A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 5 April 2013

Does Hun Sen's visit to China bring any benefits to Cambodia? តើ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ខ្មែរ​នៅ​​ចិន​​ចំណេញ​ដល់​កម្ពុជា​ឬ​ទេ?

ដោយ សេក បណ្ឌិត 2013-04-05 RFA Service
ហ៊ុន សែន ចិន ៣០៥
សមាជិក​គណៈ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មការ​ មជ្ឈិមបក្ស និង​ជា​លេខា​គណៈកម្មការ​ត្រួត​ពិនិត្យ​វិន័យ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន លោក ហ៊ី ហ្គួឈា (He Guoqiang) [រូប​អង្គុយ ឆ្វេង] និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន [ស្ដាំ] ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​១៣ មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey
លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ចំនួន ៥​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី១០ មេសា។ ដំណើរ​ទស្សនកិច្ច​នេះ តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​នៃ​ក្រុម​ប្រឹក្សា​រដ្ឋ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​លោក លី ខីឈាង (Li Kequiang) ដោយ​មាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​មេ​ដឹកនាំ​ចិន សំខាន់ៗ​ជាច្រើន​ទៀត។ ជំនួប​នេះ ក៏​បាន​បង្ហាញ​ពី​ការ​រឹត​ចំណង​ទាក់ទង​រវាង​កម្ពុជា និង​ចិន ឲ្យ​កាន់​តែ​រឹងមាំ​ថែម​ទៀត។ ចំណែក​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម នៅ​តែ​បន្ត​រិះគន់​លើ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​នេះ។
តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នោះ កម្ពុជា នឹង​នាំ​យក​ទៅ​ជាមួយ​នូវ​កិច្ច​ព្រមព្រៀង និង​អនុស្សរណៈ​ប្រមាណ​៨ ដើម្បី​ចុះ​ហត្ថលេខា​រួម​គ្នា​នៅ​ទី​នោះ បន្ទាប់​ពី​បាន​ចរចា និង​ព្រមព្រៀង​គ្នា​ក្រៅ​ផ្លូវ​ការ​រួច​ហើយ។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៣ មេសា ឲ្យ​ដឹង​ថា ឯកសារ​ដែល​ត្រូវ​ចុះ​ហត្ថលេខា​ទាំង​នោះ រួម​មាន៖
-ទី១ អនុស្សរណៈ​យោគយល់​គ្នា​រវាង​គណៈកម្មការ​បញ្ញត្តិ​កម្ម​ធនាគារ​ចិន និង​ធនាគារ​ជាតិ​កម្ពុជា។
-ទី២ កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស។

-ទី៣ កិច្ច​ព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី​ការ​ផ្តល់​ឥណទាន​សម្បទាន​លើ​គម្រោង​ស្ពាន​កោះធំ។
-ទី៤ លិខិត​ប្ដូរ​សារ​ស្ដីពី​គម្រោង​សាលា​វិជ្ជាជីវៈ​កសិកម្ម​ខេត្ត​ក្រចេះ។
-ទី៥ កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ស្ដីពី​គម្រោង​អភិវឌ្ឍន៍​ធនធាន​ទឹក​ស្ទឹង​ស្ទោង ជំហាន​ទីមួយ។
-ទី៦ កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន​ស្ដីពី​គម្រោង​ស្ពាន​កោះធំ។
-ទី៧ ផែន​ការ​សកម្មភាព​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​កម្ពុជា-ចិន។
-និង ​ទី៨ អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​គម្រោង​ចម្រាញ់​ប្រេង ៥​លាន​តោន​រវាង​ធនាគារ​អភិវឌ្ឍន៍​ចិន សាជីវកម្ម​ធានា​រ៉ាប់រង​ឥណទាន និង​នីហរ័ណ​ចិន សាជីវកម្ម​ឧស្សាហកម្ម​គ្រឿង​យន្ត​ចិន និង​ក្រុមហ៊ុន​ខេមបូឌាន ភេត្រូខេមីខុល។
គម្រោង​ទាំង​នេះ​មាន​ទឹក​ប្រាក់​ជាច្រើន​លាន​ដុល្លារ។
អ្នក​តាម​ដាន​លើ​ការងារ​អភិវឌ្ឍន៍​សង្គម សង្កេត​ឃើញ​ថា ជំនួយ​របស់​ចិន ភាគ​ច្រើន​បាន​ផ្ដោត​ទៅ​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​រូបវន្ត ជា​ជាង​ជួយ​លើ​ការ​លើក​ស្ទួយ​ធនធាន​មនុស្ស ឬ​លើក​ស្ទួយ​ផ្នែក​ខាង​ការងារ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ។
លោក កែម ឡី អ្នក​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា ការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​ចិន គឺ​ចិន​សម្លឹង​មើល​ឃើញ​ផល​ចំណេញ​ជាច្រើន ទាំង​ធនធាន​ធម្មជាតិ និង​នយោបាយ​ពី​កម្ពុជា។
លោក​បន្ត​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​មេ​ដឹកនាំ​ខ្មែរ​ទៅ​ចិន ដោយ​ភ្ជាប់​នូវ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​សហប្រតិបត្តិការ​នានា​រវាង​ ប្រទេស​ទាំង​ពីរ​ផង​នោះ បាន​បង្ហាញ​ថា ចិន កំពុង​ត្រូវ​ការ​កម្ពុជា ជា​ចាំបាច់​សម្រាប់​គោល​នយោបាយ​របស់​ខ្លួន ដើម្បី​ទប់​ចរន្ត​ប្រជាធិបតេយ្យ៖ «រឿង​មួយ​ទៀត យើង​ឃើញ​ក្រុមហ៊ុន​រុករក​រ៉ែ​ចិន ហ្នឹង ច្រើន​ជាង​សហគមន៍​អឺរ៉ុប ច្រើន​ជាង​សហគមន៍​អាហ្វ្រិក អាមេរិក អ៊ីចឹង​ទៅ​ណា ប្រមូល​ប្រទេស​ដែល​នៅ​អាស៊ី​ហ្នឹង ចិន ច្រើន​ជាង​អ៊ីចឹង ផល​ប្រយោជន៍​ចិន ដែល​ដក​ហូត​វត្ថុ​ធាតុ​ដើម ជាពិសេស​ធនធាន​រ៉ែ​ឧស្ម័ន​ប្រេង​កាត​ពី​ខ្មែរ​យើង​ហ្នឹង គឺ​សម្បើម​ណាស់។ អ៊ីចឹង ចិន អត់​ខ្លាច​នឹង​វិនិយោគ​ទេ។ អ៊ីចឹង មិន​មែន​ជា​រឿង​ប្រាក់​ចំណូល អ៊ីចឹង​មិន​មែន​ជា​រឿង​ប្រាក់​ចំណូល​ខាង​សេដ្ឋកិច្ច មិន​មែន​ជា​រឿង​សេដ្ឋកិច្ច រឿង​រីក​ចម្រើន​អី​ទេ ចិន ចិត្ត​ល្អ​ឲ្យ​យើង​ខ្ចី​ទេ គឺ​រឿងៗ​ដែល​មើល​ឃើញ​ផល​ចំណេញ​ដ៏​ធំធេង​សម្រាប់​ប្រទេស​ចិន ទៅ​លើ​ប្រទេស​ខ្មែរ​យើង​ហ្នឹង»
លោក​បារម្ភ​ថា បើ​កម្ពុជា លូក​ដៃ​កាន់​តែ​ជ្រៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន នោះ កម្ពុជា នឹង​ជួប​បញ្ហា​ស្មុគស្មាញ​កាន់​តែ​ខ្លាំង៖ «ពីព្រោះ ​ខ្មែរ​កាល​ណា​លូក​កាន់​តែ​ជ្រៅ​ទៅៗ មាន​វាសនា​មិន​ខុស​ពី​កាល​ទសវត្សរ៍​៦០ និង​ទសវត្សរ៍​ទី​៧០ ទេ! ខ្មែរ​ប្រមាណ ៣​ជំនាន់​ហ្នឹង គឺ​ចិន ឱប​ជាប់​តែ​ម្ដង។ ហើយ​កាល​ណា​ចិន ឱប​ជាប់ យើង​គ្មាន​ឱកាស​នឹង​រើ​ដើម្បី​កែ​នីតិរដ្ឋ កែ​លម្អ​លទ្ធិប្រជាធិបតេយ្យ កែ​លម្អ​ការ​គោរព​សិទ្ធិ​មនុស្ស​អី​បាន​ទេ ពីព្រោះ​ចិន ត្រូវ​ការ​រក​ស៊ី​ផ្លូវ​ងងឹត ត្រូវ​ការ​រក​ស៊ី​ផ្លូវ​សម្ងាត់ កិច្ច​ព្រមព្រៀង​គ្មាន​តម្លាភាព​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នានា​នោះ​ ណាស់»
ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម លោក អ៊ូ វីរៈ ហាក់​ពុំ​សាទរ​ចំពោះ​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​នេះ​ទេ។ លោក​មាន​ប្រសាសន៍​ថា ការ​ចង​ចំណង​មេត្រីភាព​នៃ​រដ្ឋាភិបាល​ដែល​ប្រកាន់​របប​កុម្មុយនិស្ត និង​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន បាន​ផល​ចំណេញ​ទៅ​រដ្ឋាភិបាល​ទាំង​ពីរ ជាង​ចំណេញ​មក​ខាង​ពលរដ្ឋ។
លោក​បន្ត​ថា ប្រការ​ដែល​ប្រទេស​ចិន បង្កើន​ចំណង​ទាក់ទង​ជាមួយ​កម្ពុជា នោះ ដោយសារ​ចិន អស់​ជម្រើស​ក្នុង​ការ​ស្វែង​រក​ដៃគូ​គាំទ្រ​ក្នុង​តំបន់ ស្រប​ពេល​ដែល​ចិន កំពុង​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ជាមួយ​ប្រទេស​ជិត​ខាង។ ចំណែក​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ទៀត ដែល​ធ្លាប់​មាន​សម្ព័ន្ធភាព​ជាមួយ​គ្នា ក៏​កំពុង​ចែក​ផ្លូវ​គ្នា​ដែរ៖ «មូលហេតុ ​អី​បាន​ជា​ប្រទេស​កម្ពុជា ជា​ដៃគូ​ធំ ដោយសារ​ប្រទេស​កម្ពុជា មាន​រដ្ឋាភិបាល​មួយ​ងាយ​ស្រួល​សម្រាប់​ប្រទេស​ចិន។ យើង​គិត​មើល ប្រទេស​ចិន ចាប់​យក​ប្រទេស​ណា​ក្រៅ​ពី​កម្ពុជា នៅ​ក្នុង​តំបន់​អាស៊ាន។ ប្រទេស​ភូមា ធ្លាប់​តែ​ជា​អាយ៉ង​នៃ​ប្រទេស​ចិន កាល​ពី​ដើម​មក​ហើយ ដោយសារ​តែ​អាយ៉ង​នៃ​ប្រទេស​ចិន ហ្នឹង​គឺ​ប្រទេស​ភូមា រើ​ខ្លួន​មិន​រួច​ទាល់​តែ​សោះ ក្លាយ​ជា​ប្រទេស​ក្រ​ទៅៗ ជម្លោះ​ផ្ទៃក្នុងៗ​ទៅ។ ដោយសារ​អ៊ីចឹង​ហើយ បាន​ប្រទេស​ភូមា ហ្នឹង​ក៏​ផ្ដាច់​ខ្លួន​ពី​អាយ៉ង​ហ្នឹង ក៏​បើក​ចំហ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​ពិភពលោក​ឡើង​វិញ។ អ៊ីចឹង ខ្ញុំ​មើល​ទៅ ប្រទេស​ណា​ក្រៅ​ពី​ប្រទេស​កម្ពុជា អត់​ទៅ​រួច​ទេ ប្រទេស​វៀតណាម ជា​ប្រទេស​កំពុង​តែ​ឈ្លោះ​គ្នា​ជាមួយ​ប្រទេស​ចិន។ ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រទេស​មួយ​កាន់​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ។ ប្រទេស​ហ្វីលីពីន ជា​ប្រទេស​ប្រជាធិបតេយ្យ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក។ ប្រទេស​ម៉ាឡេ ហើយ​ប្រទេស​ថៃ ប្រហាក់​ប្រហែល​គ្នា ដូច្នេះ​អត់​មាន​ប្រទេស​ណា​ផ្សេង​ទៀត​ទេ​នៅ​ក្នុង​តំបន់​ជា​សមាជិក​អាស៊ាន​ ទាំងអស់​ហ្នឹង»
លោក​កត់​សម្គាល់​ឃើញ​ទៀត​ថា ប្រទេស​ចិន មាន​កិច្ច​សហប្រតិបត្តិការ​បាន​ជោគជ័យ​តែ​ជាមួយ​ប្រទេស​កុម្មុយនិស្ត របប​ផ្តាច់​ការ ឬ​របប​យោធា​និយម​នោះ​ទេ។
ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​ចិន នោះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ពិស្ដារ​ឡើយ។
មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​អ្វី​អត្ថាធិប្បាយ​បន្ថែម​ពី​លើ​សេចក្តី​ថ្លែងការណ៍​របស់​ ក្រសួង​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៣ មេសា នោះ​ឡើយ៖ «ខ្ញុំ អ្វី​ដែល​ខ្ញុំ​មិន​ចង់​និយាយ​ហ្នឹង ដោយសារ​ប៉្រេសរីលីស (Press Release) ចេញ​ឥឡូវ​ហើយ ជិត​ពីរ​ទំព័រ. ហើយ​ក្នុង​ហ្នឹង គឺ​បាន​ក្បោះក្បាយ​ហើយ ទស្សនកិច្ច​ផ្លូវ​ការ​ចូលរួម​កម្មវិធី​វេទិកា​ហ្នឹង គឺ​មាន​ក្នុង​ហ្នឹង​ច្បាស់​អស់​ហើយ កិច្ច​ព្រមព្រៀង​មាន​ប៉ុន្មាន​អី​ប៉ុន្មាន ឯកសារ​ចុះ​ហត្ថលេខា គឺ​មាន​គ្រប់​ហើយ​បាទ»
សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៣ មេសា បាន​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច លោក ហ៊ុន សែន នឹង​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​លោក ស៊ី ជិនភីង (Xi Jinping) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួប​ជាមួយ​លោក ចាង តេជាង (Zhang Dejiang) ប្រធាន​សភា​ប្រជាជន​ចិន ជួប​ពិភាក្សា​ការងារ​ជាមួយ លោក លី ខីឈាង និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​ជំទាវ ជូលា ហ្គៀលឡាត (Julia Gillard) នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី។
នៅ​ទី​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំង​ពីរ​នឹង​ឯកភាព​គ្នា​កំណត់​យក​ឆ្នាំ​២០១៣ ជា​ខួប​លើក​ទី៥៥ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ចិន ហើយ​និង​ជា​ឆ្នាំ​មិត្តភាព​កម្ពុជា-ចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

MM said...

Why are we using flowers all the time for decorative purposes, especially high official government, flowers look degraded, very old, old, old kind of decoration, flowers are mainly use for funeral events.

Anonymous said...

Hun Sen's visit to China will not bring any benefits to Cambodia, but will bring more debts.