ដោយ៖ ដួង សុខា | ថ្ងៃសុក្រ ទី25 ខែតុលា ឆ្នាំ2013, Listen to audio at VOD.
ស្តាប់សំឡេង៖ | ចម្លងទុក |

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី យល់ថា បាតុកម្មលើកទី៣ ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែតុលានេះ ប្រព្រឹត្តទៅបានល្អ និងដោយអហិង្សា។ លោក បញ្ជាក់ថា គណបក្សនៅតែបន្តទាមទារឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។ លោក ក៏អះអាងដែរថា គណបក្សឈប់និយាយពីការចរចារកតំណែងនៅរដ្ឋសភាជាមួយគណបក្សប្រជាជានកម្ពុជាហើយ។ ប៉ុន្តែ លោកមិនច្រានចោលនូវកិច្ចសន្ទនានយោបាយណាមួយជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទ្បើយ ប្រសិនបើការចរចានោះធ្វើទ្បើងប្រកបដោយតម្លាភាព គឺត្រូវចាក់ផ្សាយជូនពលរដ្ឋឲ្យបានដឹង។
វីអូឌី៖ ឯកឧត្តមសង្កេតឃើញដូចម្តេចចំពោះការប្រព្រឹត្តទៅនៃមហាបាតុកម្មលើកទី៣នេះ?
លោក សម រង្ស៊ី៖ [យើង]ឃើញថាដំណើរការបានល្អ។ អត់មានអំពើហិង្សាអ្វីទេ។ យើងបានប្រកាន់ក្រមសីលធម៌របស់យើងយ៉ាងខ្ជាប់ខ្ជួន។ យើងបានធានាការគោរពវិន័យ ក្នុងជួរគណបក្សសង្គ្រោះជាតិ។ ដូច្នេះ យើងបង្ហាញថា យើងអាចគ្រប់គ្រងសភាពការណ៍បាន១០០ភាគរយ។ ខាងអាជ្ញាធរ ខាងកម្លាំងប្រដាប់អាវុធ ដែលពីមុនធ្លាប់មានដាក់ប៉ូលិស ទាហានអីច្រើន [យើង]ឃើញថាសភាពការណ៍ធូរស្រាលជាងមុនឆ្ងាយណាស់។ [សភាពការណ៍]អត់មានភាពតឹងតែងដូចមុនទៀតទេបាទ។
វីអូឌី៖ ឯកឧត្តមសង្ឃឹមថា ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត និងអាចជំរុញឲ្យមេដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្នគោរពឲ្យបានពេញលេញកិច្ចព្រមព្រៀងនេះ។ មូលហេតុអ្វីឯកឧត្តមសំដែងក្តីសង្ឃឹមបែបនេះ?
លោក សម រង្ស៊ី៖ ពីព្រោះជាច្បាប់។ សន្ធិសញ្ញាអន្តរជាតិ ជាមូលដ្ឋាន ជាប្រភពមួយនៃច្បាប់អន្តរជាតិ។ ដូច្នេះ អ្នកណាក៏ត្រូវគោរពច្បាប់ដែរ។ ច្បាប់អន្តរជាតិធំជាងច្បាប់ជាតិទៅទៀត។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង មានសុពលភាព គឺមានកម្លាំងដូចច្បាប់អន្តរជាតិជាកំពូល។ គ្មានអ្នកណាអាចបំភ្លេចចោល ឬអាចរំលោភច្បាប់អន្តរជាតិនេះទេ។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសតម្រូវឲ្យប្រទេសដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង តាមដាន ឃ្លាំមើល ធានាដំណើរការប្រជាធិបតេយ្យនៃប្រទេសកម្ពុជា។ ឥទ្បូវ [យើង]ឃើញថា ដំណើរការប្រជាធិបតេយ្យនេះ ដូចជាក្រទ្បាប់ ដូចជាមិនបានគោរពត្រឹមត្រូវ។ ដូច្នេះ ប្រទេសជាហត្ថលេខីត្រូវជំរុញឲ្យដំណើរការប្រជាធិបតេយ្យនេះដំណើរការបានល្អទ្បើងវិញ។
វីអូឌី៖ មន្ត្រីស្ថានទូតបារាំងប្រាប់VODថាខ្លួនបានប្រាប់ទៅឯកឧត្តម និងឯកឧត្តម កឹម សុខា ពីក្តីសង្ឃឹមរបស់ខ្លួនចង់ឃើញកិច្ចសន្ទនានយោបាយទ្បើងវិញរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅរកការឯកភាពរួមគ្នា ក្នុងការធានាឲ្យមានដំណើរការល្អនៃស្ថាប័នរដ្ឋទាំងអស់។ តើឯកឧត្តមយល់យ៉ាងណាចំពោះការលើកទ្បើងនេះ?
លោក សម រង្ស៊ី៖ គឺមានតែផ្លូវជជែកគ្នាទេ ពីព្រោះយើងជៀសវាងការប៉ះទង្គិចគ្នា ធ្វើសង្គ្រាម ប្រើហិង្សា។ បើយើងជៀសវាងអំពើហិង្សាដាច់ខាត យើងនៅសល់ផ្លូវតែមួយគត់ គឺការជជែក ការចរចារកខុសរកត្រូវ ឈរលើមូលដ្ឋានច្បាប់ ច្បាប់ជាតិ ច្បាប់អន្តរជាតិ ឈរលើមូលដ្ឋានប្រជាធិបតេយ្យ។ យើងអត់មានជម្រើសអ្វីក្រៅពីការជជែកគ្នា ប្រកបដោយតម្លាភាព គឺឲ្យចាក់ផ្សាយជូនប្រជារាស្ត្របានដឹងឮទាំងស្រុងនូវអ្វីៗដែលយើងនិយាយទៅវិញទៅមក។
វីអូឌី៖ គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើបាតុកម្មអហិង្សា៣លើកមកហើយ ប៉ុន្តែនៅតែមិនអាចរកដំណោះស្រាយជូនពលរដ្ឋបាន។ ក្រៅពីមហាបាតុកម្ម តើគណបក្សមានយុទ្ធសាស្ត្រអ្វីទៀត ដើម្បីឲ្យការទាមទាររបស់ពលរដ្ឋទទួលបានជោគជ័យ?
លោក សម រង្ស៊ី៖ យើងបានជំរុញដំណោះស្រាយឲ្យកាន់តែច្បាស់ ពីព្រោះអ្វីៗមិនមែនងាយស្រួលធ្វើតែមួយថ្ងៃ ពីរថ្ងៃ បីថ្ងៃ បានសម្រេចភ្លាមទាំងស្រុងនោះទេ។ បាតុកម្មដែលយើងបានដឹកនាំ ប៉ុន្មានលើក ប៉ុន្មានសារចុងក្រោយនេះ ឃើញថា ឥទ្បូវនេះ សភាពការណ៍ល្អ អំណោយផល ពីព្រោះថា មានការបន្ទន់ឥរិយាបថ។ ពីមុន សភាពការណ៍តឹងតែងណាស់ មានកងប្រដាប់អាវុធ មានកាំភ្លើងជ្រោងច្រាង មានរហូតដល់រថពាសដែក។ [យើង] ឃើញមានលួសបន្លាដាក់គ្រប់ទីកន្លែង មិនឲ្យប្រជាពលរដ្ឋទៅណាមកណាបានងាយ។ ឥទ្បូវនេះ យើងឃើញថា បាតុកម្ម មានរាប់ម៉ឺននាក់ [ចូលរួម]។ យើងដើរតាមផ្លូវដោយសេរី ដោយសុវត្ថិភាព។ នេះជាជោគជ័យធំណាស់។ យើងលើកតម្កើងវប្បធម៌ប្រជាធិបតេយ្យ ឲ្យប្រជារាស្ត្រហ៊ានតវ៉ា ចេះតវ៉ា។ នេះជាវិភាគទាន ការរួមចំណែករបស់គណបក្សសង្គ្រោះជាតិ។ នេះជាការបើកផ្លូវទៅរកសិទ្ធិសេរីភាពកាន់តែទូលំទូលាយថែមទៀត។
វីអូឌី៖ ឯកឧត្តមអាចបកស្រាយថាតើក្រៅពីការទាមទារឲ្យមានការស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោតនៅកម្ពុជា គណបក្សមានជំហរបែបណាចំពោះតំណែងនៅរដ្ឋសភា រហូតមកដល់ពេលនេះ? គណបក្សលែងត្រូវការតំណែងនៅរដ្ឋសភា ឬយ៉ាងណា?
លោក សម រង្ស៊ី៖ យើងអត់និយាយពីរឿងតំណែង តួនាទីអី [យើង]ឈប់ហើយ។ ឥទ្បូវ មុនគេបង្អស់ កុំឲ្យមានការស្រពេចស្រពិល កុំឲ្យមានការបកស្រាយខុស កុំឲ្យមានការមួលបង្កាច់ យើងចង់សម្រេចបានតែយុត្តិធម៌ក្នុងការបោះឆ្នោត។ ដើម្បីស្វែងរកយុត្តិធម៌បាន [យើង]ត្រូវស្វែងរកការពិតជាមុនសិន។ អញ្ចឹងហើយ បានយើងស្នើ យើងគិតគូរគ្រប់រូបមន្តទាំងអស់ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ធ្វើម៉េចស្វែងរកការពិតជាមុន ដើម្បីឈានទៅរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
វីអូឌី៖ បន្ទាប់ពីមហាបាតុកម្មអហិង្សាលើកទី៣នេះ តើគណបក្សគ្រោងធ្វើអ្វីបន្តទៀត?
លោក សម រង្ស៊ី៖ [យើង]នឹងមានរៀបចំកម្មវិធីជាបន្តបន្ទាប់ អាស្រ័យលើសភាពការណ៍ អាស្រ័យលើលទ្ធផលដែលយើងទទួលបាន អាស្រ័យលើជំហរភាគីម្ខាងទៀត។ ដូច្នេះ យើងបត់បែរ។ ប៉ុន្តែ យើងមិនទន់ជ្រាយទេ។ យើងនៅតែប្រកាន់ជំហរដ៏រឹងមាំដដែល គឺជំហរស្វែងរកការពិត ដើម្បីផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕
សូមសរសេរមកកាន់ លោក ដួង សុខា តាមរយៈ duong.sokha@vodhotnews.com
1 comment:
សម រង្សី នឹង គឹម សុខា បានទិញ
វីឡា នឹង ឡាន ម្នាក់មួយនៅស្រុកខ្មែរ?
តោះលុយដែលទិញនោះជារបស់អ្នកណា?
ចូររាស្ត្រខ្មែរតាមអង្កេតជាប្រញ៉ាប់។
Post a Comment