ដោយ៖ ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី12 ខែកញ្ញា ឆ្នាំ2013, VOD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានឆ្លើយតបនឹងព្រះរាជសាររបស់ព្រះមហាក្សត្រ
ដោយនឹងដឹកនាំមន្ត្រីពីររូប គឺលោក ស ខេង និងលោក សាយ ឈុំ
ដើម្បីចរចាជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
នៅថ្ងៃសៅរ៍នេះ។
ព្រះហាក្សត្រព្រះបាទនរោត្តមសីហមុនី
នៅថ្ងៃព្រហស្បតិ៍នេះ បានអញ្ជើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងលោកសម រង្ស៊ី ចូលប្រជុំគ្នា នៅថ្ងៃទី១៤ខែកញ្ញា
ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ មុនការចូលប្រជុំសភាដំបូង។
ព្រះរាជសាររបស់ព្រះមហាក្សត្រ បង្ហាញថា សូមអញ្ជើញ លោក ហ៊ុន សែន
និងសហការីចំនួនពីររូបទៀត និងលោក សម រង្ស៊ី
ព្រមទាំងសហការីពីររូបទៀត ចូលរួមប្រជុំ ដោះស្រាយបញ្ហាប្រទេសជាតិ
ក្រោមអធិបតីភាពព្រះអង្គ នៅថ្ងៃទី១៤ខែកញ្ញា វេលាម៉ោង៩ព្រឹក
នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។
លោក ស ខេង
ប្រាប់VODនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា គណបក្សប្រជាជនកម្ពុជា
នឹងដើរតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ
ដោយចូលរួមការចរចាជាមួយគណបក្សសង្គ្រោះជាតិ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម
សុវណ្ណ ប្រាប់VODថា គណៈកម្មការអចិន្ត្រៃយ៍របស់គណបក្ស
នឹងសម្រេចនៅថ្ងៃស្អែកនេះ ថាតើថា្នក់ដឹកនាំណា ក្រៅពីលោក សម
រង្ស៊ី នឹងចូលរួមចរចា។
កាលពី ថ្ងៃចន្ទ ព្រះករុណា
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារ
ជាការកោះអញ្ជើញបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៥
ចូលរួមប្រជុំរដ្ឋសភា ជាលើកដំបូង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣
នៅវិមានរដ្ឋសភា។
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី យល់ថា ការកោះប្រជុំពិតប្រាកដ គឺព្រះមហាក្សត្រ
នឹងផ្ញើព្រះរាជលិខិត មកកាន់តំណាងរាស្ត្រជាប់ឆ្នោតដោយផ្ទាល់
ហើយគណបក្ស ពហិការចូលរួមប្រជុំក្នុងសភា
លុះត្រាតែបញ្ហានៃភាពមិនប្រក្រតីនៃការបោះឆ្នោត
ត្រូវបានដោះស្រាយត្រឹមត្រូវ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ខែកញ្ញា
គជប បានប្រកាសជាផ្លូវការថា គណបក្សប្រជាជនកម្ពុជា ទទួលបាន៦៨អាសនៈ
ប្រហែលជា៤៨.៨ភាគរយនៃអ្នកចូលរួមបោះឆ្នោតសរុប៦.៦៣លាននាក់
ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ ស្មើនឹង៤៤.៥ភាគរយ គឺ២.៩២
លានសំឡេង។ តែគណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត
និងព្រមានធ្វើមហាបាតុកម្ម៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
No comments:
Post a Comment