![]() |
| RFA/Tin Zakariya |
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានបង្ហើបឲ្យដឹងថា គណបក្សសង្គ្រោះជាតិបានដាក់លក្ខខណ្ឌមួយចំនួនទៅគណបក្សប្រជាជនកម្ពុជា ដើម្បីឈានដល់ការចរចាបញ្ចប់ជម្លោះនយោបាយនៅពេលខាងមុខ។ ក៏ប៉ុន្តែការលើកឡើងនេះ ត្រូវបានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បដិសេធ។
ដោយ ទីន ហ្សាការីយ៉ា2014-01-15 RFA
មន្ត្រីនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមករា ថា គណបក្សប្រជាជនកម្ពុជា កំពុងពិចារណាលើលក្ខខណ្ឌដែលគណបក្សសង្គ្រោះជាតិ បានដាក់ជូន ដើម្បីសម្រេចមុននឹងធ្វើការចរចា។
លោក ខៀវ កាញារីទ្ធ ជាអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា បើសិនជាលក្ខខណ្ឌនោះ មិនលំបាកពេកសម្រាប់គណបក្សប្រជាជនកម្ពុជាទេ គឺគណបក្សទាំងពីរនឹងជួបចរចាគ្នាក្នុងពេលឆាប់ៗ។ ក៏ប៉ុន្តែលោក ខៀវ កាញារីទ្ធ មិនបានបង្ហើបឲ្យដឹងអំពីលក្ខខណ្ឌនោះមានអ្វីខ្លះទេ?
ឆ្លើយតបនឹងបញ្ហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបដិសេធថា គណបក្សសង្គ្រោះជាតិ មិនបានផ្ញើលិខិតទៅគណបក្សប្រជាជនកម្ពុជា ឬការដាក់លក្ខខណ្ឌទៅគណបក្សប្រជាជនកម្ពុជា ដូចការអះអាងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នេះទេ។
ប៉ុន្តែលោក កឹម សុខា បានបញ្ជាក់ថា លក្ខខណ្ឌរបស់គណបក្សសង្គ្រោះជាតិ គឺនៅតែរក្សាជំហរដដែល ដូចដែលគណបក្សនេះបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកន្លងមកគឺគណបក្សសង្គ្រោះជាតិ អាចចរចាទៅបានទេ លុះត្រាណារដ្ឋាភិបាលដោះលែងមនុស្សទាំង ២៣នាក់ ដែលកំពុងជាប់ឃុំ រដ្ឋាភិបាលបើកការស៊ើបអង្កេតលើករណីបាញ់កម្មករ និងប្រជាពលរដ្ឋស្លាប់ ៤នាក់ កាលពីថ្ងៃទី៣ មករា និងបើស្ថានភាពដូចដើមវិញ ពោលគឺប្រជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពពេញលេញ ដើម្បីបញ្ចេញមតិ និងបាតុកម្មដូចដើម។
ទោះបីជានេះក្ដី អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ការចរចានេះគឺមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូប បានដើរតួសម្របសម្រួល និងយកលក្ខខណ្ឌរបស់គណបក្សសង្គ្រោះជាតិ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យមុននឹងឈានដល់ការចរចា។ លោក កែម ឡី បានឲ្យដឹងអំពីលក្ខខណ្ឌទាំងនោះដូច្នេះ៖ «សំឡេង»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបរាជ័យក្នុងការចរចា និងអូសបន្លាយពេលមកទល់ពេលនេះ បន្ទាប់ពីការជួបចរចាគ្នាចុងក្រោយ កាលពីថ្ងៃទី៥ វិច្ឆិកា។ គណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី៥ វិច្ឆិកា បន្ទាប់ពីការចរចាភ្លាមៗថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានបរាជ័យ ដោយសារភាគីគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធមិនទទួលយកនូវការស្រាវជ្រាវស្វែងរកការពិតពីភាពមិនប្រក្រតីដែលកើតមានក្នុងការបោះឆ្នោតនីតិកាលទី៥ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។
ក្រោយពីបានបរាជ័យលើការចរចាចុងក្រោយនេះ គណបក្សសង្គ្រោះជាតិ បានរៀបចំយុទ្ធសាស្ត្រធ្វើបាតុកម្មជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ធ្នូ ដល់ថ្ងៃទី៤ មករា ដែលជាថ្ងៃកងកម្លាំងរដ្ឋាភិបាលបានចុះទៅបង្ក្រាបបណ្ដេញបាតុករចេញពីទីលានប្រជាធិបតេយ្យតាមបញ្ជារបស់សាលារាជធានីភ្នំពេញ៕

3 comments:
Why the minister of information said
"if the proposed discussing is not not to difficult for the CPP ".
Even though the CRNP don't even know or propose the matter?
I though they are all have the highest degree of education.
ah ah prett reng kmean doeung khos hoeuy noeng trov ros chea monus tveur avey reng nis sam te slab.
លោក ខៀវ កាញារីទ្ធ is a traitor.
True Khmer
Post a Comment