កណ្តាល: គម្រោងសាងសង់លំនៅឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មានសក្តានុពលមួយ គ្រោងនឹងចាប់ផ្តើមបើកដំណើរការសាងសង់នៅក្រុងតាខ្មៅ នាពេលខាងមុខឆាប់ៗនេះហើយ ដោយគម្រោងទាំងមូលគ្រោងនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០១៨ ក្រោមទុនវិនិយោគជាង ១០០ លានដុល្លារអាមេរិក។
The River Center City គឺជា ឈ្មោះគម្រោងសាងសង់ដ៏ធំមួយដែលជាការសហការគ្នារវាងក្រុមហ៊ុនក្នុងស្រុក RCC Co., Ltd ដែលមានភាគហ៊ុនចំនួន ៥១ ភាគរយ និងក្រុមហ៊ុនអភិវឌ្ឍន៍មកពីប្រទេស ម៉ាឡេស៊ី ចំនួន ៤៩ ភាគរយ។ នៅក្នុងគម្រោងខាងលើរួមមាន ការសាងសង់ផ្សារទំនើប អគារខុនដូកម្ពស់ ២៧ ជាន់ចំនួន ២ និងមានចំណតរថយន្តក្រោមដីចំនួន ២ ជាន់ផងដែរ។ ចំណែកនៅជុំវិញអគារខុនដូទាំង ២ នឹងមានផ្ទះហាងចំនួន ៦៨ ល្វែង។
លោក តាំង គួង នាយកក្រុមហ៊ុន Tang Kung Group និងជាអគ្គនាយកក្រុមហ៊ុន RCC Co., Ltd បានប្រាប់ថា គម្រោងអភិវឌ្ឍន៍ The River Center City នឹងត្រូវចាប់ផ្តើមសាងសង់ឡើងនៅក្នុងពេលឆាប់ៗនេះ លើទីតាំងដ៏ល្អនាមាត់ទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ។ គម្រោងអភិវឌ្ឍន៍ខាងលើមានផ្ទៃដីទំហំជាង ១,៥ ម៉ឺនម៉ែត្រការ៉េ ដែលជាដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនតែម្តង។
លោកបានបន្តថា គម្រោង The River Center City នឹងមានភាពល្អប្រណីតផ្តាច់គេ ពីព្រោះក្នុងការសាងសង់គម្រោងខាងលើក្រុមហ៊ុនរបស់លោកបានជ្រើសរើសយកក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីៗលើពិភពលោក មកធ្វើជាដៃគូសាងសង់ និងរចនាម៉ូដ។
ប្លង់ឌីហ្សាញរបស់គម្រោង The River Center City ត្រូវបានរចនាយ៉ាងពិសេសដោយក្រុមហ៊ុន A-Seven Corporation ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេស ថៃ។
បន្ទប់ស្នាក់នៅក្នុងខុនដូទាំង ២ ខាងលើនឹងមានចំនួន ៥៥២ យូនីត ហើយត្រូវបែងចែកចេញជាប្រភេទ ១ បន្ទប់គេង, ២ បន្ទប់គេង, ៣ បន្ទប់គេង, Duplex និងប្រភេទ Pent House។ នៅជាន់ផ្ទាល់ដីរហូតដល់ជាន់ទី ៥ ជាផ្សារទំនើប និងហាងទំនិញធំៗ។ ចំណែកជាន់ទី ៦ នឹងមានអាងហែលទឹកដ៏ធំមួយ ព្រមជាមួយកន្លែងហាត់ប្រាណ ស្ទីម សូណា។ ចាប់ពីជាន់ទី៧- ២៧ ជាបន្ទប់ស្នាក់នៅ។ នៅលើដំបូលអគារនឹងមានកន្លែងអាហារដ្ឋាន និង Sky Bar ផងដែរ។
នាយកក្រុមហ៊ុន តាំង គួង គ្រុប ខាងលើបានឲ្យដឹងទៀតថា គម្រោង The River Center City នឹងត្រូវសាងសង់ឡើងដោយផ្តោតសំខាន់ទៅលើគុណភាពសំណង់ សុវត្ថិភាព និងបរិស្ថាន សម្រាប់ការរស់នៅជាចម្បង។
លោកបានបន្តថា ការសាងសង់ក្នុងគម្រោងខាងលើក៏បានគិតទៅដល់ការបង្ការពីបាតុភូតនៃគ្រោះរញ្ជួយដីផងដែរ។ សម្ភារដែលប្រើប្រាស់នៅក្នុងគម្រោងខាងលើសុទ្ធតែមានម៉ាកល្បីៗនាំចូលមកបរទេសដូចជា ប្រទេសបារាំង អាល្លឺម៉ង់ និងសិង្ហបុរីជាដើម។
លោក គួង មានប្រសាសន៍ថា៖ «ខ្ញុំសម្រេចចិត្តវិនិយោគនៅក្នុងគម្រោងសាងសង់លំនៅឋានដ៏ធំនៅក្នុងតាខ្មៅ នាពេលនេះ ដោយសារខ្ញុំគិតថា ក្រុងតាខ្មៅជាទីតាំងមួយដែលមានស្ថានភាពភូមិសាស្រ្ត និងបរិស្ថានល្អ ដោយទីនោះនៅជាប់មាត់ទន្លេបាសាក់ ខណៈ បច្ចុប្បន្នចំនួនប្រជាជនដែលរស់នៅក្នុងក្រុងតាខ្មៅក៏បានកើនឡើងជាលំដាប់។
លោកបន្តថា៖ «នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងបាញ់ឆ្ពោះទៅកាន់ក្រុងតាខ្មៅដែលមានដូចជាគម្រោងអភិវឌ្ឍន៍លំនៅឋាន និងតំបន់សេដ្ឋកិច្ចពិសេសជាដើម»។
បើតាមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា បន្ទប់ស្នាក់នៅក្នុងខុនដូ និងផ្ទះល្វែងនៅក្នុងគម្រោងខាងលើ អាចនឹងចាប់ផ្តើមបើកលក់ក្នុងខែមីនា ខាងមុខ ដោយបន្ទប់ស្នាក់នៅក្នុងខុនដូមានតម្លៃក្នុង១ម៉ែត្រការ៉េ ចាប់ពី១៤៤០ទៅជាង២០០០ដុល្លារ ចំណែកផ្ទះហាងក្រុមហ៊ុនមិនទាន់បានកំណត់តម្លៃនៅឡើយទេ។
ការពង្រីកទីក្រុង ការកសាងផ្លូវថ្មីដ៏ធំមួយភ្ជាប់ពីភ្នំពេញទៅតាខ្មៅ និងស្ពានព្រែកសំរោង ឆ្លងទន្លេបាសាក់ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ២ ទៅផ្លូវជាតិលេខ ១ កំពុងចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជំរុញឲ្យវិស័យអចលនទ្រព្យនៅក្នុងក្រុងតាខ្មៅឲ្យស្ទុះឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្តែងតម្លៃដីនៅក្នុងក្រុង តាខ្មៅ បានកើនឡើងប្រហែល ២០ ភាគរយ នាដើមឆ្នាំ ២០១៥ នេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៤។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ វីអឹមស៊ី បាននិយាយថា សកម្មភាពទិញ លក់អចលនទ្រព្យនៅក្រុងតាខ្មៅ មានជាហូរហែ ដោយតម្លៃរបស់វាបានកើនឡើងប្រហែល ២០ ភាគរយនាដើម ឆ្នាំ២០១៥ នេះបើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៤។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្ន ដីនៅតំបន់ពាណិជ្ជកម្មកណ្តាល ក្រុង តាខ្មៅ អាចមានតម្លៃចន្លោះពី ១០០០-២០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈកាលពីអំឡុងពេលដូចគ្នាឆ្នាំ ២០១៤ មានតម្លៃចន្លោះពី ១០០០ ទៅ ១៥០០ ដុល្លារ។ ដីនៅតំបន់ពាណិជ្ជកម្មធម្មតាមានតម្លៃចន្លោះពី ៨០០-១០០០ ដុល្លារ និងតំបន់លំនៅឋានអាចមានតម្លៃចាប់ពី ១០០ ទៅ ២០០ ដុល្លារ រីឯលំនៅឋាន ១ ល្វែងក្នុងក្រុងតាខ្មៅ អាចមានតម្លៃ ១០ ម៉ឺនដុល្លារ។
ការអភិវឌ្ឍរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងតាខ្មៅ គឺស្របគ្នាទៅនឹងការយល់ឃើញរបស់វីរស្ថាបត្យករខ្មែរ លោក វណ្ណ មូលីវណ្ណ ផងដែរ ដោយលោកធ្លាប់បានលើកឡើងកាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២ នៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា Sharing Vast Experience in the Field of Architecture and Construction around the World នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជាថា ប្រជាពលរដ្ឋមករស់នៅរាជធានី ភ្នំពេញ កាន់តែច្រើនទៅៗ ដែលធ្វើឲ្យទីក្រុងកាន់តែចង្អៀត ដូច្នេះការអភិវឌ្ឍទីក្រុង គឺជារឿងចាំបាច់ ប៉ុន្តែការពង្រីកទីក្រុងនេះគេគួរតែពង្រីកទៅភាគខាងត្បូងស្រប ទន្លេបាសាក់ ឆ្ពោះទៅទីក្រុងតាខ្មៅទើបល្អប្រសើរ។
លោកមានប្រសាសន៍ថា៖«ខ្ញុំគិតថា ការអភិវឌ្ឍរាជធានីភ្នំពេញទៅភាគខាងត្បូងល្អជាងទៅភាគខាងលិច ព្រោះភាគខាងត្បូងជាតំបន់ខ្ពស់ ហើយមានទន្លេសម្រាប់រំដោះទឹកចេញឲ្យចៀសផុតពីបញ្ហាគ្រោះទឹកជំនន់បាន»។
តាខ្មៅ ជាទីក្រុងរបស់ខេត្តកណ្តាល ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ មានចម្ងាយ ១១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕
1 comment:
I am afraid, the building itself looks,so ugly.
It will be an eye sore landmark for the nation.
Please try different design and shape.
True Khmer
Post a Comment