ទាហានវៀតណាមសាងសង់ប៉ុស្តិ៍ថ្មីពីរនៅតំបន់សនៃព្រំដែនខេត្តរតនគិរី
ដោយ រដ្ឋា វិសាល
2016-08-09 rfa

សហគមន៍ជនជាតិដើមចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាំគ្នាទៅមើលស្រះ និងរណ្ដៅដាំកាហ្វេដែលពលរដ្ឋវៀតណាម ជីកនៅតំបន់ព្រំដែនហាមឃាត់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥។
រូបថតសហគមន៍
ទាហានវៀតណាម កំពុងសង់ប៉ុស្តិ៍ថ្មីចំនួនពីរនៅក្នុងតំបន់សនៃព្រំដែនខេត្តរតនគិរី ជាប់នឹងខេត្តយ៉ាឡាយ ប្រទេសវៀតណាម។ ការសង់ប៉ុស្តិ៍ថ្មីនេះ ធ្វើឡើងជាឯកតោភាគី ខណៈខ្សែបន្ទាត់ព្រំដែននៅតំបន់នោះមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម នៅឡើយ។
មន្ត្រីអាជ្ញាធរខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃទី៩ ខែសីហា ថា ទាហានវៀតណាម បានរំលោភជាថ្មីទៀតនៅលើតំបន់សហាមឃាត់រវាងភាគីទាំងពីរមិនឲ្យសាងសង់ ឬដាំដុះអ្វីនៅលើបន្ទាត់ព្រំដែនដែលមិនទាន់ឯកភាពគ្នាវាស់វែង។
អ្នកនាំពាក្យ និងជាអភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា តម្រួតព្រំដែនខ្មែរនៅតំបន់ព្រំដែនស្រុកអូរយ៉ាដាវ បានឃើញទាហានវៀតណាម កំពុងចាក់គ្រឹះ និងសសរសាងសង់ប៉ុស្តិ៍នៅតំបន់ព្រំដែនហាមឃាត់មួយកន្លែង ហេតុនេះតម្រួតខ្មែរបានហាមឃាត់ភ្លាមៗ និងបានជួបពិភាក្សាជាមួយអាជ្ញាធរវៀតណាម ពីបញ្ហានេះ។
លោកថា បានធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិកិច្ចការព្រំដែនរួចហើយ ដើម្បីដោះស្រាយបញ្ហានេះតាមមន្ត្រីការទូតប្រសិនភាគីវៀតណាម នៅតែបំពានសាងសង់ប៉ុស្តិ៍បន្តទៀត៖ «យើងបានប្រាប់ហើយឲ្យបញ្ឈប់។ មានការណែនាំពីថ្នាក់ខេត្តទៅ ហើយកម្លាំងបានជួបគ្នាជជែកគ្នាពាក់ព័ន្ធទ័ពមិនមានថ្នាក់ខេត្ត និងខេត្តទេ។ ខាងគេណាទ័ពមជ្ឈិមទ័ពជាតិរបស់គេ»។
មន្ត្រីតម្រួតព្រំដែនកម្ពុជា នៅតំបន់កើតហេតុឲ្យដឹងថា កន្លែងដែលទាហានវៀតណាម កំពុងសង់ប៉ុស្តិ៍ឋិតនៅចំណុចអូរកុមារ ជិតបង្គោលព្រំដែនលេខ៣០ ក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។ ប៉ុស្តិ៍នោះមានទំហំជាង ៣០០ម៉ែត្រក្រឡា បានជាក់គ្រឹះនិងសសររួចហើយ។
មន្ត្រីព្រំដែនសុំមិនឲ្យបញ្ចេញឈ្មោះនោះបន្តថា វៀតណាមសង់អគារថ្មីនេះប្រមាណបីសប្ដាហ៍កន្លងទៅនេះ បើទោះបីតម្រួតព្រំដែនជួបពិភាក្សា និងហាមឃាត់ការសាងសង់នេះក៏ដោយ ក៏ទាហានវៀតណាម នៅតែធ្វើមិនដឹងឮ។ មន្ត្រីព្រំដែននោះបដិសេធមិនបានដឹងពីការសង់ប៉ុស្តិ៍នៅទីតាំងផ្សេងទៀតឡើយ។
ចំណែកប្រជាពលរដ្ឋជនជាតិដើមភាគតិចខ្មែររស់នៅភូមិឡំ ដែលឆ្លងចេញចូលភូមិវៀតណាម ជាប់ព្រំដែនគ្នានោះឲ្យដឹងថា ទាហានវៀតណាម បានសង់ប៉ុស្តិ៍ថ្មីមួយផ្សេងទៀតក្នុងតំបន់ស ជាប់អតីតកន្លែងវៀតណាម ជីកស្រះចំនួន ៨ នៅជិតប៉ុស្តិ៍ការពារព្រំដែនភូមិឡំ ជាប់នឹងភូមិសេសៅ ឃុំយ៉ាណាង ស្រុកដាក់កឺ ខេត្តយ៉ាឡាយ។
ប្រជាពលរដ្ឋភូមិឡំ លោក រចំ ខាំ បញ្ជាក់ដែរថា ប៉ុស្តិ៍ថ្មីនោះមានទំហំប្រមាណ ១០០ម៉ែត្រក្រឡា។ បច្ចុប្បន្នភាគីវៀតណាម បានចាក់គ្រឹះ និងចាក់សសរកម្ពស់ ៤ម៉ែត្រកន្លះ។ លោកកត់សំគាល់ដែរថា ស្រះដែលវៀតណាម ជីកក្នុងតំបន់សកាលពីឆ្នាំ២០១៥ មួយចំនួនត្រូវបានវៀតណាម ថែទាំនិងកំពុងប្រើប្រាស់ដោយមិនបានលុបវិញតាមការសន្យារបស់ភាគីវៀតណាម ទេ៖ «គាត់ចេញចូលទៅវៀតណាម គេធ្វើមែន។ គេកំពុងចាក់គ្រឹះបេតុងផ្ទះថ្ម មិនយូរប៉ុន្មានទេប្រហែលកន្លះខែទើបចាក់សសរ មិនទាន់ធ្វើដំបូលទេ។ ប្រហែលគេធ្វើផ្ទះយាមធ្វើមន្ទីរប៉ូលិស មន្ទីរទាហាន»។
ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន លោក វ៉ា គឹមហុង ទទួលស្គាល់ថា ភាគីវៀតណាម ពិតជាបានសង់ប៉ុស្តិ៍ខុសកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ក៏ប៉ុន្តែលោកទទួលព័ត៌មានតែមួយទីតាំងទេ។ លោកថា រាជរដ្ឋាភិបាលបានផ្ញើកំណត់ជូនភាគីវៀតណាម តាំងពី២សប្ដាហ៍មុន ប៉ុន្តែមិនទាន់ឃើញការឆ្លើយតបទៅឡើយ៖ «ខ្ញុំដឹងតែមួយកន្លែងទេ អគារដែលគម្រោងធ្វើធំហ្នឹងយើងផ្ញើកំណត់ទូតជិតពីរអាទិត្យហើយ ធ្វើភ្លាមយើងផ្ញើភ្លាមសុំឲ្យបញ្ឈប់ការខុសឆ្គង ការរំលោភកិច្ចព្រមព្រៀងគ្នាថ្ងៃ១៧ មករា ឆ្នាំ១៩៩៥»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី លោក ឆាយ ធី អំពាវនាវសុំឲ្យមន្ត្រីគណៈកម្មការចម្រុះកិច្ចការព្រំដែនចុះពិនិត្យបញ្ហារំលោភតំបន់សនេះឡើងវិញ ដើម្បីប្រមូលទិន្នន័យជាក់លាក់ស្ដីពីការរំលោភបន្ថែមរបស់ភាគីវៀតណាម៕
1 comment:
Dear All,
The Vietnamese have expansionism in their blood.
After telling them to stop, and they refuse to, you MAKE them stop.
To live in peace with Vietnam, Cambodia MUST be as strong or stronger.
Yes, it can be done !
For now, let's prepare ourselves mentally and physically for the threshold of July 2018.
Post a Comment