A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 November 2013

The family of the woman shot dead in Meanchey district calls for justice គ្រួសារ​ស្ត្រី​អ្នក​លក់​បាយ​ស្លាប់​នៅ​ស្ទឹងមានជ័យ​ទាមទារ​រក​យុត្តិធម៌


នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ គឺ​ជា​ថ្ងៃ​បូជា​សព​របស់​ស្ត្រី​វ័យ ៥០​ឆ្នាំ​ម្នាក់ ដែល​គាត់​ជា​អ្នក​លក់​បាយ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL)។ កម្មករ​កម្មការិនី​រោងចក្រ​នេះ​ប្រមាណ ២០០​នាក់ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង បាន​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​នោះ។
សព​ស្ត្រី​ស្លាប់​នៅ​ស្ទឹងមានជ័យ ៦១០
១៤-វិច្ឆិកា-២០១៣៖ ក្រុម​គ្រួសារ​សព​ស្ត្រី​អ្នក​លក់​បាយ​ក្បែរ​ស្ពាន​ស្ទឹងមានជ័យ ដែល​បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្នុង​ពិធី​បូជា​សព នា​វត្ត​សំបួរមាស។
RFA/Khe Sonorng
ពួកគេ​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ស្ត្រី​រូប​នេះ ព្រោះ​គាត់​ជា​ជំហរ​ក្នុង​ការ​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ដែល​មិន​បាន​ដឹង​រឿង​អ្វី​សោះ ហើយ​បាន​បាត់​បង់​ជីវិត​ដូច្នេះ។
«សំឡេង​គ្រួសារ​សព​ស្រែក​យំ​ទាមទារ​យុត្តិធម៌»
ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​សព អ្នកស្រី អេង សុខុម បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​វែក​មុខ​ជន​ដៃ​ដល់​ដែល​បាន​បាញ់​សម្លាប់​ភរិយា និង​ម្ដាយ​របស់​ពួក​គេ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល ដែល​ប៉ុនប៉ង​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុង​សម្លៀកបំពាក់​អាវ​ស​ដៃ​វែង និង​រុំ​ដោយ​ក្រណាត់​ស​ស្លៀក​ជា​សំពត់ លោក ង៉ែត វង្ស អាយុ ៥៦​ឆ្នាំ ជា​ស្វាមី អ្នកស្រី អេង សុខុម រស់​នៅ​ភូមិ​ភ្នៀត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បាន​សម្លឹង​មើល​ផ្សែង​ចេញ​ពី​បច្ឆា​ដែល​កំពុង​បូជា​សព​ភរិយា​របស់​លោក។ លោក ង៉ែត វង្ស ដែល​មាន​រាង​ស្គម ទឹក​មុខ​ក្រៀមក្រំ បាន​ថ្លែង​ថា នៅ​ពេល​នេះ គ្មាន​អ្វី​ស្ដារ​ជីវិត​ភរិយា​របស់​លោក​ឲ្យ​រស់​វិញ​បាន​ទេ។ ប៉ុន្តែ លោក​គ្រាន់​តែ​ចង់​ឲ្យ​ភរិយា​របស់​គាត់​បាន​ទទួល​យុត្តិធម៌​តែ​ប៉ុណ្ណោះ។
កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា សមត្ថកិច្ច​រាប់​រយ​នាក់​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដំបង​ឆក់ និង​បាញ់​រះ​កាំភ្លើង​គ្រាប់​ពិត ដើម្បី​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល ដែល​បាន​នាំ​គ្នា​ហែ​ក្បួន​ចេញ​ពី​រោងចក្រ ស្ថិត​នៅ​សង្កាត់​ស្ទឹងមានជ័យ ឆ្ពោះ​ទៅ​វិមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ទាមទារ​ឲ្យ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ឲ្យ​អនុវត្ត​តាម​កិច្ច​សន្យា​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លង​មក។ កម្មករ និង​ពលរដ្ឋ បាន​ប្រើ​ដុំ​ថ្ម​គប់​ទៅ​លើ​សមត្ថកិច្ច និង​បាន​ដុត​រថយន្ត​របស់​ប៉ូលិស ១​គ្រឿង ម៉ូតូ ២​គ្រឿង។ ហើយ​នៅ​ពេល​ប៉ះទង្គិច​នោះ បណ្ដាល​ឲ្យ​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់ ឈ្មោះ អេង សុខុម អាយុ ៤៩​ឆ្នាំ ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ដោះ​ស្លាប់ រីឯ​មនុស្ស​ជិត ១០​នាក់ រង​របួស​ដោយ​គ្រាប់​កាំភ្លើង។ គ្រា​នោះ ក៏​មាន​ការ​ចាប់​មនុស្ស និង​ព្រះសង្ឃ ៣៨​នាក់​និង​អង្គ។
កញ្ញា វង្ស វរលក្ខណ៍ អាយុ ២៣​ឆ្នាំ ជា​កូន​ស្រី​របស់​ស្ត្រី​រងគ្រោះ បាន​រៀប​រាប់​ថា នាង​មាន​បង​ប្អូន ៣​នាក់។ នាង​បាន​រៀន​ចប់​មហាវិទ្យាល័យ​ផ្នែក​គណនេយ្យ រយៈពេល ២​ឆ្នាំ​ហើយ ប៉ុន្តែ​នាង​ពុំ​មាន​ការងារ​ធ្វើ​ទេ ដោយ​នាង​រវល់​ជួយ​លក់​បាយ និង​បើក​តូប​លក់​កាសែត​សៀវភៅ​នៅ​ក្បែរ​តូប​លក់​បាយ​របស់​ម្ដាយ​យក​ប្រាក់​មក​ទប់ទល់​ជីវភាព​គ្រួសារ។ នាង​អះអាង​ថា ម្ដាយ​នាង​គឺ​ជា​ជន​សាមញ្ញ មិន​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ ឬ​ចូល​រួម​បាតុកម្ម​នោះ​ទេ។

