A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 7 September 2015

សង្គម​ស៊ីវិល​គ្រោង​ចុះ​អង្កេត​ករណី​បុរស​២​នាក់​ដែល​ត្រូវ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​រឿង​ព្រំដែន


ដោយ​ សូត សុខប្រាថ្នា
2015-09-06 rfa


មន្ត្រី​សង្គម​ស៊ីវិល ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ពួកគេ​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​ជន​ជាប់ចោទ​ពីរ​នាក់​ដែល​​សមត្ថកិច្ច​ចាប់​ ខ្លួន​ពាក់ព័ន្ធ​រឿង​ធ្វើ​សកម្មភាព​បម្រុង​ដក​បង្គោល​ព្រំដែន​នៅ​ឃុំ​ដា ស្រុក​មេមត់។ គម្រោង​ចុះ​អង្កេត​នេះ បន្ទាប់ពី​ពួកគេ​ទទួល​ពាក្យ​បណ្ដឹង​ពី​ខាង​ក្រុម​គ្រួសារ​ជន​ជាប់​ចោទ​ដោយ​ បញ្ជាក់​ថា ប្តី​របស់​ពួកគេ​មិន​បាន​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់​ទេ។
មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា សំណុំរឿង​ពលរដ្ឋ​​នៅ​ឃុំ​ដា ស្រុក​មេមត់ ពីរ​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​មាត់ឃ្មង់ ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ជុំវិញ​រឿង​បំផ្លាញ​បង្គោល​ព្រំដែន​ គឺ​នៅ​មាន​ភាព​មិន​ច្បាស់លាស់។
មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា លោក​និង​ខាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) នឹង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដើម្បី​ប្រមូល​ភស្តុតាង និង​រក​ឱ្យ​ឃើញ​ថា ជនជាប់ចោទ​ទាំង​ពីរ​នាក់ ពិត​ជា​មាន​ចេតនា​មែន ឬ​យ៉ាង​ណា? ព្រោះ​តាម​ការ​រៀប​រាប់​របស់​ក្រុម​គ្រួសារជន​ជាប់​ចោទ​បង្ហាញ​ថា ជន​ទាំង​នោះ​មិន​មាន​បំណង​ចង់​ទៅ​បំផ្លាញ​បង្គោល​ព្រំដែន​ជា​ប្រភេទ​បង្គោល​ រណប​​ឡើយ។
លោក នាង សុវ៉ាត៖ «ទី​មួយ​អត់​ប៉ះពាល់​ផល​ប្រយោជន៍​គាត់ ទី​ពីរ បង្គោល​ហ្នឹង​ចំ​ផ្លូវ​ដែល​គាត់​ធ្វើ​ដំណើរ ទី​បី គាត់​ស្រវឹង​ស្រា ទី​បួន​គាត់​អត់​មាន​ស្រែ​នៅ​ជិត​ហ្នឹង​ទេ ទីប្រាំ​គាត់​អត់​បាន​រត់គេច​ពី​ប៉ូលិស​ទេ»
ការ​អះអាង​ដូច្នេះ បន្ទាប់​ពី​ក្រុម​គ្រួសារ​ជនជាប់ចោទ បាន​មក​ស្វែង​រក​កិច្ច​អន្តរាគមន៍ និង​ដាក់​ពាក្យ​ប្ដឹង​នៅ​ទីស្នាក់ការ​សមាគម​អាដហុក ខេត្ត​កំពង់ចាម ជុំវិញ​ករណី​ឃុំ​ខ្លួន​សមាជិក​គ្រួសារ​របស់​ពួក​គេ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កញ្ញា។
 ប្រពន្ធ​ជន​ជាប់​ចោទ​ទាំង​នោះ បាន​ទៅ​ជួប​ប្តី​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​មាត់ឃ្មង់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ហើយ​ពួកគេ​អះអាង​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​ប្តី​របស់​ពួកគាត់​គឺ​មិន​ត្រឹមត្រូវ​ឡើយ។ ពួកគេ​បញ្ជាក់​​ថា ប្តី​របស់​ខ្លួន​មិន​មាន​ចេតនា​ចង់​បំផ្លាញ​បង្គោល​ព្រំដែន​ដែល​ជា​បង្គោល​ រណប​ដូច​ការ​ចោទ​ប្រកាន់​របស់​ប៉ូលិស​ប៉ុស្តិ៍​ព្រំដែន និង​តុលាការ​ទេ។
