ដោយ៖ ថុល ស្រីលក្ខណ៍ | ថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2013 | VOD
មេដឹកនាំកំពូលរបស់គណបក្សពីរ ដែលឈ្នះអាសនៈក្នុងសភា នាអាណត្តិទី៥នេះ គ្រោងជួបគ្នាម្តងទៀត នៅពាក់កណ្តាលខែកញ្ញានេះ នៅមន្ទីររដ្ឋសភា ដើម្បីទម្លាយភាពទ័លច្រក ផ្នែកនយោបាយក្រោយការបោះឆ្នោត មុនឈានទៅបង្កើតរដ្ឋាភិបាលថ្មី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឲ្យដឹងនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញានេះថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមការងារ បានសម្រេចថា និងជួបគ្នាម្តងទៀត ជាមួយប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៉ី និងថ្នាក់ដឹកនាំគណបក្សនេះ នៅថ្ងៃទី១៦ ខែកញ្ញាម្តងទៀត នៅមន្ទីររដ្ឋសភា ក្នុងបំនងទម្លាយភាពជាប់គាំងនយោបាយ ដើម្បីបង្កើតរាជរដ្ឋាភិបាលថ្មី សម្រាប់ដឹកនាំប្រទេស នាអាណត្តិទី៥នេះ។
ការព្យាយាមជួបគ្នាម្តងទៀត របស់មេដឹកនាំកំពូលនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីពួកគេបានជួបគ្នា ក្នុងព្រះបរមរាជវាំង នាថ្ងៃសៅរ៍នេះ ក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រ រឿងខ្វែងគំនិតគ្នា ពីលទ្ធផលបោះឆ្នោត។
បើតាមលោក ស ខេង ឲ្យដឹងថា គម្រោងជំនួបជាលើកទី២នៅមន្ទីររដ្ឋសភានេះ ភាគីទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ពីររូបទៀតចូលរួមចំនែក គណបក្សសង្គ្រោះជាតិ មានលោក សម រង្ស៉ី និងមន្ត្រីជាន់ខ្ពស់ពីររូបទៀត ដូចចូលគាល់ព្រះមហាក្សត្រនៅថ្ងៃសៅរ៍នេះដែរ៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

No comments:
Post a Comment