A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 September 2016


រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​សុំ​ទោស​កសិករ​ដែល​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ទាន់​ពេលវេលា

ដោយ អ៊ុំ រង្សី
2016-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
វេង សាខុន ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ថ្លែង​ក្នុង​ពិធី​ចែក​ពូជ​ស្រូវ​ផ្កា​រំដួល​ជូន​កសិករ​នៅ​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦។ Photo courtesy of MAFF.gov.kh
 Photo courtesy of MAFF.gov.kh
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​សុំ​ការ​អភ័យ​ទោស​ពី​ប្រជាពលរដ្ឋ ពិសេស​កសិករ នៅ​ពេល​ដែល​ក្រសួង​របស់​លោក​មិន​អាច​ជួយ​ដោះស្រាយ​កង្វល់​ពួក​គេ ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រុម​ឈ្មួញ​បន្ទាប​តម្លៃ​កសិផល ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។ ករណី​នេះ សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម យល់​ថា ការ​សុំ​ទោស​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា និង​ឆ្លើយ​តប​តម្រូវ​ការ​ចាំបាច់​ជូន​កសិករ​បាន​ឡើយ។
អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ព្រម​ទាំង​កសិករ ចង់​ឃើញ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ រួម​គ្នា​រិះរក​មធ្យោបាយ​ដោះស្រាយ​វិបត្តិ​ដែល​កសិករ​កំពុង​ជួប​ប្រទះ ពាក់ព័ន្ធ​នឹង​បញ្ហា​ធ្លាក់​ថ្លៃ​កសិផល​កសិកម្ម ជា​ជាង​គ្រាន់​តែ​សុំ​ទោស។
ការ​លើក​ឡើង​របស់​អ្នក​វិភាគ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ព្រម​ទាំង​កសិករ​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​សរសេរ​ពាក្យ​សុំ​ទោស​នៅ​លើ​គណនី​ហ្វេសប៊ុក (facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​សុំ​ទោស​ប្រជាពលរដ្ឋ ពិសេស​កសិករ។
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​សរសេរ​ទៀត​ថា កាល​ពី​ពេល​កន្លង​ទៅ ក្រសួង​មិន​បាន​ដោះស្រាយ​បាន​ទាន់​ពេលវេលា​នូវ​រាល់​កង្វល់​ទាក់ទង​ទៅ​នឹង​ក្រុម​ឈ្មួញ បន្ទាប​តម្លៃ​កសិផល​ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ព្រោះ​បញ្ហា​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ឯកជន ដែល​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​រួម​គ្នា។
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រូប​នេះ​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ថា ថ្មីៗ​នេះ ក្រសួង​កសិកម្ម បាន​ចាត់​ឲ្យ​ក្រុម​ការងារ​តាមដាន និង​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ផលិតកម្ម​កសិកម្ម និង​ការ​រក​ទីផ្សារ​កសិផល ព្រម​ទាំង​ពិនិត្យ និង​ដោះស្រាយ​នូវ​រាល់​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​ប្រទះ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ហើយ។ បន្ថែម​ពី​នេះ​ទៀត លោក​រំពឹង​ថា ក្រុម​ការងារ​នេះ​នឹង​បន្ត​ចុះ​ទៅ​ដល់​ខេត្ត​គោលដៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។
ពាក់ព័ន្ធ​នឹង​ការ​សុំ​ទោស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម នេះ​ដែរ ត្រូវ​បាន​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា ការ​សុំ​ទោស​គ្រាន់​តែ​ជួយ​រំងាប់​អារម្មណ៍​កសិករ​បាន​មួយ​គ្រា និង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ព្រោះ​កសិករ​កម្ពុជា ជួប​វិបត្តិ​បញ្ហា​ទីផ្សារ​លក់​កសិផល​កសិកម្ម​យូរ​មក​ហើយ មិន​មែន​គ្រាន់​តែ​កើត​ឡើង​នៅ​ឆ្នាំ​នេះ​នោះ​ទេ។ លោក​យល់​ថា ខណៈ​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម គួរ​តែ​រក​វិធីសាស្ត្រ​ល្អៗ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ដល់​កសិករ​ឲ្យ​បាន​ឆាប់​រហ័ស​វិញ ទើប​ប្រសើរ​ជាង៖ «»
រីឯ​អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី គាំទ្រ​ចំពោះ​ការ​ប្រើ​ពាក្យ​សុំ​ទោស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម។ លោក​ថា រាល់​ការ​ដោះស្រាយ​បញ្ហា​កសិកម្ម ពិសេស​បញ្ហា​ទីផ្សារ​លក់​កសិផល ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​ពាក់ព័ន្ធ ដូចជា​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច ក្រសួង​ឧស្សាហកម្ម និង​ក្រសួង​ទេសចរណ៍ ជាដើម។
អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​ត្រូវ​ពិភាក្សា​ដោះស្រាយ​បញ្ហា​រួម​គ្នា ជា​ជាង​ទុក​តួនាទី​ជូន​តែ​ក្រសួង​កសិកម្ម ដោះស្រាយ​ម្នាក់​ឯង។
ការ​ប្រកាស​សុំ​ទោស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន ធ្វើ​ឡើង​ក្រោយ​មាន​របាយការណ៍​ជាច្រើន​ពី​កសិផល​កសិកម្ម​ដែល​កសិករ​ផលិត​បាន តែ​គ្មាន​ទីផ្សារ​លក់ ឬ​លក់​បាន​ក្នុង​តម្លៃ​ថោក មិន​រួច​ថ្លៃ​ដើម​ផលិត និង​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍។ បញ្ហា​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន ព្រម​ទាំង​បណ្ដា​សារព័ត៌មាន​បន្ត​ចែកចាយ​តៗ​គ្នា និង​រិះគន់​រដ្ឋាភិបាល​ថា​គ្មាន​សមត្ថភាព​ដោះស្រាយ​វិបត្តិ​មួយ​នេះ។
បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ទាមទារ​ឲ្យ​ក្រសួង​បង្កើត​យន្តការ​ច្បាស់លាស់។
ក្រៅ​ពី​នេះ អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ព្រម​ទាំង​កសិករ ក៏​បាន​ស្នើ​ឲ្យ​អ្នក​នយោបាយ​ចរចា​គ្នា ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ និង​រួម​គ្នា​គិតគូរ​ពី​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


No comments: