ដោយ៖ ណុល ដារ៉ា | ថ្ងៃអាទិត្យ ទី1 មិនា 2015,
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តសៀមរាបជាង២០០នាក់ នឹងឡើងមកតវ៉ានៅមុខស្នាក់ការគណបក្សនេះនៅសង្កាត់ចាក់អង្រែ រាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី១ មីនាស្អែកនេះ ដើម្បីទាមទារឲ្យផ្លាស់ប្ដូរលោកស្រីកែ សុវណ្ណរតន៍ ពីប្រធានក្រុមការងារខេត្តសៀមរាប ។
យោងលិខិតចំនួនពីរសន្លឹករបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ចុះថ្ងៃ២៨ ខែកុម្ភៈ ឲ្យដឹងថា ពួកគេចំនួន២២៤នាក់ បានផ្ដិតមេដៃស្នើសុំឲ្យប្រធាន និងអនុប្រធានគណបក្សនេះ ដូរលោកស្រីកែ សុវណ្ណរតន៍ ពីប្រធានក្រុមការងារខេត្តសៀមរាប ហើយដាក់អ្នកណាក៏បាន ។
ខ្លឹមសារក្នុងលិខិតនោះ មិនបានបញ្ជាក់ពីមូលហេតុដែលពួកគេទាមទារឲ្យប្ដូរលោកស្រីកែ សុវណ្ណរតន៍នោះទេ ។ ប៉ុន្តែបានបញ្ជាក់លើបីចំណុច ។ ទី១ ថា ការតវ៉ានេះមិនមែនជាការបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិទេ ទី២ ថាការតវ៉ានេះមិនជំទាស់ដណ្ដើមអំណាចគ្នាទេ និងទី៣ ថាការតវ៉ានេះគ្មានបុគ្គលណា ក្រុមណា ឬបក្សណានៅពីក្រោយនោះឡើយ ។
អនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តសៀមរាប លោកគង់ សឿន ប្រាប់VODបន្ថែមថា មូលហេតុដែលពួកគេតវ៉ាសុំដូរលោកស្រីកែ សុវណ្ណរតន៍ចេញ មានដូចជាថា លោកស្រីបានទៅដឹកនាំឃោសនានៅខេត្តសៀមរាបរយៈពេល២០ឆ្នាំមកហើយ គឺតាំងពីសម័យគណបក្សជាតិខ្មែរម្ល៉េះ លោកស្រីបានបង្កើតក្រុមបក្សពួកនាំឲ្យបែកបាក់សាមគ្គីភាពធ្វើឲ្យបាត់សំឡេងគាំទ្រនិងចោទលោកស្រីថា រំលោភអំណាចដឹកនាំគ្មានតម្លាភាពជាដើម ។
VOD បានព្យាយាមទាក់ទងលោកស្រីកែ សុវណ្ណរតន៍ ដើម្បីសុំការបំភ្លឺជុំវិញការទាមទារឲ្យដូរលោកស្រីនេះដែរ ប៉ុន្តែលោកស្រីមិនទទួលទូរសព្ទ ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោកអេង ឆៃអ៊ាង មានប្រសាសន៍ថា លោកមិនបានដឹងរឿងនោះទេ ហើយក៏មិនដឹងថា អ្នកណានឹងឡើងមកតវ៉ានោះដែរ។ ប៉ុន្តែលោកថា ការតវ៉ាគឺជាសិទ្ធិសេរីភាពរបស់ពួកគេ ។
លោកអេង ឆៃអ៊ាង បញ្ជាក់ថា បើអ្នកតវ៉ាមានហេតុផលត្រឹមត្រូវ សមស្រប និងមានភាពចម្រើនដល់គណបក្ស នោះថ្នាក់ដឹកនាំបក្សនឹងពិចារណា។ លោកបន្តថា ផ្ទុយទៅវិញ បើការតវ៉ានោះគ្មានហេតុផលត្រឹមត្រូវ គ្រាន់តែជារឿងគំនុំគុំគួន នោះថ្នាក់ដឹកនាំនឹងពិចារណាផ្សេងទៀត ។
ទោះយ៉ាងណា លោកអេង ឆៃអ៊ាង អះអាងថា លោកស្រីកែ សុវណ្ណរតន៍ ជាមនុស្សសកម្មនឹងការងារបក្ស លះបង់ទាំងពេលវេលា ទាំងថវិកា ព្រមទាំងមានសមត្ថភាពក្នុងការតវ៉ារកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារមន្ត្រី និងឧកញ៉ារបស់គណបក្សកាន់អំណាចរំលោភបំពាន ។
តាមខ្លឹមសារលិខិតរបស់អ្នកតវ៉ាឲ្យដឹងថា ពួកគេបានលើកសំណើសុំប្ដូរលោកស្រីកែ សុវណ្ណរតន៍ ទៅពិភាក្សាជាមួយប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិរួចហើយ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេនៅមិនទាន់ទទួលបានការឆ្លើយតបជាក់លាក់ណាមួយ ដែលជាធ្វើឲ្យពួកគេសម្រេចចិត្តឡើងមកតវ៉ានៅមុខស្នាក់ការបក្សក្នុងរាជធានីភ្នំពេញតែម្ដង ៕
សូមសរសេរមកលោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com
No comments:
Post a Comment