A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 7 May 2013

4 CNRP party signs in Battambang have been destroyed ស្លាក​សញ្ញា​បក្ស​ប្រឆាំង​៤​ផ្ទាំង​នៅ​បាត់ដំបង​ត្រូវ​គេ​វាយ​បំផ្លាញ

ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​កន្លែង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​វាយ​បំផ្លាញ​ចោល។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មូលហេតុ​នៃ​ការ​លួច​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ នេះ កើត​ចេញ​មក​ពី​ការ​ញុះញង់​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ជា​មន្ត្រី​របស់​ គណបក្ស​ប្រជាជន​កម្ពុជា។
ដោយ សួន សុផលមុន្នី RFA
2013-05-07
គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ស្លាក​គណបក្ស​របស់​ខ្លួន​ចំនួន ៤​ផ្ទាំង នៅ​ក្នុង​ស្រុក​ចំនួន​៤ ក្នុង​ខេត្ត​បាត់ដំបង ត្រូវ​គេ​លួច​វាយ​បំផ្លាញ​ចោល​ជា​បន្តបន្ទាប់។ សកម្មភាព​នៃ​ការ​វាយ​បំផ្លាញ​នេះ បាន​កើត​មាន​ក្រោយ​ពេល​ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស រួប​រួម​គ្នា​បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ តែ​មួយ។
សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង លោក ជា ជីវ ថ្លែង​នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា ថា ស្លាក​គណបក្ស​ទាំង​៤ នោះ មាន​នៅ​ស្រុក​បាណន់ ស្រុក​សង្កែ ស្រុក​រុក្ខគិរី និង​ស្រុក​សំពៅលូន។ លោក​បញ្ជាក់​ថា នៅ​ស្រុក​ចំនួន​ពីរ គណបក្ស​សង្គ្រោះ​ជាតិ ពុំ​អាច​វែក​រក​មុខ​ជន​ប្រព្រឹត្តិ​ឃើញ​នោះ​ទេ ប៉ុន្តែ​នៅ​ស្រុក​ចំនួន​ពីរ​ទៀត អ្នក​ប្រព្រឹត្តិ​គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ។
លោក ជា ជីវ៖ «ស្រុក​បាណន់ ហើយ​និង​ស្រុក​រុក្ខគិរី អត្តសញ្ញាណ​ជន​ដែល​បំផ្លាញ​ហ្នឹង អត់​បាន​ទេ។ រីឯ​នៅ​ស្រុក​សង្កែ ហើយ​និង​ស្រុក​សំពៅលូន អ្នក​ដែល​បាន​បំផ្លាញ គឺ​ជា​ម្ចាស់​ដី​ដែល​លើក​ស្លាក​សញ្ញា​របស់​យើង​ហ្នឹង។ មូលហេតុ​នៃ​ការ​បំផ្លាញ​ស្លាក​សញ្ញា​យើង​ហ្នឹង គឺ​មាន​ការ​ញុះញង់​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែល​មាន​និន្នាការ​ទៅ​គណបក្ស​កាន់​ អំណាច ដូចជា​នៅ​ឃុំ​កំពង់ព្រៀង និង​ស្រុក​សំពៅលូន ហ្នឹង អាជ្ញាធរ​មូលដ្ឋាន​បាន​ម្ចាស់​ផ្ទះ​ម្ចាស់​ដី​ហ្នឹង​ដក​ស្លាក​សញ្ញា​របស់​ យើង»
ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក វ៉ា គឹមហេង ថ្លែង​ថា នៅ​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ​២០១៣ នេះ ជន​មិន​ស្គាល់​មុខ​បាន​ដក និង​យក​ដុំ​ថ្ម​វាយ​បំផ្លាញ​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ មួយ នៅ​ភូមិ​ឡឥដ្ឋ សង្កាត់​ថ្មគោល ក្រុង​កំពង់ចាម។ ហើយ​ករណី​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​តាម​ចាប់​ជន​ប្រព្រឹត្តិ​យក​មក​ ផ្ដន្ទាទោស​តាម​ច្បាប់។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​អនុវត្ត​ទៅ​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គ្រប់​គណបក្ស​នយោបាយ ទាំង​ការ​លើក​ស្លាក​គណបក្ស និង​ការ​ជួប​ប្រជុំ​ជាមួយ​សកម្មជន​របស់​គណបក្ស៖ «អាជ្ញាធរ ​មូលដ្ឋាន​យើង​ធ្វើ​ក្នុង​នាម​ប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​គ្រប់​គណបក្ស​នយោបាយ​ធ្វើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា កុំ​គណបក្ស​កាន់​អំណាច​យើង​បង្ក​លក្ខណៈ​ងាយ​ស្រួល សូម្បី​ពេល​ខ្លះ​លើក​ស្លាក មិន​ចាំបាច់​ជូន​ដំណឹង​ផង គាត់​ដាក់​ដោយ​ឯង ដល់​ពេល​គណបក្ស​ជំទាស់ ឬ​ក៏​គណបក្ស​តូចៗ​គាត់​ស្នើសុំ​ជូន​ដំណឹង អាជ្ញាធរ​មូលដ្ឋាន​មិន​ព្រម​ឲ្យ​គាត់​ធ្វើ អា​ហ្នឹង​ភាព​ផ្ទុយ​គ្នា»

មន្ត្រី​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី កត់​សម្គាល់​ថា ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ​២០១២ កន្លង​ទៅ ការ​បំផ្លាញ​ស្លាក​គណបក្ស​នយោបាយ​មាន​ការ​ថយ​ចុះ។ ករណី​ជន​មិន​ស្គាល់​មុខ​វាយ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នេះ សមាគម​អាដហុក ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​រក​មុខ​ជន​ប្រព្រឹត្តិ​ឲ្យ​ឃើញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អ្វី​មួយ​ដែល​គេ​ហៅ​ថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល៖ «ពីព្រោះ​អា​នេះ​វា​ពាក់ព័ន្ធ ​ទៅ​ដល់​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ភូមិ​ឃុំ​មាន​សុវត្ថិភាព​ហ្នឹង បាន​ន័យ​ថា អត់​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​នៅ​ក្នុង​ភូមិ​ឃុំ​ហ្នឹង​អាច​មាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​ បំផ្លាញ​ស្លាក​គណបក្ស អ៊ីចឹង​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​សន្តិសុខ​នៅ​ក្នុង​ភូមិ​ឃុំ»
មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បញ្ជាក់​ថា រហូត​មក​ពេល​នេះ​មាន​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ជាង​១០ នៅ​តាម​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​ជន​មិន​ស្គាល់​វាយ​បំផ្លាញ។ គណបក្ស​នយោបាយ​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ ក្នុង​ការ​លើក​ស្លាក​សញ្ញា​គណបក្ស។ អាជ្ញាធរ​មូលដ្ឋាន​ដែល​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច មិន​ដែល​ចាប់​ជន​ប្រព្រឹត្តិ​បាន​ឡើយ។ បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: