ដោយ តាំង សារ៉ាដា 2015-07-08 rfa
៩-វិច្ឆិកា-២០១៣៖ ឃ្លាំស្តុកឈើរបស់ក្រុមហ៊ុន ទ្រី ភាព នៅតាវែង ខេត្តរតនគិរី។
CHRTF Report
|
តំណាងរាស្ត្របក្សសង្គ្រោះជាតិ ចំនួន ២០រូប កាលពីថ្ងៃទី៨ កក្កដា ទាមទារប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យបញ្ឈប់ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព និងឧកញ៉ា អាន ម៉ារ៉ាឌី ដែលកំពុងធ្វើអាជីវកម្មកាប់បំផ្លាញព្រៃឈើក្នុងភូមិសាស្ត្រឧទ្យានជាតិវីរជ័យ ស្ថិតក្នុងតំបន់កន្ទុយនាគខេត្តរតនគិរី។
ក្រុមតំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិ បានរកឃើញថា ឈើប្រណិតធំៗក្នុងភូមិសាស្ត្រឧទ្យានជាតិវីរជ័យ កំពុងប្រឈមនឹងមហាវិនាសកម្ម និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដោយសារក្រុមហ៊ុនរបស់ឧកញ៉ាមហាសេដ្ឋីព្រៃឈើទាំងពីរនេះ។
តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា ការទាមទារឲ្យបញ្ឈប់សកម្មភាពកាប់ឈើរបស់ឧកញ៉ា ទ្រី ភាព និង អាន អាន ម៉ារ៉ាឌី គឺជាការចាំបាច់៖ «ខ្ញុំឃើញថា មានផលប៉ះពាល់ពីរឿងបរិស្ថានធ្ងន់ធ្ងរខ្លាំងមែនទែន ជុំវិញការកាប់ឈើដោយសារការសម្បទានដីសេដ្ឋកិច្ចនេះ។ ដូច្នេះយើងយល់ឃើញថា វាជាការចាំបាច់ជាទីបំផុតក្នុងការសើរើ និងពិនិត្យមើលជាបន្ទាន់។ ខ្ញុំសង្ឃឹមថា សំណើរនិងការស្នើសុំរបស់តំណាងរាស្ត្ររបស់បក្សសង្គ្រោះជាតិ តែមួយគត់ គឺដើម្បីដោះស្រាយបញ្ហាជូនប្រជាជាតិយើង»។
រហូតមកទល់ពេលនេះ ប្រធានរដ្ឋសភាមិនទាន់ឆ្លើយតបចំពោះការស្នើសុំរបស់តំណាងរាស្ត្របក្សប្រឆាំងទាំងនេះនៅឡើយទេ។
របាយការណ៍បូកសរុបអំពីអាជីវកម្មឈើរបស់ក្រុមហ៊ុន ទ្រី ភាព ដែលស៊ើបអង្កេតដោយក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា កាលពីឆ្នាំ២០១៤ បង្ហាញថា ឧកញ៉ា ទ្រី ភាព មានក្រុមហ៊ុនជាង ២០ ស្ថិតលើដីសម្បទានសេដ្ឋកិច្ចចំនួនជិត ៧ម៉ឺនហិកតារ គ្របដណ្ដប់លើខេត្តក្រុងចំនួន ១២ក្នុងប្រទេសកម្ពុជា ហើយកំពុងប្រតិបត្តិការធ្វើអាជីវកម្មឈើប្រណិតទៅប្រទេសវៀតណាម ប្រទេសចិន និងបណ្ដាប្រទេសមួយចំនួនទៀតដែលចំណេញកប់ក្តោងរាប់លានដុល្លារ។
ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ទាំងនោះរួមមាន ទ្រី ភាព ហ្គ្រូប (Try Pheap Group Co., Ltd.) ហុង ហ្វូ ទ្រី ភាព ម៉ីង ឌីវែលឡបមែន ខន់ស្ត្រាក់ សិន (Hong Fu Try Pheap Ming Development Construction group Co. Ltd) អឹម.ឌី.អេស ហ្គ្រូប (M.D.S Group Co., Ltd.) ទ្រី ភាព អ៊ីមផត អិច្ឆផត (Try Pheap Import Export Co., Ltd.) និងបណ្តាក្រុមហ៊ុនជាច្រើនទៀត។
ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង បានសាទរចំពោះការសើ្នសុំរបស់ក្រុមតំណាងរាស្ត្របក្សជំទាស់ ឲ្យបញ្ឈប់វិនាសកម្មព្រៃឈើរបស់ឧកញ៉ា ទ្រី ភាព និង អាន ម៉ារ៉ាឌី៖ «ខ្ញុំគាំទ្រសមាជិកសភាទាំងស្រុង មិនថាសមាជិកសភានោះមកពីគណបក្សប្រឆាំង ឬយ៉ាងណាទេ ពីព្រោះថា ជាសមាជិកសភារបស់រដ្ឋសភាជាតិទាំងមូលតែម្តង ហើយគុណតម្លៃរបស់គាត់ត្រូវតែធ្វើឲ្យមន្ត្រីរបស់រដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុនហ្នឹងគោរពតាមច្បាប់ ហើយជាពិសេស បញ្ឈប់ការកាប់ឈើតែម្តងនៅក្នុងប្រទេសកម្ពុជា»។
តាមការស៊ើបអង្កេតរបស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៤ លោក ទ្រី ភាព បាននាំឈើប្រណិតចេញតាមច្រកកំពង់ផែអន្តរជាតិ យ៉ាងហោចណាស់ជាង ៣០កុងតឺន័រ ក្នុងមួយថ្ងៃ ដែលមានតំលៃជាង ១៥០លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែលោក អ៊ាង សុផល្លែត អ្នកនាំពាក្យនៃក្រសួងកសិកម្ម ធ្លាប់ប្រតិកម្មតាមទូរស័ព្ទប្រាប់វិទ្យុអាស៊ីសេរីថា ការចោទប្រកាន់របស់ក្រុមកិច្ចពិសេសសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ៖ «ចំពោះករណីហ្នឹងខ្ញុំអត់បានដឹងទេ ប៉ុន្តែរាល់ការចោទប្រកាន់ រាល់ការនិយាយពាក់ព័ន្ធនឹងករណីណាមួយនោះគួរមានភស្តុតាង»។
ទោះជាបែបនេះក្តី អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៥ រកឃើញឯកសារលក់ឈើរបស់លោក ទ្រី ភាព ចំនួនពីរ កាលពីខែមីនា ឆ្នាំ២០១៤ ដែលដឹកឈើប្រណិតទៅកាន់ទីក្រុងហុងកុង តាមច្រកកំពង់ផែក្រុងព្រះសីហនុ ចំនួន ៥ពាន់ម៉ែត្រគូប តែពីរជើងប៉ុណ្ណោះគឺមានតំលៃជិត ៦លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមកិច្ចពិសេសសិទ្ធិមនុស្សកម្ពុជា ព្រួយបារម្ភថា ប្រសិនបើក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព មិនព្រមបញ្ឈប់ការកាប់ព្រៃឈើរបស់ខ្មែរទេនោះ បរិស្ថានរបស់ប្រទេសមួយនេះនឹងរងនូវការបំផ្លាញធ្ងន់ធ្ងរដែលបណ្ដាលឲ្យមានការឡើងកម្ដៅខ្លាំងរហូតដល់អាចដុតសម្លាប់ជីវិតមនុស្សដូចនៅតាមបណ្ដាប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment