A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 1 March 2015

The first photographer in Cambodia អ្នក​ថតរូប​ដំបូង​គេ

Read the article in Egnlish here.

ដោយ  | FEBRUARY 12, 2015, The Cambodia Daily

សៀវភៅ​ថ្មី​បង្ហាញ​រូបថត​ដំបូងៗ​នៃ​ប្រាសាទ​អង្គរ

នៅ​ពេល​ដែល​ការ​និពន្ធ​របស់​លោក ហិនរី មូហត់ ស្តីពី​អង្គរ​ បាន​ចេញ​ផ្សាយ​នៅ​ក្នុង​ឆ្នាំ​១៨៦៣​និង​ឆ្នាំ​១៨៦៤ ដែល​ធ្វើ​ឲ្យ​ទ្វីប​អឺរ៉ុប​មាន​​ការ​ចាប់​អារម្មណ៍​ដល់​ប្រទេស​កម្ពុជា​ជា​រហូត​នោះ អ្នក​ថតរូប​ជនជាតិ​ស្កុត​ឈ្មោះ ចន ថមសុន​ កើត​មាន​គំនិត​ថតរូប​ប្រាសាទ​ដែល​គូស​ព្រាង​ដោយ​អ្នក​ធម្មជាតិ​និយម​និង​ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង។
ដំរី​និង​ហ្ម​ដំរី​ឈររង់ចាំ​ដឹក​ភ្ញៀវ​ទេសចរ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​១៨៦៦។​
ដំរី​និង​ហ្ម​ដំរី​ឈររង់ចាំ​ដឹក​ភ្ញៀវ​ទេសចរ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​១៨៦៦។​ Jonh Thompson/Janet Lehr Collection, Vered Gallery 
ការ​និយាយ​ស្រួល​ជាង​ការ​ធ្វើ​កាលពី​១៥០​ឆ្នាំ​មុន គឺ​មិន​មែន​​មាន​ន័យ​ថា​ត្រឹមតែ​​ត្រូវ​រៀបចំ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីតាំង​ជ្រៅ​ក្នុង​ព្រៃ​ស្បាត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រូវ​ដឹក​ជញ្ជូន​ឧបករណ៍​ថតរូប​សម័យ​នោះ ដែល​ត្រូវ​ការ​អ្នក​ដឹក​ជញ្ជូន​ដល់​ទៅ​១០​នាក់​ទៀត​ផង។
ការ​ធ្វើ​ដំណើរ កាលពី​ឆ្នាំ​១៨៦៦​នោះ លោក ថមសុន បាន​ចំណាយ​ពេល​បី​ខែ ដែល​នៅ​ពេល​នោះ​លោក​ស្ទើរតែ​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ទៅហើយ។ ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​មក​មាន​ការ​បោះពុម្ព​ផ្សាយ​សៀវភៅ​របស់​លោក​មាន​ចំណង​ជើង​ថា “វត្ថុ​បុរាណ​កម្ពុជា” ដែល​បង្ហាញ​ឲ្យ​ឃើញ​រូបថត​ប្រាសាទ​អង្គរ​ចំនួន​១៦​សន្លឹក​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។
