សកម្មជនបក្សប្រឆាំងប្ដេជ្ញាចូលរួមមហាបាតុកម្មបើទោះបីជាត្រូវបង្ក្រាបដោយកងកម្លាំង
ដោយ ម៉ម មុនីរតន៍
2016-09-15
2016-09-15
ការប្រកាសមិនដកថយរបស់សកម្មជនបក្សប្រឆាំងនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់គណបក្សបញ្ជាក់ថា ថ្ងៃទី១៦ ខែកញ្ញា គឺជាពេលវេលាក្នុងការកំណត់ទិសដៅជាក់លាក់នៃគម្រោងធ្វើមហាបាតុកម្មហើយ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី១៥ កញ្ញា ថា គណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សប្រឆាំង នឹងរៀបចំសមាសភាពគណៈកម្មការតស៊ូមតិ ហើយបន្ទាប់ពីរៀបចំគណៈកម្មការនេះរួចហើយ នឹងឈានមួយជំហានទៀតក្នុងពេលតែមួយ គឺរៀបចំគម្រោងធ្វើមហាបាតុកម្មយកតែម្ដង។ លោកបន្តថា «និយាយរួមយើងបង្កើតនូវរៀបចំសមាសភាពសិន ព្រោះសំខាន់កាលណាយើងចង់ធ្វើអ្វីមួយ ត្រូវមានសមាសភាព ការសិក្សា និងមានអ្នកទទួលខុសត្រូវការងារផ្សេងៗ ដើម្បីសិក្សាឲ្យបានល្អិតល្អន់»។
សកម្មជនដែលគាំទ្រគណបក្សសង្គ្រោះជាតិ មកពីតាមបណ្ដាខេត្តមួយចំនួនអះអាងថា ពួកគេសប្បាយចិត្ត ប្រសិនបើពិតជាមានមហាបាតុកម្មមែន។
រស់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោក ឌុក ភឹម និយាយថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងការបង្ក្រាបអ្នកតវ៉ា ទោះក្នុងទម្រង់អ្វីក៏ដោយ ស្ថានភាពនេះនឹងមិនអាចទប់ស្កាត់ការចូលរួមរបស់មហាជនបានឡើយ។ ជាងនេះទៀត អ្វីដែលពលរដ្ឋស្ម័គ្រចិត្តចូលរួមក្នុងមហាបាតុកម្មនេះ គឺបានដឹងរួចជាស្រេចទៅហើយថា អាចជួបឧបសគ្គ ប៉ុន្តែបញ្ហានេះវាពុំមែនជារនាំងឡើយ។ លោកបន្តថា «ទោះបីត្រៀមយ៉ាងណា ក៏ខ្ញុំនៅតែមានឆន្ទៈចូលរួមដែរ។ ដោយសារខ្ញុំមានគំនិតមួយ ខ្ញុំចង់ផ្លាស់ប្ដូរអ្នកដឹកនាំ។ ខ្ញុំចង់ផ្លាស់ប្ដូរអ្នកដឹកនាំ រកអ្នកដឹកនាំថ្មីដែលមានប្រជាធិបតេយ្យពិតប្រាកដ»។
ទាក់ទិនស្ថានភាពនយោបាយនេះដែរ ពលរដ្ឋរស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង វិញ គឺលោក ឈឹម សិទ្ធិ អះអាងថា បំណងនៃការចូលរួមមហាបាតុកម្មនេះ គឺពុំមានអ្នកបង្ខំឲ្យចូលរួមឡើយ។ ផ្ទុយទៅវិញ ការស្ម័គ្រចិត្តនេះ ដោយមើលឃើញពីសង្គមរស់ក្នុងភាពប្រេះឆា ដោយអ្នកដឹកនាំកំពុងធ្វើឲ្យការរស់នៅចែកវណ្ណៈគ្នារវាងអ្នកមាន និងអ្នកក្រ។ មិនតែប៉ុណ្ណោះ យុត្តិធម៌សង្គមនៅតែជាទិសដៅនៃការវាយប្រហារមកលើជនរងគ្រោះដែលជាពលរដ្ឋសាមញ្ញ គ្មានបុណ្យស័ក្ដិ ឬសែស្រឡាយក្នុងជួររដ្ឋាភិបាល។ លោកបន្តថា «នេះបងពិចារណាមើល នេះគ្រាន់តែសម្បកខាងក្រៅទេ សម្រាប់គេអ្នកមានគេអ្នកមាន សម្រាប់អ្នកក្រពិបាកវេទនាទៅរកស៊ី ធ្វើខ្ញុំគេនៅស្រុកគេស្រុកឯង។ មិនខ្លាចទេ! មិនអាចខ្មែរសម្លាប់ខ្មែរបានទេ ខ្ញុំជឿបែបហ្នឹង»។
ជុំវិញរឿងនេះ លោក ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី១២ កញ្ញា ថា លោកបានបញ្ជាកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យត្រៀមបង្ក្រាប និងកម្ចាត់ចោលរាល់សកម្មភាពបាតុកម្មរបស់គណបក្សប្រឆាំង។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា សូមអ្នកចូលរួមកុំញ៉ាម និងអាងលើបាតុកម្មឲ្យសោះ។ លើសពីនេះទៀត ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសាកមើល។
គេសង្កេតឃើញថា ក្រោយពីមានសារនយោបាយដែលលោក ហ៊ុន សែន ព្រមានបានមួយថ្ងៃភ្លាម ទាំងកងទ័ពជើងគោក ក្រសួងការពារជាតិ និងគ្រប់បញ្ជាការដ្ឋាននៃកងយោធា បានប្ដេជ្ញាអនុវត្តបទបញ្ជានេះដោយម៉ឺងម៉ាត់ក្នុងការកម្ចាត់លើក្រុមអ្នកតវ៉ា។
អ្នកវិភាគនយោបាយយល់ឃើញថា សង្គ្រាមពាក្យសម្ដី និងការប្រកាន់ជំហររៀងៗខ្លួនរបស់អ្នកនយោបាយក្នុងដំណាក់កាលចុងក្រោយនេះ អាចធ្វើឲ្យកម្ពុជា ត្រូវធ្លាក់ចូលក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់ឡើងវិញ ដែលកម្ពុជា ធ្លាប់ឆ្លងកាត់កាលពី ២០ឆ្នាំមុន។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា ប្រសិនបើគម្រោងមហាបាតុកម្មកើតឡើងដូចការគ្រោងទុកមែន រឿងនេះគឺគណបក្សសង្គ្រោះជាតិ ប្រាកដណាស់គណបក្សប្រឆាំងកំពុងធ្វើដំណើរចូលក្នុងផែនការយុទ្ធសាស្ត្រដែលគេបានព្រាងទុកជាយូរមកហើយ។ មិនតែប៉ុណ្ណោះ សភាពការណ៍លើកនេះ គឺមិនខុសពីរុញឲ្យកម្ពុជា ដើរលើផ្លូវចាស់កាលពី ២ទសវត្សរ៍មុនទៀតឡើយ។ លោកបន្តថា «ការរៀបចំនូវកម្លាំងមហាជនអីហ្នឹង ខ្ញុំខ្លាចចូលទៅក្នុងអន្ទាក់របស់គេ ឬនៅក្នុងប្លង់ដែលគេបានរៀបចំហើយ។ គណបក្សសង្គ្រោះជាតិ មិនគួរយកផ្លូវហ្នឹងដើរទេក្នុងពេលហ្នឹង»។
បើទោះជាបែបណា គណបក្សប្រឆាំងអះអាងថា ផែនការដែលបានគ្រោងទុករួចហើយនេះ គឺពុំមានការប្រែប្រួលឡើយ។ ម្យ៉ាងវិញទៀត នេះគឺជាជម្រើសចុងក្រោយ ហើយក៏ជាដំណោះស្រាយនយោបាយដែលអាចឲ្យកម្ពុជា បានវិលទៅរកសភាពការណ៍ដូចមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ឡើងវិញផង៕
No comments:
Post a Comment