A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 22 February 2013

Prince Ranariddh, former president of Funcinpec Party and former First Prime Minister, told members of the royal family to abandon politics after his youngest step-sister becomes president of the royalist Funcinpec Party សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ស្នើ​ព្រះរាជវង្សានុវង្ស​បោះ​បង់​នយោបាយ

គណបក្ស​ហ៊្វុនស៊ិនប៉ិច គ្រោង​ធ្វើ​សមាជ​យាង​ម្ចាស់ក្សត្រី​នរោត្តម អារុណ​រស្មី ជា​ព្រះរាជបុត្រ​ពៅ​របស់​អតីត​ព្រះមហាក្សត្រ ឲ្យ​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​នេះ នា​ថ្ងៃ​ទី២៣ មីនា ខាង​មុខ។
ដោយ ទេព សុរ៉ាវី RFA Service
2013-02-21
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ៣០៥
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ជួប​សំណេះ​សំណាល​ជាមួយ​សកម្មជន និង​ជំទប់​ឃុំ ដែល​ជាប់​ឆ្នោត​ថ្មី នា​ទី​ស្នាក់​ការ​បក្ស​ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២។
RFA/Sok Serey
ទន្ទឹម​នឹង​ការ​ធ្វើ​សមាជ​នោះ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះ​បន្ទូល​មិន​ចង់​ឲ្យ​សែ​រាជវង្សានុវង្ស​ចូល​ប្រឡូក​ក្នុង​ឆាក​ នយោបាយ​ទេ ដោយ​បង្វែរ​ពី​កិច្ច​ការ​នយោបាយ​ឲ្យ​មក​ជួយ​ការងារ​មនុស្ស​ធម៌ តាម​មាគ៌ា​ព្រះមហាក្សត្រ​វិញ។
ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បញ្ជាក់​ជា​ថ្មី​នៅ​ថ្ងៃ​ទី២១ ខែ​កុម្ភៈ នូវ​ជំហរ​របស់​គណបក្ស​ថា គ្មាន​បំណង​ណា​មួយ​យាង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មក​ធ្វើ​ជា​ព្រះ​ប្រធាន​ទេ។
លោក ញឹក ប៊ុនឆៃ បញ្ជាក់​បន្ថែម​ថា សម្ដេច​ក្រុម​ព្រះ អាច​នឹង​មាន​ការ​ច្រណែន​ជាមួយ​ព្រះរាជ​អនុជ​របស់​ព្រះអង្គ ព្រះ​នាម នរោត្តម អារុណ​រស្មី ដែល​ត្រៀម​នឹង​ក្លាយ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នា​ពេល​ខាង​មុខ ទើប​ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​រារាំង​មិន​ចង់​ឲ្យ​សែ​ញាតិ​វង្ស​ចូល​ ប្រឡូក​ក្នុង​សកម្មភាព​នយោបាយ។
លោក ញឹក ប៊ុនឆៃ៖ «ដោយ​សារ​តែ​លោក​បាន​ប្រកាស​ឈប់​ធ្វើ​នយោបាយ អ៊ីចឹង​ហើយ​បាន​ពេល​លោក​ឈប់​ទៅ មិន​ចង់​ឲ្យ​អ្នក​ផ្សេង (សែ​រាជវង្ស) មាន​សិទ្ធិ​ធ្វើ​នយោបាយ។ ប៉ុន្តែ​ហ្នឹង​មក​ពី​លោក​ទេ មិន​អាច​បន្ទោស​នរណា​បាន ព្រោះ​នេះ​មក​ពី​លោក​ប្រកាស​ឈប់​ធ្វើ​នយោបាយ​ដោយ​ខ្លួន​លោក»

លោក ញឹក ប៊ុនឆៃ បញ្ជាក់​ថា មាន​សមាជិក​សមាជិកា​នៅ​តាម​មូលដ្ឋាន​ជាច្រើន ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ឯកភាព​យាង​ម្ចាស់ក្សត្រី នរោត្តម អារុណ​រស្មី មក​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​ន័យ​រក្សា​កេរ​ដំណែល​គណបក្ស​ដែល​ព្រះ​មហា​វីរក្សត្រ បាន​បង្កើត​ឡើង។ ម្យ៉ាង ច្បាប់​រដ្ឋធម្មនុញ្ញ​ក៏​មិន​បាន​ហាម​មិន​ឲ្យ​រាជវង្សានុវង្ស ធ្វើ​នយោបាយ​នោះ​ដែរ។
ទាក់​ទិន​បញ្ហា​នេះ លោក ប៉ែន សង្ហា មន្ត្រី​ស្និទ្ធ​នឹង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បញ្ជាក់​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ សម្រេច​ព្រះ​ទ័យ​លា​ឆាក​នយោបាយ​រួច​ហើយ ដូច្នេះ​ព្រះអង្គ​មិន​មែន​មាន​ចេតនា​ណា​មួយ​ច្រណែន​នឹង​ការ​យាង​ព្រះអនុជ​ របស់​ព្រះអង្គ​ទៅ​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ទេ។ លោក​បន្ត​ថា សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​ធ្លាប់​មាន​ពិសោធន៍​ច្រើន​ក្នុង​រឿង​នយោបាយ មាន​ព្រះរាជ​តម្រិះ​ថា ក្នុង​កាលៈទេសៈ និង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន រាជវង្សានុវង្ស​គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពី​សង្វៀន​នយោបាយ។ ព្រះអង្គ​ចង់​ឲ្យ​ញាតិវង្ស​ទាំង​អស់​រួប​រួម​គ្នា​ស្ថិត​ក្រោម​ម្លប់​ ព្រះរាជបល័្លង្ក និង​ធ្វើ​ការងារ​មនុស្ស​ធម៌​ប្រសើរ​ជាង។
លោក ប៉ែន សង្ហា៖ «ព្រះអង្គ​ចង់​ឲ្យ​ញាតិវង្សានុវង្ស​ទាំង​អស់​មាន​ការ ​រួប​រួម​គ្នា នៅ​ជុំវិញ​ម្លប់ និង​ដំបូល​នៃ​ព្រះរាជបល័្លង្ក ហើយ​ជាពិសេស ត្រូវ​រួប​រួម​គ្នា​ក្នុង​ការ​រួម​ដង្ហែ​ជាមួយ​ព្រះករុណា​ព្រះមហាក្សត្រ ដើម្បី​បម្រើ​ប្រជារាស្ត្រ​នៅ​ក្នុង​ក្របខណ្ឌ​សង្គមកិច្ច និង​មនុស្ស​ធម៌ ដើម្បី​ប្រជារាស្ត្រ​ខ្មែរ។ មួយ​វិញ​ទៀត គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​គណបក្ស​មួយ​ដែល​លែង​ដើរ​ប្រតិបត្តិ​តាម​គោលការណ៍​ដើម​របស់​ខ្លួន​ទៀត​ហើយ ហើយ​ក៏​មិន​មែន​ជា​គណបក្ស​ដែល​មាន​ឯករាជ្យ​ភាព​ទៅ​ទៀត»
កាល​ពី​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៤ ក្នុង​ឆ្នាំ​២០០៨ ម្ចាស់ក្សត្រី នរោត្តម អារុណ​រស្មី ធ្លាប់​ឈរ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ម្តង​រួច​មក​ហើយ នៅ​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែ​ជា​លទ្ធផល គណបក្ស​នេះ​ហាក់​មិន​ត្រដែត​ខ្ពស់​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ ពោល​គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​ចំនួន ២​អាសនៈ​ក្នុង​រដ្ឋសភា។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា លោក គល់ បញ្ញា យល់​ឃើញ​ថា ការ​យាង​ម្ចាស់ក្សត្រី នរោត្តម អារុណ​រស្មី មក​ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​មាន​ខុស​ប្លែក​ពី​ព្រះអង្គ​ឈ្មោះ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី កាល​ពី​បោះ​ឆ្នោត​អាណត្តិ​មុន​ទេ។ ប៉ុន្តែ​គណបក្ស​ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី កាល​ពី​បោះ​ឆ្នោត​សម័យ​អ៊ុនតាក់ (UNTAC) មួយ​នេះ អាច​ទាញ​ប្រជាប្រិយភាព​ខ្លួន​ឡើង​វិញ​តាម​យុទ្ធសាស្ត្រ និង​គោល​នយោបាយ​ថ្មី​របស់​ខ្លួន ដែល​ខុស​ពី​គោល​នយោបាយ​គណបក្ស​ឯ​ទៀត ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​តម្រូវ​ការ​របស់​ស្ត្រី។
លោក​បញ្ជាក់​ថា តាម​ការ​ស្ទាបស្ទង់ គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​មាន​អ្នក​គាំទ្រ​ច្រើន តែ​អ្នក​គាំទ្រ​ទាំង​នោះ​បាន​បាក់​ទឹក​ចិត្ត និង​លះ​បង់​សិទ្ធិ​បោះ​ឆ្នោត ដូច្នេះ​ការ​អូស​ទាញ​អ្នក​ទាំង​នោះ​ឲ្យ​គាំទ្រ និង​បោះ​ឆ្នោត​ឲ្យ​ឡើង​វិញ ជា​រឿង​សំខាន់ ម្យ៉ាង​គណបក្ស​នេះ​គួរ​ផ្ដោត​យុទ្ធសាស្ត្រ​ថ្មី​បង្វែរ​ទៅ​រក​ការ​គាំទ្រ​ពី ​ក្រុម​យុវជន​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Stop this useless monarchy party come joint Democratic movement is better than break up unity.Do you want to be used by Communist Yuon/Cpp? Its time to free yourself from ironfist of Hanoi and Hun sen once and for all....Joint Democratic to fight corruptions/oppression of Dictator Hun Yuon's slave.

Yobal Khmer