ពលរដ្ឋ​នៅ​ភូមិ​ដាកណ្ដោល អ្នកស្រី ជ្រន់ ស្រីទូច រៀបរាប់​ទាំង​ទឹក​មុខ​ស្រពាប់ស្រពោន​ថា ប្តី និង​ប្អូនថ្លៃ​អ្នកស្រី មិន​មាន​ចេតនា​ចង់​ទៅ​បំផ្លាញ​បង្គោល​នោះ​ឡើយ ប៉ុន្តែ​ខណៈ​ជិះម៉ូតូ​មកពី​ស្រែ​វិញ រួម​នឹង​ស្រវឹង​ផង ក៏​ជ្រុល​បុក​របាំង​បង្គោល​ព្រំដែន​ ក្រោយ​មក​ក៏​ស្រវ៉ា​តោង​បង្គោល​នោះ​ដើម្បី​ងើបឈរ​ឡើង។
អ្នកស្រី​បញ្ជាក់​ទៀត​ថា ប្តី​គាត់​បាន​ជិះម៉ូតូ​ចេញ​ផុតពី​បង្គោល​នោះ​ហើយ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ៖ «ការ ​ចាប់​ខ្លួន​ហ្នឹង​គាត់​មិន​យល់​យ៉ាង​ម៉េច​ទេ យល់​ឃើញ​ថា ប្តី​ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ទេ ព្រោះ​មិន​ដែល​មាន​បំណង​ចង់​ទៅ​ដក និយាយ​ប៉ះពាល់​អី​ទេ»
សមត្ថកិច្ច​ព្រំដែន​ឃុំដា ចាប់​ខ្លួន​បុរស​ទាំង​ពីរ​នាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា បញ្ជូន​មក​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ដោយ​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​បម្រុង​ដកបង្គោល​រណបលេខ ១១០.១ ហើយ​ក៏​បញ្ជូន​បន្ត​ទៅ​ឃុំ​ខ្លួន​ទៅ​ពន្ធនាគារ​មាត់ឃ្មង់ នៅ​រសៀលថ្ងៃ​បន្ទាប់ ក្រោយ​ពេល​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ ទម្ងន់​ទោស។
ជន​ជាប់​ចោទ​ទាំង​ពីរ​នាក់​ គឺ​ត្រូវជា​បង​ប្អូនថ្លៃ​នឹង​គ្នា ដោយ​ម្នាក់​ឈ្មោះ សោម វ៉ាត និង​ម្នាក់​ទៀត ឈ្មោះ សុខ គោ។
ដោយ​ឡែក​មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ ឱ្យ​ដឹង​ថា បន្ទាប់​ពី​​ខាង​លោក​ចុះ​ស៊ើបអង្កេតលើ​ករណី​នេះ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា វា​ជា​រឿង​អយុត្តិធម៌​ខាង​លោក​នឹង​ជួយ​ប្រឹក្សា​ដល់​ក្រុម​គ្រួសារ​ជន​ ជាប់ចោទ​ ព្រម​ទាំង​រក​មេធាវី​ជូន​ពួកគាត់។ មិន​ខុស​គ្នា​នេះ ខាង​អាដហុក ក៏​ត្រៀម​មេធាវី​ដើម្បី​ដាក់​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ទាំង​ពីរ​នោះ​នៅ​ សប្ដាហ៍​ក្រោយ​ដែរ។
យ៉ាងណា​ប្រពន្ធ​របស់​ជនជាប់​ម្នាក់​ទៀត អ្នកស្រី ជា សារ៉េត ដែល​មាន​ផ្ទៃពោះ ៦​ខែ អះអាង​ថា ប្តី​អ្នកស្រី​គ្មាន​ចេតនា​ទេ​ជុំវិញ​ករណី​នេះ។ អ្នកស្រី​បញ្ជាក់​ថា ក្រោយ​ពេល​សមត្ថកិច្ច​ចាប់​ប្តី​គាត់​ទៅ ស្ថានភាព​គ្រួសារ​កាន់​តែ​ពិបាក​ទ្វេ​​ដង ម្យ៉ាង​មិន​មាន​ផ្ទះ​សម្បែង​ត្រឹមត្រូវ និង​មិន​មាន​អ្នក​មើល​ថែ​ខ្លួន​នៅ​ពេល​ពោះ​ធំ​ផង៕

No comments: