សកម្មភាពតវ៉ាប្រឆាំងនឹងច្បាប់អង្គការសង្គមស៊ីវិល នាទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៥។
|
ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍មានជម្លោះដីធ្លី ថាច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលរដ្ឋសភា គ្រោងអនុម័តជាផ្លូវការនៅសប្ដាហ៍ក្រោយនេះ ប្រៀបដូចជាសម្លមានថ្នាំពុល។
ក្រុមអង្គការសង្គម ស៊ីវិល និងសហគមន៍មានជម្លោះដីធ្លីពន្យល់ថា ការលើកឡើងបែបនេះ ដោយសារច្បាប់ដ៏ចម្រូងចម្រាសនេះ តាក់តែងឡើងយ៉ាងអាថ៌កំបាំងបំផុត ក្រោយបរិបទនយោបាយត្រូវបានប្រែប្រួលកាលពីឆ្នាំ២០១៣។
ក្រុម អង្គការសង្គមស៊ីវិលជាតិ និងសហគមន៍ដីធ្លី នៅតែរក្សាឆន្ទៈទាមទារឲ្យរដ្ឋសភា ទម្លាក់ចោលការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
នាយកអង្គការតម្លាភាព កម្ពុជា លោក ព្រាប កុល ថ្លែងក្នុងវេទិកាសាធារណៈនាទីលានប្រជាធិបតេយ្យ ស្ដីពីកិច្ចសន្ទនាសង្គមរវាងអ្នកនយោបាយ និងសង្គមស៊ីវិលជាតិ នៅថ្ងៃទី៩ កក្កដា ថា លោកមិនអាចទទួលយកច្បាប់នេះបានទេ ព្រោះមានចេតនារឹតបន្តឹង និងលុបបំបាត់អង្គការសង្គមស៊ីវិលទាំងឡាយណា ដែលហ៊ានរិះគន់ ឬមានគោលការណ៍មិនស្របនឹងរដ្ឋាភិបាល។
លោក ព្រាប កុល បន្តថា ច្បាប់នេះត្រូវបានតាក់តែងឡើងយ៉ាងអាថ៌កំបាំងបំផុត និងពុំបានពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយឡើយ ពោលគឺប្រៀបដូចជាសម្លមានថ្នាំពុល ហើយបង្ខំឲ្យគេបរិភោគ៖ «គេនិយាយថា ពិគ្រោះអីទៀត ព្រោះគេពិគ្រោះយោបល់ច្រើនហើយលើច្បាប់អង្គការសមាគមនេះ មានន័យថា សម្លគេស្លតាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៥ គេលួចថែមថ្នាំពុលប៉ុន្មានដុំទៀត អ៊ីចឹងតើឲ្យគេចេះតែហូបៗទៅយ៉ាងម៉េច»។
ក្នុង វេទិកាសាធារណៈដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់នោះ ទាំងតំណាងរាស្ត្របក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិលជាតិ និងសហគមន៍ដីធ្លី បង្ហាញក្តីកង្វល់ជាច្រើនចំពោះសេចក្តីព្រាងច្បាប់ដ៏រឹតត្បិត ដែលពួកគេចាត់ទុកថា មានខ្លឹមសាររំលោភទៅលើរដ្ឋធម្មនុញ្ញ កតិកាសញ្ញា និងអនុសញ្ញាផ្សេងៗរបស់អង្គការសហប្រជាជាតិ។
យ៉ាងណា ក៏ដោយ វេទិកាសាធារណៈដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលនេះ ពុំមានវត្តមានចូលរួមរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា តាមការអញ្ជើញនោះទេ គឺមានតែតំណាងរាស្ត្របក្សប្រឆាំង គឺលោក ហូរ វ៉ាន់។
អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន កត់សម្គាល់ថា ចេតនារបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់នេះឡើងទាំង ប្រញាប់ប្រញាល់នៅឆ្នាំ២០១៥ នេះ ដោយសារបរិបទនយោបាយត្រូវបានប្រួលប្រែកាលពីឆ្នាំ២០១៣៖ «ចេតនានេះក្រោយពីមើលឃើញចលនាសង្គមមួយរបស់ប្រជាពលរដ្ឋ ឬសន្ទុះក្រោកឈរឡើងរបស់ប្រជាពលរដ្ឋកើនឡើង អ៊ីចឹងហើយបានជារដ្ឋាភិបាលបង្កើតច្បាប់នេះឡើង ដើម្បីផ្តាច់ចលនារបស់ប្រជាពលរដ្ឋទាំងមូល»។
ក្រុម អង្គការសង្គមស៊ីវិលថា ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានតាក់តែងឡើងជាង ១០ឆ្នាំមកហើយ និងបានដាក់ជជែកគ្នានៅឆ្នាំ២០១១។ កាលណោះ ច្បាប់នេះមាន ១១ជំពូក និង ៥៨មាត្រា ហើយបង្រួមទៅនៅសល់ ៩ជំពូក និង ៣៤មាត្រាវិញ ។ ក្រោយមក សេចក្តីព្រាងច្បាប់នេះហាក់ត្រូវបានកែសម្រួលឡើងវិញយ៉ាង អាថ៌កំបាំងបំផុតចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ ព្រោះបង្កើនដល់ ៣៩មាត្រា និង ៩ជំពូក ហើយគ្មានការពិគ្រោះយោបល់ទេ។
អ្នក ចូលរួមក្នុងវេទិកាសាធារណៈ ប្រកាសដែរថា ទោះបីជារដ្ឋសភានៅតែមានៈអនុម័តច្បាប់នេះជាផ្លូវការក្តី ក៏ពួកគេមិនគោរពច្បាប់នេះឡើយ និងស្រែកព្រមានថា នឹងមិនបោះឆ្នោតឲ្យគណបក្សណាដែលលើកដៃគាំទ្រអនុម័តច្បាប់នេះទៀត ផង។
កាលពីថ្ងៃទី៨ កក្កដា រដ្ឋសភាក្រោមការរៀបចំចាត់ចែងពីខាងគណបក្សប្រជាជនកម្ពុជា បានបើកសិក្ខាសាលាស្ដីពីសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង អង្គការ សមាគម នេះដែរ ប៉ុន្តែតំណាងគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមក្នុងសិក្ខាសាលាពីដំបូងដែរ តែដើរចេញវិញដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ខ្លួន បន្ទាប់កិច្ចប្រជុំដំណើរការបានបន្តិច៕
No comments:
Post a Comment