A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 May 2013

Anti-Corruption Unit warns Prince Thomico for not declaring his assets អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ព្រមាន​ដាក់​ទោស​ព្រះអង្គម្ចាស់ ធម្មិកោ

ដោយ វោហារ ជាតិ RFA Read in English here.
2013-05-21
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ៣០៥
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ និង​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ឆ្នាំ​២០១២។
Photo: RFA 
 
ភាព​ប្រឈម​មុខ​ដាក់​គ្នា​រវាង​សែ​រាជវង្ស​និង​អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ ​កំពុង​តានតឹង​​យ៉ាង​ខ្លាំង ដោយ​សារ​អង្គភាព​ប្រ​ឆាំង​អំពើ​ពុករលួយ​បង្ខំ​ឲ្យ​មន្ត្រី​ព្រះបរមរាជវាំង ប្រកាស​ព្រះ​រាជទ្រព្យ​សម្បត្តិ និង​បំណុល។ ក៏​ប៉ុន្តែ​មាន​សែ​រាជវង្ស​ខ្លះ​ជំទាស់​​ទៅ​នឹង​បទ​​បញ្ជា​នេះ ហើយ​ចោទ​​ទៅ​​​​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​វិញ​​ថា ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន និង​រដ្ឋាភិបាល មាន​ចេតនា​កុង​កាច់​ខាង​នយោបាយ។
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ផ្ញើ​លិខិត​​​មួយ​ច្បាប់​ទៅ​ព្រះ​បរម​ រាជវាំង នៅ​ថ្ងៃ​​ទី​​២០ ឧសភា ព្រមាន​ដាក់​ទោស​សែ​រាជវង្ស​មួយ​អង្គ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ព្រះ​អង្គ​មិន​ព្រម​ប្រកាស​ព្រះ​រាជ​ទ្រព្យ និង​បំណុល​តាម​ការ​កំណត់​​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។
ព្រះអង្គ​មាន​បន្ទូល​នៅ​ថ្ងៃ​​ទី​២១ ​ឧសភា បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ព្រះអង្គ​មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល គឺ​​ដោយសារ​ព្រះអង្គ​ចង់​រក្សា​ស្ថាប័ន​ព្រះ​បរម​រាជវាំង​ឲ្យ​នៅ​ឯករាជ្យ និង​ដោយសារ​ស្រោម​លិខិត​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​ផ្ញើ​​ទៅ​ព្រះ ​បរម​រាជវាំង​មាន​ពណ៌​ស មិន​មាន​ចារ​អត្តសញ្ញាណ ឬ​សញ្ញា​សម្គាល់​​អង្គភាព​ប្រឆាំង​អំពើ​​ពុករលួយ។
ព្រះអង្គ​បាន​ហៅ​​សេចក្ដី​ប្រកាស​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា គ្មាន​អ្វី​ក្រៅ​ពី​រឿង​នយោបាយ និង​ជា​រឿង​គំរាមកំហែង​​ព្រះអង្គ​ ដោយសារ​ព្រះ​អង្គ​​បាន​​ចូល​ធ្វើ​នយោបាយ​ជាមួយ​បក្ស​ប្រឆាំង។
ព្រះអង្គម្ចាស់ ធម្មិកោ៖ «មូលហេតុ​អី​បាន​ជា​យើង​ថា​គិត​ផ្សេង​ពី​ ហ្នឹង​វា​មិន​ត្រូវ? ដោយសារ​ថា មាន​មន្ត្រី​រាជការ​រាប់​ម៉ឺន​នាក់​ដែល​ត្រូវ​បំពេញ​ប្រកាស​សម្បត្តិ​ទ្រព្យ ​ហ្នឹង ក៏​ប៉ុន្តែ​យើង​ជា​ពលរដ្ឋ តើ​យើង​មាន​ដឹង​ទេ​ថា មន្ត្រី​ណា​ខ្លះ​បាន​ប្រកាស មន្ត្រី​ណា​ខ្លះ​មិន​បាន​ប្រកាស? ដូច្នេះ​ពេល​ណា​ដែល​ឥត​មាន​តម្លាភាព គឺ​អាជ្ញាធរ​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង​ក្លាយ​ទៅ​ជា​ឧបករណ៍​ហើយ! គេ​ត្រូវ​ការ​បំពាន​ទៅ​លើ​អ្នក​ណា គឺ​ប្រើ​ឧបករណ៍​ហ្នឹង​ហើយ។ ហេតុ​ដូច្នេះ ខ្ញុំ​ចាត់​ទុក​អាជ្ញាធរ​ប្រឆាំង​អំពើ​ពុករលួយ​ហ្នឹង ជា​ឧបករណ៍​របស់​គណបក្ស​ប្រជាជន ហើយ​ឧបករណ៍​ហ្នឹង​គេ​ប្រើប្រាស់​ដើម្បី​ធ្វើ​ការ​គំរាម​កំហែង ធ្វើ​ការ​គាប​សង្កត់​ទៅ​លើ​អ្នក​ប្រឆាំង។ មូលហេតុ​ដែល​ខ្ញុំ​មិន​ទទួល​ដោយសារ​ថា ខ្ញុំ​ចាត់​ទុក​ស្ថាប័ន​ព្រះមហាក្សត្រ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​ដែល​មិន​ ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល បើ​សិន​ទុក​ស្ថាប័ន​ព្រះមហាក្សត្រ​ជា​ស្ថាប័ន​ឯករាជ្យ អត់​មាន​ត្រូវ​ការ​ពាក់ព័ន្ធ​អី​ជាមួយ​អាជ្ញាធរ​ប្រឆាំង​អំពើ​ពុករលួយ​ទេ ចាស!»

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បង្ហាញ​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ផ្ញើ​​លិខិត​ទៅ​ ព្រះអង្គម្ចាស់ ធម្មិកោ។
លិខិត​ដដែល​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៣ នេះ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​តម្រូវ​ឲ្យ​មន្ត្រី​រាជការ​នៅ​ ព្រះបរមរាជវាំង​​​ទាំង​អស់​​​សរុប​ចំនួន ១៤៩​អង្គ​និង​នាក់ ​​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល ហើយ​មន្ត្រី​វាំង​ទាំង​អស់​បាន​ធ្វើ​តាម​សេចក្ដី​ប្រកាស​នោះ នៅ​សល់​តែ​ព្រះអង្គម្ចាស់ ធម្មិកោ តែ​អង្គ​ឯង។
លិខិត​នោះ​បាន​ទុក​ពេល​មួយ​សប្ដាហ៍​ឲ្យ​ព្រះអង្គ​ម្ចាស់ ធម្មិកោ ពិចារណា ហើយ​បើ​ហួសកំណត់​នឹង​ដាក់​ទោស​ព្រះ​អង្គ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​លិខិត​នោះ​សរសេរ​ខ្លឹមសារ​​ដូច្នេះ៖ "អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ​សូម​ព្រមាន​ដល់​ព្រះអង្គម្ចាស់ ធម្មិកោ ក្នុង​ការ​រឹងរូស​មិន​ព្រម​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ហើយ​ក្នុង​រយៈ​ពេល​មួយ​សប្ដាហ៍ រាប់​ចាប់​តាំង​ពី​ថ្ងៃ​ចេញ​លិខិត​ព្រមាន​​នេះ ដោយ​មិន​គិត​ពី​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​បុណ្យ បើ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​ព្រម​យក​លិខិត​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល មក​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នឹង​កសាង​បែបបទ​បញ្ជូន​ករណី​នេះ​ទៅ​តុលាការ​គ្មាន​បង្អង់​ដៃ"
យ៉ាង​នេះ​ក្ដី ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ ​នៅ​តែ​រក្សា​ជំហរ​ដដែល៖ «ខ្ញុំ ​ស្វាគមន៍ ស្វាគមន៍​ឲ្យ​គេ​រៀបចំ​ឲ្យ​មាន​បែបបទ​ធ្វើ​ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​បកស្រាយ​ដូច ​ខ្ញុំ​បាន​ជម្រាប​ជូន​អ៊ីចឹង​អំពី​ស្ថាប័ន​ព្រះមហាក្សត្រ។ ខ្ញុំ​ចង់​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ស្ថាប័ន​ព្រះមហាក្សត្រ​ជា​ស្ថាប័ន​ឯករាជ្យ ឬ​មួយ​ក្រោម​គំនាប​របស់​រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា? ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​តែ​ប៉ុណ្ណេះ​ទេ ដូច្នេះ​ខ្ញុំ​ស្វាគមន៍​ឲ្យ​គេ​រៀបចំ​បែបបទ​ទៅ​ចាស!»
ទោះ​យ៉ាង​ណា​លិខិត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ព្រមាន​ថា បើ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​ព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល ឬ​ក៏​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែរ តែ​មិន​ត្រឹមត្រូវ ព្រះអង្គ​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា ៣៨ ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​អំពើ​ពុករលួយ ដោយ​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល​ទៅ​ពីរ​លាន​រៀល ហើយ​ត្រូវ​បង្ខំ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល​ដដែល ហើយ​​ក្នុង​ករណី​រឹងរូស​ទៀត នឹង​ត្រូវ​ផ្ដន្ទាទោស​ទ្វេ​ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: