ភ្នំពេញៈ យោងតាម ទិន្នន័យរបស់លេខាធិការដ្ឋាន
ច្រកចេញ-ចូល តែមួយ សម្រាប់បំពេញបែបបទ នាំចេញអង្ករ របស់ក្រសួងកសិកម្ម បានឲ្យ
ដឹងថា ប្រទេសម៉ាឡេស៊ី នៅតែជាប្រទេស ដែលកម្ពុជា នាំចេញអង្ករ ទៅច្រើនជាងគេ
នៅដើមឆ្នាំ២០១៣ នេះ ។
ប្រភពដដែល បានបញ្ជាក់ថា នៅ ២ ខែដើមឆ្នាំ២០១៣ ប្រទេសម៉ាឡេស៊ី
បាននាំចូលអង្ករពីកម្ពុជា ចំនួន ៩៥១៥ តោន បន្ទាប់មក គឺប្រទេសបារាំង មានចំនួន
៨៩៩ តោន ប៉ូឡូញ ចំនួន ៨៤០០ តោន ប្រទេសហ្គាបុងចំនួន ៣៧៣៦ តោន ប្រទេសចិន
៣២១៦តោន ប្រទេសថៃឡង់ដ៍ ចំនួន ២៧៥០ តោន និងណេដឺឡែនដ៍ ២០៤៩តោន ។
ទិន្នន័យដដែល បានឲ្យដឹងទៀតថា រយៈពេល ២ ខែដើមឆ្នាំ ២០១៣ នេះ ការនាំអង្ករ
របស់កម្ពុជា បានកើនឡើង រហូតដល់១០៦ភាគរយ ពោល គឺ កើនឡើងពី ២៤១២០តោន
នៅឆ្នាំ២០១២ ដល់៤៩៨១៥តោន នៅឆ្នាំ២០១៣ ។ ប្រភេទអង្ករក្រអូប
ដែលនាំចេញទៅក្រៅប្រទេស គឺ អង្ករផ្កាម្លិះចំនួន ២៣៩៥៦ តោន និងនាងម្លិះ ចំនួន
២៦៨៨ តោន ។ ដោយឡែកប្រភេទអង្ករ ដែលនាំចេញបន្ទាប់ គឺជាអង្ករចម្រុះមានចំនួន
២១១៧៨ តោន ។
ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា នៅ ២ ខែដើមឆ្នាំ២០១៣
ក្រុមហ៊ុននាំចេញអង្ករ ដែលនាំចេញ បានច្រើនជាងគេ គឺក្រុមហ៊ុន AMRURICE
ចំនួន៦.៩៩៩តោន លេខ២ ក្រុមហ៊ុន KHMER FOOD ចំនួន ៦.៩២១តោន
លេខ៣ក្រុមហ៊ុនBAITANG ចំនួន៦.៦៩៦តោន លេខ៤ ក្រុមហ៊ុន GOLDEN RICE
ចំនួន៦.៥៣៣តោន និងទី៥ក្រុមហ៊ុន INTERNATIONAL RICE TRADING ចំនួន៤.២២៥តោន ។
ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ
បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ថា
ប្រទេសម៉ាឡេស៊ី ដែលជាប្រទេស ដែលនាំចូលអង្ករក្រអូប ហើយលោកជឿថា
នៅខែក្រោយប្រទេសនេះ នឹងនៅតែនាំមុខគេបន្តទៀត ដោយ សារតែនៅដើមឆ្នាំ
កម្ពុជាសម្បូរអង្ករក្រអូប។
លោកបន្តថា ការកើនឡើងខ្លាំងចំនួន នៃការនាំចេញអង្ករកម្ពុជា ទៅកាន់បរទេស
ក៏ព្រោះតែអង្ករក្រអូប របស់កម្ពុជា មានតម្លៃអាច ប្រកួតប្រជែង
នៅលើទីផ្សារអន្តរជាតិ បូករួមនឹងរសឆ្ងាញ់ពិសា ដែលជាហេតុជំរុញឲ្យ
អង្ករកម្ពុជា កាន់តែបង្កើនកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ។ ចំណែកឯ
អង្ករចម្រុះវិញ បើធៀបនឹងប្រទេសជិតខាងយើង
មានតម្លៃថ្លៃជាងគេបន្តិចប៉ុន្តែដោយសារតែរសជាតិ ទើបយើងអាចប្រកួតប្រជែង
ជាមួយគេបាន។
លោកគឹម សាវុធ បន្តទៀតថា «ប្រសិនបើនៅ ១០ ខែខាងមុខ កម្ពុជានៅតែបន្ត
នាំចេញអង្ករបានច្រើនដូចពីរខែដំបូងនេះ ផែនការ ១ លានតោន របស់
យើងនឹងអាចញញឹមបាន»។
សួមជម្រាបថា ប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១២ ជាប្រទេសដែលឈរលំដាប់លេខ៣
ដែលកម្ពុជា នាំចេញអង្ករច្រើនជាងគេ តែអ្វីដែល គួរឲ្យកត់សម្គាល់ខ្លាំងនោះ នៅ ២
ខែដើមឆ្នាំ២០១៣ ប្រទេសនេះឈរនៅលំដាប់លេខ១ ៕
No comments:
Post a Comment