ដោយ៖ តាំង វីដា និង អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី25 ខែតុលា ឆ្នាំ2013, Listen to audio here.
ស្តាប់សំឡេង៖ | ចម្លងទុក |

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ(រូបថតដោយ តាំង វីដា)
មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសលទ្ធផលវិជ្ជមាន នៃមហាបាតុកម្មលើកទី៣ បន្ទាប់ពីចូលដាក់ញត្តិរួចរាល់ និងបានជួបពិភាក្សាពីស្ថានការណ៍នយោបាយនៅកម្ពុជា ជាមួយតំណាងស្ថានទូតទូតសំខាន់ៗ និងតំណាងអង្គការសហប្រជាជាតិ។
នៅព្រឹកថ្ងៃសុក្រនេះ ក្រុមបាតុកររាប់ពាន់នាក់ ដឹកនាំដោយ លោក សម រង្ស៊ី និងលោក កឹម សុខា បានដង្ហែក្បួនមហាបាតុកម្មអហិង្សា ចាប់ពីម៉ោង៨ និង៤០នាទីព្រឹក ទៅកាន់ស្ថានទូតអូស្ត្រាលី និងបានបន្តដំណើរទៅស្ថានទូតរុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន ដើម្បីប្រគល់ញត្តិ និងស្នាមមេដៃប្រជាពលរដ្ឋ ស្វែងរកអន្តរាគមន៍ចំពោះការបោះឆ្នោតនៅកម្ពុជា ពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។
បន្ទាប់ពីការដាក់ញត្តិរួច ក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា លោកស្រី Alison Burrows នៅស្ថានទូតអូស្ត្រាលី ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានប្រកាសថា រដ្ឋាភិបាលអូស្ត្រាលី មិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា និងរដ្ឋាភិបាល រដ្ឋសភា ដែលកើតឡើងដោយសារការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដានោះទេ ៖ "គាត់បានបញ្ជាក់ប្រាប់យើង ថាគាត់សុំបដិសេធ រដ្ឋាភិបាលអូស្រា្តលី មិនទទួលស្គាល់ការបោះឆ្នោតនេះទេ មិនទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន ទេ ដូច្នេះកុំឲ្យមានការភ័ន្តច្រឡំ កុំឲ្យបកស្រាយខុសពីការពិត"។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យដឹងថា ស្ថានទូតរូស្ស៊ី ក៏បានទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ និងសន្យាថា នឹងជម្រាបជូនរដ្ឋាភិបាលរូស្ស៊ី ដើម្បីពិចារណាលើបញ្ហានេះ ៖ "ទទួលយកញត្តិយើង ហើយគេសន្យាថាគេនឹងបញ្ជូនទៅថ្នាក់ដឹកនាំរបស់គេ ដើម្បីឆ្លើយតបនូវសំណូមពររបស់បាតុករយើងទាមទាររកយុត្តិធម៌ ជុំវិញការបោះឆ្នោត ក្នុងនាមគេជាហត្ថលេខីក្រុងប៉ារីស យើងសុំឲ្យគេជួយដើម្បីធានានូវការអនុវត្តនូវកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យមានប្រសិទ្ធភាព"។
ចំណែកស្ថានទូតជប៉ុន និងឥណ្ឌូនេស៊ី ត្រូវបានមេដឹកនាំគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា បានទទួលញត្តិ និងសន្យាចូលរួមជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដោយគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។
នៅម៉ោងប្រមាណ ១១ និង៤៥នាទី ក្បួនបាតុកម្ម បានដង្ហែដល់ស្ថានទូតចិន ជាគោលដៅចុងក្រោយ។ លោក សម រង្ស៊ី និងលោក កឹម សុខា បានជួបជាមួយមន្ត្រីទូតចិន ប្រមាណ១៥នាទី។ លោក សម រង្ស៊ី ឲ្យដឹងថា មន្ត្រីទូតចិន អះអាងថា នឹងយកញត្តិរបស់គណបក្សសង្គ្រោះជាតិ ទៅកាន់រដ្ឋាភិបាលចិន ហើយសន្យាថា នឹងបន្តចំណងមិត្តភាពជាមួយកម្ពុជា ៖ "គណបក្សណា និន្នាការនយោបាយខាងណា គឺចាត់ទុកប្រទេសចិនជាមិត្ត មិនមែនដូចប្រទេសមួយទៀត ដែលមានមិត្តតិចហើយមានសត្រូវច្រើន មិនមែនយើងចាត់ប្រទេសមួយទៀតជាសត្រូវទេ ប្រទេសមួយទៀតចាត់ទុកយើងជាសត្រូវ ពីព្រោះចង់លេបទឹកដីយើង ដែលចំពោះប្រទេសចិន គឺខ្មែរទាំងអស់ គណបក្សទាំងអស់ ស្រលាញ់រាប់អានប្រទេសចិន ហើយយើងនឹងរក្សាពង្រឹងទំនាក់ទំនងរវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សសង្គ្រោះជាតិ"។
កាលពីថ្ងៃទី២៣ ខែតុលា ជាថ្ងៃដំបូងនៃមហាបាតុកម្ម គណបក្សសង្គ្រោះជាតិបានដាក់ញត្ដិដែលមានស្នាមមេដៃ ពលរដ្ឋជាង២លាននាក់នោះ ទៅកាន់ការិយាល័យឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជា។ ចំណែកនៅថ្ងៃទី២៤ ខែតុលា គណបក្សនេះបានដាក់ញត្តិទៅស្ថានទូតមហាអំណាច អាមេរិក បារាំង និងអង់គ្លេស។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បង្ហាញក្តីសង្ឃឹមថា ប្រទេសមហាអំណាច នឹងជួយអន្តរាគមន៍រកយុត្តិធម៌ជូនដល់ម្ចាស់ឆ្នោត និងនាំលទ្ធិប្រជាធិបតេយ្យមកកម្ពុជា។
ក្រុមអ្នកឃ្លាំមើលកត់សំគាល់ថា មហាបាតុកម្មលើកទី៣នេះ មានអ្នកចូលរួមប្រមាណជាង៤ម៉ឺនាក់នៅទីលានប្រជាធិបតេយ្យ។ ចំណែកការហែរក្បួនតាមដងផ្លូវដើម្បីដាក់ញ្ញតិទៅកាន់ស្ថាប័នអន្តរជាតិនានានោះ មានអ្នកចូលរួមរាប់ពាន់នាក់ ប៉ុន្តែមិនមានប៉ះទង្គិចដោយហិង្សាឡើយ ដោយសារសមត្ថកិច្ចមិនបានបិទផ្លូវ។
ភាពល្អប្រសើនៃបាតុកម្មលើកទី៣ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នេះ ចាត់ទុកថា ជាវប្បធម៌ថ្មីមួយ នាំទៅរកការដោះស្រាយដោយទន់ភ្លន់ ដើម្បីបញ្ចប់វិវាទនយោបាយ៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com
No comments:
Post a Comment