ទាហានយាមការពារព្រំដែនរបស់ថៃ នៅចំណុចច្រកជាំសាង៉ាំ
ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
បានហាមប្រាមប្រជាពលរដ្ឋខ្មែរមិនឲ្យសង់ផ្ទះ
និងតូបលក់ដូរឥវ៉ាន់នៅក្បែរច្រកទ្វារព្រំដែន
ក្នុងទឹកដីរបស់ខ្មែរនោះទេ។
គេមិនបានដឹងអំពីមូលហេតុនៃការហាមប្រាមនោះឡើយ។
ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនច្រកជាំសាង៉ាំ
មិនសប្បាយចិត្ត
ដោយពួកគេមិនអាចធ្វើសំណង់ផ្សេងៗក្នុងទឹកដីខ្មែរដែលឋិតនៅក្បែរ
ព្រំដែនថៃបាន។
លោកស្រី ហ៊ុប វណ្ណា មានប្រសាសន៍កាលពីថ្ងៃទី១៧ កុម្ភៈ ថា
ពលរដ្ឋខ្មែរដែលរស់នៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាប់នឹងខេត្តស៊ីសាកេត
ប្រទេសថៃ ជួបផលលំបាកក្នុងសាងសង់លំនៅឋាន
ឬទីជម្រកសម្រាប់ប្រកបការងារប្រចាំថ្ងៃ
ព្រោះតែត្រូវយោធាឈុតខ្មៅថៃ ហាមឃាត់
សូម្បីក្នុងទឹកដីរបស់ខ្មែរហើយក៏ដោយ។
លោកស្រីបន្តថា តែផ្ទុយទៅវិញ ភាគីថៃអាចធ្វើអ្វីបានតាមសម្រួល
ពុំមានការរំខានណាមួយនោះឡើយ
ដោយរួមទាំងការរំកិលព្រំដែនចូលក្នុងទឹកដីខ្មែរផងនោះ៖ «វា
រុះរើចេញ វារុះរើចេញទៅ ដល់ពេលគេអត់ឲ្យធ្វើទេ គេអត់ឲ្យធ្វើ
បានខ្ញុំដូរមកនៅខាងណេះ...។ បានធ្វើគេរករឿង
ហើយកាលមុនជីកអាបង្គោលរបង ធ្វើរបងកន្លែងនោះ
ក៏គេអត់ឲ្យធ្វើដែរ។ ផ្លូវនេះកន្លែងផ្ទះលក់បន្លែហ្នឹង
ក៏គេអត់ឲ្យធ្វើដែរ ថៃអត់ឲ្យធ្វើ។ ដីខ្មែរ ដីខ្មែរត្រឹមព្រំស
ស្ថានីយសាំងហ្នឹង»។
អ្នកឃ្លាំមើលបញ្ហាសង្គម លោក រ៉ុង ឈុន គិតថា
ការបន្តជ្រៀតជ្រែកពីសំណាក់ភាគីថៃ ចូលក្នុងអធិបតេយ្យរបស់កម្ពុជា
វាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
ចំពោះរដ្ឋដែលមានបូរណភាពទឹកដី និងឯករាជ្យភាពជាតិពេញលេញនោះ។
ពលរដ្ឋរស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ គឺលោក ចាម គា ឲ្យដឹងថា
ពលរដ្ឋខ្មែរទូទៅនៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
នៃច្រកជាំសាង៉ាំ ឈមនឹងខេត្តស៊ីសាកេត របស់ថៃនេះ
ពុំអាចមានលទ្ធភាពដើម្បីធ្វើផ្ទះស្នាក់នៅ
ឬតូបលក់ដូរសម្រាប់ប្រកបអាជីវកម្មប្រចាំថ្ងៃបាននោះទេ។
លោកគិតថា
ស្ថានភាពនៃការរស់នៅរបស់ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេស
បច្ចុប្បន្ន ហាក់រងសម្ពាធពីប្រទេសថៃ ទៅវិញ
នៅគ្រារដ្ឋាភិបាលកម្ពុជា
ហាក់ពុំមានការប្រតិកម្មប្រឆាំងនឹងការធ្វើបាបពលរដ្ឋដែលរស់នៅ
តាមខ្សែបន្ទាត់ព្រំដែនក្នុងអធិបតេយ្យរបស់ខ្លួននោះ៖ «កន្លែងដែល
យើងរស់នៅដូចជាគយ ដូចកាំកុងត្រូល
ដូចពួកអន្តោប្រវេសន៍អីធ្វើកន្លែងស្នាក់នៅឲ្យឆ្លងដែនហ្នឹងណា
វាមិនឲ្យធ្វើធំដុំផងហ្នឹង បើប្រក់ស្បូវឲ្យនៅបាន។ តែវាដាក់បាន
វារំកិលដាក់អូស្កូដាក់មកលើ និយាយឲ្យចំកន្លែងហ្នឹង
អាកន្លែងវាដាក់ដីយើងតែម្ដង»។
បញ្ហានេះត្រូវបានលោក រ៉ុង ឈុន
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចាត់ទុកថា
អ្វីដែលពលរដ្ឋកម្ពុជា ក្លាយជាទិសដៅនៃការរំលោភបំពាន់
និងជាគោលដៅចំពោះការរំលោភសិទ្ធិរស់នៅក្នុងបូរណភាពទឹកដីកម្ពុជា
នេះ នោះក៏ព្រោះតែបរិបទនយោបាយការទូតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន នៅមានកម្រិត ដែលពុំអាចធានាបានសុខសន្តិភាពសម្រាប់ពលរដ្ឋ
និងសង្គមខ្លួននៅឡើយពីការជ្រៀតជ្រែករបស់ប្រទេសជិតខាង។
លោកបន្តថា៖ «អាជ្ញាធរសៀម ធ្វើបែបនេះមកលើប្រជាពលរដ្ឋកម្ពុជា
ដែលរស់នៅតាមបណ្ដោយព្រំដែន រវាងកម្ពុជា-សៀម
នេះក៏ជាការចង្អុលបង្ហាញឲ្យឃើញថា
អ្នកដឹកនាំកម្ពុជាយើងមានភាពកម្សោយ អសមត្ថភាពក្នុងការធានា
គេហៅថា សុវត្ថិភាពធានានូវអធិបតេយ្យភាព បូរណភាពទឹកដីនៃកម្ពុជា
ធានាសន្តិភាពជូនពលរដ្ឋ»។
លោក សំបូរ មាណ្ណារ៉ា
អនុប្រធានផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
និងសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ
កម្ពុជា អធិប្បាយថា ជម្លោះដណ្ដើមទឹកដីរវាងកម្ពុជា និងថៃ
ជាទូទៅត្រូវគេរកឃើញថា កើតឡើងព្រោះតែការជ្រៀតជ្រែករបស់ភាគីថៃ។
លោកបន្តថា ជម្លោះនេះបានបន្តអូសបន្លាយជិត ១ពាន់ឆ្នាំ គិតមកដល់សតវត្សទី២១នេះ៖ «បើ
យើងនិយាយពីប្រវត្តិ គឺកើតឡើងនៅក្នុងអំឡុងនៃសតវត្សទី១៣
ប្រមាណជាឆ្នាំ១២៨០
គឺក្នុងនៅអំឡុងពេលព្រះរាជាមួយនៃសម័យអង្គរដែលមានព្រះបាទ លំពង់
រាជា។ នៅពេលនោះគឺយើងមានការមិនពេញចិត្តនឹងគ្នា
ឬក៏មានការងើបឡើងប្រឆាំងតវ៉ាជាមួយម្ចាស់ស្រុក
ដោយក្រុមនៃមនុស្សនៅក្នុងតំបន់សុខោទ័យ
ហើយបង្កើតទៅជាអរិយភាពក្នុងការបង្កើតរដ្ឋថ្មី គឺរដ្ឋ សុខោថៃ
ដែលក្រុមទាំងអស់នោះបានធ្វើ»។
បើតាមលោក សំបូរ មាណ្ណារ៉ា អ្វីដែលធ្វើឲ្យកម្ពុជា
ធ្លាប់តែជាអាណាចក្រក្នុងតំបន់អាស៊ីនៅមុនសតវត្សទី១៣ នោះ
បានថមថយឥទ្ធិពលរបស់ខ្លួនរហូតដល់ពេលបច្ចុប្បន្ននេះ
ក៏ព្រោះតែហេតុផលមួយចំនួន ក្នុងនោះរួមមានបញ្ហាធម្មជាតិ សង្គ្រាម
និងអ្នកដឹកនាំមានការបែកបាក់សាមគ្គីផ្ទៃក្នុង។
លោកគិតថា ហេតុផលទាំងនេះ
គឺជាមូលហេតុចម្បងដែលជំរុញឲ្យកម្ពុជា
ក្លាយជាប្រទេសត្រូវបាត់បង់ឥទ្ធិពលនយោបាយរបស់ខ្លួន៖ «ឧទាហរណ៍
ការដណ្ដើមរាជ្យគ្នារវាងបងប្អូន
ការដណ្ដើមរាជ្យគ្នារវាងឪពុកក្មេក និងកូនប្រសា ឬក៏ការក្បត់គ្នា
។ល។ រហូតទៅដល់មានបញ្ហាមន្ត្រី និងស្ដេចមិនត្រូវគ្នា
រហូតទៅដល់ប្រជានុរាស្ត្រមួយចំនួនលោកបះបោរ ប្រឆាំង ។ល។
ទាំងអស់ហ្នឹងគឺជាកត្តាធ្វើឲ្យប្រទេសជាតិទន់ខ្សោយ
ហើយនាំទៅដល់ការបាត់បង់ទឹកដីរបស់យើង ប៉ែកខាងលិចក្ដី
ប៉ែកខាងកើតក្ដី សុទ្ធតែមានមូលហេតុ មិនមែនអត់មូលហេតុទេ។
អ៊ីចឹងការសិក្សាប្រវត្តិសាស្ត្រ
សំខាន់ណាស់ដើម្បីយល់ដឹងពីបញ្ហានេះ»។
ចំណែកលោក កែវ សុធារ៉ា ពលរដ្ឋរស់នៅច្រកជាំសាង៉ាំ និយាយថា យោធា
និងអាជ្ញាធរខ្មែរសព្វថ្ងៃហាក់បាត់បង់សិទ្ធិរបស់ខ្លួនក្នុងការ
ការពារបូរណភាពទឹកដី និងពលរដ្ឋខ្លួន។ លោកបន្តថា
ព្រោះនៅគ្រាយោធាថៃ ចុះបំផ្លាញទ្រព្យសម្បត្តិ ដូចជាផ្ទះ
និងតូបលក់ដូររបស់ពលរដ្ឋក្នុងទឹកដីរបស់ខ្មែរពុំអាចចាត់វិធានការ
ណាមួយប្រឆាំងនឹងទង្វើរបស់យោធាថៃ
ធ្វើមកលើពលរដ្ឋខ្មែរបាននោះទេ។
លោកបន្តថា៖ «យើងមិនអាចនិយាយបាន
ព្រោះអីសូម្បីមន្ត្រីថ្នាក់ធំៗក៏និយាយជាមួយវាអត់បានដែរ។
ដល់វាមកវាលើកកម្លាំងទ័ព ជាទាហាន
ជាកាំភ្លើងជាអីមកគំរាមកំហែងយើង។
សូម្បីតែផ្លូវយើងចាស់ចេះយកដែរ ចាំងអី ស្មៅអីតិចតួចមិនបានផង»។
ក៏ប៉ុន្តែបញ្ហានេះ ត្រូវបានលោក ទូច រ៉ា
អនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ អះអាងថា
បើទោះជាភាគីទាំងពីរ
ធ្លាប់មានជម្លោះមួយចំនួនក្នុងពេលកន្លងទៅយ៉ាងណាក្ដី
តែលោកបញ្ជាក់ថា ការប្រកបអាជីវកម្មលើទឹកដីរបស់ខ្មែរ
នៅតាមច្រកទ្វារព្រំដែនអាចដំណើរការជាធម្មតា
ពុំមានអ្វីប្រែប្រួលនោះទេ។
លោក ទូច រ៉ា៖ «បញ្ហាលក់ដូរហ្នឹងហើយនិយាយថាឲ្យយើងហ្នឹង
និយាយគ្នាបានក៏នៅលក់ធម្មតា អត់មានបញ្ហាទេ ឆត្រ តង់
ឆត្រដាក់លើតុលើអីហ្នឹង លក់ផ្លែឈើលក់បន្ថែ ដូចជាវល្លិព្រៃ
ដូចជាវល្លិផ្ដៅ
ស្លឹកបាសស្លឹកអីដែលគាត់លក់នៅជិតមាត់ច្រកហ្នឹង។
តែយើងនៅលក់ដដែល បច្ចុប្បន្នមិនមានអីទេ ព្រោះយើងបាននិយាយគ្នា
ព្រោះមិនមានអីជាប់លាប់ណា»។
ទំនាស់រវាងប្រជាពលរដ្ឋកម្ពុជា ជាមួយទាហានថៃ
រឿងហាមសង់សំណង់ផ្សេងៗនេះ មិនមែនកើតមានតែនៅច្រកជាំសាង៉ាំ នេះទេ
គឺកើតមាននៅចំណុចជាច្រើនទៀត តាមព្រំដែនកម្ពុជា-ថៃ
ដូចជានៅតំបន់មុខប្រាសាទព្រះវិហារ ជាដើម៕
No comments:
Post a Comment