A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 28 October 2013

បទសម្ភាសន៍​​ ​លោក សម រង្ស៊ី​៖ យើង​អត់​និយាយ​ពី​រឿង​តំណែង តួនាទី គឺ​ឈប់​ហើយ​​

ដោយ៖​ ដួង សុខា​ | ថ្ងៃសុក្រ ទី25 ខែតុលា ឆ្នាំ2013, Listen to audio at VOD.

ស្តាប់សំឡេង៖​

ចម្លងទុក
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី យល់ថា បាតុកម្ម​លើក​ទី​៣ ពី​ថ្ងៃ​ទី​២៣ ដល់​ ថ្ងៃ​ទី​២៥ ខែ​តុលា​នេះ ប្រព្រឹត្តទៅ​បាន​ល្អ និង​ដោយ​អហិង្សា​។ លោក បញ្ជាក់ថា គណបក្ស​នៅ​តែ​បន្ត​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ លោក ក៏​អះអាង​ដែរ​ថា គណបក្ស​ឈប់​និយាយ​ពី​ការចរចា​រក​តំណែង​នៅ​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជា​ជាន​កម្ពុជា​ហើយ​។ ប៉ុន្តែ លោក​មិន​ច្រានចោល​នូវ​កិច្ចសន្ទនា​នយោបាយ​ណាមួយ​​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទ្បើយ ប្រ​សិន​បើ​ការចរចា​នោះ​ធ្វើ​ទ្បើង​ប្រកបដោយ​តម្លាភាព គឺ​ត្រូវ​ចាក់​ផ្សាយ​ជូន​ពលរដ្ឋ​ឲ្យបាន​ដឹង​។​
​វី​អូ​ឌី​៖ ឯកឧត្តម​សង្កេតឃើញ​ដូចម្តេច​ចំពោះ​ការប្រព្រឹត្តទៅ​នៃ​មហា​បាតុកម្ម​លើក​ទី​៣​នេះ​?
​លោក សម រង្ស៊ី​៖ [​យើង​]​ឃើញ​ថា​ដំណើរការ​បាន​ល្អ​។ អត់​មាន​អំពើហិង្សា​អ្វី​ទេ​។ យើង​បាន​ប្រកាន់​ក្រម​សីលធម៌​របស់​យើង​យ៉ាង​ខ្ជាប់ខ្ជួន​។ យើង​បាន​ធានា​ការគោរព​វិន័យ ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ​។ ដូច្នេះ យើង​បង្ហាញថា ​យើង​អាច​គ្រប់គ្រង​សភាពការណ៍​បាន​១០០​ភាគរយ​។ ខាង​អាជ្ញាធរ ខាង​កម្លាំងប្រដាប់អាវុធ ដែល​ពីមុន​ធ្លាប់មាន​ដាក់​ប៉ូលិស ទាហាន​អី​ច្រើន [​យើង​]​ឃើញ​ថា​សភាពការណ៍​ធូរស្រាល​ជាង​មុន​ឆ្ងាយ​ណាស់​។ [​សភាពការណ៍​]​អត់​មាន​ភាព​តឹងតែង​ដូច​មុន​ទៀត​ទេ​បាទ​។​
​វី​អូ​ឌី​៖ ឯកឧត្តម​សង្ឃឹមថា ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​ជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ និង​អាច​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គោរព​ឲ្យបាន​ពេញលេញ​កិច្ចព្រមព្រៀង​នេះ​។ មូលហេតុ​អ្វី​ឯកឧត្តម​សំដែង​ក្តីសង្ឃឹម​បែបនេះ​?
​លោក សម រង្ស៊ី​៖ ពីព្រោះ​ជា​ច្បាប់​។ សន្ធិសញ្ញា​អន្តរជាតិ ជា​មូលដ្ឋាន ជា​ប្រភព​មួយ​នៃ​ច្បាប់​អន្តរជាតិ​។ ដូច្នេះ អ្នកណា​ក៏​ត្រូវ​គោរព​ច្បាប់​ដែរ​។ ច្បាប់​អន្តរជាតិ​ធំ​ជាង​ច្បាប់​ជាតិ​ទៅ​ទៀត​។ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង មាន​សុពលភាព គឺ​មាន​កម្លាំង​ដូច​ច្បាប់​អន្តរជាតិ​ជា​កំពូល​។ គ្មាន​អ្នកណា​អាច​បំភ្លេច​ចោល ឬ​អាច​រំលោភ​ច្បាប់​អន្តរជាតិ​នេះ​ទេ​។ កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​តម្រូវ​ឲ្យ​ប្រទេស​ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង តាមដាន ឃ្លាំមើល ធានា​ដំណើរការ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា​។ ឥ​ទ្បូ​វ [​យើង​]​ឃើញថា ដំណើរ​ការ​ប្រជាធិបតេយ្យ​នេះ ដូចជា​ក្រ​ទ្បាប់ ដូចជា​មិន​បាន​គោរព​ត្រឹមត្រូវ​។ ដូច្នេះ ប្រទេស​ជា​ហត្ថលេខី​ត្រូវ​ជំរុញ​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​នេះ​ដំណើរការ​បាន​ល្អ​ទ្បើង​វិញ​។​
​វី​អូ​ឌី​៖ មន្ត្រី​ស្ថានទូត​បារាំង​ប្រាប់​VOD​ថា​ខ្លួន​បាន​ប្រាប់​ទៅ​ឯកឧត្តម​ និង​ឯកឧត្តម កឹម សុខា ពី​ក្តីសង្ឃឹម​របស់​ខ្លួន​ចង់​ឃើញ​កិច្ចសន្ទនា​នយោបាយ​ទ្បើង​វិញ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឈាន​ទៅរក​ការឯកភាព​រួមគ្នា ក្នុង​ការធានា​ឲ្យមាន​ដំណើរ​ការ​ល្អ​នៃ​ស្ថាប័នរដ្ឋ​ទាំងអស់​។ តើ​ឯកឧត្តម​យល់​យ៉ាង​ណា​ចំពោះ​ការ​លើកទ្បើង​នេះ​?

​លោក សម រង្ស៊ី​៖ គឺមាន​តែ​ផ្លូវ​ជជែក​គ្នា​ទេ ពីព្រោះ​យើង​ជៀសវាង​ការប៉ះទង្គិច​គ្នា ធ្វើសង្គ្រាម ប្រើ​ហិង្សា​។ បើ​យើង​ជៀសវាង​អំពើហិង្សា​ដាច់ខាត យើង​នៅ​សល់​ផ្លូវ​តែ​មួយគត់ គឺ​ការជជែក ការចរចា​រកខុសរកត្រូវ ឈរ​លើ​មូលដ្ឋាន​ច្បាប់ ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ឈរ​លើ​មូលដ្ឋាន​ប្រជាធិបតេយ្យ​។ យើង​អត់​មាន​ជម្រើស​អ្វី​ក្រៅពី​ការជជែក​គ្នា ប្រកបដោយ​តម្លាភាព គឺ​ឲ្យ​ចាក់​ផ្សាយ​ជូន​ប្រជារាស្ត្រ​បាន​ដឹងឮ​ទាំងស្រុង​នូវ​អ្វីៗ​ដែល​យើង​និយាយ​ទៅវិញទៅមក​។​
​វី​អូ​ឌី​៖ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹកនាំ​ធ្វើ​បាតុកម្មអហិង្សា​៣​លើក​មក​ហើយ ប៉ុន្តែ​នៅតែ​មិន​អាច​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​បាន​។ ក្រៅពី​មហា​បាតុកម្ម តើ​គណបក្ស​មាន​យុទ្ធសាស្ត្រ​អ្វី​ទៀត ដើម្បីឲ្យ​ការទាមទា​ររបស់​ពលរដ្ឋ​ទទួ​លបាន​ជោគជ័យ​?
​លោក សម រង្ស៊ី​៖ យើង​បាន​ជំរុញ​ដំណោះស្រាយ​ឲ្យ​កាន់តែច្បាស់ ពីព្រោះ​អ្វីៗ​មិនមែន​ងាយស្រួល​ធ្វើ​តែ​មួយ​ថ្ងៃ ពីរ​ថ្ងៃ បី​ថ្ងៃ បានសម្រេច​ភ្លាម​ទាំងស្រុង​នោះ​ទេ​។ បាតុកម្ម​ដែល​យើង​បាន​ដឹកនាំ ប៉ុន្មាន​លើក ប៉ុន្មាន​សារ​ចុងក្រោយ​នេះ ឃើញថា ឥ​ទ្បូ​វ​នេះ សភាពការណ៍​ល្អ អំណោយផល ពីព្រោះថា ​មាន​ការបន្ទន់​ឥរិយាបថ​។ ពីមុន សភាពការណ៍​តឹងតែង​ណាស់ មាន​កង​ប្រដាប់អាវុធ មាន​កាំភ្លើង​ជ្រោង​ច្រាង មាន​រហូត​ដល់​រថពាសដែក​។ [​យើង​] ឃើញ​មាន​លួស​បន្លា​ដាក់​គ្រប់​ទីកន្លែង មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ណា​មក​ណា​បាន​ងាយ​។ ឥ​ទ្បូ​វ​នេះ យើង​ឃើញថា បាតុកម្ម មាន​រាប់​ម៉ឺន​នាក់ [​ចូលរួម​]​។ យើង​ដើរ​តាមផ្លូវ​ដោយ​សេរី ដោយ​សុវត្ថិភាព​។ នេះ​ជា​ជោគជ័យ​ធំ​ណាស់​។ យើង​លើក​តម្កើង​វប្បធម៌​ប្រជាធិបតេយ្យ ឲ្យ​ប្រជារាស្ត្រ​ហ៊ាន​តវ៉ា ចេះ​តវ៉ា​។ នេះ​ជា​វិភាគទាន ការរួមចំណែក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ នេះ​ជា​ការបើកផ្លូវ​ទៅរក​សិទ្ធិសេរីភាព​កាន់តែ​ទូលំទូលាយ​ថែម​ទៀត​។​
វី​អូ​ឌី​៖ ឯកឧត្តម​អាច​បកស្រាយ​ថា​តើ​ក្រៅ​ពី​ការទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា គណបក្ស​មាន​ជំហរ​បែប​ណា​ចំពោះ​តំណែង​នៅ​រដ្ឋសភា រហូតមកដល់​ពេលនេះ​? គណបក្ស​លែង​ត្រូវការ​តំណែង​នៅ​រដ្ឋសភា ឬ​យ៉ាងណា​?
​លោក សម រង្ស៊ី​៖ យើង​អត់​និយាយ​ពី​រឿង​តំណែង តួនាទី​អី [​យើង​]​ឈប់​ហើយ​។ ឥ​ទ្បូ​វ មុនគេ​បង្អស់ កុំឲ្យ​មាន​ការ​ស្រពេចស្រពិ​ល កុំឲ្យ​មាន​ការបកស្រាយ​ខុស កុំឲ្យ​មាន​ការ​មួលបង្កាច់ យើង​ចង់​សម្រេច​បាន​តែ​យុត្តិធម៌​ក្នុង​ការបោះឆ្នោត​។ ដើម្បី​ស្វែងរក​យុត្តិធម៌​បាន [​យើង​]​ត្រូវ​ស្វែងរក​ការពិត​ជា​មុន​សិន​។ អញ្ចឹង​ហើយ បាន​យើង​ស្នើ យើង​គិតគូរ​គ្រប់​រូបមន្ត​ទាំងអស់ មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ធ្វើ​ម៉េច​ស្វែងរក​ការពិត​ជា​មុន ដើម្បី​ឈាន​ទៅរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​។​
​វី​អូ​ឌី​៖ បន្ទាប់​ពី​មហា​បាតុកម្មអហិង្សា​លើក​ទី​៣​នេះ តើ​គណបក្ស​គ្រោង​ធ្វើ​អ្វី​បន្តទៀត​?
​លោក សម រង្ស៊ី​៖ [​យើង​]​នឹង​មាន​រៀបចំ​កម្មវិធី​ជា​បន្តបន្ទាប់ អាស្រ័យ​លើ​សភាពការណ៍ អាស្រ័យ​លើ​លទ្ធផល​ដែល​យើង​ទទួលបាន អាស្រ័យ​លើ​ជំហរ​ភាគី​ម្ខាង​ទៀត​។ ដូច្នេះ យើង​បត់​បែរ​។ ប៉ុន្តែ យើង​មិន​ទន់ជ្រាយ​ទេ​។ យើង​នៅតែ​ប្រកាន់​ជំហរ​ដ៏​រឹងមាំ​ដដែល គឺ​ជំហរ​ស្វែងរក​ការពិត ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​៕
សូមសរសេរមកកាន់ លោក ​ដួង សុខា​ តាមរយៈ duong.sokha@vodhotnews.com

1 comment:

Anonymous said...

សម រង្សី នឹង គឹម សុខា បានទិញ

វីឡា នឹង ឡាន ម្នាក់មួយនៅស្រុកខ្មែរ?

តោះលុយដែលទិញនោះជារបស់អ្នកណា?

ចូររាស្ត្រខ្មែរតាមអង្កេតជាប្រញ៉ាប់។