A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 21 May 2013

Students ask the government to increase teachers' salaries សិស្សានុសិស្ស​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​បង្កើត​កម្មវិធី​ប្រកួត​ស្នាដៃ​គូរ​រូប និង​កាត់​ផ្ទាំង​គំនូរ គឺ "រូប​មនុស្ស​ជា​ច្រវាក់​នៃ​ក្តី​សង្ឃឹម" ឲ្យ​សិស្សានុសិស្ស ដើម្បី​បង្ហាញ​ពី​សាមគ្គី​ភាព​ក្នុង​ការងារ​អប់រំ និង​លើក​កម្ពស់​តម្រូវ​ការ​របស់​គ្រូ​បង្រៀន​កម្ពុជា។
ដោយ ដែន អយុធ្យា RFA
2013-05-21
គ្រូ​បង្រៀន ៣០៥
យុវតី សុខ សុកញ្ចនា សិស្ស​ថ្នាក់​ទី៨អា (8A) នៅ​អនុវិទ្យាល័យ​គគីរ បង្ហាញ​ផ្ទាំង​គំនូរ​ដែល​ឈ្នះ​ជ័យ​លាភី​ពី​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Den Ayuthea
ស្រប​គ្នា​នេះ សមាគម​គ្រូ​បង្រៀន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​គ្រូ និង​ផ្តល់​សិទ្ធិ​ឲ្យ​កុមារ​គ្រប់​រូប​ទទួល​បាន​ការ​អប់រំ​មាន​គុណភាព និង​ឥត​គិត​ថ្លៃ។
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ព្រឹក​ថ្ងៃ​ច័ន្ទ ទី២១ ខែ​ឧសភា នា​ទីស្នាក់ការ​សមាគម​ថា ការ​បង្កើត​កម្មវិធី​ប្រកួត​គូរ​ផ្ទាំង​គំនូរ​នេះ​ឡើង គឺ​ដើម្បី​អបអរ​យុទ្ធនាការ​ជា​សកល​សម្រាប់​ការ​អប់រំ ឆ្នាំ​២០១៣ ក្រោម​ប្រធាន​បទ "កុមារ​គ្រប់​រូប​ត្រូវ​ការ​គ្រូ​បង្រៀន​ល្អ"។
លោក​បន្ត​ថា ការ​ប្រកួត​គូរ​គំនូរ "រូប​មនុស្ស​ជា​ច្រវាក់​នៃ​ក្តី​សង្ឃឹម" នេះ សមាគម​បាន​ជ្រើស​យក​សាលា​ចំនួន​៣ និង​មាន ១៥​បន្ទប់ ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល មាន​កម្រិត​បឋម អនុវិទ្យាល័យ និង​វិទ្យាល័យ ដើម្បី​បង្ហាញ​ពី​សាមគ្គី​ភាព​ក្នុង​ការងារ​អប់រំ និង​លើក​កម្ពស់​ការ​អប់រំ​នៅ​កម្ពុជា។
លោក រ៉ុង ឈុន ក៏​បាន​យក​វេទិកា​នេះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ឲ្យ​កុមារ​ គ្រប់​រូប​ទទួល​បាន​ការ​អប់រំ​មាន​គុណភាព និង​មិន​គិត​ថ្លៃ​ទាំងអស់​គ្នា ពិសេស​ត្រូវ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន​ឲ្យ​បាន ១​លាន​រៀល​ក្នុង​១​ខែ៖ «បើ​សិន​ជា​សិស្ស​ត្រូវ​ការ​គ្រូ​បង្រៀន​ល្អ អ៊ីចឹង​ក្រសួង​អប់រំ ពិសេស​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ ត្រូវ​តែ​ឧបត្ថម្ភ​បៀវត្ស​គាត់​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​លុប​បំបាត់​នូវ​ភាព​មិន​ប្រក្រតី​ដែល​គ្រូ​លក់​នំ លក់​មេ​រៀន បង្រៀន​គួរ​ដោយ​ប៉ះពាល់​ដល់​អារម្មណ៍​សិស្ស​ទាំងអស់​ហ្នឹង អា​ហ្នឹង​ហើយ​ដែល​យើង​ត្រូវ​ធ្វើ​ការ​លុប​បំបាត់»

យ៉ាង​ណា​ក៏ដោយ ការ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន ឬ​គ្រូ​កម្រិត​បឋម​សិក្សា​នេះ ត្រូវ​បាន​លោក ចាន់ សុភា ប្រធាន​នាយកដ្ឋាន​បឋម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់​បដិសេធ​មិន​ទទួល​សំណើ​ដំឡើង​ប្រាក់​បៀវត្ស​របស់​សង្គម​ស៊ីវិល​នេះ​ ទេ។ ប៉ុន្តែ យោង​តាម​ស្មារតី​ក្នុង​សន្និបាត​អប់រំ​ដើម​ឆ្នាំ​២០១៣ រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​អប់រំ មាន​គម្រោង​កាត់​បន្ថយ​គម្លាត​ប្រាក់​បៀវត្ស​រវាង​គ្រូ​បឋម​សិក្សា និង​គ្រូ​អនុវិទ្យាល័យ។
យុវតី សុខ សុកញ្ចនា សិស្ស​ថ្នាក់​ទី៨អា (8A) នៅ​អនុវិទ្យាល័យ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​សម្ដែង​ក្ដី​រីក​រាយ បន្ទាប់​ពី​ស្នាដៃ​គូរ​គំនូរ​របស់​នាង​ជាប់​ចំណាត់​ថ្នាក់​លេខ​១ និង​ទទួល​បាន​ថវិកា ព្រម​ទាំង​សម្ភារៈ​សិក្សា​ពី​សមាគម។
យុវតី​រូប​នេះ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិតគូរ​ពី​កង្វះ​ខាត​គ្រូ​ បង្រៀន ឲ្យ​បាន​ប្រសើរ​ជាង​នេះ​តាម​រយៈ​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន៖ «រូបភាព ​នេះ គឺ​ចង់​បង្ហាញ​ពី​សាមគ្គី​ភាព​ទូទាំង​ពិភពលោក មិន​ថា​ប្រុស មិន​ថា​ស្រី គឺ​មាន​សាមគ្គី​ភាព​ទាំងអស់។ ហើយ​ទូទាំង​ពិភពលោក​ហ្នឹង គឺ​ទទួល​បាន​ការ​សិក្សា​ស្មើ​គ្នា។ គ្រូ​បង្រៀន​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពួក​ប្អូន ព្រោះ​គ្រូ​បង្រៀន​គឺ​ជា​គ្រឹះ​មូលដ្ឋាន និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​ពួក​ប្អូន​ក្នុង​ការ​សិក្សា។ បើ​សិន​ជា​គ្មាន​ពួក​គាត់​នាំ​ផ្លូវ​ទេ ប្អូន​មិន​ដឹង​ថា​ត្រូវ​ដើរ​ទៅ​ផ្លូវ​ណា​ទេ»
ចំណែក​យុវតី អ៊ិន ចន្ទណាលីន ជា​សិស្ស​ថ្នាក់​ទី១១ហាស់ (11H) នៃ​វិទ្យាល័យ​ជ័យវរ្ម័នទី៧ ដែល​ប្រកួត​ឈ្នះ​ជ័យ​លាភី​ផ្ទាំង​គំនូរ​បង្ហាញ​ពី​សាមគ្គី​ភាព មិត្តភាព ម្នាក់​ដែរ ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិតគូរ​ជីវភាព​គ្រូ​បង្រៀន​ឲ្យ​បាន​ប្រសើរ​ ជាង​សព្វថ្ងៃ ដើម្បី​ឲ្យ​គ្រូ​បង្រៀន​មាន​ពេល​វេលា​ស្រាវជ្រាវ​ឯកសារ និង​មាន​ទឹក​ចិត្ត​បង្រៀន៖ «រូប​ហ្នឹង​ចង់​និយាយ​ថា ពី​សាមគ្គី​ភាព​រវាង​គ្រូ និង​សិស្ស។ ចង់​និយាយ​ថា បើ​សិន​ជា​គ្រូ​បង្រៀន​គ្មាន​ប្រាក់​បៀវត្ស​សមរម្យ និង​គ្មាន​ពេល​វេលា​ស្រាវជ្រាវ ខ្ញុំ​ក៏​មិន​អាច​មាន​ចំណេះ​ស្តង់ដារ​វិជ្ជាជីវៈ​ខ្ពង់ខ្ពស់​បាន​ដែរ»
អ្នកគ្រូ សុខ ធីតា មក​ពី​អនុវិទ្យាល័យ​គគីរ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល មាន​មោទនភាព​ដែល​សិស្ស​របស់​គាត់​ឈ្នះ​ជ័យ​លាភី​ប្រកួត​គំនូរ​ពី​សមាគម​គ្រូ ​បង្រៀន​កម្ពុជា​ឯករាជ្យ។ អ្នកគ្រូ​ឲ្យ​ដឹង​ថា រូប​គំនូរ​ដែល​សិស្ស​របស់​គាត់​ឈ្នះ​ជ័យ​លាភី គឺ​គូរ​ទាក់ទង​ការងារ​អប់រំ និង​ការ​លើក​កម្ពស់​ជីវភាព​គ្រូ​បង្រៀន​នៅ​កម្ពុជា៖ «គំនិត​ច្នៃប្រឌិត​ នេះ គឺ​ចង់​ជួយ​កុមារ​ទាំងអស់​មិន​ថា​តែ​ក្នុង​ប្រទេស​ទេ គឺ​ទូទាំង​ពិភពលោក សុទ្ធ​តែ​ត្រូវ​ការ​សាលា​រៀន។ បើ​ថា​មាន​កុមារ គឺ​ត្រូវ​មាន​សាលា​រៀន។ អ៊ីចឹង​បាន​ថា​សាលា​ចង់​និយាយ​ថា ក្មេង​នៅ​ផ្ទះ គឺ​ឪពុក​ម្តាយ​ទី​ទៃ ប៉ុន្តែ​ដល់​ពេល​ចេញ​ទៅ​ក្រៅ វា​ត្រូវ​ចេះ​សហការ​គ្នា រួបរួម​គ្នា ទើប​ធ្វើ​ឲ្យ​អនាគត​របស់​ពួក​គេ​មាន​ភាព​ជោគជ័យ»
យ៉ាង​ណា​ក៏ដោយ លោក រ៉ុង ឈុន បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​គូរ​គំនូរ ឬ​កាត់​ក្រដាស​បិទ​ភ្ជាប់ រូប​មនុស្ស​ជា​ច្រវាក់​ជាប់​គ្នា​នេះ ក៏​ជា​ផ្នែក​មួយ​ដើម្បី​អបអរ​យុទ្ធនាការ​ជា​សកល​សម្រាប់​ការ​អប់រំ​ឆ្នាំ​ ២០១៣ ដែល​មាន​ប្រទេស​ជាង ១០០ នៅ​លើ​ពិភពលោក​បាន​ប្រារព្ធ​ឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: