A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 29 October 2013

The CPP is ready to restart the negotiation with the CNRP, CPP ត្រៀម​ខ្លួន​ចរចា​ទ្បើង​វិញ​ជាមួយ CNRP​

ដោយ៖​ តាំង វីដា និងដួង សុខា​ | ថ្ងៃចន្ទ ទី28 ខែតុលា ឆ្នាំ2013, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោក ស ខេង ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​VOD​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​នេះ ត្រៀម​ខ្លួន​រួចជាស្រេច សម្រាប់​កិច្ចចរចា​ទ្វេភាគី​លើក​ទី​៣ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ ​ដែល​នៅ​សេសសល់​ ក្រោយ​ការបោះឆ្នោត​នៅ​កម្ពុជា។​
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន ប្រសាសន៍ថា ​គណបក្ស​ប្រជាជន​កម្ពុជា ឈរលើ​គោល​ការណ៍​​លទ្​ធិប្រជាធិបតេយ្យ គោរព​​តាម​​ឆន្ទៈ​​ប្រជាពលរដ្ឋ ដើម្បី​ចរចា​ជាថ្មី ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​ការជំរុញ​របស់​សហគមន៍​បរទេស​។ លោក បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា បានបញ្ចប់ ដោយ​មាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ហេតុដូចនេះ កិច្ចចរចា​រវាង​គណ​បក្ស​ទាំងពីរ ត្រូវ​ធ្វើ​ទ្បើង​វិញ ដើម្បី​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ​៖ "យើង​នៅ​សល់​បញ្ហា​តិច​តួច​ហ្នឹង យើង​ដោះ​ស្រាយ​តាម​គោល​ការណ៍​ហ្នឹង​​ទៅ ហើយ​បើ​សិន​ណា​ជា​យើង យើង​ថា​យើង​ជា​អ្នក​ប្រជា​ធិប​តេយ្យ​ ហើយ​មិន​គោរព​ប្រជា​ធិប​តេយ្យ​ មិន​ដឹង​ធ្វើ​ម៉េច។ ខ្ញុំ​ក៏​មិន​ដឹង​ថា មាន​យោបល់​ថា​ម៉េច​កើត។ ពួក​គាត់​ហ្នឹង គាត់​ទៅ​ពឹង​ពាក់​ដើម្បី​ឲ្យ​គេ​ជួយ​អន្ដរា​គមន៍ គេ​ក៏​ផ្ដល់​យោបល់​មក​ថា ឲ្យ​ចរចា​គ្នា​ទៅ សូម្បី​តែ​សហរដ្ឋ​អាមេរិក​ ក៏​គេ​អំពាវ​នាវ​ឲ្យ​មាន​ការ​ចរចា​គ្នា​ដែរ អញ្ចឹង​បើ​គាត់​មិន​ងាក​មក​ហ្នឹង គាត់​គិត​តែ​ធ្វើ​បាតុ​កម្ម​ វា​រំខាន​ប្រជា​ពលរដ្ឋ​រំខាន​អី ខ្ញុំ​មិន​ហ៊ាន​ថា ព្រោះ​អាហ្នឹង​ជា​សិទ្ធិ​បញ្ចេញ​មតិ​"។
​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យដឹងថា គណបក្ស​នឹង​មិន​ចូលរួម​ចរចា​​ជា​ថ្មី​ឡើយ ប្រសិនបើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​មិន​ទាន់​​ត្រូវ​បាន​​ដោះ​ស្រាយ​។ លោក​បញ្ជាក់ថា ក្រោយ​មហា​បាតុកម្ម​លើក​ទី​៣ គណបក្ស​សង្គ្រោះ​​ជាតិ​​នឹង​បន្ត​​យន្តការ​​ស្វែង​រក​អន្តរាគមន៍​ពី​បរទេស តាម​រយៈ​​ការ​ប្រមូល​​ស្នាម​​មេដៃ​​ប្រជាពលរដ្ឋ​ឲ្យបាន​​ច្រើន ដើម្បី​ជំ​រុញ​​ឲ្យ​រដ្ឋាភិបាល​​កម្ពុជា ទទួល​ស្គាល់​​ឆន្ទៈ​​ប្រជា​ពលរដ្ឋ​ ៖ "យើង​នឹង​បន្ដ​ធ្វើការ​តស៊ូ​តាម​រយៈ​ការ​តស៊ូ​មតិ ដូច​បន្ដ​ធ្វើ​ញត្ដិ​អី​ជាដើម​ណាស់ ដូច​ការ​បន្ដ​ធ្វើ​ញត្ដិ​បន្ថែម​ទៀត​ ឲ្យ​លើស​៣លាន​កន្លះ​ទៅ យើង​នឹង​​​ទៅ​ធ្វើ​ការ​ងារ​ការ​ទូត​បន្ថែម ហើយ​នឹង​ធ្វើការ​ងារ​ជាមួយ​មហា​ជន ដូច​ដែល​យើង​ធ្លាប់​ធ្វើ​អញ្ចឹង​ ព្រោះវា​អត់​ទាន់​ដល់​កម្រិត​ យើង​នឹង​ធ្វើ​បន្ដ​ទៀត​"។
ក្រោយ​មហា​បាតុកម្ម​លើក​ទី​៣ ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៥ ខែតុលា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាងថា គណបក្ស​ឈប់​និយាយ​ពី​ការ​ចរចា​​រក​​តំណែង​ក្នុង​រដ្ឋសភា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​។ ប៉ុន្តែ​លោក​ក៏​មិន​ច្រានចោល​​នូវ​កិច្ចចរចា​​នយោបាយ​ណាមួយ​ទ្បើយ ប្រសិន​បើ​​ការ​ចរចា​នោះ​ធ្វើ​ទ្បើង​ប្រកបដោយ​​តម្លាភាព ពោល​​គឺ​ត្រូវ​ចាក់​ផ្សាយ​ជូន​ពលរដ្ឋ​ឲ្យបាន​ដឹង​។​
​អ្នកវិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច យល់ថា បញ្ហា​ដែល​ជាប់គាំង​នៅពេលនេះ គឺ​ដោយសារតែ​ដំណោះស្រាយ ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ច​ចរចា រវាង​ថ្នាក់ដឹកនាំ​គណបក្ស ទាំង​ពីរ​កន្លងមក មិន​មាន​​លទ្ធផល តាម​ការ​ចង់​បាន​​រៀងៗ​​ខ្លួន ​៖ "គណបក្ស​ប្រជាជន​បាន​បើ​ចំហរ​ អញ្ចឹង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មែន​ថា ដាក់​មួយ​ហើយ មួយ​មិន​បាន មិន​តែ​ប្រកាន់​ជំហរ​មួយ​ហ្នឹងទេ​ អាហ្នឹង​មិន​មែន​​នយោបាយ​ទេ ត្រូវ​តែ​មាន​ការ​ប្រែ​ប្រួល បើ​សិន​ជា​ទទួល​ផល​ប្រយោជន៍​ណាមួយ សម្រាប់​សង្គម និង​សម្រាប់​ប្រទេស​ជាតិ យើង​ធ្វើ​ដើម្បី​អី ធ្វើ​ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន ចុះ​បើ​សិន​យើង​ឃើញ​មាន​ការ​រីក​ចម្រើន​ដែរ បើ​ជា​គ្មាន​​ការ​ប្រែ​ប្រួល អាហ្នឹង​យើង​អត់​អាច​ធ្វើ​បាន​ទេ ដើម្បី​ជៀស​វាង​បាត់​បង់​ការ​គាំទ្រ អាណត្ដិ​បន្ដៗ​ទៀត​បាទ" ។

​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែតុលា គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ញត្ដិ​ដែល​មាន​ស្នាម​មេដៃ ពលរដ្ឋ​ជាង​២​លាន​នាក់​នោះ ទៅ​កាន់​ការិយាល័យ​ឧត្តម​ស្នង​កា​រ​អង្គការសហប្រ​ជាជាតិទ​ទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅតាម​ស្ថានទូត​ប្រទេស​មហាអំណាច និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​​​​សន្តិភាព​ទីក្រុង​ប៉ារីស​មួយចំនួន​។ ប្រទេស​ទាំងនោះ រួម​មាន​ បារាំង អង់គ្លេស ​សហរដ្ឋអាមេរិក អូស្ត្រាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន​។ ក្រោយ​​​ការដាក់​ញត្តិ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ក្តីសង្ឃឹម​ថា ប្រទេស​មហាអំណាច​ទាំងនេះ នឹង​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ដល់​ម្ចាស់​​​ឆ្នោត និង​នាំ​លទ្ធិ​ប្រជាធិបតេយ្យ​មក​កម្ពុជា​៕
សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

No comments: