A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 15 August 2014

People in Prey Veng accused the authority of ignoring the Vietnamese fishermen fishing illegally in Cambodian waters ពលរដ្ឋ​នៅ​ព្រៃវែង​ចោទ​អាជ្ញាធរ​ថា​មិន​អើពើ​ជនជាតិ​វៀតណាម​នេសាទ​ខុសច្បាប់

នេសាទ ព្រៃវែង ៣០៥
សកម្មភាព​នេសាទ​ត្រី​របស់​ជនជាតិ​វៀតណាម នៅ​ខាង​លិច​វត្ត​ពោធិ៍ថ្មី ភូមិ​ពោធិ៍ថ្មី ឃុំ​កោះ​សំពៅ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​១៧ សីហា ឆ្នាំ​២០១៣។
RFA
ប្រជាពលរដ្ឋ​នៅ​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន ថា​មិន​អើពើ​ចំពោះ​ជនជាតិ​វៀតណាម ដែល​ចូល​មក​ធ្វើ​នេសាទ​ត្រី​ក្នុង​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​ទេ។
អ្នក​ភូមិ​បញ្ជាក់​ថា ត្រី​ដែល​ជនជាតិ​វៀតណាម នេសាទ​នោះ ភាគ​ច្រើន​ជា​ប្រភេទ​ត្រី​ស​តូចៗ ដោយ​ក្នុង​មួយ​ថ្ងៃៗ​រហូត​ដល់​រាប់​តោន​គីឡូ​ក្រាម ហើយ​ធ្វើ​សកម្មភាព​ជាង​មួយ​ខែ​មក​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​ម្នាក់​ចេញ​មក​ទប់ស្កាត់​ឡើយ។
ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ដែន​នេសាទ​នោះ​រៀបរាប់​ថា ជនជាតិ​វៀតណាម ចូល​មក​ធ្វើ​នេសាទ​ត្រី​ដោយ​ទូក និង​កាណូត ហើយ​ប្រើ​ឧបករណ៍​ស្បៃ​មុង​ក្រឡា​ញឹក​រាប់​រយ​ម៉ែត្រ យក​ទៅ​ដាក់​ពាំង​នៅ​តំបន់​ទឹក​ហូរ​សំខាន់ៗ​ចំនួន ៤​កន្លែង គឺ​នៅ​ព្រែក​អូតាំងលូ ស្ថិត​នៅ​ភូមិ​តាទៃ និង​ភូមិ​អូតាំងលូ នៃ​ឃុំ​កោះសំពៅ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។
ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ព្រែកក្របៅ ឃុំ​ព្រែកក្របៅ ស្រុក​ពាមជរ គឺ​លោក ឡោ សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ សីហា ថា អ្នក​នេសាទ​ជនជាតិ​វៀតណាម ទាំង​នោះ ធ្វើ​សកម្មភាព​ក្នុង​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ពី ៤ ទៅ ៦​នាក់ ហើយ​ក្នុង​មួយ​ក្រុមៗ​មាន​ទូក និង​កាណូត​សម្រាប់​ដឹក​ត្រី​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម រៀងៗ​ខ្លួន។ លោក​បន្ត​ថា ត្រី​ដែល​ពួក​គេ​នេសាទ​នោះ ជា​ប្រភេទ​ត្រី​ស​ល្អិត ដោយ​ក្នុង​មួយ​ក្រុម​យ៉ាង​ហោច​ណាស់​ពី ១​តោន​ទៅ ១​តោន​កន្លះ​ក្នុង​មួយ​ថ្ងៃ។
លោក​ថា ការ​នេសាទ​របស់​ជនជាតិ​វៀតណាម នេះ ពុំ​មាន​អាជ្ញាធរ​ណា​មួយ​ចេញ​មុខ​មក​ទប់ស្កាត់​នោះ​ទេ ហើយ​បញ្ហា​នេះ ប្រសិន​បើ​បណ្ដោយ​ឲ្យ​ធ្វើ​សកម្មភាព​ទៅ​មុខ​បាន​ដោយ​សេរី​ទៀត​នោះ ត្រី​ទាំង​តូច​ធំ នឹង​ហិនហោច​អស់​គ្មាន​សល់​ជា​ពុំ​ខាន៖ «ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​ព្រួយ​បារម្ភ​ថា​ទៅ​អនាគត​ហ្នឹង គឺ​ពុំ​មាន អឺ! ត្រី​ណា​ដែល​អាច​ភ្ញាស់​កូន ឬ​ពង​កូន​បាន​ទេ។ បើ​ខ្មែរ​យើង​តិចតួច​ដាក់​ខុស​ច្បាប់​បន្តិច គឺ​រដ្ឋបាល​ជលផល ក៏​ដូច​ជា​អធិការ​ប៉ូលិស​អី​ហ្នឹង​បង្ក្រាប។ ដល់​ពេល​បទល្មើស​ធំៗ​អ៊ីចឹង​ទៅ មិន​ដែល​ឃើញ​អ្នក​ណា​មក​បង្ក្រាប​បាន​ទេ គឺ​អឺ! តំបន់​ឃុំ​កោះសំពៅ ហ្នឹង​ជាទូទៅ គឺ​ត្រូវ​គ្នា​ពី​លើ​រហូត​ទៅ​ក្រោម​ហ្នឹង​តែ​ហ្មង។ បារម្ភ អនាគត គឺ​គ្មាន​ត្រី​សម្រាប់​បន្ត​ពូជ»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ខណ្ឌ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ពាមជរ លោក ពិន ចាន់ ថ្លែង​បដិសេធ​ថា អ្នក​នេសាទ​ទាំង​នោះ​ពុំ​មែន​ជា​ជនជាតិ​វៀតណាម ទេ គឺ​ជា​ក្រុម​អ្នក​នេសាទ​របស់​សហគមន៍​នៅ​តំបន់​នោះ ហើយ​ពួក​គេ​ធ្វើ​នេសាទ​ត្រី ដើម្បី​លក់​ដោះស្រាយ​ការ​ខ្វះខាត​ក្នុង​សហគមន៍៖ «គេ​ជួល​កម្មករ អា​ហ្នឹង​គេ​ជួល​កម្មករ​មិន​មែន​វៀតណាម អ្នក​ដាក់​ទេ គេ​យក​ចំណូល​មក​កសាង​សហគមន៍​ហ្នឹង​ណាស់។ កាល​ហ្នឹង​សហគមន៍​គេ​មាន​ច្បាប់​ទម្លាប់​ពី​លើ​មក​ដែរ​ណាស់​បង​ណាស់»
ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​ភូមិ​បញ្ជាក់​ថា ជនជាតិ​វៀតណាម ធ្វើ​នេសាទ​បាន​ដោយសារ​មាន​ភ្លើង​ខៀវ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​គ្រប់គ្រង​តំបន់​នោះ។
ចំណែក​ឯ​អភិបាល​ស្រុក​ពាមជរ គឺ​លោក សៅ ពិសិដ្ឋ លោក​ពុំ​មាន​ប្រតិកម្ម​អ្វី​ទៅ​លើ​ការ​ធ្វើ​នេសាទ​របស់​ជនជាតិ​វៀតណាម ដែល​ប្រជាពលរដ្ឋ​លើក​ឡើង​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា បញ្ហា​នេះ​លោក​បាន​បញ្ជា​ទៅ​អាជ្ញាធរ​ឃុំ​ឲ្យ​ដោះស្រាយ​រួច​ទៅ​ហើយ៖ «អឺ! បញ្ជា​ពី​ស្រុក​មក​ឲ្យ​សា​អស់​ហើយ ប៉ុន្តែ​បើ​អស់​មិន​អស់​យ៉ាង​ម៉េច ឲ្យ​សួរ​ទៅ​ខាង​ឃុំ​មើល ព្រោះ​ខ្ញុំ​បញ្ជា​ទៅ​អស់​ហើយ»

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ប្រធាន​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឱម សាវ៉ាត មាន​ប្រសាសន៍​ថា នៅ​រដូវ​វស្សា​ចាប់​ពី​ខែ​កក្កដា ដល់​ខែ​កញ្ញា ជា​រដូវ​ហាម​ឃាត់​ការ​ធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ក្រឡា​ញឹក ជាពិសេស គឺ​នេសាទ​ចាប់​កូន​ត្រី​តែ​ម្ដង។ លោក​ថា ការ​ចាប់​កូន​ត្រី​ក្នុង​រដូវ​ហាម​ឃាត់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ចំនួន​មច្ឆជាតិ​នៅ​ថ្ងៃ​ខាង​មុខ៖ «បារម្ភ​ណាស់​កន្លែង​ហ្នឹង ដែល​យើង​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ទៅ​ដល់​សហគមន៍​ទៅ​ដល់​អឺ! បង​ប្អូន​អ្នក​នេសាទ​យើង​ឲ្យ​គាត់​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ធ្វើ​យ៉ាង​ណា​ក្នុង​រដូវ​បិទ​នេសាទ យើង​កុំ​ឲ្យ​ចាប់​កូន​ត្រី​វា​នឹង​ខាត​បង់។ យើង​ដឹង​ហើយ​ណាស់ កូន​ត្រី​មួយ​តោន​វា​មាន​រាប់​លាន​ក្បាល ប៉ុន្តែ​បើ​ត្រី​ធំ​ត្រី​ដែល​យើង​អាច​ចាប់​មក​បរិភោគ​បាន វា​អា​ដែង​អឺ! ចំនួន​ក្បាល​ហ្នឹង​វា​តិច​ជាង»

1 comment:

Anonymous said...

នាក់ណាវាហ៊ាន វាអស់បុណ្យវ៉ើយ