A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 13 August 2013

Government orderes steel fence to be erected around the parliament house building [Is Hun Sen closing the door the beat the dog?] រដ្ឋសភា​សាងសង់​បង្គោល​របង​ដែក​ខាង​ក្រៅ​មួយ​ជាន់​ទៀត

វិមាន​រដ្ឋសភា​ចាប់​ផ្ដើម​សាងសង់​បង្គោល​របង​ទី២ ខាង​ក្រៅ គឺ​របង​បន្ថែម​ពី​ក្រៅ​របង​ចាស់​មួយ​ជាន់​ទៀត ចំ​ពេល​ដែល គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត។ ពលរដ្ឋ​នៅ​ភ្នំពេញ​សម្ដែង​ការ​សង្ស័យ​ថា ការ​សាងសង់​របង​នេះ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ ពិសេស​អាច​ធ្វើ​របង​សម្រាប់​ទប់ទល់​នឹង​បាតុកម្ម​ណា​មួយ​ដែល​អាច​កើត​ឡើង​នា ​ពេល​ខាង​មុខ។
ដោយ វណ្ណ វិចារ RFA
2013-08-13
របង​ដែក​រដ្ឋសភា ៦១០
១២-សីហា-២០១៣៖ បង្គោល​របង​ដែក​ដែល​គេ​សង់​បន្ថែម​នៅ​ខាង​មុខ​រដ្ឋសភា។
RFA/Vann Vichar
ក្រុម​ជាង​សំណង់ បាន​រៀប​ចំ​ដាំ​បង្គោល​របង​ដែក​ព័ទ្ធ​ជុំវិញ​ខាង​មុខ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​សីហា ចំ​ថ្ងៃ​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន​ផ្លូវ​ការ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចោល​នូវ​លទ្ធផល​បោះ​ឆ្នោត។ ក្រុម​ជាង​ធ្វើ​របង​ទាំង​នោះ បញ្ជាក់​ថា ពួក​គាត់​មាន​នាទី​ជា​អ្នក​ដាំ​បង្គោល​របង​ប៉ុណ្ណោះ ដោយ​មិន​ដឹង​ថា រដ្ឋសភា​នឹង​សម្រេច​ដាក់​បន្លា​លួស ឬ​ក៏​ដាក់​ស័ង្កសី​ព័ទ្ធ​ពី​ខាង​មុខ​វិមាន​រដ្ឋសភា​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​នៅ​ខាង​មុខ​វិមាន​ រដ្ឋសភា មាន​ការ​ងឿង​ឆ្ងល់​ពី​បញ្ហា​នេះ។ អ្នក​ខ្លះ​ចោទ​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​សភា​ជាតិ​សាងសង់​បង្គោល​របង​បន្ថែម បើ​របង​ចាស់​នៅ​ល្អ​ស្រាប់​នោះ? ឬ​នេះ​ជា​ការ​ពង្រឹង​សន្តិសុខ ឬ​មួយ​មាន​អាថ៌កំបាំង​អ្វី​នៅ​ពី​ក្រោយ​រឿង​នេះ?
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ទទួល​ដំណឹង​ថា រដ្ឋសភា​ព័ទ្ធ​របង​មួយ​ជាន់​ទៀត​លើ​របង​ចាស់ ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ បើ​សិន​ជា​មាន​ការ​ជួស​ជុល ឬ​ព័ទ្ធ​របង​បន្ថែម​មែន​នោះ រដ្ឋសភា​គួរ​ណាស់​តែ​ជូន​ដំណឹង​ឲ្យ​ពលរដ្ឋ​ដឹង​ជា​មុន ជៀសវាង​យល់​ច្រឡំ។
លោក​បញ្ជាក់​ថា រដ្ឋសភា​មិន​គួរ​ណា​ព័ទ្ធ​របង​ច្រើន​ជាន់​ទេ ព្រោះ​សភា​មិន​មែន​ជា​ឃ្លាំង​ប្រាក់ ឬ​ធនាគារ​ឡើយ ហើយ​រដ្ឋសភា​ត្រូវ​តែ​ជា​ទីតាំង​ដែល​សាធារណជន​ងាយ​ស្រួល​ចេញ​ចូល និង​ទំនាក់​ទំនង៖ «ខ្ញុំ​មិន​ដឹង​ថា ថ្នាក់​ដឹក​នាំ​គ្រប់គ្រង​រដ្ឋសភា​ជាតិ​ហ្នឹង គេ​ចង់​បាន​អី​ទេ ធម្មតា រដ្ឋសភា​ជា​ទី​កន្លែង​ដែល​បើក​ចំហ មិន​ដឹង​ថា​គេ​ការពារ​ចោរ ក៏​មិន​ដឹង ខ្ញុំ​អត់​យល់»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ទេ នៅ​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០១៣។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវ​ជ្រាវ​បញ្ហា​សង្គម​ឯករាជ្យ លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ពេល​នេះ ទំនង​ជា​អាច​រុញ​ច្រាន​ស្ថានការណ៍​នយោបាយ​ឲ្យ​តានតឹង​កាន់​តែ​ខ្លាំង ព្រោះ​ថា គណៈកម្មការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត មិន​ទាន់​លេច​រូប​រាង​នៅ​ឡើយ។ លោក​បន្ត​ថា ការ​ពង្រឹង​សន្តិសុខ​នៅ​ស្ថាប័ន​រដ្ឋ រួម​ទាំង​រដ្ឋសភា នៅ​ក្នុង​ពេល​ដែល គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត​នេះ ជា​ការ​បង្ហាញ​ថា អ្នក​នយោបាយ​កម្ពុជា កំពុង​តែ​មាន​ការ​ភ័យ​ខ្លាច នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​មាន​ការ​ព្រួយ​បារម្ភ៖ «សភាពការណ៍ ​ធម្មតា​សោះ អ្នក​នយោបាយ​នាំ​គ្នា​ធ្វើ​ឲ្យ​ដូច​សភាពការណ៍​ឆ្នាំ​១៩៨០។ ខ្ញុំ​គិត​ថា មិន​ជា​ការ​ល្អ​ទេ អ្នក​នយោបាយ​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​កាន់​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ ព្រួយ​បារម្ភ»
ប្រភព​ក្រៅ​ផ្លូវ​ការ​ពី​រដ្ឋសភា បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន រដ្ឋសភា​បាន​ដំឡើង​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ​ម្តង​រួច​ហើយ ហើយ​ក៏​មិន​មាន​ការ​ប្រកាស​ឲ្យ​សាធារណជន​ដឹង​ឮ​ដែរ។ ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត ដូច​ជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ទីស្ដីការ​នាយក​រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ស្ថានីយ​ទូរទស្សន៍​ជាតិ និង​វិទ្យុ​ជាតិ ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត សុទ្ធ​តែ​មិន​បាន​ធ្វើ​របង​ដូច​រដ្ឋសភា​ទេ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​បាន​ដាក់​កម្លាំង​សន្តិសុខ​ការ​ពារ​ជា​សម្ងាត់​ ជំនួស​វិញ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ប្រកាស​ថា​នឹង​ដឹក​នាំ​បាតុកម្ម​តវ៉ា​ណា​មួយ​ឡើយ ដោយ​មន្ត្រី​គណបក្ស​គ្រាន់​តែ​បញ្ជាក់​ថា បាតុកម្ម​អាច​នឹង​កើត​មាន ដរាប​ណា​ដំណោះ​ស្រាយ​ស្ថិត​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ប៉ុណ្ណោះ។ ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បញ្ជាក់​ថា បើ​សិន​បាតុកម្ម​កើត​ឡើង​មែន​នោះ គោល​ដៅ​សំខាន់ គឺ​ស្នាក់​ការ គ.ជ.ប ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


1 comment:

Anonymous said...

Why don't CPP put a million of landmines around that building?
So nobody can get in and out.