A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 9 August 2016

លោក ហ៊ុន សែន បបួល​លោក ខឹម វាសនា ដើរ​លក់​ពង​មាន់​អាំង

លោក ហ៊ុន សែន បបួល​លោក ខឹម វាសនា ដើរ​លក់​ពង​មាន់​អាំង
ដោយ ជិន ជេដ្ឋា
2016-08-09

ហ៊ុន សែន កំពង់ឆ្នាំង ៨៥៥ ២០១៦
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូប​ពាក់​វ៉ែនតា) ក្នុង​ពេល​ចុះ​ជួប​ពលរដ្ឋ​នៅ​ផ្សារ​លើ ក្នុង​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៦។
 RFA/Chin Chetha



លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បបួល​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ដែល​ធ្លាប់​និយាយ​រិះគន់​លោក​ទាក់ទង​នឹង​ការ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ឲ្យ​ទទួល​ទាន​គុយទាវ ឬ​លក់​ពង​មាន់​អាំង​ជាមួយ​គ្នា ដើម្បី​ដឹង​បញ្ហា​កាន់​តែ​ច្រើន។ អ្នក​វិភាគ​យល់​ឃើញ​ថា ការ​បញ្ចេញ​សារ​នេះ ​ពុំ​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ​ទេ និង​ពុំ​មែន​ជា​អ្នក​ដឹក​នាំ​ដែល​ទទួល​ខុស​ត្រូវ​ឡើយ។

ក្រោយ​ជួប​សំណេះសំណាល​ជាមួយ​គរុសិស្ស និង​សិស្ស​នៅ​វិទ្យាល័យ​ព្រះបាទ​សុរាម្រិត នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា លោក ហ៊ុន សែន បាន​ចូល​ជួប​អាជីវករ និង​ទទួល​ទាន​គុយទាវ​នៅ​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង។ មុន​ចាប់​ចង្កឹះ និង​ស្លាបព្រា​ទទួល​ទាន​គុយទាវ លោក​ឆ្លៀត​និយាយ​ផ្ញើ​សារ​ទៅ​កាន់​លោក ខឹម វាសនា តាម​រយៈ​ហ្វេសប៊ុក (Facebook) ផ្ទាល់​ខ្លួន​របស់​លោក និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន។

នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា ​ការ​ដែល​លោក​ដើរ​តាម​ផ្សារ ឬ​លក់​ពង​មាន់​អាំង គឺ​មាន​សេចក្ដី​ថា លោក​បាន​ស្គាល់​រឿង​ច្រើន​ណាស់ ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «ខ្ញុំ​សូម​ផ្ដាំ​ត្រឡប់​ទៅ​វិញ ការ​ដែល​ខ្ញុំ​ចូល​មើល​ផ្សារ ឬ​លក់​ពង​ទា​អាំង​ហ្នឹង បាន​សេចក្ដី​ថា ខ្ញុំ​ស្គាល់​រឿង​ច្រើន​ណាស់ ដើម្បី​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ហើយ​សង្ឃឹម​ថា ឯកឧត្ដម​អញ្ជើញ​តាម ពិសា​មក។ កាន់​តែ​អាច​ពិគ្រោះ​យោបល់​ពី​ខ្ញុំ​បាន​ច្រើន​ទៀត! អគុណ​ដល់​ឯកឧត្ដម ខឹម វាសនា»។



អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ដើម្បី​ឆ្លើយ​តប​នឹង​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​១ សីហា លោក​បាន​រិះគន់​ចំពោះ​ការងារ​ចុះ​មូលដ្ឋាន​របស់​នាយករដ្ឋមន្ត្រី ដែល​ស្ដែង​ចេញ​តាម​រយៈ​សកម្មភាព​ដឹក​ពងមាន់​អាំង​លក់ និង​ទទួល​ទាន​នំ​បញ្ចុក​នៅ​តាម​ទី​សាធារណៈ​ជាដើម។

លោក ខឹម វាសនា៖ «ដូច​សម្ដេច​ខ្ញុំ​សព្វថ្ងៃ! គាត់​អត់​បាន​មើល​យួន​ចូល​ដី​ខ្មែរ​ទេ គាត់​អត់​បាន​មើល​អា​ណា​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​យួន​ទេ គាត់​អត់​បាន​មើល​អា​ណា​កាប់​ព្រៃឈើ​ទេ គាត់​អត់​បាន​មើល​អា​ណា​បាញ់​សត្វ​ព្រៃ​ទេ គាត់​រវល់​តែ​ទៅ​ដឹក​ពង​ទា​អាំង​លក់ គាត់​ទៅ​ហូប​អី​ណា​នំបញ្ចុក​អី គាត់​អត់​បាន​មើល​យួន​ដី​ខ្មែរ​ទេ គាត់​ទៅ​ផ្សារ ទៅ​នេះ ទៅ​ណោះ គាត់​រវល់។ មើល​ទៅ​ពោធិ៍សាត់ ទៅ​មើល​ទៅ និយាយ​ពី​កាប់​ព្រៃ ដុត​ព្រៃ! ខ្ញុំ​ឆ្ងល់​ថា សម្ដេច​ទៅ​ណា? ដល់​មើល​តាម​ហ្វេសប៊ុក សម្ដេច​រវល់​តែ​ដឹក​ពង​មាន់​លក់»។


ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែង​ក្នុង​សមាជ​គណបក្ស​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Morm Moniroth


ចំណែក​អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក មាស នី យល់​ថា សារ​របៀប​កំប្លុកកំប្លែង​របស់​អ្នក​នយោបាយ​ជាមួយ​អ្នក​នយោបាយ​នេះ មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ដល់​ពលរដ្ឋ​នោះ​ទេ។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​តាម​រយៈ​ដើរ​ចូល​ផ្សារ ឬ​បញ្ចេញ​សកម្មភាព​ផ្សេងៗ​ជាមួយ​ពលរដ្ឋ​តែ​មួយ​ភ្លែតៗ​នោះ គឺ​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ទេ លើកលែង​តែ​មាន​ពេល​ច្រើន​ឲ្យ​ពលរដ្ឋ​លើក​ពី​បញ្ហា និង​ដោះស្រាយ​ផ្ទាល់៖ «រឿង​ដែល​យើង​ចង់​ឃើញ​ដែល​ល្អ​មែន​ទែន បើ​សម្ដេច​នាយករដ្ឋមន្ត្រី​អាច​មាន​ពេល​ឆ្លៀត។

 ឧទាហរណ៍​ថា នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​បញ្ហា​អ្វី​ខ្លះ​សំខាន់ៗ​ដែល​ពលរដ្ឋ​មាន ដល់​ថ្ងៃ​សម្ដេច​ចុះ​ទៅ គឺ​ពលរដ្ឋ​ទាំង​អស់​នោះ​ត្រៀម​ចាំ​ជួប​សំណេះសំណាល ខ្ញុំ​គិត​ថា ពេល​នោះ​ប្រជាប្រិយ​នឹង​អាច​កើត​មាន ប៉ុន្តែ​បើ​ថា​គ្រាន់​តែ​ចុះ​ទៅ​ត្រៀម​មនុស្ស​ឲ្យ​មក​ប្រជុំ ហើយ​ចំណាយ​ពេល​ភាគ​ច្រើន​ដើម្បី​និយាយ​ឲ្យ​គាត់​ស្ដាប់ អា​នេះ​មិន​មែន​ជា​ការ​ប្រស្រ័យ​ទាក់ទង​ទេ អា​នេះ​គ្រាន់​តែ​ជា​ការ​បង្ហាញ​មុខ ឬ​ក៏​ជា​ប្រភេទ​មួយ នៃ​ការ​ឃោសនា​ក៏​ថា​បាន»។

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ មក​លោក​នាយករដ្ឋមន្ត្រី​បាន​ចំណាយ​ពេល​ច្រើន​ក្នុង​ចុះ​ជួប និង​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ កម្លាំង​ប្រដាប់​អាវុធ និង​សិស្ស​និស្សិត។ ប៉ុន្តែ​សកម្មភាព​របស់​លោក​ដែល​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ ខិត​ជិត​ចូល​មក​ដល់​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​ប្រជា​ពលរដ្ឋ​ទូទៅ​ផង និង​ការ​រិះគន់​ផង៕

No comments: