A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 6 December 2013

The death of an opposition deputy district governor in Chaktomouk distirct could be a murder បក្ស​ប្រឆាំង​សង្ស័យ​ការ​ស្លាប់​របស់​ចៅ​សង្កាត់​រង​ទី​២​ចតុមុខ​ជា​ការ​ធ្វើ​ឃាត


ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ មក​ពី​គណបក្ស សម រង្ស៊ី សម្រេច​ធ្វើ​អត្តឃាត​ខ្លួន​ឯង និង​កូនៗ​កាល​ពី​វេលា​ម៉ោង ២ និង ៣០​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ បន្ទាប់​ពី​មាន​វិបត្តិ​ក្នុង​គ្រួសារ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​គណៈកម្មការ​ថ្នាក់​មូលដ្ឋាន​មួយ ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ បន្ទាប់​ពី​សង្ស័យ​ថា អាច​មាន​ការ​ធ្វើ​ឃាត​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង។
ដោយ ទេព សុរ៉ាវី
2013-12-05

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​ចតុមុខ មក​ពី​គណបក្ស សម រង្ស៊ី គឺ​អ្នកស្រី យន សុនីតា អាយុ ៣៨​ឆ្នាំ បាន​យក​កាំបិត​ចិត្ត​បន្លែ ចាក់​សម្លាប់​កូន​ប្រុស និង​កូន​ស្រី​របស់​ខ្លួន មុន​នឹង​យក​កាំបិត​ដដែល​នោះ​ចាក់​សម្លាប់​ខ្លួន​ឯង។
នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចតុមុខ លោក ជួន ចិត្ត មាន​ប្រសាសន៍​ថា ចៅ​សង្កាត់​រង​ទី​២ រូប​នោះ បាន​ចាក់​សម្លាប់​កូន​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង ក្នុង​សង្កាត់​ចតុមុខ។
ប្រភព​ពី​សមត្ថកិច្ច​ខ្លះ​បញ្ជាក់​ថា ក្មេង​ប្រុស​អាយុ ៦​ឆ្នាំ​ម្នាក់​ជា​កូន​ពៅ បាន​ស្លាប់​បន្ទាប់​ពី​ម្តាយ​ចាក់​សម្លាប់​ជាច្រើន​កំាបិត។ រីឯ​កូន​ស្រី​ម្នាក់​ទៀត​អាយុ ១៧​ឆ្នាំ ដែរ ត្រូវ​ចាក់ ៣​កាំបិត​ត្រង់​ពោះ ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេល ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។
ជំហាន​ដំបូង សមត្ថកិច្ច​សង្ស័យ​ថា​ចៅ​សង្កាត់​រង​រូប​នោះ អាច​ជំពាក់​បំណុល​គេ​ច្រើន និង​មាន​ជំងឺ​ប្រចាំ​កាយ ទើប​ឈាន​ទៅ​ជ្រើស​រើស​វិធី​សម្លាប់​ខ្លួន និង​កូនៗ​តែ​ម្តង។
លោក ជួន ចិត្ត បញ្ជាក់​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​រក​មូលហេតុ​ពិត ដែល​ធ្វើ​ឲ្យ​ម្តាយ​រូប​នេះ​ចាក់​សម្លាប់​កូន​ទាំង​ពីរ​នៅ​ឡើយ​ទេ។ តែ​ថា ចៅ​សង្កាត់​រង​រូប​នោះ បាន​ចាក់​សម្លាប់​ខ្លួន​ឯង​ស្លាប់​តាម​ក្រោយ បន្ទាប់​ពី​ចាក់​កូន​ទាំង​ពីរ​រួច៖ «អត់​ទាន់​ដឹង​ថា​សន្និដ្ឋាន​ថា​ម៉េច ​ទេ ឥឡូវ​កំពុង​ប្រមូល​សាក្សី និង​ភស្តុតាង​ខ្លះ​មិន​ទាន់​ច្បាស់ ព្រោះ​ចាក់​ទាំង​កូន កូន​របួស​នៅ​ពេទ្យ​ផង កូន​ស្លាប់​ផង និង​ស្លាប់​ខ្លួន​ឯង​ផង»
ចៅ​សង្កាត់​ចតុមុខ លោក អ៊ុន សំអាង មាន​ប្រសាសន៍​ថា អ្នកស្រី យន សុនីតា ជា​ស្ត្រី​រួស​រាយ​រាក់​ទាក់​នៅ​កន្លែង​ធ្វើ​ការ និង​ជា​មនុស្ស​មិន​ប្រកាន់​និន្នាការ​នយោបាយ​នៅ​ពេល​ធ្វើ​ការ​ទេ។ តែ​ជាង ២​សប្ដាហ៍​មុន​នេះ អ្នកស្រី​តែង​សុំ​ច្បាប់​ញឹកញាប់ ដោយ​ប្រាប់​ថា​មិន​សូវ​ស្រួល​ខ្លួន ហើយ​លោក​សង្កេត​ឃើញ​អ្នកស្រី​ចុះ​ស្គម​យ៉ាង​ខ្លាំង។
ចៅ​សង្កាត់​រូប​នេះ​បញ្ជាក់​ថា គាត់​មិន​ដឹង​ថា​អ្នកស្រី សុនីតា មាន​វិបត្តិ​អ្វី​ធ្ងន់ធ្ងរ រហូត​ដាច់​ចិត្ត​សម្លាប់​កូន និង​សម្លាប់​ខ្លួន​ឯង​នោះ​ទេ៖ «និយាយ​មិន​ស្ដាយ​ម៉េច មនុស្ស​យើង​ដូច​គ្នា ធ្លាប់​ឃើញ​មុខ​គ្នា​រាល់​ថ្ងៃ ស្លាប់​អ៊ីចឹង យើង​មាន​ការ​អាណិត ព្រោះ​គាត់​ជា​មនុស្ស​ស្រួល​ធ្វើ​ការ​ជាមួយ»

ភ្លាមៗ​ក្រោយ​ការ​ស្លាប់​ចៅ​សង្កាត់​រង​ទី​២ មក​ពី​គណបក្ស សម រង្ស៊ី មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សង្ស័យ​ថា អាច​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ឬ​មាន​ការ​ធ្វើ​ឃាត​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​នេះ។
ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខណ្ឌ​ដូនពេញ លោក ម៉ា ចិន្តា មាន​ប្រសាសន៍​ថា ក្រុម​ការងារ​លោក​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​នៅ​ថ្នាក់​តំបន់ ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ ថា​ជា​ការ​ធ្វើ​អត្តឃាត ឬ​ជា​អំពើ​ឃាតកម្ម៖ «ត្រូវ ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ស៊ើប​អង្កេត​មើល​ថា គាត់​ហ្នឹង​ធ្វើ​ឃាត​ពិត​មែន ឬ​ក៏​មាន​ឃាតក​ផ្សេង​ដែល​មាន​គំនុំ​ខាង​នយោបាយ ឬ​គំនុំ​ខាង​អ្វី​មួយ ធ្វើ​ឃាត​គាត់»
ប្រធាន​យុវជន​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ត​ថា ក្រុម​យុវជន​របស់​ខ្លួន​ក៏​ត្រៀម​ផ្តល់​ឈាម​សង្គ្រោះ​បន្ទាន់​ដល់​កូន​ស្រី​ របស់ អ្នកស្រី យន សុនីតា ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ ចំណែក​សព​អ្នកស្រី និង​កូន​ប្រុស​ដែល​ស្លាប់ កំពុង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​មួយ​នៅ​ពោធិ៍ចិនតុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: