A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 December 2013

A police officer denies he plans to assassinate deputy opposition leader Kem Sokha ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ម្នាក់​បដិសេធ​ព័ត៌មាន​គំរាម​សម្លាប់​លោក កឹម សុខា

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រង​ការ​គំរាម​បាញ់​សម្លាប់។ ព័ត៌មាន​ស្ដីពី​ការ​បាញ់​សម្លាប់​នេះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទម្លាយ​ជា​សាធារណៈ ក្រោយ​ពី​រក​ឃើញ​គម្រោង​ធ្វើ​ឃាត​នេះ​បាន​បង្ហោះ​ដោយ​ចំហ តាម​គណនី​ហ្វេសប៊ុក (Account Facebook) របស់​ឈ្មោះ ផែង វណ្ណៈ។ ប៉ុន្តែ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បាន​បដិសេធ​នឹង​ព័ត៌មាន​ចុះ​ផ្សាយ​នេះ ដោយ​សំអាង​ថា គឺ​ជា​ចេតនា​របស់​ជន​ទី​បី ដែល​ទម្លាក់​កំហុស​ប្រឆាំង​រូប​លោក​ប៉ុណ្ណោះ។
ដោយ ម៉ម មុនីរតន៍ 2013-12-05
កាំភ្លើង ៦១០
៥-ធ្នូ-២០១៣៖ រូបភាព​កាំភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់ ៧​គ្រាប់ ព្រម​ទាំង​រៀប​រាប់​ការ​គំរាម​បាញ់​សម្លាប់ លោក កឹម សុខា នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ម្ចាស់​គណនី​ឈ្មោះ ផែង វណ្ណៈ។
Screenshot
នៅ​ពេល​គេ​បើក​មើល​ក្នុង​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ គេ​នឹង​ឃើញ​រូប​ថត​កាំភ្លើង​ខ្លី​មួយ​ដើម និង​គ្រាប់​ចំនួន ៧​គ្រាប់ បញ្ឈរ​នៅ​ក្បែរ​នោះ​ដែរ។ ក្នុង​គណនី​នោះ បាន​រៀប​រាប់​ថា ទុក ៧​គ្រាប់​ឲ្យ កឹម សុខា។ គ្រាប់​ទី​១ បាញ់​ដៃ​ឆ្វេង គ្រាប់​ទី​២ បាញ់​យក​ដៃ​ស្ដាំ គ្រាប់​ទី​៣ បាញ់​ជើង​ឆ្វេង គ្រាប់​ទី​៤ បាញ់​ជើង​ស្ដាំ គ្រាប់​ទី​៥ បាញ់​ពោះ គ្រាប់​ទី​៦ បាញ់​បេះដូង និង​គ្រាប់​ទី​៧ បាញ់​ឲ្យ​ចំ​ក្បាល កឹម សុខា។
បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ក៏​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ បាន​ច្រាន​ចោល​ការ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ថា អ្វី​ដែល​មាន​នៅ​ក្នុង​គណនី​របស់​លោក​នេះ គឺ​ពុំ​មែន​ជា​របស់​លោក​ឡើយ។ លោក ផែង វណ្ណៈ ដែល​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ពី​តួនាទី និង​ឋានៈ ប៉ុន្តែ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន ដូច​ជា​កាសែត រស្មី​កម្ពុជា និង​បណ្ដាញ​ផ្សព្វផ្សាយ​តាម​អនឡាញ (Online) ដទៃ​ទៀត បញ្ជាក់​ថា គឺ​ជា​អតីត​នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន ជា​មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ អះអាង​ថា លោក​កំពុង​សិក្សា​ពី​ផ្លូវ​ច្បាប់ និង​ស៊ើប​អង្កេត​រក​មុខ​សញ្ញា​ឲ្យ​បាន​ពិត​ប្រាកដ ដើម្បី​តតាំង​ចំពោះ​បញ្ហា​នេះ ប្រឆាំង​នឹង​ការ​លាប​ពណ៌​បែប​នេះ។
«សំឡេង»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ពី លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ។

ក៏ប៉ុន្តែ កូនស្រី​របស់ លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ថ្លែង​ថា នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ​ចំពោះ​ការ​គំរាម​សម្លាប់​ប្រឆាំង លោក កឹម សុខា។ ប៉ុន្តែ អ្វី​ដែល​សំខាន់ គឺ​ថា​នៅ​ពេល​នេះ ដោយសារ​ជាប់​គាំង​ផ្នែក​នយោបាយ។ ស្រប​ពេល​នេះ សញ្ញា​នៃ​ការ​គំរាម​កំហែង និង​ប្រមាថ​អាយុ​ជីវិត​នេះ បាន​កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត។
«សំឡេង»
ចំណែក​ក្រមព្រហ្មទណ្ឌ​មាត្រា​២៣៣ ចែង​ថា ការ​គំរាម​កំហែង​ថា​នឹង​សម្លាប់​ម្ដង​ហើយ​ម្ដង​ទៀត សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វី​មួយ ជន​នោះ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន ទៅ ៤​លាន​រៀល។
យ៉ាង​ណា​ក៏ដោយ​ចុះ លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ថា ផ្អែក​តាម​គោលការណ៍​ច្បាប់ ជន​ដែល​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស និង​ពុំ​មាន​ធាតុ​ផ្សំ​បទ​ល្មើស ពុំ​មាន​ទោស​ទេ។ ប៉ុន្តែ ក្នុង​ក្រមព្រហ្មទណ្ឌ​បាន​កំណត់​ថា ការ​គំរាម​សម្លាប់ គឺ​ជា​បទ​ល្មើស​ឧក្រិដ្ឋ។ បន្ថែម​លើ​នេះ បើ​សិន​សមត្ថកិច្ច​ដឹង​រឿង ហើយ​ឈាន​ដល់​ការ​ស៊ើប​អង្កេត ជន​នោះ​អាច​ត្រូវ​ជាប់​ចោទ​ពី​បទ​បរិហារ​បង្កាច់​កេរ្តិ៍។ ប៉ុន្តែ​ទិដ្ឋភាព​នេះ បើ​រក​ឃើញ​ថា លោក ផែង វណ្ណៈ ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សារ​គំរាម​ទេ នោះ​ពុំ​មាន​ទោសពៃរ៍​ឡើយ។
«សំឡេង»
លោក កឹម សុខា ធ្លាប់​បង្ហាញ​សារ​ជា​សាធារណៈ​ក្នុង​ពេល​កន្លង​ទៅ​ថា យ៉ាង​ហោច​ណាស់ ជីវិត​នយោបាយ​របស់​លោក​ត្រូវ​ឆ្លង​កាត់​ការ​គំរាម ការ​ចាប់​ដាក់​គុក និង​ការ​ប៉ុនប៉ង​សម្លាប់​ជាច្រើន​លើក​រួច​មក​ហើយ។ ជា​អាទិ៍ ឆ្នាំ​១៩៩៥ ការ​រក​ឃើញ​ពី​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល លោក​ត្រូវ​គំរាម​ចាប់​ខ្លួន។ ចំណែក​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ដែល​កាល​ណោះ​ជម្លោះ​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា លោក កឹម សុខា ក៏​ត្រូវ​រង​ការ​ចាប់​ខ្លួន​ពុំ​ដឹង​មូលហេតុ។ ម្ដង​ទៀត ឆ្នាំ​១៩៩៨ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាប់​ខ្លួន លោក កឹម សុខា ដែល​លោក​ប្រឆាំង​លទ្ធផល​ឆ្នោត។ ក្នុង​ឆ្នាំ​១៩៩៩ នៅ​ពេល​លោក​​រាយការណ៍​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទៅ យូ.អិន (UN) ត្រូវ​គំរាម​ចាប់​ខ្លួន​ជា​ថ្មី។ នៅ​មុន​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ឆ្នាំ​២០០២ មាន​ឡាន​បុក​ឡាន​របស់​លោក​នៅ​មុខ​ផ្ទះ ក្នុង​បំណង​សម្លាប់ និង​ឆ្នាំ​២០០៥ លោក កឹម សុខា ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល ១៧​ថ្ងៃ ដែល​កាល​ណោះ​មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ត្រូវ​ចាប់​ខ្លួន​ដែរ ក្រោយ​ពី​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​រក​ឃើញ​ថា លោក​រៀប​ចំ​ទិវា​សិទ្ធិ​មនុស្ស ១០ ធ្នូ ហើយ​មាន​កំហុស។ ដោយ​ឡែក​នៅ​មុន​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ចាប់​ផ្ដើម អតីត​ការិយាល័យ​កណ្ដាល​របស់​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ក្រោយ​មក​ក្លាយ​ជា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ក្នុង​ខណ្ឌ​ទួលគោក ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ប្រហារ ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​ស៊ើប​អង្កេត​នៅ​មិន​ទាន់​រក​ឃើញ​ជន​បង្ក​នៅ​ឡើយ។
លោក ញ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា នេះ គឺ​ជា​សញ្ញា​នៃ​ការ​គំរាម​ផ្នែក​នយោបាយ ដែល​គប្បី​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​រក​មុខ​សញ្ញា និង​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ចំពោះ​មន្ត្រី​មាន​អំណាច​ប្រព្រឹត្ត​បទ​ល្មើស ហើយ​រួច​ផុត​ពី​សំណាញ់​ច្បាប់។ លោក​គិត​ថា ការ​ប្ដឹង​ប្រឆាំង​បញ្ហា​នេះ​នៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ លោក កឹម សុខា ត្រឡប់​ពី​សហរដ្ឋ​អាមេរិក វិញ។
«សំឡេង»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ពី លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ភ្លាមៗ​ទេ ដោយ​ទូរស័ព្ទ​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។ ចំណែក លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន។
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ផែង វណ្ណៈ បញ្ជាក់​ថា សារ​គំរាម​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​នេះ មិន​ប្រាកដ​ថា​ជា​របស់​លោក​ឡើយ។ លោក​អះអាង​ថា ព្រោះ​បច្ចេកទេស​ទំនើប ហេតុ​នេះ​គេ​អាច​ចូល​បាន​គ្រប់​គណនី​ហ្វេសប៊ុក​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ មួយ​នេះ​បាន​ដោយ​ងាយ។
«សំឡេង»
យ៉ាង​ណា​ក៏ដោយ​ចុះ ពេល​នេះ​គណនី​ហ្វេកប៊ុក ឈ្មោះ ផែង វណ្ណៈ នេះ ពុំ​ឃើញ​រូប​ថត​កាំភ្លើង​ខ្លី និង​គ្រាប់​ចំនួន ៧​គ្រាប់​ទៀត​ទេ។ ប៉ុន្តែ​បាន​ជំនួស​ដោយ​អត្ថបទ​ដែល​បណ្ដាញ​សារព័ត៌មាន​និយាយ​ពី​សារ​គំរាម​ បាញ់​សម្លាប់​នេះ​ទៅ​វិញ។
ការ​គំរាម​បាញ់​សម្លាប់ លោក កឹម សុខា នេះ ធ្វើ​ឡើង​នៅ​មុន​ការ​មក​ដល់​របស់ លោក កឹម សុខា ពី​សហរដ្ឋ​អាមេរិក វិញ និង​នៅ​គ្រា​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​បាតុកម្ម​អហិង្សា​បន្ត​នៅ​ថ្ងៃ​ទី​១០ ធ្នូ ខាង​មុខ និង​រៀង​រាល់​ថ្ងៃ​អាទិត្យ ថែម​ទៀត។
សារ​គំរាម​ថា​នឹង​សម្លាប់​នេះ ត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស កត់​សម្គាល់​ថា គឺ​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ពី​គ្រោះថ្នាក់​ដែល​គប្បី​ប្រុង​ប្រយ័ត្ន។ មាន​សារ​ជាច្រើន​ណាស់ ដែល​ត្រូវ​ជន​អនាមិក​ផ្ញើ​មក​ជន​រងគ្រោះ​មុន​ការ​សម្លាប់ ដូច​ជា​ទៅ​លើ​មន្ត្រី​សហជីព អ្នក​កាសែត ក្រុម​អ្នក​តស៊ូ​មតិ និង​បក្ស​ប្រឆាំង​ដទៃ​ទៀត​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

Now people know who the killer is. Let bring this CPP thug to justice.

Anonymous said...

How people this murderer had killed.