ទោះជា​យ៉ាង​នេះ​ក្តី ដោយសារ​ដំណើរការ​ត្រូវ​ចំណាយ​លុយ​កាក់​ច្រើន​និង​រយៈ​ពេល​យូរ​ទាក់​ទិន​នឹង​ការ​បោះ​ផ្សាយ​រូបថត​ក្នុង​សៀវភៅ​មួយ​ក្បាល​នៅ​ពេល​នោះ អត្ថបទ​ត្រូវ​បាន​បោះ​ពុម្ព​មុន ហើយ​រូបថត​ដាក់​ចូល​ម្តង​មួយៗ​លើ​ចន្លោះ​ទំព័រ​ទំនេរ​នោះ សៀវភៅ​របស់​លោក ថមសុន មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​១៨៦៧ ហើយ​មិន​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ជាថ្មី​ទេ​តាំងពី​ពេល​នោះ​មក។
មូលហេតុ​នេះ​ហើយ​ដែល​លោក ចូល ម៉ុនថេក​ ជន​ជាតិ​អាមេរិក ជា​អ្នក​សន្សំ​កាតប៉ុស្តាល់​នៃ​ប្រទេស​កម្ពុជា​និង​ឥណ្ឌូចិន​ដំបូង​គេ ហើយ​និង​លោក ជីម មីហ្សឺស្គី ជា​អ្នក​ថតរូប​អាមេរិក​ម្នាក់​មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​សម្រេច​ចិត្ត​យក​រូបថត​ទាំង​នោះ​មក​បង្ហាញ​ឡើង​វិញ​ក្រោយពី​រយៈ​ពេល​ជិត​១៥០​ឆ្នាំ​កន្លង​ផុត​ទៅ។
ចេញ​ផ្សាយ​នៅ​ប្រទេស​កម្ពុជា​កាលពី​ចុង​ឆ្នាំ​មុន សៀវភៅ​មាន​ទ្រង់ទ្រាយ​ធំ​ កម្រាស់​២២៥​ទំព័រ មាន​ចំណង​ជើង​ថា “ចន ថមសុន ប៉ុន្មាន​ឆ្នាំ​ដំបូង-ការ​ស្រាវជ្រាវនៅ​អាស៊ី” មិន​ត្រឹមតែ​បញ្ចូល​ខ្លឹមសារ​សៀវភៅ​និង​រូបថត​អង្គរ​របស់​លោក ថមសុន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រៀបរាប់​រឿងរ៉ាវ​របស់​បុរស​ម្នាក់ ដូច​ដែល​លោក មីហ្សឺស្គី បង្ហាញ​ដូច្នេះ​ដែរ គឺ​ជា​អ្នក​កាសែត​ថតរូប​ម្នាក់​ក្នុង​ចំណោម​អ្នក​កាសែត​ថតរូប​ដំបូងៗ​គេ។
សៀវភៅ​មួយ​ចំនួន​ត្រូវ​បាន​សរសេរ​កាលពី​ពេល​មុន​ទាក់ទិន​នឹង​លោក ថមសុន ច្រើនតែ​ដោយសារ​រូបថត​របស់​គាត់​អំពី​ប្រទេស​ចិន​និង​ជីវិត​តាម​ផ្លូវ​ក្រុងឡុង ដែល​គាត់​បាន​ថត​នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៨៧០។ ប៉ុន្តែ​ការ​បោះពុម្ព​ផ្សាយ​ទាំង​នោះ​ភាគច្រើន​បាន​ផ្តោត​​លើ​ស្នាដៃ​របស់​គាត់​និង​ស្ទើរតែ​មិន​និយាយ​អំពី​ខ្លួន​គាត់​ទេ។

លោក មីហ្សឺស្គី បាន​និយាយ​ថា “ពិត​ណាស់ មាន​គេ​ស្គាល់​តិចតួច​ប៉ុណ្ណោះ​អំពី​បុរស ថមសុន ដែល​ខ្ញុំ​ចង់​ដឹង​ថា​គាត់​ជា​នរណា មាន​អ្វី​ដែល​ជំរុញ​រូបគាត់​ឲ្យ​ធ្វើ​កិច្ចការ​នោះ”។
លោក ម៉ុនថេក និង​លោក មីហ្សឺស្គី រំពឹង​ថា គម្រោង​នេះ​នឹង​ប្រើ​ពេល​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​អំពី​ជីវិត​របស់ ថមសុន និង​ការ​ប្រមូល​រូបថត​នៃ​ការ​ធ្វើ​ដំណើរ​របស់​គាត់​ទៅ​អង្គរ​និង​កន្លែង​ផ្សេងទៀត គម្រោង​នេះ​បាន​បញ្ចប់​ដោយ​ប្រើ​ពេល​បួន​ឆ្នាំ​ឯណោះ។
នៅ​អំឡុង​ពេល​នោះ ពួកគេ​បាន​ទាក់ទង​អ្នក​ប្រមូល​រូបថត​និង​បណ្ណា​ល័យ​ឯកជន​នៅ​ស្ទើរ​គ្រប់​ទ្វីប។
ផ្នែកមួយ​នៃ​ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​១៨៦៦​។
ផ្នែកមួយ​នៃ​ប្រាសាទ​អង្គរវត្ត​ក្នុង​ឆ្នាំ​១៨៦៦​។  Jonh Thompson/ Janet Collection, Vered Gallery 
 លោក ម៉ុនថេក បាន​ពន្យល់​ថា សេចក្តី​សង្ឃឹម​ដំបូង​របស់​ពួកគាត់​គឺ​ត្រូវ​ផលិត​ឡើង​វិញ​នូវ​ស្នាដៃ​របស់​លោក ថមសុន ពី​ឯកសារ​សៀវភៅ​ដែល​មាន​ស្រាប់ ប៉ុន្តែ​ការ​រក​ឃើញ​ប្រភព​ដើម​តិច​តួចនោះ​ផុយ​របេះ​ រហូតដល់​​គ្មាន​នរណា​ហ៊ាន​ប្រថុយ​ថតស្កែន​ទំព័រ​ទាំង​នោះ។
លោក​បាន​និយាយ​ថា “មាន​ការ​ឲ្យ​ដឹង​ថា បណ្ណាល័យ វ៉ែលខាម (Wellcome Library) នៅ​ក្រុង​ឡុង​មាន​រូបថត​ដើម តែ​ជា​រូបថត​ស្រមោល​ដើម​ដែល​ជា​ហ្វិល​រូបថត​ប្រភេទ​ glass plates”។ ប្រភេទ​នេះ​អាច​ឲ្យ​ពួកគេ​បោះពុម្ព​ស្នាដៃ​ជាថ្មី​ក្នុង​សៀវភៅ​របស់​ខ្លួន។
អ្វី​ដែល​កើត​ចេញ​ពី​ការ​ស្រាវជ្រាវ​របស់​ពួកគាត់ គឺ​រូបភាព​មួយ​របស់​បុរស​ដ៏​រួសរាយ​រាក់ទាក់​ម្នាក់ ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ពី​អ្វី​ដែល​នៅ​សម័យ​នោះ​ជា​វិជ្ជាជីវៈ​ថ្មី​បំផុត។
កើត​ក្នុង​គ្រួសារ​វណ្ណៈ​កណ្តាល​នៅ​ទីក្រុង អេឌីនប៊ឺក លោក ថមសុន ទទួល​បាន​ការ​ហាត់​រៀន​ជា​អ្នក​ធ្វើ​វ៉ែនតា និង​មាន​ជំនាញ​ខាង​ធ្វើ​ឬ​ជួសជុល​នាឡិកា​និង​ឧបករណ៍​វិទ្យាសាស្ត្រ​ផ្សេងទៀត។ មកដល់​ឆ្នាំ​១៨៦២ ពេល​ដែល​គាត់​ចូលរួម​ជាមួយ​បង​ប្រុស​ដែល​ជា​អ្នក​ថតរូប​ឈ្មោះ វីលៀម ថមសុន ​នៅ​ប្រទេស​សិង្ហបុរី ដោយ​ធ្វើ​ដំណើរ​តាម​ទូក​ជាមួយ​គូដណ្តឹង​របស់​បង​ប្រុស​របស់​គាត់​​រយៈ​ពេល​មួយ​ខែ​នោះ គាត់​បាន​ចាប់​ផ្តើម​ក្លាយ​ខ្លួន​ជា​អ្នក​ថតរូប​តែម្តង។
