A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 25 July 2016

ក្រុមហ៊ុន​ដីសម្បទាន​លើក​ពី​បញ្ហា​ដែល​ពួកគេ​ប្រឈម


តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង​នៅ​ខេត្ត​រតនគិរី​កាលពី​ឆ្នាំ​មុន​។
តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង​នៅ​ខេត្ត​រតនគិរី​កាលពី​ឆ្នាំ​មុន​។ រូបថត អង្គការ​អាដហុក

ក្រុមហ៊ុន​ដីសម្បទាន​លើក​ពី​បញ្ហា​ដែល​ពួកគេ​ប្រឈម
Fri, 22 July 2016 ppp
ផាក់ ស៊ាងលី



ភ្នំពេញៈ ក្រុម​ឧកញ៉ា និង​ម្ចាស់​ក្រុមហ៊ុន​ខ្មែរ និង​បរទេស​បាន​ប្រាប់​ក្រសួង​កសិកម្ម​ពី​ចំណុច​ខ្វះខាត​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​លើក​ឡើង​ពី​បញ្ហា​របស់​ពួកគេ​នៅក្នុង​ការ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដែល​ប្រឈម​ខ្លាំង​ជាមួយ​នឹង​សហគមន៍​មូលដ្ឋាន​ខណៈ​ដែល​អង្គការ​សង្គម​ស៊ីវិល​​បាន​រកឃើញ​​ថា​ការ​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​គឺជា​មូលហេតុ​ចម្បង​ដែល​​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​នៅ​ស្ទើរ​ទូទាំង​ប្រទេស​។

មន្ត្រី​ក្រសួង​កសិកម្ម និង​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ខ្មែរ និង​បរទេស​បាន​ជួប​ជុំគ្នា​ដ៏កម្រ​​មួយ​កាលពី​ម្សិលមិញ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ជា​ការ​បើក​ឱកាស​ឲ្យ​ភាគី​ក្រុមហ៊ុន​ទាំង​នោះ​​លើក​ឡើង​ពី​ភាព​អវិជ្ជមាន​នៃ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​។

លោក​ឧកញ៉ា​ លីម ហេង ​ម្ចាស់​ក្រុមហ៊ុន​លីមហេង​គ្រុប​បាន​លើក​ឡើង​ថា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​សហគមន៍​មូលដ្ឋាន​គឺ​មាន​​ការ​ខ្វះខាត។ នេះ​បាន​បង្ក​ឲ្យ​មាន​ទំនាស់​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ចាត់​ទុក​ក្រុមហ៊ុន​ថា​ជា​ «​សត្រូវ​» ​ទៅ​វិញ។ ឆ្លៀត​ឱកាស​នោះ​ក៏​មាន​អ្នក​នយោបាយ​ខ្លះ​បាន​បំផុស​ពលរដ្ឋ​ថា​ក្រុមហ៊ុន​ទៅ​យក​ដី​ពួកគាត់។

លោក​ថា​៖ «​យើង​មាន​ទំនាស់​ផលប្រយោជន៍​ជាច្រើន​នៅ​មូលដ្ឋាន។ ដោយសារ​អី? ដោយសារ​ខ្វះ​ការ​ផ្សព្វផ្សាយ។ ក្រសួង ឬ​រដ្ឋ​គួរ​តែ​ផ្សព្វផ្សាយ​ពី​ផលប្រយោជន៍ និង​គុណសម្បត្តិ​របស់​ដីសម្បទាន​សេដ្ឋកិច្ច​ឲ្យ​ពលរដ្ឋ​មូលដ្ឋាន​បាន​យល់​ថា​ការ​វិនិយោគ​នេះ​គឺ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​»​។

លោក​ឧកញ៉ា​បាន​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​ផលិត​ជា​ខ្សែ​វីដេអូ​ខ្លីៗ​ពី​គុណប្រយោជន៍​ដីសម្បទាន​សេដ្ឋកិច្ច​ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ។



លោក​​បន្ថែម​ថា ​ក្រុមហ៊ុន​មាន​សិទ្ធិ​តែ​ស្នាក់នៅ និង​អាស្រ័យ​ផល​លើ​ដី​នោះ​ប៉ុណ្ណោះ​ហើយ​នឹង​ប្រគល់​ឲ្យ​រដ្ឋ​វិញ​បន្ទាប់ពី​ ៥០ ឆ្នាំ​ក្រោយ​មក។ ហេតុ​នោះ​លោក​ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​ជា​អ្នក​ធ្វើការ​ចុះ​បញ្ជី​ដី​ដែល​​​ជួល​ឲ្យ​ក្រុមហ៊ុន​នោះ​វិញ​គឺ​មិន​មែន​ម្ចាស់​ក្រុមហ៊ុន​នោះ​ទេ​។ លើស​ពី​នោះ​លោក​ក៏​សុំ​ឲ្យ​ក្រសួង​ធ្វើការ​ពិគ្រោះ​ជាមួយ​នឹង​​ក្រុមហ៊ុន​នៅ​មុន​ពេល​ដែល​ចេញ​អនុក្រឹត្យ ឬ​សេចក្តី​សម្រេច​​ណា​មួយ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ដីសម្បទាន​សេដ្ឋកិច្ច។

ជំនួប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​ វេង សាខុន បាន​​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​​ជាង​ ៣ ​ខែ​។

លោក​ឧកញ៉ា​ ឡេង រិទ្ធី តំណាង​សមាគម​វិនិយោគិន​វៀតណាម​​ដែល​មាន​ក្រុមហ៊ុន​ជាង ២០ នៅ​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​ជំនួប​ដែល​មិន​ធ្លាប់​មាន​នេះ​ហើយ​បាន​លើក​ឡើង​ការ​វិវឌ្ឍ​​ក្រោយ​ពី​មាន​រដ្ឋមន្ត្រី​ថ្មី​ពិសេស​គឺ​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្តល់​សិទ្ធិ​ឲ្យ​មន្ត្រី​កសិកម្ម​ថ្នាក់​ក្រោម​ធ្វើការ​សម្រេច​លើ​ការងារ​ដី​សម្បទាន​មួយ​ចំនួន។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​និយាយ​តាំង​ពី ២០១០។ ពី​មុន​អត់​មាន​ប្រជុំ​រួម​លើក​ឡើង​ចឹង​ទេ។ មន្ទីរ​ជា​អ្នក​នៅ​ក្បែរ​ក្រុមហ៊ុន​ដឹង​សុខទុក្ខ​យើង។ ពី​ដើម​ស្អីៗ​ក៏​ក្រសួង [ដែល] នៅ​ភ្នំពេញ​អង្គុយ​ក្នុង​ម៉ាស៊ីន​ត្រជាក់​មិន​ដែល​ដឹង​អ្នក​នៅ​ក្រោម​ទេ»។

លោក​បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​មក​នេះ​ក្រុមហ៊ុន​វៀតណាម​ទាំង​អស់​បាន​និង​កំពុង​តែ​ដាំដុះ​លើ​ផ្ទៃ​ដី​ប្រមាណ​ជា ១៥ ម៉ឺន​ហិកតា។

លោក​ឧកញ៉ា​បាន​ស្នើ​ឲ្យ​ក្រសួង​បញ្ជាក់​ប្រាប់​ពី​នាយកដ្ឋាន​នីមួយៗ​ឲ្យ​បាន​ច្បាស់​ដើម្បី​​ងាយស្រួល​ក្នុង​ការ​យក​ឯកសារ​ពាក់ព័ន្ធ​ទៅ​ដាក់ និង​ចៀសវាង​ចំណាយ​ពេល​យូរ ឬ​បាត់​ឯកសារ​ដូច​លើក​មុន។

លោក​ ហេង សារ៉ាត់​ តំណាង​ក្រុមហ៊ុន TTY Agriculture របស់​លោក​ឧកញ៉ា​ ណា ម៉ារឌី ដែល​មាន​ដីសម្បទាន​នៅ​ក្នុង​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​ថ្លែង​ប្រាប់​ថា​ក្រុមហ៊ុន​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ចំនួន ៩៨៧០ ហិកតា​ប៉ុន្តែ​នា​ពេល​បច្ចុប្ប​នេះ​ក្រុមហ៊ុន​នៅ​សល់​ដី​តែ ២១៥ ហិកតា​តែ​ប៉ុណ្ណោះ​ក្រោយ​ពី​កាត់​ផលប៉ះពាល់​ហើយ​នៅ​មាន​មន្ត្រី​រាជការ​ខ្លះ​បាន​កំពុង​តែ​សុំ​ដី​ ១ គ្រួសារ​ ៥ ​ហិកតា​ទៀត​ផង​។ លោក​ថា​ដំបូង​ឡើយ​មាន​តែ​ ៣៣ គ្រួសារ​ដែល​ប៉ះពាល់​ហើយ​ក្រុមហ៊ុន​បាន​កាត់​ដី​ពួកគាត់​ចេញ។ តែ​ក្រោយ​មក​​ចំនួន​គ្រួសារ​បាន​កើន​ទៅ​ដល់ ២៧០ ​គ្រួសារ​។

លោក​ត្អូញត្អែរ​ថា៖ «យើង​ធ្វើការ​ឈូសឆាយ​ដី​មាន​ការ​លំបាក​ណាស់​គ្រាន់​តែ​ដាក់​គ្រឿង​ចក្រ​ចូល​ភ្លាម​មាន​បាតុកម្ម​តែ​ម្តង។ ចំនួន​ពលរដ្ឋ​គឺ​កើនឡើង​រហូត​ដល់​យើង​ធ្វើការ​លែង​កើត។ អ្នក​បាន​ដី​ហើយ​ក៏​បាតុកម្ម​ជាមួយ​អ្នក​លំហូរ​មក​ថ្មី»។ លោក​ថា​ក្រុមហ៊ុន​លោក​បាន​ចំណាយ​ប្រាក់​ច្រើន​ណាស់​ក្នុង​ការ​សង់​ហេដ្ឋារចនាសម្ព័ន្ធ។

លោក​ឧកញ៉ា​ សូ ងួន អគ្គនាយក​ក្រុមហ៊ុន​វើលទ្រីស្តារ​បាន​​សម្ដែង​ក្តីបារម្ភ​នៅ​ពេល​ដែល​ក្រសួង​កាត់​បន្ថយ​រយៈពេល​វិនិយោគ​មក​នៅ​ត្រឹម ៥០ ឆ្នាំ​ដែល​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដៃគូ​​បណ្តាក់​ទុន​បរទេស​របស់​លោក​។ លើស​ពី​នោះ​លោក​ក៏​បាន​លើក​ឡើង​ពី​រឿង​ដែល​មាន​មន្ត្រី​តម្រូវ​ឲ្យ​ក្រុមហ៊ុន​លោក​ធ្វើការ​បង់ពន្ធ​លើ​ផ្ទៃដី​ព្រៃ​ដែល​មិន​ទាន់​ធ្វើការ​ឈូសឆាយ​នោះ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ វេង សាខុន បាន​ថ្លែង​ថា​ក្រសួង​នឹង​ធ្វើការ​ពិនិត្យ​ពី​ករណី​នីមួយៗ​ដើម្បី​ធ្វើការ​ដោះស្រាយ​ជាមួយ​នឹង​ក្រុម​ការងារ។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «រយៈពេល​ជាង ១០ ឆ្នាំ​មក​នេះ​គឺជា​បទពិសោធ​ដែល​ក្រសួង​បាន​មើល​ឃើញ​ថា​តើ​គួរ​ធ្វើ​បែប​ណា​នៅ​ពេល​​ខាង​មុខ​ដើម្បី​ឈាន​ដល់​ការ​ដោះស្រាយ​​រួម​ប្រកប​ដោយ​ប្រសិទ្ធភាព។ រយៈពេល​ប៉ុន្មាន​ខែ​នេះ​ខ្ញុំ​និង​ក្រុម​ការងារ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដោះស្រាយ»។

ទាក់ទង​ទៅ​នឹង​ការ​លើក​ឡើង​រឿង​ផ្សព្វផ្សាយ​លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​លើក​ប៉ាណូ​នៅ​ហ្នឹង​ក្រុមហ៊ុន​ដោយ​សរសេរ​លម្អិត​ពី​គោលដៅ​​របស់​ខ្លួន​ ឬ​ពី​ផែនការ​អនុវត្ត​ជាដើម។ ប៉ុន្តែ​ពេល​ខ្លះ​ក្រុមហ៊ុន​មិន​សរសេរ​ព្រោះ​ចង់​លាក់លៀម​ព័ត៌មាន។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឆ្លើយតប​ទៅ​នឹង​លោក​ សូ ងួន ​ផង​ដែរ​ថា​លោក​​អត់​មាន​ពាក្យ​ស្នើសុំ​ឈូសឆាយ​។ តែ​ក្រុមហ៊ុន​ត្រូវ​បង់​ពន្ធ​​ទៅ​លើ​ផ្ទៃដី​ដែល​ដាំដុះ​ជាក់ស្តែង។ ដោយ​ឡែក​ចំពោះ​រឿង​ចុះ​បញ្ជី​ដី​វិញ​លោក​រដ្ឋមន្ត្រី​​សុំ​ឲ្យ​ក្រុមហ៊ុន​ជា​អ្នក​ធ្វើ​ដដែល។

ត្រឹម ៦ ខែ​ដើម​ឆ្នាំ​នេះ​ក្រសួង​​​កសិកម្ម​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​ចំនួន ២២៣ លើ​ផ្ទៃ​ដី ១៥៥២​៧០០,០៤ ហិកតា​នៅ​ក្នុង​ខេត្ត​ចំនួន ១៨ ហើយ​គិត​ទាំង​ក្រុមហ៊ុន​ស្ថិត​ក្រោយ​ក្រសួង​បរិស្ថាន​ផង​គឺ​មាន​មិន​តិច​ជាង ៣០០ ក្រុមហ៊ុន​នោះ​ទេ។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​បាន​យល់​ឃើញ​ថា​វា​ជា​ការ​ល្អ​ដែល​ក្រសួង​បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ក្រុមហ៊ុន​បែប​នោះ​នៅ​ពេល​ដែល​មាន​បញ្ហា​ជាច្រើន​កំពុង​តែ​កើត​មាន​នៅ​ទូទាំង​ប្រទេស​ពាក់ព័ន្ធ​នឹង​ដីសម្បទាន។

លោក​ថា​ដើម្បី​ដោះស្រាយ​បញ្ហា​រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា​​ឲ្យ​ប្រាកដ​ថា​ក្រុមហ៊ុន​គោរព​តាម​ច្បាប់​ក្នុង​ការ​សិក្សា និង​វាយតម្លៃ​ផលប៉ះពាល់​សង្គម និង​បរិស្ថាន។ រីឯ​ក្រុមហ៊ុន​វិញ​ក៏​ត្រូវ​តែ​មាន​ភារកិច្ច​​គោរព​សិទ្ធិមនុស្ស​ផង​ដែរ។

បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ​និង​​លីកាដូ​ដែល​បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​នា​ពេល​កន្លង​មក​បាន​បង្ហាញ​ថា​ជម្លោះ​ដីធ្លី​ដែល​បាន​កើតឡើង​នៅ​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​មូលហេតុ​ចម្បង​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដោយ​ពុំ​បាន​ធ្វើការ​សិក្សា​ពី​ផលប៉ះពាល់​ហើយ​បាន​ជាន់​លើ​ដី​ស្រែ​ដី​ចម្ការ​ និង​ផ្ទះ​សំបែង​របស់​ប្រជាពលរដ្ឋ​៕

ជិន ស្រីលាភ រាយការណ៍​បន្ថែម​ដោយ Jack Davies

No comments: