ដោយ រដ្ឋា វិសាល
2015-07-09 rfa
2015-07-09 rfa
៤-វិច្ឆិកា-២០១៣៖ ឃ្លាំងស្តុកឈើរបស់ក្រុមហ៊ុន ទ្រី ភាព នៅត្មាតពង ឧត្តុង្គ ខេត្តកំពង់ស្ពឺ។ CHRTF Report
CHRTF Report
|
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយក្រុម បានសរសេរលិខិតជូនទៅប្រមុខរាជរដ្ឋាភិបាល តាមរយៈប្រធានរដ្ឋសភា ឲ្យបញ្ឈប់ជាបន្ទាន់ក្រុមហ៊ុន ទ្រី ភាព (Try Pheap) និងក្រុមហ៊ុន អាន ម៉ារ៉ាឌី (An Marady) ដែលកំពុងធ្វើអាជីវកម្មកាប់បំផ្លាញព្រៃឈើក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងតំបន់កន្ទុយនាគស្រុកតាវែង ខេត្តរតនគិរី។ ក៏ប៉ុន្តែក្រុមហ៊ុន ទ្រី ភាព អះអាងថា ការចោទប្រកាន់នេះគ្មានមូលដ្ឋានពិត និងទាមទារឲ្យដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃទី៩ ខែកក្កដា អះអាងថា លិខិតបែបរដ្ឋបាលរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីមួយ នឹងត្រូវផ្ញើជូនទៅរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យរាជរដ្ឋាភិបាលបញ្ឈប់ក្រុមហ៊ុនសម្បទាន ទ្រី ភាព និងក្រុមហ៊ុន អាន ម៉ារ៉ាឌី។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រមាណ ២០នាក់ កាលពីថ្ងៃទី៦ ខែកក្កដា បានសរសេរលិខិតមួយច្បាប់តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិនិត្យការស្នើសុំនោះ។
លោក ផៃ ស៊ីផាន ថ្លែងបញ្ជាក់ថា សំណើសុំនេះពាក់ព័ន្ធស្ថាប័នសំខាន់ចំនួន៤ រួមមានក្រសួងកសិកម្ម បរិស្ថាន រដ្ឋបាលព្រៃឈើ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហេតុនេះ ក្រសួងពាក់ព័ន្ធនឹងធ្វើរបាយការណ៍ជូនទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានឆ្លើយតបទៅអ្នកតំណាងរាស្ត្រទាំងនោះវិញ៖ «ពិតជាមានការឆ្លើយតបវិញតាមរយៈរដ្ឋាភិបាលទៅសភាវិញ មិនអាចឆ្លើយបំភ្លឺបានឥឡូវ ពេលហ្នឹងអត់ទាន់មានអ្វីច្បាស់ទេ»។
ក្រសួងបរិស្ថាន បានប្រគល់ដីជិត ២ម៉ឺនហិកតារនៅក្នុងឧទ្យានជាតិវីរៈជ័យ ទៅឲ្យក្រុមហ៊ុន ទ្រី ភាព និងដីប្រមាណ ៩ពាន់ហិកតារទៀត ទៅឲ្យក្រុមហ៊ុន អាន ម៉ារ៉ាឌី។
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក កង គឹមហាក់ ដែលចុះហត្ថលេខាលើលិខិតស្នើសុំនេះរៀបរាប់ថា ក្រុមអ្នកតំណាងរាស្ត្របានធ្វើដំណើរទៅតំបន់សម្បទានក្រុមហ៊ុនទាំងពីរកាលពីខែមិថុនា និងឃើញមានគំនរឈើជាច្រើនបន្សល់នៅអមសងខាងផ្លូវក្រុមហ៊ុន ហើយមិនមានបោះញញួរត្រាជាសញ្ញាបង់ពន្ធ៖ «យើងចូលទៅឃើញឈើជាច្រើនម៉ែត្រគូប ប៉ុន្តែពិនិត្យឃើញថា ឈើហ្នឹងមិនមានលក្ខណៈបង់ពន្ធ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៩ ខែកក្កដា មិនអាចទាក់ទងក្រុមហ៊ុន អាន ម៉ារ៉ាឌី សុំអធិប្បាយជុំវិញការចោទប្រកាន់នេះបានទេ។ ដោយឡែកក្រុមហ៊ុន ទ្រី ភាព កាលពីថ្ងៃទី៨ ខែកក្កដា បានចេញប្រកាសព័ត៌មានឆ្លើយតបជាសាធារណៈថា ក្រុមហ៊ុនបានប្រគល់ដីសម្បទានសេដ្ឋកិច្ចចំនួន ២កន្លែងនៅក្នុងឧទ្យានជាតិវីរៈជ័យ ជូនទៅរាជរដ្ឋាភិបាលតាំងតែពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣។
ទ្រី ភាព ៦២០
លោកឧកញ៉ា ទ្រី ភាព។ Photo/Global Witness |
ពាក់ព័ន្ធមន្ទិលសង្ស័យលើការអភិវឌ្ឍរបស់ក្រុមហ៊ុន អគ្គនាយកក្រុមហ៊ុន លោក ទ្រី ភាព ទាមទារដោះស្រាយការចោទប្រកាន់តាមវិធានការច្បាប់ ដើម្បីរកឲ្យឃើញថា តើរូបលោកពិតជាអ្នកបំផ្លាញជាតិ ឬយ៉ាងណា? លោកថា ដីដែលរដ្ឋបានប្រគល់នៅតំបន់ឧទ្យានជាតិ ក្រុមហ៊ុនមិនបានប្រមូលផលឈើអ្វីបន្តិចឡើយ ចំណែកឈើដែលតំណាងរាស្ត្របានឃើញ ក៏មិនមែនជាឈើរបស់ក្រុមហ៊ុនលោកដែរ៖ «ខ្ញុំសុំរកតាមផ្លូវច្បាប់ ថាតើអ្នកណាចោទប្រកាន់ខ្ញុំ ថាក្រុមហ៊ុនខ្ញុំនៅតែបំផ្លិចបំផ្លាញព្រៃឈើនៅទីនោះ ទីនោះអត់សោះ។ ខ្ញុំកូនខ្មែរមួយរូប ខ្ញុំធ្វើតាមរាជរដ្ឋាភិបាលទេ ហើយខ្ញុំក៏មិនបំផ្លាញជាតិខ្ញុំដែរ។ ខ្ញុំស្រឡាញ់ជាតិណាស់ ខ្ញុំអភិវឌ្ឍនៅខេត្តរតនគិរី ចោទតែ ទ្រី ភាព លួចតែឈើ ដឹកតែឈើ គាត់មិនប្ដឹងទៅតុលាការចាប់ ទ្រី ភាព ដាក់គុក»។
ទាក់ទិនការទាមទារនេះ ប្រធានឧទ្យានជាតិវីរៈជ័យ លោក ព្រិន សំបូរ អះអាងថា ក្រុមហ៊ុន ទ្រី ភាព មិនបានដកហូតឈើក្នុងដីសម្បទាននោះទេ។ ដោយឡែកក្រុមហ៊ុន អាន ម៉ារ៉ាឌី ដកហូតឈើត្រឹមត្រូវតាមច្បាប់ និងបានបង់ពន្ធតម្លៃឈើដកហូតតាមរយៈមន្ត្រីជំនាញត្រួតពិនិត្យត្រឹមត្រូវ៖ «អត់ទេអាហ្នឹងគាត់ទើបប្រមូលពីកន្លែងឈូសឆាយ ក្រុមការងារគេរៀបចំចុះមកហើយតើ គឺគាត់មានច្បាប់ត្រឹមត្រូវ»។
ទោះជាយ៉ាងនេះក្តី មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ដែរថា កន្លងទៅនេះសកម្មជនអាដហុក (adhoc) ពិបាកកំណត់ជាក់លាក់ពីប្រតិបត្តិការដកហូតឈើរបស់ក្រុមហ៊ុនទាំងពីរ ពីព្រោះក្រុមហ៊ុនទាំងពីរបានទទួលអាជ្ញាប័ណ្ណពីក្រសួងជំនាញ ទាក់ទិនការដកហូតឈើក្នុងដីសម្បទាន និងដោយឡែកក្រុមហ៊ុន ទ្រី ភាព មានអាជ្ញាប័ណ្ណប្រមូលទិញឈើគ្រប់ប្រភេទពីបណ្ដាក្រុមហ៊ុន។ លោកទទួលស្គាល់ថា ពិតជាមានការកាប់ឈើក្នុងឧទ្យានជាតិ ប៉ុន្តែកន្លងទៅ សហគមន៍រស់នៅក្នុងតំបន់ឧទ្យានជាតិ ក៏ជាប់ពាក់ព័ន្ធលួចកាប់ឈើក្នុងតំបន់នោះ ធ្វើអាជីវកម្មខុសច្បាប់ដែរ៖ «មានការចន្លោះប្រហោងដូចខាងប្រជាពលរដ្ឋសហគមន៍ គាត់ដឹកតាមម៉ូតូរទេះក៏មានដែរ។ ការកាប់ឈើខុសច្បាប់នេះ អាស្រ័យលើរាជរដ្ឋាភិបាលជាអ្នកទប់ស្កាត់»។
យ៉ាងណាក៏ដោយ អ្នកតំណាងរាស្ត្រ លោក កង គឹមហាក់ អះអាងថា ក្រុមអ្នកតំណាងរាស្ត្រទាំង ២០នាក់ រង់ចាំការឆ្លើយតបរបស់រាជរដ្ឋាភិបាល មុននឹងស្នើសុំរដ្ឋសភា កោះអញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺករណីនេះនៅរដ្ឋសភា៕
No comments:
Post a Comment