អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី
មានប្រសាសន៍ថា
បច្ចុប្បន្ននេះហាក់មិនមានអ្នកជួយគិតគូរពីបញ្ហាបូរណភាពទឹកដី
ឬសកម្មភាពរំលោភទឹកដីពីប្រទេសជិតខាងនោះទេ។ លោករកឃើញថា
សកម្មភាពរំលោភទឹកដីខ្មែរតាមបន្ទាត់ព្រំដែនពីភាគីថៃ
បានកើតមានជាបន្តបន្ទាប់។ លោកបានរៀបរាប់ដើមហេតុ
និងទំហំនាំឲ្យកម្ពុជា បាត់ទឹកដីតាមបន្ទាត់ព្រំដែន
នាខេត្តមួយចំនួនទៅឲ្យប្រទេសថៃ កន្លងមក។
អ្នកស្រាវជ្រាវរូបនេះព្រួយបារម្ភចំពោះផែនការរុករកបង្គោល
ឬកំណត់ព្រំដែនគោក រវាងកម្ពុជា-ថៃ ដែលបន្សល់ទុកពីអាណាព្យាបាលបារាំង
អាចនាំឲ្យកម្ពុជា បាត់បង់ទឹកដីថែមទៀត ព្រោះបច្ចុប្បន្ន
ទឹកដីតាមបន្ទាត់ព្រំដែនដែលកន្លងមកគ្រប់គ្រងដោយអតីតកងទ័ពខ្មែរ
ក្រហម រណសិរ្សហ៊្វុនស៊ិនប៉ិច និងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ
ត្រូវបានប្រទេសថៃ កាន់កាប់ស្ទើរទាំងស្រុងទៅហើយនោះ។
លោក កែម ឡី ដែលបានចុះស្រាវជ្រាវបញ្ហាព្រំដែន
ឬបញ្ហាចំណាកស្រុកជាដើម តាមព្រំដែនកម្ពុជា-ថៃ នាខេត្តបន្ទាយមានជ័យ
ដើមខែមីនា ឆ្នាំ២០១៣ លោកបានស្រង់សម្ដីពលរដ្ឋមកអះអាងថា
បច្ចុប្បន្នទឹកដីតាមព្រំដែនដែលអតីតទាហានតស៊ូគ្រប់គ្រងអំឡុងពេល
ប្រទេសមានសង្គ្រាមមុនឆ្នាំ១៩៩៦ ត្រូវបាត់បង់ទៅប្រទេសថៃ។
លោកបន្តថា ការបាត់បង់ទឹកដីនេះ
អាចកើតមានបន្ទាប់ពីកម្លាំងតស៊ូជាយដែន
ឬអតីតកងទ័ពខ្មែរក្រហមមួយផ្នែក បានធ្វើសមាហរណកម្ម
ឬចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៦។
លោកបន្តថា
ទឹកដីខ្មែរតាមព្រំដែនដែលពលរដ្ឋអះអាងថាបាត់ទៅប្រទេសថៃ
គឺមានជម្រៅពី ១គីឡូម៉ែត្រ ទៅ ៣គីឡូម៉ែត្រ
មាននៅម្តុំច្រកព្រំដែនអូរបីជាន់ ម្តុំច្រកព្រំដែនក៥ ច្រកជោគជ័យ
ច្រកព្រៃគប់ និងម្តុំច្រកបឹងត្រកួន នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក
ក្នុងខេត្តបន្ទាយមានជ័យ ជាដើម។
ទោះយ៉ាងណា លោក កែម ឡី
មិនហ៊ានវាយតម្លៃទៅលើរបាយការណ៍របស់ខ្លួនស្ដីពីការបាត់បង់ទឹកដី
តាមបន្ទាត់ព្រំដែននេះទេ ដោយបញ្ជាក់ខ្លីថា
ការអះអាងរបស់លោកគឺផ្អែកទៅតាមពលរដ្ឋលើកឡើង។ លោកថា
របាយការណ៍វាយតម្លៃនេះមានតម្លៃ ឬកម្រិតស្តង់ដារប៉ុណ្ណា
គឺវាអាស្រ័យទៅលើបុគ្គល ឬស្ថាប័ននីមួយៗជាអ្នកវាយតម្លៃ។ រឿងនេះ
សម្រាប់ប្រជាពលរដ្ឋមានលំនៅឋានជាប់តាមបន្ទាត់ព្រំដែនខេត្ត
បន្ទាយមានជ័យ និងខេត្តប៉ៃលិន ក៏បានអះអាងពីសកម្មភាពថៃ
រំលោភចូលទឹកដីខ្មែរនៅតាមព្រំដែននេះដូចគ្នាដែរ។
ពលរដ្ឋមិនបង្ហាញអត្តសញ្ញាណ នៅខេត្តប៉ៃលិន បានរៀបរាប់ថា
សកម្មភាពថៃ ទន្ទ្រានចូលកាន់កាប់ដីធ្លីនៅតាមព្រំដែន
បានកើតមានស្ទើរជារៀងរាល់ឆ្នាំ។ ពលរដ្ឋអះអាងថា
ដីព្រៃតាមបន្ទាត់ព្រំដែន ឬទីកន្លែងពុំមានពលរដ្ឋសង់លំនៅឋាន
ទាហានថៃ តែងចូលកាន់កាប់ និងដាក់ពង្រាយកងទ័ព
ព្រមទាំងមានពេលខ្លះគំរាមពលរដ្ឋឲ្យរុះរើលំនៅឋានថែមទៀត។
កសិកររស់នៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បានឲ្យដឹងទៀតថា
ដីចម្ការបង្កបង្កើនផលដែលពលរដ្ឋរុករានពីឆ្នាំ២០០០ មក ទាហានថៃ
តែងមករំខាន និងគំរាមមិនឲ្យដាំដុះញឹកញាប់។ ជាងនេះទៀត ការរស់នៅ
និងការបង្កបង្កើនផលរបស់កសិករតាមព្រំដែន ស្ថិតក្នុងសង្កាត់បរយ៉ាខា
ក្រៅពីរងការគំរាមពីកងទ័ពថៃ
ក៏ត្រូវអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល មកគំរាមយកដីចម្ការ
និងបង្ខំពលរដ្ឋឲ្យចាកចេញពីលំនៅឋានថែមទៀត។
មិនខុសគ្នាទេ អ៊ំស្រីវ័យជិត ៧០ឆ្នាំ ឈ្មោះ សារី ពៅ
មានលំនៅឋានក្បែរច្រកព្រំដែនកម្ពុជា-ថៃ ច្រកបឹងត្រកួន ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ បានទទួលស្គាល់
និងមានអារម្មណ៍សោកស្ដាយដែលដីធ្លីតាមព្រំដែនត្រូវបាត់បង់ទៅឲ្យ
ប្រទេសថៃ។ អ៊ំស្រីបានស្នើឲ្យរាជរដ្ឋាភិបាល
គួរងាកមកគិតគូររឿងបូរណភាពទឹកដីតាមព្រំដែន
ដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះថាសព្វថ្ងៃនេះ ភាគីថៃ
មានមហិច្ឆតាចូលឈ្លាន
ឬរំកិលព្រំដែនចូលក្នុងទឹកដីខ្មែរជាបន្តបន្ទាប់។
ប្រធានកិត្តិយសគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង
ក៏បានទទួលស្គាល់ថា
ដីខ្មែរតាមព្រំដែនមួយភាគធំដែលចលនាតស៊ូជាយដែន
មានរណសិរ្សហ៊្វុនស៊ិនប៉ិច ឬអតីតកងទ័ពខ្មែរក្រហមកាន់កាប់កន្លងមក
ត្រូវថៃ គ្រប់គ្រងស្ទើរអស់ទៅហើយ។ លោកអះអាងថា
សកម្មភាពរំលោភទឹកដីខ្មែរតាមព្រំដែនពីសំណាក់ភាគីថៃ
អាចកើតមានក្រោយកម្លាំងតស៊ូជាយដែនបានចូលរួមបោះឆ្នោតនៅឆ្នាំ
១៩៩៣ ទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា
ឆ្នាំ១៩៩១។
យ៉ាងនេះក្តី លោក លឺ ឡាយស្រេង បានស្នើឲ្យប្រមុខរដ្ឋាភិបាល
ឬអ្នកនយោបាយគ្រប់និន្នាការបក្សនយោបាយ
ត្រូវសហការទប់ស្កាត់រាល់សកម្មភាពឈ្លានពានទឹកដីពីប្រទេសជិតខាង
ជាជាងឈ្លោះទាស់ទែងខ្មែរគ្នាឯង។
ទាក់ទិនបញ្ហានេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនរដ្ឋាភិបាល ធ្លាប់បានបញ្ជាក់ថា
បញ្ហាព្រំដែននេះគ្មាននរណាទៅឆោតល្ងង់បោះកំណត់បង្គោលព្រំដែនជាមួយ
ប្រទេសជិតខាង នាំឲ្យបាត់បង់ទឹកដីខ្លួនទេ។ លោកបន្តថា
បញ្ហាកំណត់បង្គោលព្រំដែនគោកជាមួយថៃ
រដ្ឋាភិបាលប្រទេសទាំងពីរបានព្រមព្រៀងគ្នាយកតាមបង្គោលព្រំដែនមាន
ស្រាប់ និងទទួលស្គាល់ដោយអាណាព្យាបាលបារាំង ក្រោយឆ្នាំ១៩០៤ មានចំនួន
៧៣បង្គោល។
ទោះយ៉ាងណា អតីតកងទ័ពខ្មែរក្រហម លោក ឃិន ប៉ុន
បច្ចុប្បន្នរស់នៅខេត្តប៉ៃលិន គ្មានជំនឿថា
ការកំណត់បង្គោលព្រំដែនគោកកម្ពុជា-ថៃ នាថ្ងៃខាងមុខ
រដ្ឋាភិបាលអាចរក្សាអធិបតីភាព
ឬបូរណភាពទឹកដីទៅតាមបង្គោលព្រំដែនពីជំនាន់បារាំង បានទេ
ព្រោះសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីថៃ
បានរំកិលបង្គោលព្រំដែនមកបោះចូលក្នុងទឹកដីខ្មែរធ្លាប់កាន់កាប់
នៅតាមខេត្តជាប់ព្រំដែន។ លោកអះអាងថា ថៃ
ពិតជាបានរំកិលបន្ទាត់ព្រំដែន
និងពង្រាយទ័ពឈរជើងចូលក្នុងទឹកដីខ្មែរពិតប្រាកដមែន
ដែលសកម្មភាពនេះអាចកើតមានក្រោយកម្លាំងតស៊ូជាយដែនបានចូលរួម
បង្កើតរដ្ឋាភិបាលចម្រុះជាមួយរដ្ឋាភិបាលនៅឆ្នាំ១៩៩៦។
បញ្ហានេះ
មន្ត្រីថ្នាក់ដឹកនាំខេត្តមានមូលដ្ឋានជាប់ព្រំដែនកម្ពុជា-ថៃ
មានខេត្តបន្ទាយមានជ័យ និងប៉ៃលិន
បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហាព្រំដែននេះទេ។
ដូចគ្នាដែរ វិទ្យុអាស៊ីសេរី ក៏មិនអាចទាក់ទងតំណាងស្ថានទូតថៃ
ប្រចាំក្រុងភ្នំពេញ ដើម្បីបំភ្លឺជុំវិញបញ្ហាព្រំដែនបានទេ
តាមសារអេឡិចត្រូនិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment