្រឹមត្រូវ​ទៅ​តាម​បែបបទ នីតិវិធី​រវាង​អ្នក​តំណាងរាស្ត្រ និង​រដ្ឋាភិបាល មិន​មែន​ទៅ​បោះ​បង្គោល​ជាមួយ​យើង​ខ្ញុំ​នៅ​ក្នុង​គណៈកម្មាធិការ​ចម្រុះ​គឺ​មិន​ត្រឹមត្រូវ​ទេ»។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី លោក​ក៏​បាន​លើក​ឡើង​ពី​លទ្ធភាព​ដែល​ប្រទេស​បារាំង អាច​បញ្ជូន​អ្នក​ជំនាញ​ផ្នែក​ផែនទី​មក​ជួយ​កម្ពុជា និង​វៀតណាម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​២។ យ៉ាង​ណា​ក៏ដោយ ក្នុង​លិខិត​ជា​ភាសា​បារាំង របស់​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ (François Hollande) ផ្ញើ​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បកប្រែ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ រដ្ឋាភិបាល​បារាំង លើក​ឡើង​ថា ការ​បញ្ជូន​ក្រុម​អ្នក​ជំនាញ​ការ​ផែនទី​បារាំង ដើម្បី​មក​ពិនិត្យ​ផ្ទាល់ អាច​ធ្វើ​ទៅ​បាន​លុះ​ណា​តែ​មាន​ការ​ស្នើ​សុំ និង​ឯកភាព​គ្នា​ពី​ភាគី​ពាក់ព័ន្ធ​ទាំង​២ គឺ​កម្ពុជា និង​វៀតណាម។

​ត្រង់​ចំណុច​នេះ អ្នកស្រី កុយ ពិសី ថ្លែង​ថា ដោយសារ​រហូត​មក​ទល់​ពេល​នេះ ភាគី​កម្ពុជា និង​វៀតណាម មិន​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​រឿង​ផែនទី​អ្វី​នោះ​ទេ ដូច្នេះ​ភាគី​ទាំង​២ មិន​ទាន់​ចាំបាច់​ត្រូវការ​អ្នក​ជំនាញ​ពី​ប្រទេស​បារាំង ដើម្បី​មក​ជួយ​នោះ​ឡើយ។

ទាក់ទង​នឹង​រឿង​ផែនទី​ព្រំដែន​កម្ពុជា-​វៀតណាម នេះ​ដែរ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា បាន​ព្រមាន​ជា​ថ្មី ឲ្យ​បក្ស​ប្រឆាំង​ឈប់​យក​រឿង​ផែនទី​មក​ធ្វើជា​ឧបករណ៍​ប្រជាភិថុតិ​ដើម្បី​កេង​ចំណេញ​នយោបាយ។ យ៉ាង​ណា​ក៏ដោយ បក្ស​ប្រឆាំង​លើក​ឡើង​ថា ពួកគេ​នៅ​តែ​ខ្វាយខ្វល់​រឿង​ព្រំដែន ប្រសិនបើ​រឿង​ព្រំដែន​នេះ​នៅ​តែ​មាន​បញ្ហា ហើយ​ពលរដ្ឋ​តាម​ព្រំដែន​នៅ​តែ​តវ៉ា។

លោក សម រង្ស៊ី លើក​ឡើង​ថា បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម មិន​មែន​ជា​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ​នោះ​ទេ ប៉ុន្តែ​វា​ជា​បញ្ហា​រវាង​ខ្មែរ និង​វៀតណាម។ លោក សម រង្ស៊ី ថា​កុំ​ឲ្យ​ខ្មែរ​ចាញ់​ល្បិចកល​បំបែក​បំបាក់​របស់​បរទេស ហើយ​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា ឲ្យ​បាន​គង់វង្ស៕

No comments: