RFA - ប្រជាពលរដ្ឋនៅចំណុចថ្មសំលៀង ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ចោទប្រកាន់ក្រុមហ៊ុនវៀតណាម មួយនៅទីនោះ ថាបានរំលោភលើដីដាំដំណាំរបស់ពួកគាត់។ ប្រជាពលរដ្ឋបានអះអាងថា ដីនោះក្រុមនិស្សិតកំណត់ថាជាដីនៅក្នុងប្លង់កម្មសិទ្ធិរួចទៅហើយ បែរជាក្រុមហ៊ុនមកឈូសឆាយដោយបណ្ដេញពួកគាត់ទៅយកនៅបាតអូរសុទ្ធតែព្រៃទៅវិញ។
ប្រជាពលរដ្ឋ ៤គ្រួសារ នៅឃុំដំរីផុង ស្រុកឆ្លូង ដែលមានផ្ទៃដីប្រមាណ ២០ហិកតារ ត្រូវបានក្រុមហ៊ុនវៀតណាម ឈ្មោះ ឌូវទៀង ក្រចេះ បានយកគ្រឿងចក្រ ៣គ្រឿង ដើម្បីទៅឈូសឆាយដីដំណាំរបស់ពួកគាត់នៅថ្ងៃទី១៥ សីហា ដោយអះអាងថា ដីនោះជាដីរបស់ក្រុមហ៊ុន។ ប៉ុន្តែប្រជាពលរដ្ឋអះអាងថា ដីនោះស្ថិតក្នុងប្លង់របស់ពួកគាត់ទៅហើយ។
ប្រជាពលរដ្ឋម្នាក់រស់នៅចំណុចថ្មសំលៀង ឃុំដំរីផុង លោក ទូច ស៊ីដា ឱ្យដឹងថា ពួកគាត់ ៤គ្រួសារ បានទទួលការវាស់វែងកំណត់ក្បាលដីរួចហើយ កាលពីចុងឆ្នាំ២០១២ ហើយពួកគាត់តែងតែដាំដំណាំផ្សេងៗលើដីទាំង ២០ហិកតារនោះរហូតមក។ លោកបន្តថា ស្រាប់តែថ្មីៗ ខាងក្រុមហ៊ុន ឌូវទៀង ក្រចេះ របស់វៀតណាម បានឈូសឆាយលើដីរបស់ពួកគាត់ ដោយអះអាងថា ជាដីរបស់ខ្លួន ហើយបណ្ដេញពួកគាត់ចេញ ឱ្យទៅយកដីនៅបាតអូរ ដោយក្រុមហ៊ុនបញ្ជាក់ថា ប្លង់របស់ពួកគាត់ប៉ះចំអូរ។
លោក ទូច ស៊ីដា៖ «បាទ! មិនមែនត្រឹមតែ ៤គ្រួសារទេ ប្លុកកន្លែងនេះមានជាច្រើនគ្រួសារណាស់សម្រាប់ការទាមទារហ្នឹង គឺសម្រាប់ឱ្យរាជរដ្ឋាភិបាលជួយដោះស្រាយជូនប្រជាពលរដ្ឋវិញ ព្រោះអីក្នុងម៉ាគ្រួសារ កាលពីនិស្សិតចូលវាស់ គឺខ្លះបាន ២០អា ៣០អាអីហ្នឹង។ ហើយនិស្សិតហ្នឹងក៏បាននិយាយដែរថា ឱ្យតែមានក្បាល ហើយមានកន្ទុយហើយ»។
ពលរដ្ឋម្នាក់ទៀត អ្នកស្រី រស់ សុត្ថារី ឱ្យដឹងដែរថា កាលពីពេលកន្លងទៅ ក្រុមហ៊ុនមួយនេះបានឈូសឆាយដីរបស់ពួកគាត់ដែលបានដាំដំណាំម្តងរួចហើយ ប៉ុន្តែគឺជាដីមិនស្ថិតក្នុងប្លង់ ដោយខាងក្រុមហ៊ុនបានចេញសំណងថ្លៃពលកម្មឱ្យពលរដ្ឋដែលប៉ះពាល់រួចហើយ។ អ្នកស្រីបញ្ជាក់ថា កាលពីក្រុមនិស្សិតចុះវាស់ គឺគេបានកាត់ផ្ទៃអូរចេញ ដោយទំហំដីមិនបូកបញ្ចូលផ្ទៃអូរឡើយ។ ក្រោយមក អាជ្ញាធរខេត្តចុះកាយជាប្រឡាយ ដើម្បីកំណត់ព្រំជូនពួកគាត់ កាលពីខែមេសា ឬខែឧសភា ឆ្នាំ២០១៤ រួចហើយ ប៉ុន្តែក្រុមហ៊ុននៅតែបំពានដដែល។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងខាងភាគីក្រុមហ៊ុន ឌូវទៀង ក្រចេះ បានទេ នៅថ្ងៃទី១៥ សីហា។
ចំណែកមេឃុំដំរីផុង វិញ លោក ឡាយ សាវ៉ាន មានប្រសាសន៍ថា ប្រជាពលរដ្ឋស្ទើរតែទាំងអស់នៅចំណុចថ្មសំលៀង នោះ គឺជាប្រជាពលរដ្ឋចំណាកស្រុកមកពីខេត្តផ្សេងៗប៉ុណ្ណោះ។ លោកបន្តថា អាជ្ញាធរបានហាមពលរដ្ឋដែលក្រុមនិស្សិតវាស់វែងជូននោះ មិនឱ្យពួកគាត់រុករានដីព្រៃបន្តនោះទេ ប៉ុន្តែប្រជាពលរដ្ឋមិនព្រមស្តាប់ឡើយ។ លោកបន្ថែមថា ខាងក្រុមហ៊ុនមិនបានប៉ះពាល់លើដីដែលប្រជាពលរដ្ឋមានប្លង់ ឬដីស្ថិតក្នុងប្លង់នោះឡើយ ប៉ុន្តែវាអាចប៉ះពាល់លើដីរបស់ពលរដ្ឋដែលកាន់កាប់ខុសច្បាប់តែប៉ុណ្ណោះ៖ «ប៉ុន្តែអ្វីដែលគាត់មកពីខាងណាក៏ដោយ បើដីរបស់ពួកគាត់ទៅជាចម្ការហើយ ក៏គេវាស់ឱ្យគាត់ដែរ ប៉ុន្តែដីដែលមានព្រៃគេមិនអាចមានសិទ្ធិវាស់ឱ្យទេ ហើយគាត់ចេះតែទៅធ្វើបានចេះតែមានបញ្ហា»។
លោកបញ្ជាក់ថា ការវាស់វែងនោះគ្មានគ្រួសារណាបានដី ៥ហិកតារនោះទេ ពីព្រោះដីពេលនោះសុទ្ធតែព្រៃគ្មាននរណាវាស់ដីព្រៃឱ្យឡើយ។
ទាក់ទងនឹងបញ្ហាដីធ្លីនៅចំណុចថ្មសំលៀង កាលពីខែមេសា មានប្រជាពលរដ្ឋជាច្រើនរយនាក់បានចេញតវ៉ាចំពោះការឈូសឆាយដីចម្ការរបស់ពួកគាត់ពីសំណាក់ក្រុមហ៊ុន ឌូវទៀង ក្រចេះ នេះដែរ។ ការតវ៉ានោះ រហូតឈានដល់ការឃាត់ខ្លួនប្រជាពលរដ្ឋ ៣នាក់ជាបន្តបន្ទាប់ ដោយអាជ្ញាធរចោទប្រកាន់ពួកគាត់ថា ជាអ្នកញុះញង់ប្រជាពលរដ្ឋឱ្យតវ៉ា ដែលវារំខានដល់ការអនុវត្តច្បាប់ និងប្រើប្រាស់អំពើហិង្សាទៅលើសមត្ថកិច្ច ជាដើម។ ក្រោយមក សាលាដំបូងខេត្តក្រចេះ សម្រេចដោះលែងពលរដ្ឋម្នាក់វិញ បន្ទាប់ពីរកឃើញថា គាត់មិនបានជាប់ពាក់ព័ន្ធទៅនឹងការតវ៉ារឿងដីធ្លីនាពេលកន្លងមកនោះទេ៕
No comments:
Post a Comment