វរលក្ខណ៍ បន្ត​ថា បញ្ហា​បាន​តាម​លង​បន្លាច​គ្រួសារ​នាង​ជាប់​ឥត​ដាច់។ អ្វី​ដែល​នាង​ទាល់ច្រក​នៅ​ពេល​នេះ គឺ​ផ្ទះ​ឈើ​ដែល​ជា​ជម្រក​តែ​១​គត់​របស់​នាង ទំហំ ៧​ម៉ែត្រ​គុណ​នឹង ១១​ម៉ែត្រ នឹង​ត្រូវ​ប្រឈម​ការ​រឹបអូស​យក​ពី​ធនាគារ ដោយសារ​តែ​បច្ចុប្បន្ន​គ្រួសារ​នាង​ជំពាក់​បំណុល​ធនាគារ​ជិត ២​ម៉ឺន​ដុល្លារ។ ក្ដី​រំពឹង​របស់​នាង គឺ​ម្ដាយ​ជា​ជំហរ​ក្នុង​មុខ​របរ​នេះ​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។
ចំពោះ​ការ​ស្លាប់ អ្នកស្រី អេង សុខុម ក្រុម​គ្រួសារ​នេះ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ជួយ​ឧបត្ថម្ភ​សម្រាប់​ធ្វើ​បុណ្យ​ចំនួន ៥​លាន​រៀល។ ចំណែក​មន្ត្រី​ខណ្ឌ និង​សង្កាត់ ក៏​បាន​ចូល​បុណ្យ​ជាង ១០​ម៉ឺន​រៀល និង​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ពួក​គេ​ដែរ។ លោក ង៉ែត វង្ស ស្វាមី​ស្ត្រី​រងគ្រោះ​បាន​ថ្លែង​ថា ថ្វី​ត្បិត​តែ​មាន​ការ​ជួយ​ចូល​បុណ្យ និង​រំលែក​ទុក្ខ​យ៉ាង​ណា​ក្ដី តែ​គ្រួសារ​គាត់​នៅ​ពុំ​ទាន់​មាន​ភាព​កក់​ក្ដៅ​នៅ​ឡើយ​ទេ។
សាច់​ញត្តិ​របស់​ស្ត្រី​រងគ្រោះ គឺ​អ្នកស្រី រឿង ចាន់ថន បាន​ថ្លែង​ថា ភាព​កក់​ក្ដៅ គឺ​យុត្តិធម៌​សម្រាប់​គ្រួសារ​នេះ។
អ្នកស្រី នាង ឥដ្ឋ អាយុ ៥៣​ឆ្នាំ ជា​កម្មករ​រោងចក្រ អែស.អិល ដែល​បាន​ទៅ​ចូល​រួម​ពិធី​បូជា​សព​នោះ ក៏​បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​នេះ។ អ្នកស្រី​បាន​បួង​សួង​ឲ្យ​រក​ឃាតក​ឃើញ​ឆាប់ៗ។
យ៉ាង​ណា​ក៏ដោយ បញ្ហា​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ចាន់ថារិទ្ធិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ការ​ផ្ទុះ​អាវុធ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ គឺ​មិន​មែន​ជា​សមត្ថកិច្ច​ជា​អ្នក​បង្ក​ឡើង​ទេ គឺ​អាច​មាន​ជន​ទី​បី​បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ។ តែ​លោក​អះអាង​ថា គណៈកម្មការ​ស៊ើប​អង្កេត​នឹង​ស្វែង​រក​ឃាតក​ពិត​ចំពោះ​ករណី​បាញ់​ប្រហារ​នេះ។
ប៉ុន្តែ ការ​អះអាង​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ច្រាន​ចោល។ លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (Licadho) ដែល​បាន​ឃ្លាំ​មើល​ព្រឹត្តិការណ៍​នេះ មាន​មតិ​ថា នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​សមត្ថកិច្ច​តែង​បដិសេធ​ដូច្នេះ។ លោក​ថា នេះ​ជា​ការ​ដោះសា​យក​រួច​ខ្លួន ដាច់​ខាត​ត្រូវ​តែ​មាន​គណៈកម្មការ​ឯករាជ្យ​មួយ​ស្វែង​រក​ការ​ពិត រក​ឲ្យ​ឃើញ​អ្នក​បាញ់​ប្រហារ និង​អ្នក​បញ្ជា​ឲ្យ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ ដើម្បី​ជា​គំរូ​កុំ​ឲ្យ​ប្រើ​ហិង្សា​របៀប​នេះ​ត​ទៅ​ទៀត និង​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។
ករណី​នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ការ​ប្រើប្រាស់​អាវុធ​របស់​សមត្ថកិច្ច​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្លាប់​មាន​ជា​អាទិ៍ ការ​បង្ក្រាប​ពលរដ្ឋ​ដែល​ចោទ​ថា​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី ហេង ចន្ថា ស្លាប់។ ការ​ប៉ះ​ទង្គិច​នៅ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់ នៅ​ថ្ងៃ​មហា​បាតុកម្ម​របស់​បក្ស​ប្រឆាំង បាន​ធ្វើ​ឲ្យ​បុរស​ឈ្មោះ ម៉ៅ សុខចាន់ ស្លាប់ និង​កម្មការិនី ៣​នាក់ នៅ​រោងចក្រ​កៅវ៉េ (Kaoway) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ។ ករណី​ទាំង​នេះ នៅ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: