គណបក្សជាប់ឆ្នោតទាំងពីរលាក់បាំងព័ត៌មានស្ដីពីសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី។ ក្រុមការងារគណបក្សកាន់អំណាចដឹកនាំដោយ លោក ស ខេង និងក្រុមការងារបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៉ី បានជួបចរចាគ្នា ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នាលើសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីកាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ តែនៅមិនទាន់បញ្ចេញលទ្ធផល។
លោក ស ខេង និង លោក សម រង្ស៉ី ដឹកនាំអង្គប្រជុំចរចាអស់រយៈពេលជាង ៤ម៉ោងលើសេចក្ដីព្រាងច្បាប់បោះឆ្នោត ប៉ុន្តែអ្នកទាំងពីរចេញមុខមកធ្វើសន្និសីទកាសែតតែជាង ៤នាទីប៉ុណ្ណោះ។ សន្និសីទកាសែតនោះថែមទាំងមិនឲ្យអ្នកកាសែតសួរទៀតផង។ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមមួយបញ្ជាក់ថា ដៃគូចរចាព្រមព្រៀងគ្នារួចរាល់ហើយ លើចំណុចដែលប្រទាំងប្រទើសទាំងអម្បាលម៉ាន។
លោក សម រង្ស៉ី ថ្លែងថា ថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃដែលខ្មែរឯកភាពគ្នា។ ចំណែកលោក ស ខេង វិញ បន្ទរតាមលោក សម រង្ស៉ី ថា លោកគាំទ្រទាំងស្រុង រួចអ្នកទាំងពីរបានចាប់ដៃគ្នាជាសញ្ញាបញ្ចប់សន្និសីទកាសែតតែម្ដង។
បន្ទាប់ពីនោះ ក្រុមអ្នកកាសែតចែកជើងគ្នារត់ទៅសួរលោកនេះម្ដង លោកនោះម្ដងថា ភាគីទាំងពីរព្រមព្រៀងគ្នាយ៉ាងម៉េចខ្លះលើចំណុចខ្វែងគំនិតគ្នាទាំងជាង ១០ចំណុចនោះ តែមិនបានចម្លើយតបនោះទេ។
ចំណុចដែលខ្វែងគំនិតគ្នាតាំងពីដើមមកនោះរួមមាន ការបង្កើនចំនួនអាសនៈរដ្ឋសភា បម្រាមរឹតបន្តឹងមិនឲ្យហែក្បួនឃោសនាបោះឆ្នោត កាលបរិច្ឆេទឃោសនា ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ទីកន្លែងឃោសនា ឯករាជភាពរបស់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ឯករាជភាពរបស់សង្គមស៊ីវិល ការប៉ុនប៉ងដាក់ទោសសង្គមស៊ីវិល ដែលប្រមាថអ្នកនយោបាយ ការបញ្ចូលមាត្រាច្បាប់ដែលចងមិនឲ្យគណបក្សនយោបាយធ្វើពហិការមិនចូលប្រជុំសភា ការប៉ុនប៉ងរំលាយគណបក្សនយោបាយ និងកម្រិតទោសទណ្ឌអ្នកដែលហ៊ានជេរអ្នកនយោបាយជាដើម។
អ្នកជំនាញស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី លើកឡើងថា ការលាក់បាំងព័ត៌មាននេះពិតជាមិនអាចទទួលយកបានឡើយ។ លោកបន្តថា បក្សទាំងពីរចង់ចែកផលចំណេញគ្នាស្ងាត់ៗពីការធ្វើច្បាប់បោះឆ្នោតថ្មីនេះ៖ «យើងមានការបិទបាំង។ ហេតុអីបានជាយើងចង់យករបស់ជាតិផ្ដាច់មុខតែពីរ ហើយមិនផ្ដល់តម្លាភាពចំពោះសាធារណជន។ ផលវិបាកទី១ គឺការបោះឆ្នោតលើកក្រោយនឹងមានផលវិបាកជាងនេះ ផលវិបាកទី២ បើមានបញ្ហាជាងនេះ អាចនឹងក្លាយជាប្រទេសមួយវឹកវរ នៅពេលដែលចលនាប្រជាជនកាន់តែធំទៅៗ ហើយប្រជាជនកាន់តែដឹងព័ត៌មានច្រើនឡើង»។
ចំណែកឯអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច វិញ ហៅច្បាប់ថ្មីនេះថា ជាច្បាប់បម្រើឲ្យផលប្រយោជន៍គណបក្សទាំងពីរ។ លោកបន្តអះអាងថា បើធ្លាយខ្លឹមសារនៃសេចក្ដីព្រាងច្បាប់នោះ លាតត្រដាងចេញមកក្រៅនឹងធ្វើឲ្យគណបក្សទាំងពីរពិបាកសម្រេចមហិច្ឆតាកេងចំណេញយកប្រយោជន៍រៀងខ្លួននោះ៖ «មុននឹងក្រោយគង់តែដឹងទេ ព្រោះគ្មានអីជាអាថ៌កំបាំងទេ អ៊ីចឹងវាត្រូវចេញជាសាធារណៈ។ ពេលដែលចេញជាសាធារណៈ... អង្ករក្លាយជាបាយទៅហើយ ទោះបីចង់ស្រែកចង់អីក៏ដោយ ក៏មិនអាចកែបានដែរ...»។
ទោះជាបែបណាក្តីគណបក្សទាំងពីរប្រកាសថា នឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់នេះមុននឹងលើកដាក់ឲ្យសភាពេញអង្គពិនិត្យនិងសម្រេច។ គណបក្សទាំងពីរចាប់ផ្ដើមចរចាដោយបិទទ្វារលើកំណែទម្រង់ច្បាប់បោះឆ្នោតតាំងចុងឆ្នាំ២០១៤មក៕
No comments:
Post a Comment