A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 6 April 2013

Opposition MP Son Chhay said the government discriminates against civil servants and workers when it rejected the opposition's proposed pay increase ក្រុម​អ្នកកាន់អំណាច​រើសអើង​និង​ មិន​គិត​ផលប្រយោជន៍​សង្គម​នៅពេល​គណបក្សប្រឆាំង​ព្យាយាម​លើកកម្ពស់​ជីវភាព​ មន្ត្រី​រាជការ​និង​កម្មករ​ខ្មែរ​

Read the article in English here.


​ដោយ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ​ខ្មែរ​ដែល​កំពុងមាន​ជីវភាព​ លំបាក​វេទនា​តោកយ៉ាក​រក​ទីបំផុត​គ្មាន អ្នកតំណាងរាស្ត្រ​ដែល​ដឹកនាំ​ដោយ​លោក សុន ឆ័យ បានដាក់​សេចក្តីស្នើច្បាប់​ស្តីពី​ការកំណត់​ប្រាក់ខែ​សម្រាប់​មន្ត្រីរាជការ និង​កម្មករ​ខ្មែរ ដើម្បី​មាន​ជីវភាព​រស់នៅ​សមរម្យ ថ្លៃថ្នូរ ស្របទៅតាម​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​បំផុត​ដែល​គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភាជាតិ បាន​ច្រានចោល​សំណើ​ច្បាប់​នេះ​ទាំង​ទទឹងទិស និង​គ្មាន​ហេតុផល​ដោយ​លើក​អំណះអំណាង​ថាបើ​ដំឡើង​ប្រាក់ខែ​មានតែ​ត្រូវ​ បោះពុម្ព​លុយ​បន្ថែម ហើយ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​គ្មាន​ កម្មវិធី​នយោបាយ​ស្តីពី​ការដំឡើង​ប្រាក់ខែ​ជាក់លាក់​ជូន​មន្ត្រីរាជការ​និង​ កងកម្លាំងប្រដាប់អាវុធ​នោះទេ​។​ការច្រានចោល​សំណើ​ច្បាប់​នេះ ត្រូវបាន​លោក សុន ឆ័យ អះអាងថា គឺជា​ការរើសអើង​រប​ស់​ក្រុម​អ្នកកាន់អំណាច​ដែល​មិន​យកចិត្តទុកដាក់​គិតគូរ​ ពី​បញ្ហា​សង្គម ឬ​ប្រយោជន៍​រួម​ពោលគឺ​ស្ទើរ​គ្រប់​តែ​សំណើ​របស់​អ្នកតំណាងរាស្ត្រ​ គណបក្សប្រឆាំង​ក្រុម​អ្នកកាន់អំណាច​បាន​ច្រានចោល​ទាំង​ទទឹងទិស​។
បន្ទាប់ពី​ចាកចេញ​ពី​កិច្ចប្រជុំ​ជាមួយ​គណៈអចិន្ត្រៃយ៍​រដ្ឋ​សភាជាតិ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៣ នេះ លោក សុន ឆ័យ បាន​បញ្ជាក់ថា មាន​ហេតុផល​សំខាន់ៗ​ចំនួន​៧​ចំណុច ដែល​គណបក្ស​កាន់ អំណាច​បាន​យកមក​ធ្វើជា​អំណះអំណាង​ដើម្បី​ច្រានចោល​សំណើ​ច្បាប់ ស្តីពី​ការកំណត់​ប្រាក់ខែ​អតិបរមា សម្រាប់​មន្ត្រីរាជការ​ដូ​ច​ជា​គេ​អះអាងថា សំណើ​ច្បាប់​នេះ គឺ​ផ្ទុយ​ពី​សេដ្ឋកិច្ច​ទីផ្សារសេរី រដ្ឋាភិបាល​ធ្លាប់​ដំឡើង​ប្រាក់ខែ​តាម​ភាគរយ​ជូន​មន្ត្រីរាជការ​តាំងពី​ ឆ្នាំ​១៩៩៧ គណបក្ស​ប្រជាជន​មិនមាន​គោលនយោបាយ​កំណត់​ពី​ការដំឡើង​ប្រាក់ខែ និង​សំណើ​ច្បាប់​នេះ​ជា​ហេតុផល​នយោបាយ​។ បញ្ហា​ទាំង ៧​ចំណុច​ដែល​ក្រុម​អ្នកកាន់អំណាច​លើកឡើង​ពី​ខាងដើម​នេះ ជា​រឿង​មិន​សម​ទំនង​ទាល់តែសោះ​និង​គ្មាន​ហេតុផល​ណាមួយ​ក្នុង​ការបដិសេធ​សំណើ ​ច្បាប់​នេះ ប្រសិនបើ​ក្រុម​អ្នកកាន់អំណាច​មាន​ឆន្ទៈ​ពិតប្រាកដ​គិតគូរ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ ព្រោះ​មានលទ្ធភាព​ជាច្រើន​អាច​ប្រមែប្រមូល​ថវិកាជាតិ​សម្រាប់​ប្រើប្រាស់ ក្នុង​ការដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ទូទៅ ​។​

​លោក សុន ឆ័យ បាន​បញ្ជាក់ថា ជា​លទ្ធផល​ដែល​ទទួលបាន​គឺ​គណៈអចិន្ត្រៃយ៍​រដ្ឋសភាជាតិ​បាន​ច្រានចោល​ជា​ ផ្លូវការ​ចំពោះ​សេចក្តីស្នើច្បាប់​នេះ ប៉ុន្តែ​គេ​អះអាងថា នឹង​យក​សេចក្តីស្នើច្បាប់​នេះ​ទៅជូន​រដ្ឋាភិបាល​ដើម្បី​ធ្វើការ​ពិចារណា​ នៅពេល​ក្រោយ ហើយ​វា​បាន​បង្កប់​នូវ​ការរើសអើង​ដែលជា​វប្បធម៌​ដ៏​អាក្រក់​មួយ ដែល​ក្រុម​អ្នកកាន់អំណាច​ប្រើប្រាស់​ក្នុងការ​រាំងខ្ទប់​និង​រករឿង​មិន​ឲ្យ​ សេចក្តីស្នើច្បាប់​របស់​គណ​បក្សប្រឆាំង​កើតចេញ​ជា​រូបរាង​។ លោក សុន ឆ័យ រំលឹកថា ការកំណត់​នូវ​ចំនួន​ប្រាក់ខែ​អតិបរមា សម្រាប់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​យ៉ាងតិច​បំផុត​១​លាន​រៀល ប្រហាក់ប្រហែល​២៥០​ដុល្លារ​អាមេរិក និង​ប្រាក់ខែ​សម្រាប់​កម្មករ​ចំនួន​១៥០​ដុល្លារ​ក្នុង​មួយខែ គឺជា​រឿង​សមស្រប​បើ​ផ្អែកលើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា គឺ​យើង​អាចធ្វើ​បាន គ្មាន​ផល​រមាស់​អ្វី​ទេ ប្រសិនបើ​អ្នកកាន់អំណាច​មាន​ឆន្ទៈ​ពិតប្រាកដ​។ ប្រាក់ខែ​កម្មករ​នៅ​ប្រទេស​ក្បែរ​ខាង​នៃ​ប្រទេស​កម្ពុជា មាន​ចំនួន​ខ្ពស់​រួចទៅហើយ ប៉ុន្តែ​លក្ខខណ្ឌ​រស់នៅ​របស់​ក​ម្មករ​ខ្មែរ​ដែលមាន​ប្រាក់ខែ​តិចតួច​មិន​ សមស្រប​ទៅនឹង​ការចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរការ​ស្នាក់នៅ ការព្យាបាល​ជំងឺ និង​ទំនិញ​ដែល​ឡើងថ្លៃ​គំហុក​នោះទេ ហើយ​បើ​ពិនិត្យ​លើ​ស្ថានភាព​របស់​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​វិញ​ក៏​ជួប​ផល​ លំបាក​ជាច្រើន​ដូច​ក្នុង​របាយការណ៍​បាន​បញ្ជាក់ថា ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​ត្រូវ​សូកប៉ាន់​មន្ត្រី​គ្រប់បែបយ៉ាង គឺ​ត្រូវ​ចំណាយ​ច្រើន​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ក្រៅផ្លូវការ ហើយ​ប្រសិនបើ​អាច​លុបបំបាត់​អំពើពុករលួយ របស់​ក្រុមមន្ត្រី និង​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ គឺ​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ អាច​សល់​ប្រាក់​បើក​ប្រាក់ខែ​កម្មករ​ប្រហែល​២០០​ដុល្លារ អាមេរិក​ក្នុង​មួយខែ​។​
​លោក សុន ឆ័យ បាន​បញ្ជាក់ថា​បញ្ហា​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​ជា​រឿង​សំខាន់បំផុត ព្រោះតែ​កម្មករ​កំពុងតែ​ក្លាយជា​កម្លាំងចលករ​ដ៏​សំខាន់​មួយ​ជួយ​ឲ្យ​មាន​ កំណើនសេដ្ឋកិច្ច​ផ្តល់​មុខមាត់​សម្រាប់​ប្រទេសជាតិ​ផងដែរ ជាក់ស្តែង​កម្មករ​ខ្មែរ​បាន នាំគ្នា​ធ្វើបាតុកម្ម កូដកម្ម​ដើម្បី​ដំឡើង ប្រាក់ខែ ទើប​ក្រុម​អ្នកកាន់អំណាច​អើពើ ហើយ​ដំឡើង​បានតែ​បន្តិចបន្តួច​ម្តង ៥​ទៅ ៧​ដុល្លារ​ប៉ុណ្ណោះ ហើយ​ប្រសិនបើ​គ្មាន​ការតវ៉ា​ទេនោះ ច្បាស់​ណាស់​ដែលថា​អ្នកកាន់អំណាច មិន​អើពើ​ពី​ទុក្ខលំបាក​និង​ជីវភាព​របស់​កម្មករ​នោះទេ​។ លោក សុន ឆ័យ បាន​រំលឹក​ទៀតថា កន្លងមក​ដោយសារ​ល​ក្ខ​ខណ្ឌ​ការងារ​លំបាកលំបិន​ថៅកែ​រោងចក្រ​ជិះជាន់​ គាបសង្កត់​កម្មករ ហើយ​ប្រាក់ខែ​ដ៏​តិចតួច​គឺជា​ដើមហេតុ​ដែល​នាំ​ឲ្យ​មាន​ការធ្វើ​ចំណាកស្រុក​ ទៅ​លក់​កម្លាំង​ពលកម្ម​នៅក្រៅ​ប្រទេស​ដែលមាន​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ​និង ​មាន​ប្រាក់ខែ​ខ្ពស់ ហើយ​ការធ្វើ​ចំណាកស្រុក​នេះ នាំ​ឲ្យ​រោងចក្រ​មួយចំនួន​ត្រូវ​បិទទ្វារ​ដោយសារតែ​គ្មាន​កម្មករ​ធ្វើការ ព្រោះ​ការធ្វើ​ចំណាកស្រុក​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការផលិត និង​លទ្ធកម្ម​ក្នុងស្រុក ហើយ​ថែមទាំង​ប៉ះពាល់​ជាច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។​
​រំលឹក​ដល់​បញ្ហា​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​និង​ កងកម្លាំងប្រដាប់អាវុធ​របស់លោក ហ៊ុន សែន ដែល​អួតអាង​ថា​ក្នុង​មួ​ួ​យ​ឆ្នាំ​ឡើង​បាន​២០​ភាគរយ​នោះ គឺ​មិន​សមស្រប​ទាល់តែសោះ ដូចដែល​លោក សុន ឆ័យ បានបញ្ជាក់​យ៉ាងច្បាស់​ថា ការដំឡើង​២០​ភាគរយ​នេះ​មិនអាច​ធានា​ឲ្យ​ជីវភាព​រស់នៅ​របស់​ម​ន្ត្រី​រាជការ​ បាន​ធូរធារ​និង​ថ្លៃថ្នូរ​នោះទេ​។ លោក សុន ឆ័យ​បាន​បន្តទៀតថា​យើង​មាន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប៉ុន្មាន​ឲ្យ​ប្រាកដ​ក៏​មិនមាន​តួលេខ​ច្បាស់លាស់ ព្រោះ​កន្លងមក​មានការ​ដំឡើង​ខ្ទង់ចំណាយ​លើ​វិស័យ​កងទ័ព ប៉ុន្តែ​កម្រិត​ប្រាក់ខែ​នៅតែ​ទាប​ដដែល ដូច្នេះ​យើង​ត្រូវ​ពិនិត្យមើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​អំពី​បញ្ជី​ឈ្មោះ និង​ខ្ទង់ចំណាយ​ក្នុង​វិស័យ​កងទ័ព ហើយ​រក​ឲ្យ​ឃើញ​និង លុបឈ្មោះ​ចេញ​ជាបន្ទាន់​ចំពោះ​ការបន្ត​រក្សាទុក​ឈ្មោះ​មន្ត្រីរាជការ​ខ្មោច គឺជា​ប្រភេទ​មន្ត្រីរាជការ​ដែលមាន​តែ​ឈ្មោះ​មក​បើក​ប្រាក់ខែ មិនមាន​មនុស្ស​ទៅ​បំពេញការងារ​។ សម្រាប់​ការដំឡើង​ប្រាក់ខែ​ជូន​កម្លាំង​ប្រ ដាប់​អាវុធ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​១​លាន​រៀល​ក្នុង​មួយខែ លោក សុន ឆ័យ​បាន​វាយតម្លៃថា ប្រសិនបើ​អាចធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​បាន​ ត្រឹមត្រូវ ហើយ​រក្សាទុក​តែ​ឈ្មោះ​មន្ត្រីរាជការ​ដែល​បានមក​បំពេញការងារ​ប្រចាំថ្ងៃ​ ត្រូវ​បង្វែរ​ប្រាក់​ដែល​ធ្លាប់​ចំណាយ​ខុស​ខ្ទង់​យកមក​ដំឡើង​ប្រាក់ខែ គឺអាច​ធានាថា​ប្រាក់ខែ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​មិនមែនជា​បញ្ហា​ចោទ​ នោះទេ ប្រសិនបើ​យើង​សិក្សា​ទៅលើ​ការ​កាត់​រំសាយកងទ័ព​ដែល​ធ្លាប់បាន​អនុវត្តន៍​និង ​គាំទ្រ​ដោយ​ធនាគារពិភពលោក យកទៅ​ប្រៀបធៀប​ជាមួយ​ការបង្កើន​ខ្ទង់ចំណាយ​លើ​វិស័យ​កងទ័ព​។​
​ចំពោះ​បញ្ហា​មន្ត្រីរាជការ​វិញ លោក សុន ឆ័យ ក៏បាន​វាយតម្លៃ​ផងដែរ​ថា មាន​ស្ថាប័ន​អង្គភាព​មួយចំនួន​បន្ត​រក្សាទុក​ឈ្មោះ​មន្ត្រីរាជការ​ខ្មោច នាំ​ឲ្យ​មានការ​ចំណាយ​ថវិកាជាតិ​យ៉ាង​ខ្ជះខ្ជាយ​ដូចដែល​មន្ត្រី​ រដ្ឋលេខាធិកា​រដ្ឋា​ន មុខងារសាធារណៈ​ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា មាន​សំណើ​ប​ញ្ចូ​ក្នុង​ក្របខណ្ឌ​រដ្ឋ​នូវ​ឈ្មោះ​មន្ត្រី​ថ្មីៗ​ជាច្រើន ជាពិសេស​នៅពេលដែល​មានការ​អូសទាញ​អ្នកនយោបាយ​នៅ​បក្ស​ផ្សេងៗ​ឲ្យ​មក​ចូលរួម​ ជាមួយ​បក្ស​កាន់អំណាច​។ លោក សុន ឆ័យ បាន​បន្តទៀតថា យុទ្ធសាស្ត្រ​ណាមួយ​ក្នុងការ​បោះពុម្ព​លុយ​ដើម្បី​យកទៅ​ដំឡើង​ប្រាក់ខែ​ជូន​ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ គឺជា​ការខុសឆ្គង​ធ្ងន់ធ្ងរ​ណាស់ ផ្ទុយទៅវិញ​ដើម្បី​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ឲ្យ​បាន​១​លាន​រៀល​ក្នុង​មួយខែ គឺ​យើង​ត្រូវ​កេណ្ឌ​ប្រមូល​ធនធាន​ទ្រព្យសម្បត្តិ​ជាតិ ជាពិសេស​ចំណូល​ជាតិ​ដែល​បាន​បាត់បង់ ដោយសារតែ​អំពើពុករលួយ ក៏ដូចជា​ការយកពន្ធ​លើដី​សម្បទាន និង ការគ្រប់គ្រង​ចំណូល​ពន្ធ​លើ​វិស័យ​កាស៊ីណូ​ឲ្យ​មាន​តម្លាភាព គឺ​សមល្មម​ដែល​យើង​អាច​ប្រមូល​ធនធាន​មក​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ ទូទៅ ប៉ុន្តែ​រឿង​សំខាន់​នៅត្រង់ថា​តើ​ក្រុម​អ្នកកាន់អំណាច​មាន​ឆន្ទៈ​លើកកម្ពស់​ ជីវភាព​រស់​របស់​មន្ត្រីរាជការ​និង​កម្មករ​ខ្មែរ​ដែរ​ឬក៏​អត់​៕

No comments: