ដោយ៖ នួន បូរិន | ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកប្រតិភូគណបក្សប្រជាជនកម្ពុជា នៃកិច្ចប្រជុំស្វែងរកដំណោះស្រាយ នៃវិបត្តិបោះឆ្នោតសភានិតិកាលទី៥ ក្រោមព្រះអធិបតីភាព នៃព្រះមហាក្សត្រ ដែលបានប្រព្រឹត្តទៅនៅ ព្រឹកថ្ងៃសៅរ៍ទី១៤ ខែកញ្ញានេះ បានផ្ដល់បទសម្ភាសន៍ជាមួយ VOD ថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការយោគយល់គ្នា ហើយមានការព្រមព្រៀងគ្នា ជាច្រើនចំនុច ដែលធ្វើឲ្យស្ថានការណ៍នយោបាយអាចធូរស្រាល និងព្រះមហាក្សត្រអាចកោះប្រជុំសភា តាមការគ្រោងទុក នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះ។
តែសូមជម្រាបថា នេះជាការអះអាង ពីភាគីគណបក្សប្រជាជនកម្ពុជា ហើយគណបក្សសង្គ្រោះជាតិ នឹងថ្លែងអំពីលទ្ធផលនេះ នៅក្នុងសន្និសីទកាសែត នាពេលជាមួយគ្នានេះដែរ។
សូមអ្នកនាងតាមដានស្ដាប់បទសម្ភាសន៍ រវាងអ្នកផលិតកម្មវីធីVOD អ្នកនាង លឹម ធីតា និងលោក ស ខេង ដូចតទៅនេះ៕
សូមសរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
-----------------------------------------------------------------
ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013 | VOD

លោក យឹម សុវណ្ណ ក្នុងសន្និសិទកាសែតនៅព្រឹកមិញ (រូបភាព ណាត សុភាព)
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ច្រានចោលភ្លាមៗ នូវការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដែលថា កិច្ចប្រជុំកាលពីព្រឹកមិញនេះ ប្រព្រឹត្តទៅដោយភាពរលូនអាចបង្កើតរដ្ឋាភិបាលថ្មីបាន ដោយគ្មានឧបសគ្គ។
ក្រោយកិច្ចជំនួបរវាងមេដឹកនាំកំពូលរបស់ គណបក្សសង្គ្រោះជាតិ និងគណបក្សកាន់អំណាចក្រោមអធិបតីភាព របស់ព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំងព្រឹកថ្ងៃសៅរិ៍នេះ។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍ឲ្យVODថា គណបក្សប្រឆាំង និងបក្សកាន់អំណាច ព្រមទទួលយកលិខិតកោះប្រជុំរបស់ព្រះមហាក្សត្រ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី១៤ ខែកញ្ញានេះថា អ្វីដែលលោក ស ខេង បានលើកឡើងនោះ គ្រាន់តែជាព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ តែការសម្រេចយ៉ាងណានោះគណបក្សលោក មិនទាន់សម្រេចយ៉ាងណានោះទេ។ លោកថា អ្វីដែលគណបក្សសង្គ្រោះជាតិចង់បាន គឺរកយុតិធម៌ជូនប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតជាមុនសិន។
បើតាមលោក ស ខេង ឲ្យដឹងថា ក្នុងកិច្ចជំនួបរយៈពេល៣០នាទី កាលពីព្រឹកមិញនេះ គណបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៊ី រីឯគណបក្សកាន់អំណាចដឹកនាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងព្រះមរមរាជវាំង គណបក្សទាំង២បានទទួលយកព្រះរាជតម្រិះព្រះមហាក្សត្រ ដែលគ្រោងកោះប្រជុំលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣នេះ នូវចំនួនតំណាងរាស្ត្រ៦៨ ទល់៥៥។
គួររំលឹកថា គណបក្សប្រឆាំងធ្លាប់ព្រមានថា បើគណៈកម្មការឯករាជ្យមួយមិនព្រមបង្កើតឡើង ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត រកយុតិ្តធម៌ជូនម្ចាស់ឆ្នោតទេ គណបក្សនេះ នឹងមិនចូលរួមបង្កើតរដ្ឋាភិបាលថ្មីឡើយ៕
សូមសរសេរមកកាន់អ្នក នាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
No comments:
Post a Comment