លោក ហ៊ុន សែន៖ កម្ពុជាអត់មានវិបត្តិនយោបាយផ្ទៃក្នុងទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជាមិនមានវិបត្តិនយោបាយផ្ទៃក្នុងនោះឡើយ ប៉ុន្តែ លោកថា មានតែលោក កឹម សុខា ត្រូវតុលាការកាត់ទោសប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងដូច្នេះនៅលើទំព័រហ្វេសប៊ុករបស់លោកកាលថ្ងៃម្សិលមិញ ជាការឆ្លើយតប ទៅនឹងអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Ekareach Thach ដែលបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះស្រាយវិបត្តិផ្ទៃក្នុងរវាងអ្នកដឹកនាំខ្មែរ ដើម្បីឲ្យស្ថានភាពនយោបាយបច្ចុប្បន្នបានធូរស្រាលឡើងវិញ។
អ្នកប្រើប្រាស់ហ្វេសប៊ុក Ekareach Thach ដែលអះអាងថា ជាពលរដ្ឋដើមកំណើតខ្មែរនៅកម្ពុជាក្រោម ឬវៀតណាមខាងត្បូងនាពេលសព្វថ្ងៃនេះ បានចូលទៅបញ្ចេញយោបល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះ បានចាត់ទុកជម្លោះរវាងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ជាវិបត្តិផ្ទៃក្នុង ឬជម្លោះរវាងខ្មែរ និងខ្មែរ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយតបទៅវិញថា៖ “កម្ពុជាអត់មានវិបត្តិផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស”។
ទោះជាយ៉ាងណា មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បាននិរទេសខ្លួនឯង ក្រោយប្រឈមមុខនឹងបណ្ដឹងផ្សេងៗពីមន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច ខណៈដែលអនុប្រធានបក្សប្រឆាំង លោក កឹម សុខា បានស្នាក់នៅក្នុងទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើអស់រយៈពេលជិត ៤ខែហើយ ក្រោយការប៉ុនប៉ងចាប់ខ្លួនមិនបានសម្រេចពីសំណាក់កម្លាំងសមត្ថកិច្ច បន្ទាប់ពីលោកបដិសេធចូលបំភ្លឺក្នុងតុលាការជាបន្តបន្ទាប់។
តំណាងរាស្ត្រ និងសកម្មជនបក្សប្រឆាំងជិត ២០រូប សកម្មជនការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រីរៀបចំការបោះឆ្នោត ១រូប ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ ចាប់តាំងពីឆ្នាំ២០១៥មក៕
3 comments:
Ah Kouk you creates crisis and chaos and you says Cambodia has no crisis. This is not new even in 1997, when you launched the bloody coup and you still said Cambodia had no problem.
Kem Sokha does not look good. He is now a shadowy figure, hiding from his sex charge with prostitution.
13:10 you are kem monovidjar , you too having same sex scandal like your disgrace Sokha, do you want proof,,,,,?
Post a Comment