មក​ដល់​ទ្វីប​អាស៊ី​ថ្មីៗ លោក ថមសុ៊ន បាន​ចាប់​ផ្តើម​ថតរូប​ភ្លាម​រហូត​ដល់​បាន​ដាក់​លក់​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ដ៏​ជឿនលឿន​នេះ។ មុខ​របរ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ធ្វើ​ដំណើរ​មក​ដល់​តំបន់​តាំង​លំនៅ​ច្រក​សមុទ្រ (Straits Settlements) ជាទឹកដី​អាណានិគម​អង់គ្លេស ដែល​សព្វ​ថ្ងៃ មួយ​ផ្នែក​ធំ​ជា​ប្រទេស​ម៉ាឡេស៊ី ពោល​គឺ​ជា​បទ​ពិសោធ​មួយ​ដែល​ក្រោយ​មក​លោក​បាន​ចងក្រង​ធ្វើ​សៀវភៅ​មួយ​មាន​ចំណង​ជើង​ថា “ច្រក​សមុទ្រ ម៉ាឡាកា” ដែល​នៅ​ក្នុង​សៀវភៅ​នោះ​ គាត់​បាន​រៀបរាប់​អំពី​​ ម៉ាឡាយ៉ា ថា​ជា​ “កន្លែង​មួយ​ដែល​ថា​ ការ​លំហែ​កាយ​ហាក់ដូចជា​ស្ថិត​នៅ​មាត់​ទ្វារ​របស់​មនុស្ស​គ្រប់​គ្នា ដែល​មាន​អារម្មណ៍​ចង់​សម្រាក ព្រោះ​ជា​សមុទ្រ​ស្ងប់ស្ងាត់​ ហើយ​ក៏​មាន​ដើម​ត្នោត​ដ៏​ធំស្កឹមស្កៃ ដែល​មាន​ស្លឹក​ធំៗ​របស់​វា​យោក​ពី​លើ​ផ្ទះ​ល្អ​ប្រណីត​ដែល​ទទួល​រង​ប៉ះពាល់​ពី​កត្តា​ធាតុ​អាកាស។
ប៉ុន្តែ​ការ​បោះពុម្ព​ផ្សាយ​ស្នាដៃ​របស់​លោក មូហត់ ក្នុង​ឆ្នាំ​១៨៦៣​និង​១៨៦៤​នៅ​ទ្វីប​អឺរ៉ុប បាន​ផ្តល់​ឲ្យ​លោក ថមសុន នូវ​គោល​បំណង​ថ្មី​មួយ នោះ​គឺ​ទៅ​សៀម ដែល​ក្រោយ​មក​ហៅ​ថា​ប្រទេស​ថៃ ហើយ​ចេញ​ពីទី​នោះ​បាន​បន្ត​ដំណើរ​ទៅ​ប្រាសាទ​អង្គរ។ នៅ​ពេល​លោក​សរសេរ​ក្នុង​សៀវភៅ​របស់​លោក​ស្តីពី​អង្គរ “ការ​រៀបរាប់​មាន​នៅ​ក្នុង​ស្នាដៃ​របស់​លោក មូហត់ អំពី​ភាព​រុងរឿង​នៃ​ទីក្រុង​នានា​ដែល​រង​ការ​បែកបាក់ ដែល​អ្នក​និពន្ធ​បាន​រក​ឃើញ​នៅ​កណ្តាល​ព្រៃ​នៅ​ប្រទេស​កម្ពុជា បាន​អន្ទង​រូប​ខ្ញុំ​មិន​ត្រឹមតែ​​ធ្វើ​ឲ្យ​ខ្ញុំ​តាំង​ចិត្ត​ធ្វើ​ទស្សន​កិច្ច​ប្រទេស​សៀម​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​នេះ និង​ចូល​ខាង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​រុករក​និង​ថត​ទីក្រុង​បាក់បែង​របស់​ប្រទេស​កម្ពុជា​ទៀតផង”។
បើទោះជា​ប្រើ​បច្ចេក​វិជ្ជា​ថតរូប​ទំនើប​បំផុត​នៅ​សម័យ​នោះ​ក៏ដោយ ក៏​កិច្ចការ​នេះ​ធំ​អនេក​ជាង​ការ​គ្រាន់តែ​វេចខ្ចប់​ម៉ាស៊ីន​ថត​មួយ​ទៅទៀត។
លោក មីហ្សឺស្គី បាន​ពន្យល់​អំពី​ដំណើរ​ការ​ហ្វីល (wet-plate) ដែល​ប្រើ​ដោយ​អ្នក​ថតរូប​នៅ​ទសវត្សរ៍​ឆ្នាំ​១៨៦០​ថា “អ្នក​ថតរូប​នឹង​ធ្វើល្បាយ​ខាប់​ម្យ៉ាង បន្ទាប់មក​ចាក់​វា​លើ​ហ្វិល glass plate រលាក់​ចុះ​រលាក់​ឡើង​ធ្វើ​ឲ្យ​វា​​ស្រោប​សព្វ​ហ្វីល បន្ទាប់​មក​ទៀត​បង្ហូរ​វា​ចេញ កុំ​ឲ្យ​មាន​ស្នាម​ជ្រួញ ឬ​អ្វី​មួយ​លើ​វា។ បន្ទាប់​មក​ពួកគេ​ប្រើ​សារធាតុ​គីមី​ដើម្បី​ធ្វើ​ឲ្យ​ហ្វីល​មាន​ភាព​រស់​ពេល​ត្រូវ​ពន្លឺ ហើយ​ត្រូវ​ថត​ភ្លាម​និង​ផ្តិត​វា​ភ្លាម​ក្នុង​ពេល​ដែល​វា​នៅ​សើម​នៅ​ឡើយ”។
៉ប្រសិនបើ​អ្នក​ស្ថិត​នៅ​កណ្តាល​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា នោះ​មាន​ន័យ​ថា អ្នក​ត្រូវ​តែ​មាន​តង់​មួយ​ជា​បន្ទប់​ងងឹត​ជាមួយ​នឹង​ដប​សារធាតុគីមី​ដើម្បី​ធ្វើ​កិច្ច​ការ​នេះ ពោលគឺ​សារធាតុ​គីមី​ដែល​អាច​ពុល​និង​ធ្វើ​ឲ្យ​រលាក​ភ្នែក​របស់​អ្នក​និង​អ្វី​ផ្សេងទៀត​បាន។ ហើយ​របស់​ទាំង​អស់​នេះ​ត្រូវ​នាំ​យក​ពី​ក្រុង​បាងកក​មក​ដោយ​កម្មករ​លី​សែង​ពី​៨​ទៅ​១០​នាក់។ ដូច្នេះ​នេះ​ជា​បញ្ហា​ភស្តុភារ​ដ៏​ធំ​មួយ ដើម្បី​ទៅ​ដល់​ទី​នោះ​ជាមួយ​នឹង​ឧបករណ៍​និង​គ្រឿង​ផ្គត់ផ្គង់​ចាំបាច់”។
​ព្រះ​មហាក្សត្រ​ខ្មែរ​នរោត្តមនៅ​ភ្នំពេញ​នា​ឆ្នាំ​១៨៦៦។​​​
ព្រះ​មហាក្សត្រ​ខ្មែរ​នរោត្តមនៅ​ភ្នំពេញ​នា​ឆ្នាំ​១៨៦៦។​​​ John Thompson/ Janet Collection/ Vered Gallery 
លោក ថមសុន ត្រូវ​ការ​ពេល​បួន​ខែ​នៅ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​រៀបចំ​ការ​ធ្វើ​ដំណើរ​របស់​គាត់ ដែល​ក្នុង​អំឡុង​ពេល​នោះ គេ​បាន​ហៅ​លោក​ឲ្យ​ទៅ​ថត​ព្រះមហាក្សត្រ​មង្គុត​របស់​សៀម និង​ក៏​បាន​ថត​រូប​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ជាច្រេើន​អង្គ​ទៀត។
ដោយសារតែ​ខេត្ត​បាត់ដំបង សៀមរាប មង្គលបុរី និង ស៊ីសុផុន ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សៀម​នៅ​ពេល​នោះ ដែល​ក្រោយមក​ប្រគល់​ឲ្យ​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩០៧​តាម​រយៈ​សន្ធិសញ្ញា​មួយ​រវាង​ប្រទេស​បារាំង​និង​ប្រទេស​សៀម​នោះ លោក ថមសុន ត្រូវ​សុំ​ការ​អនុញ្ញាត​ពីព្រះ​មហាក្សត្រ មង្គុត ដើម្បី​ទៅ​អង្គរ។
លោក H.G. Kennedy នៃ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ក្រុង​បាងកក​បាន​ស្មគ្រ​ចិត្ត​ទៅ​ជាមួយ​គាត់​ក្នុង​នាម​ជា​អ្នក​បកប្រែ​ភាសា​ថៃ​របស់​គាត់។ ក្នុង​បរិបទ​នៃ​ការ​ប្រជែង​គ្នា​រវាង​ប្រទេស​បារាំង​និង​ប្រទេស​អង់គ្លេស​ក្នុង​តំបន់​ ដែល​ប្រទេស​ទាំងពីរ​ចង់​បាន​ជា​ខ្លាំង​គឺ​ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន​នោះ មន្ត្រី​បារាំង​ដែល​អ្នក​ទាំងពីរ​បាន​ជួប​នៅ​អង្គរ បាន​សន្និដ្ឋាន​ថា លោក កេនណេឌី ជា​ចារបុរស។
បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ដោយ​រទេះ​គោ និង​នៅ​ពេល​ខ្លះ​ដោយ​ទូក​តូចៗ​​អស់​រយៈ​ពេល​ជាច្រើន​សប្តាហ៍ នៅ​ទី​បញ្ចប់​លោក ថមសុន បាន​មក​ដល់​អង្គរ។ មិន​បង្អង់​យូរ លោក​បាន​ថតរូប​អង្គរវត្ត និង​ប្រាសាទ​បាយ័ន ដោយ​ផ្តោត​លើ​មុំ​ដែល​បាន​ក្លាយ​ជា​រូបថត​ក្លាសិក​នៃ​ប្រាសាទ​នានា។
ប៉ុន្តែ​ការ​ជួសជុល​មិន​ទាន់​ធ្វើ​ទេ​ពេល​នោះ ប្រាសាទ​នានា​រុំព័ទ្ធ​ជុំជិត​ទៅដោយ​ព្រៃ។ ការ​សរសេរ​អំពី​ប្រាសាទ​បាយ័ន​នោះ លោក ថមសុន បាន​រៀបរាប់​ថា “ប្រាសាទ​នេះ​រុំព័ទ្ធ​ជុំជិត​យ៉ាង​ក្រាស់​ដោយ​ព្រៃព្រឹក្សា លតាវល្លិ៍​តោង​ព័ន្ធ​ព័ទ្ធរយីងរយោង និង​មាន​ព្រៃ​បន្លា​ស្អេក​ស្កះ ដែល​ទាល់​តែ​ខំ​កាប់​ត្រាយ​មួយ​ថ្ងៃ ទើប​យើង​អាច​ឆ្ការ​សម្អាត​តួ​ប្រាសាទ​បាន​ល្មម​ដើម្បី​ថត​យក​រូបភាព”។
ព្រះរាជ​តំណាង​ម្នាក់​របស់​ព្រះ​មហាក្សត្រ​មង្គុត ក្រោយ​មក​បាន​ធ្វើ​ដំណើរ​មក​ដល់​អង្គរ​ដើម្បី​ប្រគល់​ព្រះរាជសារ​ពី​ព្រះ​មហាក្សត្រ ដែល​ស្នើ​ឲ្យ​លោក ថមសុន ថត​រូប​ឲ្យ​បាន​ច្រើន។ ពេល​ត្រឡប់​ទៅ​ក្រុង​បាងកក​វិញ លោក​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ព្រះ​មហាក្សត្រ​អង្គ​នេះ ដែល​ស្នើ​ឲ្យ​គាត់​ត្រូវ​រៀបរាប់​ក្នុង​ការ​ពិភាក្សា​របស់​គាត់​និង​សរសេរ​អំពី​អង្គរ​ថា “ខេត្ត​បាត់ដំបង Buttabong និង អង្គរ Ongcor ឬ នគរសៀម Nogor Siam ទាំង​នោះ​ជា​របស់​សៀម​ជាប់​រហូត​មក​រយៈ​ពេល​៨៤​ឆ្នាំ​មក​ហើយ មិន​ត្រូវ​បាន​រារាំង​ដោយ​ស្តេច​ខ្មែរ ឬ​ កូសាំង​ស៊ីន(Cochin China) ឡើយ។ សំណង់​ការពារ​កន្លែង​ទាំង​នោះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​រដ្ឋាភិបាល​សៀម​៣៣​ឆ្នាំ​មកហើយ”។
លោក ថមសុន បាន​ធ្វើ​តាម​និង​បាន​បញ្ចូល​ចុតហ្មាយ​របស់​ព្រះ​មហាក្សត្រ​អង្គ​នេះ​ទៅ​ក្នុង​សៀវភៅ​របស់​លោក​ស្តីពី​អង្គរ។
ការ​ស្រាវជ្រាវ​បុរាណ​វិទ្យា​តាំងពី​យូរ​មក​ហើយ​បាន​បញ្ជាក់​ថា​ការ​អះអាង​​របស់​ព្រះមហាក្សត្រ មង្គុត មិន​ត្រឹមត្រូវ​ទេ។
បុរស៣នាក់​នៅ​ក្នុង​ខេត្ត​សៀមរាម​ក្នុង​ឆ្នាំ​១៨៦៦​។
បុរស៣នាក់​នៅ​ក្នុង​ខេត្ត​សៀមរាម​ក្នុង​ឆ្នាំ​១៨៦៦​។ Jonh Thompson/ Janet Collection, vered Gallery 
បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​របស់​លោក​នៅ​ប្រទេស​កម្ពុជា លោក ថមសុន បាន​ស្នាក់​នៅ​ក្នុង​ក្រុង​ហុងកុង និង​ប្រទេស​ចិន ជាច្រើន​ឆ្នាំ​មុនពេល​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ។ នៅ​ក្រុង​ហុងកុង គូដណ្តឹង​របស់​លោក​បាន​ចូលរួម​ការងារ​ជាមួយ​លោក ហើយ​អ្នក​ទាំងពីរ​បាន​រៀបការ​នឹង​គ្នា។
ជា​សមាជិក​ម្នាក់​នៃ​ស្ថាប័ន​សង្គម​ភូមិសាស្ត្រនិង​សង្គម​ជាតិ​ពន្ធុ​វិទ្យា​ដ៏​មាន​កិត្យានុភាព​នៅ​ក្រុង​ឡុង លោក​ធ្វើ​សន្និសីទ​ស្តីពី​ប្រទេស​នានា​ដែល​លោក​បាន​ពន្យល់​បង្ហាញ​ក្នុង​ស្នាដៃ​របស់​លោក។ នៅ​ពេល​ក្រោយ​មក​ទៀត​ លោក​បាន​ក្លាយ​ជា​ជាងគំនូរ​រូបថត​សង្គម​ទំនើប​ម្នាក់​នៅ​ក្រុង​ឡុង និង​បង្រៀន​ការ​ថតរូប​ដែរ។ លោក​បាន​ទទួល​មរណ​ភាព​នៅ​ឆ្នាំ១៩២១ ក្នុង​វ័យ​៨៤​ឆ្នាំ។
ដូច​ដែល​បាន​ឃើញ​ក្នុង​សៀវភៅ​នេះ​ស្រាប់ លោក ថមសុន ចាប់​អារម្មណ៍​យ៉ាង​ពិសេស​លើ​មនុស្ស ពោលគឺ​លោក​មិន​អាច​ថា​មិន​បញ្ចូល​ប្រជាជន​ខ្មែរ​រួម​ជាមួយ​រូបថត​អង្គរ​របស់​លោក​បាន​ទេ។
លោក ម៉ុនថេក និង​លោក មីហ្សឺស្គី សរសេរ​ថា “រូបថត​របស់​លោក ពិសេស​បំផុត រូបថត​ប្រទេស​ចិន​និង​ក្រុងឡុង បាន​ផ្តល់​នូវ​រូប​មនុស្ស​ពិត និង​នៅ​ដក់​ជាប់​យ៉ាង​ពិសេស នៃ​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ គឺ​មាន​ចាប់​ពី​ស្តេច​រហូត​ដល់​អ្នក​សុំ​ទាន”។
ក្នុង​ជំពូក​មួយ​ស្តីពី “នាមប័ណ្ណ” ដែល​ជា​នាម​ប័ណ្ណ​ជំនាន់​ដើម រូបថត​មាន​ចាប់ពី​ក្មេង​ស្រី​ធម្មតា​នៅ​ដែនដី កូសាំងស៊ីន ដល់​អ្នកលក់​អំពៅ​ម៉ាឡេ និងព្រះអង្គ​ម្ចាស់​ភាគ​ខាង​កើត។
