A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 18 September 2016


                           
                                                                                                                                             
ជាតិ
អ្នកជំនាញ​ភាសា​ខ្មែរ​៖ ការប្រើប្រាស់​ភាសា​ខ្មែរ​បច្ចុប្បន្ន មាន​ចំណុច​មិនទាន់​ឯកភាពគ្នា​ច្រើន​
និពន្ធដោយ : ស៊ុំ សុជាតិ       September-18-2016, 8:39 am/Thmey Thmey
រូបភាព
​ភ្នំពេញ​៖ ទិដ្ឋភាព​នៃ​ការអភិរក្ស​ភាសា​ខ្មែរ នៅក្នុង​ប្រទេស​កម្ពុជា មាន​សំទុះ​គួរ​ឲ្យ​កត់សម្គាល់ និង​កាន់​តែមាន​មោទកភាព ក្នុង​សកម្មភាព​រក្សាបាន​នូវ​អត្តសញ្ញាណ​ភាសាជាតិ និង​វប្បធម៌​តាមរយៈ​ភាសា​។ ប៉ុន្តែ ការវិវត្ត​នៃ​អក្សរសាស្ត្រ​ជាតិ និង​កំហុសឆ្គង ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​មួយចំនួន នៅ​មិនទាន់​រក​ចំណុច​ឯកភាពគ្នា​នៅឡើយ​។ បញ្ហា​ទាំងនេះ ត្រូវបាន​លើកយក​មក​ធ្វើការ​ពិភាក្សា​នៅក្នុង​សិក្ខាសាលា​ស្ដីអំពី​«​ពិពិធ​ភាព​នៃ​ភាសា​ខ្មែរ​»​ដែល​រៀបចំឡើង​ដោយ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី ១៥ ដល់​១៦ ខែកញ្ញា​។​
​លោក ច័ន្ទ សំណព្វ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដែលជា​វាគ្មិន​ទីមួយ បាន​មើលឃើញថា អត្ថន័យ ន័យ និយមន័យ បំណកស្រាយ​ន័យ គឺជា​ធាតុ​ចម្បង​នៃ​ន័យ​នីយកម្ម ប្រកបដោយ​លក្ខណៈ​គរុ​សភា និង​វិទ្យាសាស្ត្រ ដោយ​អាច​យកទៅអនុវត្ត​ជាក់ស្ដែង​បាន​។

​បើតាម​ការកត់សម្គាល់​របស់លោក នៅ​ប៉ុន្មាន​ទសវត្ស​ន៍​ចុងក្រោយ​នេះ បញ្ហា​«​ន័យ​» បាន​ចោទឡើង ព្រោះ​អ្នកស្រាវជ្រាវ នៅ​មិនទាន់​បែងចែក​ឲ្យ​ដាច់ រវាង​បញ្ញត្តិ​តាមរយៈ​បច្ចេក​សព្ទ​។ ហេតុនេះ ការសិក្សា ការរៀន ការសរសេរ ការសន្ទនា នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ គេ​ត្រូវ​ស្វែងយល់​ដើម្បី​ឈ្វេងយល់​ពី​ន័យ​នៃ​ប្រធានបទ​ដែល​បាន​ចោទឡើង​ចំពោះមុខ​។  នេះ​ជាការ​លើកឡើង​របស់លោក ច័ន្ទ សំណព្វ នៅក្នុង​បទ​បង្ហាញ​របស់ខ្លួន ដោយ​បន្ត​បញ្ជាក់ថា​ថា អត្ថបទ​គ្មាន​«​ន័យ​» គឺ​គ្មាន​ប្រយោជន៍ វិទ្យាសាស្ត្រ​ពិត​ក៏ត្រូវ​ការ​ន័យ ជីវិត​ក៏ត្រូវ​ការ​ន័យ  ប៉ុន្តែ​បើ​មនុស្ស​មិនអាច​យល់​ពីអ្វី​ទៅជា​«​ន័យ​»​ទេ នោះ​បញ្ហា​នឹង​កើតមានឡើង​។

​ដោយឡែក វាគ្មិន​មួយរូប​ទៀត លោក ចែម វត្ថុ បាន​បញ្ជាក់ថា នៅក្នុង​ភាសា​ខ្មែរ នៅ​មិនទាន់មាន​ឯកភាពគ្នា លើ​ចំនួន​សូរ ស្រៈ នៅឡើយ​ទេ​។ លោក​បានលើកឡើង​បែបនេះ ក្នុងការ​បកស្រាយ​លើ​ប្រធាន​«​ប្រព័ន្ធ​សូរ​ស្រៈ​ក្នុង​ភាសា​ខ្មែរ​»​។ លោក ចែម វត្ថុ បាន​អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​ការកំណត់ ចំនួន​សូរ​ស្រៈ​នៅក្នុង​ភាសា​ខ្មែរ ជា​ការងារ​ចាំបាច់ និង​សំខាន់បំផុត​ក្នុងការ​ស្រាវជ្រាវ​របស់​ស្មេរ​»​។  



​ចំណែក​លោក Bayat Salee ដែល​បានធ្វើការ​បកស្រាយ​លើ​ប្រធានបទ​៖ «​ការប្រើប្រាស់​និង​ការ​ទ្រទ្រង់​ភាសា​ខ្មែរ នៅក្នុង​បទ​ចម្រៀង​ប្រជាប្រិយ​ក្នុង​ខេត្ត​សុរិន្ទ​» បាន​រកឃើញថា ការប្រើប្រាស់​ភាសា​ខ្មែរ​ក្នុង​បទ​ចម្រៀង និង​ល្បែង​ប្រជាប្រិយ​របស់​ខ្មែរសុរិន្ទ ជាទូទៅ​គេ​ប្រើ​មិន​សុភាព ការប្រើ​ពាក្យ​ផ្ទួន ការប្រើ​ពាក្យ​ដែល​បង្ហាញ​ពី​ការប្រៀបធៀប និង​ប្រើពាក្យ​ខ្មែរ​សុ​រិ​ន្ទ្រ​ផ្សំ​នឹង​ភាសា​ថៃ​ផងដែរ​។

​លោក Bayat Salee ៖ «​ការសិក្សា​រកឃើញថា ចម្រៀង​ប្រជាប្រិយ​នៅ​ខេត្ត​សុ​រិ​ន្ទ្រ មាន​ពីរ​ប្រភេទ គឺ​១. ចម្រៀង​ដែល​ប្រគំ​ក្នុងការ​កម្សាន្ត និង​ក្នុង​ពិធី​កម្ម​ជំនឿ ដូច​ជាការ​បំពេរ​កូន ចូល​មេមត់ សែនដូនតា និង​ត្រុដិ​។ ចំណែក​ទី​២. ជា​ចម្រៀង​ដែល​ប្រើ​ក្នុងការ​សម្ដែង ដូចជា​របាំ​ក​ន្ទ្រឹ​ម និង​ចម្រៀង​ឯទៀត​។ ការប្រើប្រាស់​ពាក្យពេចន៍​ខ្មែរ​សុ​រិ​ន្ទ្រ អាចមាន​លក្ខណៈ​ប្លែក​ពី​ភាសា​ខ្មែរ​កណ្ដាល ឬ​ខ្មែរ​បច្ចុប្បន្ន​»​។ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ននេះ  ភាសា​ខ្មែរ​សុ​រិ​ន្ទ្រ​ចាប់ផ្ដើម​បាត់បង់​បន្តិច​ម្ដងៗ មូលហេតុ​ដោយសារ​ក្មេងជំនាន់ក្រោយ​មិន​និយម​ប្រើ​ភាសា​បែរជា​ចូលចិត្ត​និយាយ​គ្នា​ជា​ភាសា​ថៃ​។

​លោក វង្ស មេ​ង មានការ​បង្ហាញ​លើ​ប្រធានបទ​ដែលមាន​លក្ខណៈ​ប្លែក គឺ​ទាក់ទង​ជាមួយ «​ការសិក្សា​បច្ចេក​សព្ទ​ពិធី​អាពាហ៍ពិពាហ៍​ក្នុង​ភាសា​ខ្មែរ​»​។ ដោយ​ផ្អែកលើ​អត្ថន័យ​នៃ​បច្ចេក​សព្ទ​អាពាហ៍ពិពាហ៍ លោក វង្ស មេ​ង បាន​រកឃើញថា មាន​ពាក្យ​រហូតដល់​ទៅ ១០៤ ពាក្យ ដែល​គេ​បាន​ប្រើប្រាស់ នៅក្នុង​បច្ចេក​សព្ទ​ភាសា​ខ្មែរ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ​។ ទោះជា​យ៉ាងណា វាគ្មិន​រូបនេះ ក៏​មិនទាន់​កំណត់ថា ពាក្យ​បច្ចេក​សព្ទ​ភាសា​ខ្មែរ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ​នេះ មាន​ត្រឹមតែ ១០៤​ពាក្យ​នេះដែរ​។​



​យ៉ាងណា​ម៉ិ​ញ លោក វ៉ាន់ ម៉ូ​ន វាគ្មិន​មួយរូប ក្នុងចំណោម​វាគ្មិន​ដទៃទៀត បានធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​«​បញ្ហា​មួយចំនួន​ខាង​សម្ព័ន្ធ​ក្នុង​ភាសា​ខ្មែរ​បច្ចុប្បន្ន​»​។ លោក វ៉ាន់ ម៉ូ​ន បាន​បញ្ជាក់ថា បណ្ដាញសារព័ត៌មាន ឬ​ស្មេរ​មួយចំនួន​កន្លងមក ប្រើប្រាស់​ពុំទាន់​បាន​ត្រឹមត្រូវ​តាម​សម្ព័ន្ធ​ល្បះ​ក្នុង​ភាសា​ខ្មែរ​ពី​ចំណុច​សំខាន់​៖ ទីមួយ បញ្ហា​ទាក់ទង​នឹង​សម្ព័ន្ធ​ប្រធាន​និង​កិរិយាសព្ទ​នៅក្នុង​ល្បះ និង​ទី​ពីរ បញ្ហា​នៃ​ការប្រើប្រាស់​សម្ព័ន្ធ​«​កម្មវាចកៈ​»​។​

​ចំណែក លោក ទូច គីម​ស្រ៊ាង បាន​មើលឃើញថា ក្នុង​ការសិក្សា​ស្រាវជ្រាវ ការរៀន ការបង្រៀន ការសរសេរ ការនិពន្ធ គេ​តែងតែ​សង្កេតឃើញថា សំណេរ​អក្ខរាវិរុទ្ធ​ខ្មែរ មាន​ចំណុច​ខ្លះ ការប្រើប្រាស់​កិរិយាសព្ទ គុណសព្ទ នាមសព្ទ បាលី សំស្ក្រឹត​ក្នុង​ភាសា​ខ្មែរ នៅ​ខ្វះចន្លោះ​មិនទាន់បាន​ត្រឹមត្រូវ តាម​បែបបទ​វេយ្យាករណ៍ ទាំងស្រុង​នោះទេ​។ លោក​បានលើកឡើង​បែប នៅពេលដែល​លោក ធ្វើ​បទ​បង្ហាញ​ស្ដីពី «​បម្រើបម្រាស់​កិរិយាសព្ទ គុណសព្ទ និង​នាមសព្ទ បាលី សំស្ក្រឹត ក្នុង​ភាសា​ខ្មែរ​» ។​

​ដោយឡែក លោក ជុំ ស៊ុន​ណា​ង ដែលជា​វាគ្មិន​បកស្រាយ​លើ​ប្រធានបទ «​បន្លែ​ករ​វាង​ភាសា​ខ្មែរ កណ្ដាល និង​ភាសា​ខ្មែរលើ​» បានធ្វើការ​ពិចារណា​ទៅលើ​ទិដ្ឋភាព​នៃ​សូរ រូប និង​ន័យរ​បស់ពាក្យ​ក្នុង​បរិបទ​ឃ្លា ល្បះ​ផ្នែក​លើ​ទិន្នន័យ​វាក្យសព្ទ​មូលដ្ឋានចំនួន ៣៤០​ពាក្យ ព្រមជាមួយ​ឃ្លាល្បះ ដែល​ប្រមូលបាន​ពី​អ្នកប្រើប្រាស់​ភាសា​ខ្មែរ​នៅ​ខេត្ត​សុ​រិ​ន្ទ្រ​។ វាគ្មិន​រូបនេះ​បាន​បង្ហាញថា ភាសា​ខ្មែរ​កណ្ដាល និង​ភាសា​ខ្មែរ​សុ​រិ​ន្ទ្រ មាន​លក្ខណៈ​ដូចគ្នា​ច្រើន តែ​ក៏មាន​លក្ខណៈ​ប្លែក​គ្នា​មួយចំនួន​ផងដែរ​។



​លោក ជុំ ស៊ុន ណា​ង បង្ហាញថា​៖« ព្យញ្ជនៈ​មួយចំនួន ក្នុង​ភាសា​ខ្មែរ​សុ​រិ​ន្ទ្រ និង​ភាសា​ខ្មែរ​កណ្ដាល មាន​បន្លែ​ក​មួយចំនួន​ទាំង​នៅក្នុង​ទីតាំង​ដើម​ព្យាង្គ និង​ទីតាំង​ចុង​ព្យាង្គ​»​។ លោក បន្តថា​៖«​ភាសា​ខ្មែរសុរិន្ទ នៅ​រក្សា​ធម្ម​ភាព​នៃ​ព្យញ្ជនៈ​សិថិល​បាន​ច្រើនជាង​ភាសា​ខ្មែរ​កណ្ដាល​។ ដោយឡែក ពាក្យ​មួយចំនួន មាន​ចំនួន​ធាតុ​នៃ​ព្យាង្គ និង​ចំនួន ព្យាង្គ មិនត្រូវ​គ្នា​។ ចំណែក​ន័យរ​បស់ពាក្យ​មួយចំនួន មិនត្រូវ​គ្នា​ក្នុង​បរិបទ​នៃ​ការប្រើប្រាស់​ក្នុង​ឃ្លាល្បះ​»​។ វាគ្មិន​រូបនេះ បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ភាសា​ខ្មែរ​ក្នុង​ខេត្ត​សុ​រិ​ន្ទ្រ បានទទួល​ឥទ្ធិពល​ច្រើន​ពី​ភាសា​ថៃ និង​ភាសា​ឡាវ ទាំង​ផ្នែក​វាក្យសព្ទ និង​ផ្នែក​សម្ព័ន្ធ​ផងដែរ​។​

​ឆ្លងកាត់​សិក្ខាសាលា​ពិភាក្សា​រយៈពេល​ពីថ្ងៃ អង្គសិក្ខាសាលា​បានសម្រេច និង​ទទួលយក​អនុសាសន៍​មួយចំនួន​ដូចជា​៖ ក​.​ជ​.​ភ​.​ខ​. ត្រូវបង្កើត​យន្តការ​ត្រួត​ពិនិត្យ​អក្សរ​នៅលើ​ផ្លាកសញ្ញា​ពាណិជ្ជកម្ម​,  បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​រាល់​ការបោះពុម្ពផ្សាយ​, បើក​វគ្គ​ខ្លីៗ​បង្រៀន​ពី​របៀប​ប្រើប្រាស់ ភាសា​ខ្មែរ ឲ្យ​បាន​ត្រឹមត្រូវ នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ជាពិសេស​ពិធីករ ពិធីការនី​ឲ្យ​យល់ច្បាស់​ពី​ភាសា​ខ្មែរ​។ បន្ថែម​ពីនេះ ក្រសួង​អប់រំ គួរតែ​បើក​វគ្គ​បំប៉ន​ភាសា​ខ្មែរ​ដល់​គ្រូបង្រៀន​តាម​បណ្ដា​ខេត្ត​, ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ឯកសារ​ដែល​បាន​អនុម័តិ​ជា​ផ្លូវការ ជាដើម​។

​ក្នុង​សុន្ទរកថា​បិទ​កម្មវិធី លោក ច័ន្ទ សំណព្វ បានលើកឡើង​បញ្ជាក់ថា​៖ «​ក្នុង​ក្របខណ្ឌ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ ក្នុង​កិច្ចសហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ភាសា​ខ្មែរ នឹង​ពិចារណា សម្រេច​អនុម័ត​បមាណីយ​ជាតិ​ស្ដីពី​កម្មវិធី និង​វិធីសាស្ត្រ​បង្រៀន​ភាសា​ខ្មែរ​ជា​អន្តរជាតិ ដើម្បី​បង្កើតបានជា​ក្របខណ្ឌ​គោល​មួយ​ដែល​អនុញ្ញាត​ឲ្យ​ជនបរទេស ដែល​រៀន​ភាសា​ខ្មែរ​ទទួលបាន​នូវ​សមូហភាព នៃ​កម្រិត​ចំណេះដឹង ខាង​ផ្នែក​ភាសា នឹង​វប្បធម៌​ខ្មែរ​»​។ បន្ថែម​ពីនេះ លោក ច័ន្ទ សំណព្វ ក៏បាន​លើកឡើង​ផងដែរ​ថា ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ នឹង​ពិចារណា​ទៅលើ​គោលការណ៍​មួយចំនួន ដែល​ខេ​មរ​យាន​កម្មបាន​បន្សល់​ទុក​មក​សម្រាប់​ដោះស្រាយ​បញ្ហា​សំណេរ ពាក្យ​មួយចំនួន ដែលមាន​អក្ខរាវិរុទ្ធ​ជាន់គ្នា តែ​អំ​ណាន​សូរ​ផ្សេងគ្នា​។ បន្ថែម​ពីនេះ នឹង​ពិចារណា​ផងដែរ ទៅលើ​ផលប៉ះពាល់​ក្នុង​ផ្នែក​អនុវត្តន៍​ជាក់ស្ដែង​៕

No comments: