ដោយ វណ្ណ វិចារ RFA
2013-08-13
2013-08-13
ក្រុមជាងសំណង់
បានរៀបចំដាំបង្គោលរបងដែកព័ទ្ធជុំវិញខាងមុខវិមានរដ្ឋសភា
នៅព្រឹកថ្ងៃទី១២ ខែសីហា
ចំថ្ងៃដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ប្រកាសលទ្ធផលឆ្នោតបណ្ដោះអាសន្នផ្លូវការ ដោយគណបក្សប្រជាជនកម្ពុជា
ឈ្នះឆ្នោត ហើយគណបក្សសង្គ្រោះជាតិ បដិសេធចោលនូវលទ្ធផលបោះឆ្នោត។
ក្រុមជាងធ្វើរបងទាំងនោះ បញ្ជាក់ថា
ពួកគាត់មាននាទីជាអ្នកដាំបង្គោលរបងប៉ុណ្ណោះ ដោយមិនដឹងថា
រដ្ឋសភានឹងសម្រេចដាក់បន្លាលួស
ឬក៏ដាក់ស័ង្កសីព័ទ្ធពីខាងមុខវិមានរដ្ឋសភាឡើយ។
ក្រុមប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនៅខាងមុខវិមាន
រដ្ឋសភា មានការងឿងឆ្ងល់ពីបញ្ហានេះ។ អ្នកខ្លះចោទសំណួរថា
ហេតុអ្វីបានជាសភាជាតិសាងសង់បង្គោលរបងបន្ថែម
បើរបងចាស់នៅល្អស្រាប់នោះ? ឬនេះជាការពង្រឹងសន្តិសុខ
ឬមួយមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះ?
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ
មានប្រសាសន៍ថា លោកមិនបានទទួលដំណឹងថា
រដ្ឋសភាព័ទ្ធរបងមួយជាន់ទៀតលើរបងចាស់ ឬយ៉ាងណាទេ។ ប៉ុន្តែ
បើសិនជាមានការជួសជុល ឬព័ទ្ធរបងបន្ថែមមែននោះ
រដ្ឋសភាគួរណាស់តែជូនដំណឹងឲ្យពលរដ្ឋដឹងជាមុន ជៀសវាងយល់ច្រឡំ។
លោកបញ្ជាក់ថា រដ្ឋសភាមិនគួរណាព័ទ្ធរបងច្រើនជាន់ទេ
ព្រោះសភាមិនមែនជាឃ្លាំងប្រាក់ ឬធនាគារឡើយ
ហើយរដ្ឋសភាត្រូវតែជាទីតាំងដែលសាធារណជនងាយស្រួលចេញចូល
និងទំនាក់ទំនង៖ «ខ្ញុំមិនដឹងថា
ថ្នាក់ដឹកនាំគ្រប់គ្រងរដ្ឋសភាជាតិហ្នឹង គេចង់បានអីទេ ធម្មតា
រដ្ឋសភាជាទីកន្លែងដែលបើកចំហ មិនដឹងថាគេការពារចោរ ក៏មិនដឹង
ខ្ញុំអត់យល់»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន
បដិសេធមិនឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរី ទេ នៅថ្ងៃទី១២ ខែសីហា
ឆ្នាំ២០១៣។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបញ្ហាសង្គមឯករាជ្យ លោក កែម ឡី
មានប្រសាសន៍ថា ការប្រកាសលទ្ធផលបោះឆ្នោតពេលនេះ
ទំនងជាអាចរុញច្រានស្ថានការណ៍នយោបាយឲ្យតានតឹងកាន់តែខ្លាំង
ព្រោះថា
គណៈកម្មការស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត
មិនទាន់លេចរូបរាងនៅឡើយ។ លោកបន្តថា
ការពង្រឹងសន្តិសុខនៅស្ថាប័នរដ្ឋ រួមទាំងរដ្ឋសភា នៅក្នុងពេលដែល
គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតនេះ ជាការបង្ហាញថា អ្នកនយោបាយកម្ពុជា
កំពុងតែមានការភ័យខ្លាច នាំឲ្យពលរដ្ឋកាន់តែមានការព្រួយបារម្ភ៖ «សភាពការណ៍
ធម្មតាសោះ អ្នកនយោបាយនាំគ្នាធ្វើឲ្យដូចសភាពការណ៍ឆ្នាំ១៩៨០។
ខ្ញុំគិតថា មិនជាការល្អទេ
អ្នកនយោបាយធ្វើឲ្យមានការភ័យខ្លាចកាន់តែធ្វើឲ្យពលរដ្ឋមានការ
ព្រួយបារម្ភ»។
ប្រភពក្រៅផ្លូវការពីរដ្ឋសភា បញ្ជាក់ថា កាលពីសប្ដាហ៍មុន
រដ្ឋសភាបានដំឡើងប្រព័ន្ធកាមេរ៉ាសន្តិសុខម្តងរួចហើយ
ហើយក៏មិនមានការប្រកាសឲ្យសាធារណជនដឹងឮដែរ។ ស្ថាប័នរដ្ឋដទៃទៀត
ដូចជាទីស្ដីការគណៈរដ្ឋមន្ត្រី ទីស្ដីការនាយករដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ ស្ថានីយទូរទស្សន៍ជាតិ និងវិទ្យុជាតិ
ស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សុទ្ធតែមិនបានធ្វើរបងដូចរដ្ឋសភាទេ
ប៉ុន្តែរាជរដ្ឋាភិបាលបានដាក់កម្លាំងសន្តិសុខការពារជាសម្ងាត់
ជំនួសវិញ។
ទោះជាយ៉ាងណាក៏ដោយ គណបក្សសង្គ្រោះជាតិ
មិនទាន់ប្រកាសថានឹងដឹកនាំបាតុកម្មតវ៉ាណាមួយឡើយ
ដោយមន្ត្រីគណបក្សគ្រាន់តែបញ្ជាក់ថា បាតុកម្មអាចនឹងកើតមាន
ដរាបណាដំណោះស្រាយស្ថិតនៅដំណាក់កាលចុងក្រោយប៉ុណ្ណោះ។
ក្រុមអ្នកវិភាគមួយចំនួនបញ្ជាក់ថា បើសិនបាតុកម្មកើតឡើងមែននោះ
គោលដៅសំខាន់ គឺស្នាក់ការ គ.ជ.ប ក្នុងបរិវេណក្រសួងមហាផ្ទៃ
និងរដ្ឋសភាជាតិ៕
1 comment:
Why don't CPP put a million of landmines around that building?
So nobody can get in and out.
Post a Comment