មាន​បញ្ចូល​ក្នុង​សៀភៅ​នោះ​ដែរ គឺ​របាយការណ៍​ដ៏​កម្រ​មួយ​ស្តីពី​ប្រទស​កម្ពុជា​របស់​លោក កេនណេឌី ជា​មន្ត្រី​នៅ​ស្ថានទូត​អង់គ្លេស​ដែល​បារាំង​សង្ស័យ​ថា​ជា​ចារបុរស។
អ្នក​និពន្ធ​ជាច្រើន​សរសេរ​អំពី​សេចក្តី​រាយការណ៍​ថា “ប្រហែលជា​ការ​វិភាគ​អំពី​ប្រទេស​កម្ពុជា​ត្រឹមត្រូវ​និង​ល្អិតល្អន់​បំផុត ជា​ភាសា​អង់គ្លេស​ពីពាក់​កណ្តាល​សតវត្សរ៍​ទី​១៩​នោះ”។ លោក កេនណេឌី ​បាន​កត់​សម្គាល់​ថា បារាំង​បាន​ដឹង​អំពី​សារៈសំខាន់​របស់​ប្រទេស​កម្ពុជា ហើយ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​ខាង​កើត មាន​ផែនការ​រក្សា​ទុក​វា​ជា “រាជាធិបតេយ្យ​ដ៏​សំខាន់​មួយ​ស្ថិត​ក្រោម​ការ​មើល​ខុសត្រូវ​របស់​ខ្លួន​ផ្ទាល់” ជា​ការ​បង្ហាញ​ដែល​សង្ខេប​យ៉ាង​ច្បាស់​ គឺ​អាណា​ព្យាបាល​បារាំង​តែម្តង។
សៀវភៅ​នេះ​បញ្ចប់​ទៅ​ដោយ​ការ​បោះ​ពុម្ព​ផ្សាយ​ជាថ្មី​នូវ​សៀវភៅ​រូបថត​ដំបូង​របស់​លោក ថមសុន អំពី​ប្រទេស​ចិន។ មាន​ចំណង​ជើង​ថា “ទស្សនីយភាព​លើ​ទន្លេ​ខាង​ជើង” នោះ សៀភៅ​ស្តើង​នេះ​កម្រ​ឃើញ​មាន​ណាស់​សព្វ​ថ្ងៃ​នេះ។
ស្នាដៃ​នេះ​ស្តីពី​លោក ថមសុន ប្រាប់​រឿងរ៉ាវ​នៃ​បុរស​ផ្សងព្រេង​ម្នាក់​ដែល​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ពិសេស​ក្លាយ​ជា​ការ​ពិត។ លោក​ក្លាយ​ជា​អ្នកថតរូប​ដ៏​ចំណាន​ម្នាក់។ រូបថត​របស់​លោក​ស្អាត​មែនទែន និង​ស្របតាម​ពេល​វេលា​ដែល​ឆ្លងកាត់​យ៉ាង​លំបាក។
សៀវភៅ​នេះ​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​ដក​ស្រង់​សម្តី​ពី​លោក រ៉ូសាលីន ម៉ូរីស នរវិទូ​នៅ​សាកល​វិទ្យាល័យកូឡុំប៊ី នៅ​បុរីញូយ៉ក ដែល​សង្ខេប​យ៉ាង​ត្រឹមត្រូវ​នូវ​ឆន្ទៈ​មោះមុត​របស់​អ្នក​និពន្ធ ស្ថិត​នៅ​ពីក្រោយ​ការធ្វើ​កិច្ចការ​ដ៏​លំបាក​រយៈ​ពេល​បួន​ឆ្នាំ​ដើម្បី​ផលិត​ចេញ​សៀវភៅ​មួយ​ក្បាល​ស្តីពី​សារព័ត៌មាន​រូបថត​ដំបូង​គេ​ “ទោះជា​យើង​ប្រហែល​ស្ទាក់​ស្ទើរ​ក៏ដោយ ក៏​យើង ដែល​ជា​នរវិទូ​និង​ប្រវត្តិ​វិទូផ្នែក​រូបថត​នៅ​អាស៊ី​បូព៌ា​និង​អាស៊ីអាគ្នេយ៍ សុទ្ធតែ​ជា​អ្នក​ស្នង​មរតក​របស់​លោក ចន ថមសុន ដែរ”៕ មានិត

No comments: