A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 May 2013

Sar Kheng: The CPP does not want to win the election through the destruction other party's signs លោក ស ខេង៖ បក្ស​ប្រជាជន​មិន​ចង់​ឈ្នះ​តាម​ការ​បំផ្លាញ​ស្លាក​បក្ស​នយោបាយ

ដោយ ម៉ម មុនីរតន៍ RFA
2013-05-07
គេ​សង្កេត​ឃើញ​ថា ការ​ចោទ​ប្រកាន់​គ្នា​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​គណបក្ស​នយោបាយ​ម្ខាង​ទៀត បាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​ពេល​មុន​បោះឆ្នោត។ ជាពិសេស គណបក្ស​ប្រឆាំង​តែង​លើក​ឡើង​ថា បញ្ហា​នេះ កើត​ឡើង​ច្រើន​តែ​អាជ្ញាធរ​ភូមិ-ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​អ្នក​ញុះញង់ និង​នៅ​ពី​ក្រោយ​នៃ​ការ​បំផ្លាញ​ស្លាក​គណបក្ស​របស់​ខ្លួន។
មន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​ចង់​ចាញ់​ឈ្នះ​តាម​រូបភាព​ការ​បំផ្លាញ​ស្លាក​គណបក្ស​នយោបាយ ដែល​ជា​ផ្នែក​មួយ​នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ប្រសើរ​ឡើង​នៃ​ ប្រជាធិបតេយ្យ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គណបក្ស​គ្រប់គ្រង​អំណាច តែង​ចាត់​ទុក​ការ​ជឿ​ទុក​ចិត្ត និង​សុឆន្ទៈ​នៅ​តាម​មូលដ្ឋាន ថា​ជា​ផ្នែក​មួយ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ និង​ពុំ​អាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​សម័យ​ប្រជុំ​សភា នៅ​ថ្ងៃ​ទី៧ ឧសភា ថា​យន្តការ​របស់​ក្រសួង​មហាផ្ទៃ តែង​ពង្រឹង និង​ដាស់​តឿន​ជា​ដរាប​ដល់​មន្ត្រី​ភូមិ-ឃុំ​នៅ​ថ្នាក់​ក្រោម​ជាតិ ឲ្យ​គោរព​គោលការណ៍​អព្យាក្រឹត្យ។ លោក​គិត​ថា បញ្ហា​ដែល​តែង​កើត​មាន​នៅ​តាម​មូលដ្ឋាន​ក្នុង​ពេល​បច្ចុប្បន្ន គឺ​កើត​ឡើង​ព្រោះ​តែ​បក្ស​ប្រឆាំង​តែង​បំពាន​ទៅ​លើ​ទីតាំង​ហាម​ឃាត់ ឬ​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ ដែល​គេ​មិន​អនុញ្ញាត។
បន្ថែម​លើ​នេះ លោក​ចាត់​ទុក​ថា ផ្ទុយ​ទៅ​វិញ បក្ស​ប្រឆាំង​តែង​ប្រើប្រាស់​ចំណុច​ទាំង​នេះ ហើយ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ដើម្បី​បាន​សំឡេង​គាំទ្រ៖ «ដូច​ករណី​នៅ​ បាត់ដំបង អាស៊ីសេរី ផ្សាយ​ព្រឹក​មិញ មាន​ប៉ុន្មាន​កន្លែង​នោះ ខ្ញុំ​ឆែក​ភ្លាម ខ្ញុំ​អត់​មាន​ប្រហែស​ទេ។ ឆែក​ទៅ ទី​មួយ​យក​ទៅ​ដាក់​លើ​ដី​គេ ដល់​គេ​ព្យួរ​ដី​ទៅ​វា​រលំ គេ​ឲ្យ​មក​ដក​មិន​ព្រម​ដក។ អ៊ីចឹង ជួន​អី​គាត់​បង្ក​រឿង​ដែរ បង្ក​រឿង​ចង់​ឲ្យ​តែ​ព័ត៌មាន​ហ្នឹង​ចោទ​ថា​អាជ្ញាធរ​ហ្នឹង​គាប​សង្កត់ គំរាម​កំហែង​ពី​រឿង​ផ្លាក គឺ​ភាព​ពិត យើង​អ្នក​បង្ក​ដែរ មើល​មើ​យើង​ដាក់​ហ្នឹង​មាន​កិច្ច​សន្យា​ត្រឹមត្រូវ មុខ​ផ្ទះ​គេ​ឲ្យ​គេ​ទទួល​ស្គាល់​មើល ប្រជាពលរដ្ឋ​បើ​អ្នក​ណា​ទៅ​ដក ខ្ញុំ​ទទួល​ខុស​ត្រូវ»
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ត្រូវ​គេ​ចាប់​បាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​រក​ឃើញ​ថា បាន​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​មូលដ្ឋាន។ លោក​បន្ត​ថា ជាក់ស្ដែង​ក្នុង​ពេល​ថ្មីៗ​នេះ នៅ​ខេត្ត​កែប គណបក្ស​គ្រប់គ្រង​អំណាច ត្រូវ​បង់​ជំងឺ​ចិត្ត​ចំនួន ១០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ចាញ់​ក្ដី​ប្រឆាំង​នឹង​ការ​បំផ្លាញ​ស្លាក​គណបក្ស​ប្រឆាំង។
លោក​បញ្ជាក់​ថា អ្នក​មិន​គោរព​គោលការណ៍ គឺ​ជា​គណបក្ស​ប្រជាជន​កម្ពុជា៖ «យើង ​មាន​ភស្តុតាង​ដែល​ថា​សមាជិក​គណបក្ស​ប្រជាជន បំផ្លាញ​ផ្លាក ដូច​ជា​នៅ​ខេត្ត​កំពត នៅ​ខេត្ត​កែប ហើយ​ប៉ូលិស​ចាប់​បាន​ទៀត។ ហើយ​មាន​ករណី​ខ្លះ​ទទួល​ស្គាល់ ហើយ​បាន​សង​ផ្លាក​គណបក្ស សង​ជា​លុយ​ជា​កាក់​អី​អ៊ីចឹង​ដែរ សង​អី​អ៊ីចឹង​ដែរ សង​ជា​ជំងឺ​ចិត្ត​ហ្នឹង។ ដូច្នេះ គ្រាន់​តែ​កន្លែង​ខ្លះ​មាន​ការ​រំលោភ​បំពាន ហើយ​អាង​អំណាច អាង​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ជា​បក្ខពួក​ខ្លួន​ឯង មិន​ដោះស្រាយ​ទេ»

ក៏ប៉ុន្តែ លោក ស ខេង បញ្ជាក់​ថា តាម​ធម្មតា​តំបន់​ណា​ដែល​ពុំ​មែន​ជា​ទី​ដែល​ត្រូវ​ហាម​ឃាត់ គឺ​គ្រប់​គណបក្ស​នយោបាយ អាច​មាន​សិទ្ធិ​ដាក់​ស្លាក​គណបក្ស​របស់​ខ្លួន​ដោយ​សេរី។
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា គិត​មក​ដល់​ពេល​នេះ យ៉ាង​ហោច​ណាស់​ស្លាក​គណបក្ស​របស់​ខ្លួន​ចន្លោះ​ពី ៣០ ទៅ ៤០​ស្លាក ត្រូវ​បាន​គេ​បំផ្លាញ​នៅ​ទូទាំង​ប្រទេស។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ដំណើរ​បោះឆ្នោត​នៅ​កម្ពុជា ចាត់​ទុក​ថា នេះ​ជា​សញ្ញា​គំរាម​កំហែង​ផ្នែក​នយោបាយ។ ក្នុង​ករណី​គណបក្ស​គ្រប់គ្រង​អំណាច​នៅ​តែ​ត្រូវ​គេ​រក​ឃើញ​ថា​មាន​កំហុស ដូច​នេះ​វា​នឹង​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់ និង​អាច​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត ដែល​ធានា​ពី​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដ៏​ពិត​ប្រាកដ​មួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: