04 មេសា 2013
ភ្នំពេញ៖
គណៈកម្មការជំនាញរបស់រដ្ឋសភានៅថ្ងៃពុធនេះបានបដិសេធសេចក្តីស្នើសុំ
របស់អ្នកតំណាងរាស្ត្រ
មកពីគណបក្សប្រឆាំងអំពីការដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករ
កាត់ដេរសម្លៀកបំពាក់និងមន្ត្រីរាជការស៊ីវិល។
ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំគ្នាមួយរវាងអ្នក តំណាងរាស្ត្រមកពីគណបក្សមិនកាន់អំណាចនិងគណៈកម្មការជំនាញទាំង៩របស់ រដ្ឋសភា ក្រសួងការងារ ក្រសួងមុខងារសារធារណៈ និងក្រសួងកិច្ចការនារី។
លោកស្មាន ទៀត អ្នកតំណាងរាស្ត្រគណបក្សគ្រប់គ្រងអំណាចនិងជាអនុប្រធានគណៈកម្មាធិការ ហិរញ្ញវត្ថុរបស់រដ្ឋសភាបានប្រាប់អ្នកកាសែតបន្ទាប់ពីកិច្ច ប្រជុំថារដ្ឋសភាបានទាត់ចោលសេចក្តីស្នើរបស់គណបក្សប្រឆាំងដោយបាន ចាត់ទុកថាការស្នើឡើងនេះគឺដើម្បីកេងចំណេញផ្នែកនយោបាយមុនពេលបោះ ឆ្នោតតែប៉ុណ្ណោះ។
«ជាលទ្ធផលនៃស្មារតីនៃអង្គប្រជុំគណៈកម្មការទាំងពីរហ្នឹងបានឯកភាព គ្នាគឺសុំមិនទទួលយកនូវសេចក្តីស្នើច្បាប់នេះដោយផ្អែកលើសេចក្តី ស្នើច្បាប់នេះមិនសមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃព្រះរាជាណាចក្រ កម្ពុជាដោយប្រកាន់យកនូវរបបសេដ្ឋកិច្ចទីផ្សារសេរី»។
គណបក្សប្រឆាំងរបស់ប្រទេសកម្ពុជាកាលពីចុងខែកុម្ភៈបានដាក់សេចក្តី ស្នើឱ្យដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ រហូតដល់៦០ម៉ឺនរៀលគឺប្រមាណ១៥០ដុល្លារ ចំណែកឯមន្ត្រីរាជការស៊ីវិលស្នើសុំឱ្យដំឡើងដល់១លានរៀលគឺប្រមាណ ២៥០ដុល្លារក្នុងមួយខែៗ។
សេចក្តីស្នើសុំនេះគណបក្សប្រឆាំងចង់ឱ្យដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំរដ្ឋសភាដែលគ្រោងធ្វើនៅ
ពេលខាងមុខនេះ។
លោកស្មាន ទៀត បាននិយាយថានៅប្រទេសកម្ពុជាយើងអនុវត្តទៅតាមការជាក់ស្តែងប្រសិន ណាបើសេដ្ឋកិច្ចយើងឡើងគឺយើងដំឡើងទៅតាមនោះ។លោកបញ្ជាក់ថាកម្មករ កាត់ដេរសម្លៀកបំពាក់ក្រសួងការងារបានសម្រេចជាមួយសហជីពរួចហើយគឺ ដំឡើងចាប់ពី៦១ដុល្លាររហូតដល់៨០ដុល្លារក្នុងមួយខែៗនិងមានគុណ បំណាច់ផ្សេងៗទៀត។ ចំណែកឯមន្ត្រីរាជការដំឡើងប្រាក់បៀវត្សរ៍គឺផ្អែកទៅតាមកំណើន សេដ្ឋកិច្ច។
លោកសុន ឆៃ ប្រធានក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំងដែលបានដឹកនាំកិច្ច ប្រជុំនេះបានហៅការច្រានចោលរបស់គណៈកម្មការជំនាញរបស់រដ្ឋសភាថា ជាការរើសអើងផ្នែកនយោបាយ។
លោកបាននិយាយថាការដំឡើងប្រាក់បៀវត្សរ៍ដល់ក្រុមកម្មករឱ្យបានសមរម្យអាចនឹងទប់ស្កាត់ការធ្វើកូដកម្មនិងបាតុកម្ម។
«បើបន្តប្រាក់កម្រៃតិចដល់កម្មករនេះរោងចក្រដែលត្រូវបិទទ្វារឬក៏ មិនមកធ្វើវិនិយោគទុនគឺមិនមែនដោយសារតែប្រាក់កម្រៃរបស់កម្មករទេ គឺដោយសារតែមិនមានកម្មករមកធ្វើការក្នុងរោងចក្រនៅប្រទេសយើងដែល ឱ្យកម្រៃទាបគេសុខចិត្តទៅប្រទេសដទៃ»។
លោកសុន ឆៃបានបញ្ជាក់ទៀតថានៅក្នុងប្រទេសកម្ពុជាមានលទ្ធភាពច្រើនណាស់ក្នុង ការដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករនិងមន្ត្រីរាជការគឺយើងយកពីការ បង់ប្រាក់ពន្ធគយមិនត្រឹមត្រូវក្នុងមួយឆ្នាំៗប្រមាណពី១.៣០០លាន ដុល្លារទៅ១.៥០០លានដុល្លារ។
លោកបាននិយាយថាមានមន្ត្រីរាជការបច្ចុប្បន្ននេះមានតែម្នាក់តែមាន ឈ្មោះនៅតាមក្រសួងខ្លះពី៦ទៅ៧កន្លែងដែលពុំទាន់មានវិធានការរបស់ រដ្ឋាភិបាលក្នុងការលុបឈ្មោះមន្ត្រីបំប៉ោងទាំងនោះទេ។ លោកបានបញ្ជាក់ថាទង្វើនេះនាំឱ្យមានការកេងបន្លំថវិកាជាតិធ្ងន់ធ្ងរ ណាស់។
លោកនាយករដ្ឋមន្ត្រីហ៊ុន
សែនកាលពីថ្ងៃអង្គារបាននិយាយថាចាប់ពីឆ្នាំក្រោយៗទៅលោកនឹង
ផ្លាស់ប្តូរពីការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការប្រមាណ២០%
ក្នុងមួយឆ្នាំទៅជាការដំឡើងប្រាក់បៀវត្សរ៍ទៅតាមកំណើនសេដ្ឋកិច្ច
វិញទាំងមន្ត្រីរាជការនិងកម្មករ៕
1 comment:
តើ សាន់ ឆៃ ជាអ្នកស្នេហាជាតិឬ ?
១៩៩៧ សាន់ ឆៃ បានរាយការណ័ស្ថានការ
រដ្នប្រហារឳយ ហ៊ុន សែន បានដឹងជាមុន
ទើបបរាជ៍យ។
តើ សាន់ ឆៃ នៅជាអ្នកយកការឳយ ហ៊ុន សែន
ទៀតទេ ? ចម្លើយ មិនអាចទុកចិត្តទេ។
នៅពេល គឹម សុខា អូសទាញបំបែកពី សម រង្សីបានហើយ គឹម សុខា នាំគ្នាចូល ហ៊ុន សែន
ហើយ ដើម្បីរកលាបសុការៈ។
ការដែល ហ៊ុន សែន បានបង្ហាញភ៍ស្តុតាងរវាង គឹម សុខា ជាយុទ្ធវិធីបំប៉ាំងភ្នែកមហាជនប៉ុណ្ណោះ
ដែនជាល្បិចយុទ្ធសាស្ត្រនយោបាយ ធ្វើឳយប្រជារស្ត្រយល់ថា គឹម សុខា មិនមែនជាអាយ៉ង ហ៊ិន
សែនទេ។
Post a Comment